សណ្តែកទ្រើង​ ឬសណ្តែក​កួរ​ បន្លែ​ធម្មជាតិ​របស់​សហគមន៍​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​កំពុង​ត្រូវប៉ាន់​ខ្លាំង​

សណ្តែកទ្រើង​ជា​បន្លែ​ 1ប្រភេទ​ដែល​កសិករ​កម្ពុជា​និយម​ដាំ​ និង​បរិភោគ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ដោយសារ​ដំណាំ​សណ្តែក​គួរ​អាច​ឆ្នៃ​ជា​បន្លែ​ អន្លក់​ ហូប​ឆៅ​ ជ្រក់​ និង​ឆា​ ស្ល​ក៏បាន​។ លើស​ពីនេះ​សណ្តែក​កួរ​ជា​បន្លែ​ដែល​សម្បូរណ៍​ទៅ​ដោយ​ជីវជាតិ​ និង​សារធាតុ​ចិញ្ចឹម​ជាច្រើន​មុខ​ ដែល​ជួយ​ទ្រទ្រង់​សារពាង្គកាយ​មនុស្ស​។

ដោយ​មើលឃើញ​ពី​គុណប្រយោជន៍​ និង​តម្រូវការ​សណ្តែក​កួរ​នៅ​លើ​ទីផ្សារ​ សហគមន៍​កសិកម្ម​ “ស្វាយ​មានជ័យ​ស្ត្រី​សាមគ្គី​” នៅ​ភូមិ​ក្រសាំង​ពុល​ ឃុំ​ស្វាយ​ ស្រុក​សាមគ្គី​មានជ័យ​ ខេត្ត​កំពង់ឆ្នាំង​ បាន​នាំគ្នា​ចាប់អារម្មណ៍​ដាំដំណាំ​សណ្តែក​កួរ​នៅ​លើ​ផ្ទៃដី​ដាំដុះ​ចំនួន​ 2ហិ​កតា​(ក្នុង​ផ្ទៃដី​សរុប​ 8ហិ​កតា​) រួម​ជាមួយនឹង​ដំណាំរួមផ្សំ​ផ្សេងទៀត​គឺ​ ជីរ​ ត្រសក់​ សណ្តែក​កួរ​ ម្រះ​ និង​ត្រឡាច​។

អ្នកស្រី​ ស៊ុន​ ស្រីពៅ​ ជា​ប្រធាន​សហគមន៍​បាន​ផ្តល់​បទ​សម្ភាស​អំពី​ការ​ដាំដំណាំ​សណ្តែក​កួរ​ ប្រាប់​កាសែត​ ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖ “គ្រួសារ​ខ្ញុំ​ និង​សហគមន៍​ចាប់ផ្តើម​ប្រកបរបរ​ដាំ​សណ្តែក​កួរ​នេះ​រយៈពេល​ 10ឆ្នាំ​មក​ហើយ​ ដែល​មាន​កសិករ​ទាំងអស់​ 18​ក្រុម​ ស្មើនឹង​ 93គ្រួសារ​ ដាំដុះ​លើ​ផ្ទៃដី​ប្រមាណ​ 8ហិ​កតា​ដែល​មាន​ដំណាំរួមផ្សំ​ជាច្រើន​មុខ​”។

អ្នកស្រី​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ដំណាំ​សណ្ដែកទ្រើង​ ឬសណ្ដែកកួរ​ គឺជា​ប្រភេទ​ដំណាំ​ដែល​កសិករ​និយម​ចូលចិត្ត​ដាំដុះ​ ជា​បន្លែ​ដែល​ចូលចិត្ត​ត្រជាក់​ និង​ត្រូវការ​ទឹក​ច្រើន​គួរសម​ ដូច្នេះហើយ​ទើប​រដូវ​ដែល​ស័ក្តិសម​ក្នុង​ការ​ដាំ​បំផុត​ គឺ​រដូវរំហើយ​ ពី​ខែ​តុលា​ ដល់​ខែកុម្ភៈ​។

អ្នកស្រី​បានឱ្យ​ដឹង​ទៀត​ថា​ សណ្តែកទ្រើង​អាច​ដុះ​លូតលាស់​លើ​ដី​ច្រើន​ប្រភេទ​ដូចជា​ ដីក្រហម​តាម​តំបន់​ភ្នំ​ ដីខ្មៅ​តំបន់​ខ្ពង់រាប​ ដីល្បាប់​តាម​មាត់ទន្លេ​ និង​ដីល្បាយខ្សាច់​ ហើយ​វា​ក៏អាច​ដុះ​លូតលាស់​លើ​ដីល្បាយខ្សាច់​បាន​ដែរ​ គ្រាន់តែ​បាន​ទិន្នផល​ទាប​។ ដំណាំ​ប្រភេទ​នេះ​ត្រូវ​រាប់បញ្ចូល​ទៅ​ក្នុង​ក្រុម​ដំណាំ​ដែល​ធន់ទ្រាំ​នឹង​ដី​អាស៊ីត​ និង​ដី​ប្រៃ​ PH​។

អ្នកស្រី​បាន​បញ្ជាក់​ថា​ ចំពោះ​វិធី​ដាំ​មិន​មាន​អ្វី​ស្មុគស្មាញ​នោះ​ទេ​ ដូច្នេះ​មុននឹង​ដាំ​គេ​ត្រូវការ​រៀបចំ​ដី​ជាមុន​សិន​ ដោយ​ត្រូវ​ភ្ជួរ​ដី​ឱ្យ​បាន​ជម្រៅ​ចាប់ពី​ 25​-30សង់ទីម៉ែត្រ​ ហើយ​ហាល​ទុកចោល​រយៈពេល​ចាប់ពី​ 7-10ថ្ងៃ​ និង​ត្រូវ​ភ្ជួរ​ដី​ឱ្យ​បាន​យ៉ាង​ហោច​ណាស់​ពី​ 2-3 ដង​ដែរ​ មុននឹង​ធ្វើការ​ដាំដុះ​ដំណាំ​សណ្ដែកទ្រើង​ ឬសណ្ដែកកួរ​នេះ​។

ចំពោះ​ការប្រើ​ប្រាស់​ជី​ គេ​ត្រូវ​ដាក់ជី​មុននឹង​ដាក់​ដាំ​ ឬទ្រាប់​បាតដី​ គេដាក់​ជីលា​មក​សត្វ​ចាប់ពី​ 10​-15​តោន​/ 1ហិ​កតា​ ដោយ​បាច​ទៅលើ​រង​ហើយ​រាស់​លុប​ពេល​រៀបចំ​ដី​(លើក​រង​)។ បន្ទាប់ពី​ដាក់ជី​ហើយ​ត្រូវ​ស្រោចទឹក​ឱ្យ​ជោគ​។ សណ្តែក​កួរ​ត្រូវការ​ទឹកជា​ប្រចាំ​ ប៉ុន្តែ​មិន​ត្រូវការ​ទឹកដក់​លើ​ចម្ការ​ឡើយ​។ ការ​ស្រោច​ដោយ​ប៉ោត​ចំពួយ​ផ្កាឈូក​រៀងរាល់ថ្ងៃ​ ព្រឹក​-ល្ងាច​ គឺជា​ការ​ល្អ​បំផុត​។ ចំពោះ​ការ​បញ្ចូល​ទឹក​ គេ​ត្រូវ​បញ្ចូល​ 2ដង​ក្នុង​ 1អាទិត្យ​ទៅតាម​សភាព​ដី​ និង​អាកាសធាតុ​។ ស្ថិតនៅ​ក្នុង​សីតុណ្ហភាព​ចន្លោះ​ពី​ 24​-28អង្សា​សេ​ដើម​សណ្ដែក​នឹង​ដុះ​ពន្លក​ចេញ​ត្រួយ​ ហើយ​សីតុណ្ហភាព​ល្អ​បំផុត​ដែល​វា​នឹង​ចេញផ្កា​-ផ្លែ​ គឺ​ចន្លោះ​ពី​ 24​-26អង្សា​សេ​ ប៉ុន្តែ​អាច​កើន​លើស​ពីនេះ​បាន​រហូតដល់​ 28.5អង្សា​សេ​។

សណ្តែក​កួរ​ត្រូវការ​ទឹក​កាន់តែ​ច្រើនឡើង​ចាប់ពី​វា​មាន​អាយុ​ 30ថ្ងៃ​ឡើង​ទៅ​ ព្រោះ​ដំណាក់កាល​នេះ​សណ្តែក​ចាប់ផ្តើម​ចេញផ្កា​ជា​បណ្តើរ​ៗ រហូតដល់​ការ​ប្រមូល​ផល​។ យើង​អាច​ប្រមូល​ផល​បាន​ ចាប់ពី​សណ្ដែក​អាយុ​បាន​ 1ខែ​ បូក10​-15ថ្ងៃ​ឡើង​ទៅ​ អាស្រ័យ​ទៅតាម​ពូជ​។ គេ​អាច​ប្រមូល​ផល​បាន​ចាប់ពី​ 15​-18​ ដង​ក្នុង​ 1រដូវ​ការ​ដាំដុះ​។ ទិន្នផល​គិតជា​មធ្យម​ប្រហែល​ពី​ 16​-18តោន​ ក្នុង​ផ្ទៃដី1ហិ​កតា​។ នេះ​បើ​តាម​អ្នកស្រី​ប្រធាន​សហគមន៍​បាន​បញ្ជាក់​។

អ្នកស្រី​ ពៅ​ បានឱ្យ​ដឹង​ទៀត​ថា​៖“ចម្ការ​សណ្តែក​កួរ​ដែល​សហគមន៍​ខ្ញុំ​មាននៅ​លើ​ផ្ទៃដី​ 2ហិ​កតា​នេះ​ គឺ​ដាំ​ក្នុង​លក្ខណៈ​វិល​ជុំ​ ធ្វើ​ឱ្យ​ទទួល​បានផល​ជា​ប្រចាំ​ជាមធ្យម​ 200​- 250គីឡូក្រាម​ក្នុង1ថ្ងៃ​ដែល​ពេលខ្លះ​អាច​ដល់​ 500គីឡូក្រាម​។ ប៉ុន្តែ​សណ្តែក​កួរ​របស់​សហគមន៍​ខ្ញុំ​ដាំ​ មាន​លក្ខណៈ​ខុសពី​សណ្តែក​កួរ​នៅ​លើ​ទីផ្សារ​បន្តិច​ត្រង់ថា​ វា​មាន​រសជាតិ​ផ្អែម​ ឆ្ងាញ់​ផ្លែ​ស្រស់​ តឹងណែន​ ស្វិត​មាន​ទឹក​ ដែល​ធ្វើ​ឱ្យ​អតិថិជន​ជាប់ចិត្ត​ ចូលចិត្ត​ទិញ​បរិភោគ​ច្រើន​ ដណ្តើម​គ្នា​ទិញ​លើ​ទី​ផ្សា​ដោយសារ​ខ្ញុំ​មិន​ប្រើ​គីមី​។ ជា​បន្លែ​សុវត្ថិភាព​ ដាំ​តាម​ធម្មជាតិ​ និង​តាម​ការណែនាំ​ពី​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​”។

អ្នកស្រី​បាន​បញ្ជាក់​ថា​៖“ការ​រក​ទីផ្សារ​លក់​ចេញ​ គឺ​សណ្តែក​ររបស់​សហគមន៍​ខ្ញុំ​ មិន​មានការ​លំបាក​នោះ​ទេ​ ដោយ​បច្ចុប្បន្ន​សហគមន៍​កសិកម្ម​ ស្វាយ​-មានជ័យ​ស្ត្រី​សាមគ្គី​ បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​វិស័យ​ឯកជន​មួយចំនួន​ដូចជា​ក្រុមហ៊ុន​ KOC​ REMIX​ ដែល​បាន​ប្រមូល​ទិញ​ និង​ចែកចាយ​ ទៅ​ទីផ្សារ​ និង​បាន​ផ្គត់ផ្គង់​ចែកចាយ​ទៅ​ EAC​ (បណ្តាញ​របស់​ KOC​) អង្គការ​ស៊ីដា​ក ទីផ្សារ​នៅ​ភ្នំពេញ​ និង​ទីផ្សារ​ឧដុង្គ​”។

ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​វិញ​ អ្នកស្រី​ប្រធាន​សហគមន៍​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ “សណ្តែកួ​ររបស់​ខ្ញុំ​អាច​លក់​បាន​តម្លៃ​ 2,000​រៀល​ ទៅ2,500រៀល​ក្នុង​ 1គីឡូក្រាម​ បើ​គិត​តម្លៃ​សរុប​ 2500​៛ X 250គ.ក​= 625,000រៀល​ក្នុង1ថ្ងៃ​។

អ្នកស្រី​ ស៊ុន​ ស្រីពៅ​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពាណិជ្ជ​ ទៀត​ថា​៖“សម្រាប់​សហគមន៍​ខ្ញុំ​ បាន​ធ្វើការ​ពង្រីក​ការ​ដាំដុះ​បន្លែ​សណ្តែក​កួរ​បន្ថែម​ទៀតហើយ​ ទោះបី​ដៃគូ​សហការ​របស់​សហគមន៍​ ពុំ​ទាន់​មានការ​បញ្ជាទិញ​បន្ថែម​ក៏ដោយ​។ ម្យ៉ាងទៀត​សហគមន៍​ខ្ញុំ​ក៏បាន​ដាំដំណាំ​នេះ​ក្នុង​លក្ខណៈ​វិល​ជុំ​ ដែល​អាច​ធ្វើ​ឱ្យ​សហគមន៍​យើង​ប្រមូល​ផល​បាន​ជាប្រចាំ​ នៅ​លើ​ផ្ទៃដី​ដំណាំ​ដែល​យើង​មាន​ យើង​ក៏អាច​បូក​រួមផ្សំ​ជាមួយ​បន្លែ​ដទៃទៀត​ យើង​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​បាន​ ដោយ​រួម​ជាមួយនឹង​សហគមន៍​ផ្សេង​ទៀត​ដែលគេ​មាន​ដំណាំ​នេះ​ដែរ​ តែ​តម្រូវការ​កាន់តែ​ច្រើន​ យើង​ក៏​ចង់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​”៕

Advertisement