ត្រឡាច​ជា​ដំណាំ​ងាយ​ដាំ បាន​ផល​ច្រើន និង​មាន​តម្រូវការ​ខ្ពស់រាល់ថ្ងៃ

ដំណាំ​ត្រឡាច​ គឺជា​ប្រភេទ​ដំណាំ​វារ​លើ​ដី​ក៏​បាន​ ឡើងទ្រើង​ក៏បាន​ ដែល​កសិករ​ខ្មែរ​និយម​ចូលចិត្ត​ដាំ​ និង​យក​ទៅ​ធ្វើជា​បន្លែ​ស្លស្លុក​។ នៅក្នុង​ប្រទេស​កម្ពុជា​យើង​ ដោយសារតែ​ត្រឡាច​ វា​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដាំដុះ​ លូតលាស់​លឿន​ ធន់ទ្រាំ​នឹង​សីតុណ្ហភាព​ ព្រមទាំង​ងាយស្រួល​ក្នុង​ថែទាំ​ ហុច​ផល​ក្នុងរយៈពេល​ខ្លី​តែ​ពី​ 30ទៅ​ 45ថ្ងៃ​ប៉ុណ្ណោះ​ដែល​បច្ចុប្បន្ន​ ដំណាំ​នេះ​មាន​តម្រូវការ​នៅ​លើ​ទីផ្សារ​ជា​ប្រចាំ​ និង​អាច​លក់​បាន​ដោយ​ងាយស្រួល​។

សហគមន៍​កសិករ​នៅ​ភូមិ​ក្រសាំង​ពុល​ ឃុំ​ស្វាយ​ ស្រុក​សាមគ្គី​មានជ័យ​ ខេត្ត​កំពង់ឆ្នាំង​ អ្នកស្រី​ ស៊ុន​ ស្រីពៅ​ ជា​ប្រធាន​សហគមន៍​ បាន​ផ្តល់​បទ​សម្ភាស​ដល់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ អំពី​ការ​ដាំដំណាំ​ត្រឡាច​ថា​៖ “គ្រួសារ​ខ្ញុំ​ និង​កសិករ​ក្នុង​សហគមន៍​បាន​ចាប់ផ្តើម​ប្រកបរបរ​ដាំ​ត្រឡាច​រយៈពេល​ 10ឆ្នាំ​មក​ហើយ​ ដែល​មាន​ទាំងអស់​ 18ក្រុម​ ស្មើនឹង​ 93​គ្រួសារ​ ដាំដុះ​លើ​ផ្ទៃដី​ប្រមាណ​ 8ហិ​កតា​ដែល​មាន​ដំណាំរួមផ្សំ​ផ្សេងទៀត​ ដូចជា​ត្រសក់​ សណ្តែក​កួរ​។ល។ ដោយឡែក​សម្រាប់​ដំណាំ​ត្រឡាច​ យើង​មានផ្ទៃ​ដី​ដាំដុះ​ចំនួន​ 3ហិ​កតា​”។

អ្នកស្រី​បញ្ជាក់​ថា​ សម្រាប់​បចេ្ច​កទេស​ដាំដុះ​ គេ​អាច​ដាំ​ត្រឡាច​បាន​គ្រប់​រដូវ​ តែ​ការ​ជ្រើសរើស​រដូវ​ដាំដុះ​ មាន​សារៈសំខាន់​ខ្លាំង​ណាស់​។ ដោយសារតែ​ការ​ដាំដុះ​នៅ​រដូវ​ក្តៅ​ វា​មាន​បញ្ហា​ច្រើន​ ដែល​ប្រឈម​ ដូចជា​កត្តា​សត្វល្អិត​ បាក់តេរី​ វីរុស​ និង​ពពួក​ផ្សិត​ ជាដើម​។ រដូវ​កាល​សមស្រប​ សម្រាប់​ដំណាំ​ត្រឡាច​ គឺ​រដូវប្រាំង​ ចាប់ពី​ខែវិច្ឆិកា​ ដល់​ខែមករា​ និង​កុម្ភៈ​ នៅ​តំបន់​ទំនាប​។ រដូវវស្សា​ ចាប់ពី​ខែឧសភា​ ដល់​ខែ​តុលា​ នៅ​តំបន់​ខ្ពង់រាប​។

អ្នកស្រី​បន្ត​ថា​ សម្រាប់​ការ​ដាំដំណាំ​ត្រឡាច​នេះ​មុននឹង​ដាំ​គែ​ត្រូវ​ភ្ជួរ​ដី​ជាមុន​ ដោយ​ត្រូវ​ធ្វើ​ 2 ទៅ​ 3ដង​ ហើយ​ការ​ភ្ជួរ​លើក​ទី1​ មុននឹង​ភ្ជួរ​ គេ​ត្រូវ​បាញ់ថ្នាំ​កម្ចាត់​ស្មៅ​ និង​បន្ទាប់ពី​ភ្ជួរ​ហើយ​ គេ​ទុក​ដី​ចោល​ហាលថ្ងៃ​រយៈពេល​ពី​ 3 ទៅ​ 7ថ្ងៃ​ ដើម្បី​ឱ្យ​ស្មៅ​ងាប់​។

ឯការ​ភ្ជួរ​លើក​ទី2​ បន្ទាប់ពី​ភ្ជួរ​រួច​ គេ​ត្រូវ​រាស់​ដី​ឱ្យ​រាបស្មើ​ បន្ទាប់មក​កាប់​រណ្ដៅ​ ទំហំ​ 4តឹក​ 4ជ្រុង​ និង​ជម្រៅ​ពី​ 2តឹក​ទៅ​ 3តឹក​ គម្លាត​ពី​ 1គុម្ព​ ទៅ​ 1គុម្ព​ប្រវែង​1ម៉ែត្រ​។ បើ​យើង​ដាំ​នៅ​ខែប្រាំង​ ត្រូវ​យក​កម្ទេចកម្ទី​សំរាម​ដុត​ដាក់​ក្នុង​រណ្តៅ​ តែបើ​ នៅ​ខែវស្សា​ត្រូវ​បាច​កំបោរស​ក្នុង​រណ្តៅ​មុន​ពេល​ដាំ​។

ចំពោះ​ការរៀបចំ​គ្រាប់ពូជ​សម្រាប់​ដាំ​ គឺ​គេ​ត្រូវ​ជ្រើសរើស​ពូជ​ណា​ល្អ​ ដែល​គ្មាន​ជំងឺ​ដើម្បី​ធ្វើការ​ដាំដុះ​ដោយ​ត្រូវ​យក​គ្រាប់​ត្រឡាច​ទៅ​ត្រាំ​ក្នុងទឹក​ ពី​6 ទៅ​ 12ម៉ោង​ បន្ទាប់មក​យក​គ្រាប់​ដែល​ត្រាំទឹក​ហើយ​នោះ​ទៅ​ដាក់ដាំ​ ក្នុង​កន្ទោង​បណ្ដុះ​កូន​ជាមុន​សិន​ ចាំ​ដល់ពេល​វា​លាស់​ចេញ​ស្លឹក​ខ្លះ​ ទើប​គេ​យក​វា​ទៅ​ដាក់ដាំ​ក្នុង​រណ្ដៅ​។ ក្រោយពី​ដាំ​រួច​ យើង​ត្រូវ​អនុវត្ត​ដំណាក់កាល​ 3ជំហាន​៖+ ជំហាន​ទី​ 1 ពេល​កូន​ត្រឡាច​ដុះ​លូតលាស់​បាន​ 7សន្លឹក​ យើង​ត្រូវ​ក្ដិចត្រួយ​វា​ចេញ​ម្តង​ ក្រោយ​មក​យើង​នឹង​បាន​ទទួល​បាន​ពន្លក​ត្រួយ​ថ្មី​ចំនួន​ 3បន្ថែម​ទៀត​។

+ជំហាន​ទី​ 2 ត្រួយ​ដែល​បែកចេញ​នោះ​ នៅពេល​វា​លូតលាស់​បាន​ស្លឹក​ 7សន្លឹក​យើង​បន្ត​អនុវត្ត​ដូច​ជំហាន​ទី1​ ទៀត​ ពេលនោះ​យើង​នឹង​បាន​ពន្លក​ត្រួយ​ថ្មី​ចំនួន​ 7បន្ថែម​ទៀត​។

+ជំហាន​ទី​ 3 យើង​នៅតែ​បន្ត​អនុវត្ត​ដូច​ជំហាន​ទី1​និង​ទី2​ ដដែល​ ហើយ​ពេលនោះ​ យើង​នឹង​បាន​ ពន្លក​ត្រួយ​ថ្មី​ដល់ទៅ​ 30​ ទៅ​ 35ខ្នែង​។ ដូច្នេះ​ ពេល​នេះ​វា​ជា​ដំណាក់កាល​ ដែល​យើង​ត្រូវ​បន្ថែម​ជីធម្មជាតិ​ ដើម្បី​ជួយ​ទ្រទ្រង់​ការលូតលាស់​របស់​វា​។

ការ​ដាក់ជី​នេះ​ យើង​ត្រូវ​ដាក់​នៅ​សងខាង​ចេញពី​រណ្តៅ​ត្រឡាច​ចម្ងាយ​ប្រមាណ​ 30​ ទៅ​ 50​ សង់ទីម៉ែត្រ​ មាន​ដូចជា​ជីកំប៉ុស​ លាមក​សត្វ​ និង​កម្ទេច​ស្លឹកឈើ​ និង​ស្រោចទឹក​ជាប្រចាំ​ ធ្វើបែប​នេះ​ត្រឡាច​នឹង​លូតលាស់​បាន​ល្អ​ មាន​រយៈពេល​យូរ​រហូតដល់​ជាង​ 2ខែ​ ដែល​អាច​ឱ្យ​វា​ផ្លែ​បាន​ច្រើន​ និង​យូរ​ និង​ច្រើន​។ ក្រោយពី​ដាំ​បាន​រយៈពេល​ 30ទៅ​ 45ថ្ងៃ​ អាច​ប្រមូល​ផល​បាន​ហើយ​។

អ្នកស្រី​ ពៅ​ បានឱ្យ​ដឹង​ទៀត​ថា​៖“ចម្ការ​ត្រឡាច​ ដែល​សហគមន៍​ខ្ញុំ​មាននៅ​លើ​ផ្ទៃដី​ 3ហិ​កតា​នេះ​ គឺ​ដាំ​ក្នុង​លក្ខណៈ​វិល​ជុំ​ ធ្វើ​ឱ្យ​ទទួល​បានផល​ជាប្រចាំ​ជាមធ្យម​ពី​ 500​-800គីឡូក្រាម​ ក្នុង1ថ្ងៃ​ដែល​ពេល​ខ្លះ​អាច​ដល់​ជាង​ 1តោន​ក៏​មាន​។ពីព្រោះ​បើ​គិត​តាម​បច្ចេកទេស​ដំណាំ​ត្រឡាច​ដែល​ដាំ​ក្នុង1ហិ​កតា​នឹង​ទទួលផល​ពី​ 10ទៅ15តោន​។ ប៉ុន្តែ​ត្រឡាច​របស់​សហគមន៍​ខ្ញុំ​ដាំ​ក្នុង​លក្ខណៈ​ជា​បន្លែ​សុវត្ថិភាព​កំណត់​ទម្ងន់​ត្រឹមតែ​ 6ខាំ​ប៉ុណ្ណោះ​ក្នុង​ 1ផ្លែ​”។

អ្នកស្រី​បញ្ជាក់​ថា​ សម្រាប់​ការ​រក​ទីផ្សារ​លក់​ចេញ​ គឺ​ផ្លែ​ត្រឡាច​របស់​សហគមន៍​អ្នកស្រី​មិន​មានការ​លំបាក​នោះ​ទេ​ ដោយ​បច្ចុប្បន្ន​សហគមន៍​អ្នកស្រី​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​វិស័យ​ឯកជន​មួយចំនួន​ដូចជា​ក្រុមហ៊ុន​ KOC​ និង​ REMIX​ ដែល​បាន​ប្រមូល​ទិញ​ និង​ចែកចាយ​ទៅ​ទីផ្សារ​។ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​វិញ​ អ្នកស្រី​ប្រធាន​ បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ ត្រឡាច​របស់ខ្ញុំ​ អាច​លក់​បាន​តម្លៃ​ 1,700រៀល​ ទៅ​2,000រៀល​ក្នុង​ 1គីឡូក្រាម​(បើ​គិត​តម្លៃ​សរុប2000X​500​=1,000,000រៀល​)។

អ្នកស្រី​ ពៅ​ បាន​បញ្ជាក់​ទៀត​ថា​៖“បច្ចុប្បន្ន​ត្រឡាច​របស់​សហគមន៍​ខ្ញុំ​ ត្រូវ​បាន​ផ្គត់ផ្គង់​ទៅ​ឱ្យ​ KOC​ ស៊ីដា​ក ទីផ្សារ​នៅ​ភ្នំពេញ​ និង​ទីផ្សារ​ឧដុង្គ​ និង​ដោយសារតែ​វា​មាន​តម្រូវការ​ច្រើន​ ទើប​យើង​ត្រូវ​ការផលិត​បន្ថែម​ ព្រោះ​យើង​ក៏​មាន​អ្នកទទួល​ស្គាល់​គុណភាព​ច្រើន​ដែរ​ ហើយ​ផ្លែ​ត្រឡាច​របស់​យើង​មាន​លក្ខណៈ​ពិសេស​ ត្រង់​មាន​ទម្ងន់​មិន​លើស​ពី​ 6ខាំ​ឡើយ​ក្នុង​ 1ផ្លែ​។ ជា​បន្លែ​សុវត្ថិភាព​ ធ្វើ​ឱ្យ​មានការ​បញ្ជាទិញ​បន្ថែម​ច្រើន​ តែ​សហគមន៍​ខ្ញុំ​មិនទាន់​អាច​ផលិត​ទាន់​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​នៅឡើយ​”។

អ្នកស្រី​បាន​ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ ទៀត​ថា​៖“ខ្ញុំ​ក៏​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​បន្ថែម​ទៀត​ដែរ​ ដើម្បី​ផ្គត់ផ្គង់​តាមរយៈ​នៃ​ការអនុវត្ត​កិច្ចសន្យា​ជាមួយ​ដៃគូ​ ព្រោះ​សហគមន៍​ទទួល​បាន​ព័ត៌មាន​អំពី​តម្រូវការ​ទីផ្សារ​ជាក់លាក់​ និង​បាន​រៀបចំផែនការ​ដាំដុះ​ច្បាស់លាស់​តាម​ការ​បញ្ជាទិញ​។

សហគមន៍​គ្រោង​នឹង​ពង្រីក​សក្តា​នុ​ពល​ដាំដុះ​បន្ថែម​ទៀត​ ព្រោះ​យើង​អាច​ផ្ទេរ​ផ្ទៃដី​ដំណាំ​ផ្សេង​មក​បង្កើន​ការ​ដាំដំណាំ​ត្រឡាច​នេះ​វិញ​ ព្រោះ​សមាជិក​សហគមន៍​ កំពុង​ទទួល​បានផល​ប្រយោជន៍​ពិត​ ពី​ការ​ដាំ​បន្លែ​ ធ្វើ​ឱ្យ​ជីវភាព​យើង​មាន​ភាព​ប្រសើរ​ឡើង​”៕

Advertisement