អ្នកជំនាញ​អចលនទ្រព្យ​ ប្រាប់​ពី​បច្ចុប្បន្នភាព​ និង​អនាគត​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​

ការ​តាំងពិព័រណ៍​អចលនទ្រព្យ​ធំជាង​គេ​បង្អស់​នៅ​កម្ពុជា​ នៅ​ណា​ហ្គាវើ​លកា​លពី​ថ្ងៃទី4​-5 ខែតុលា​ឆ្នាំ2019​ កន្លងទៅ​បាន​ប្រមូល​ផ្តុំ​មនុស្ស​រាប់ពាន់​នាក់​ ទាំង​អ្នកចូលរួម​ទស្សនា​ អ្នកទិញ​អចលនទ្រព្យ​ អ្នក​វិនិយោគ​ ភ្នាក់ងារ​អចលនទ្រព្យ​ អ្នក​អភិវឌ្ឍន៍​ និង​ក៏​ជា​វេទិកា​មួយ​ដែល​បាន​រៀបចំឡើង​ជា​រៀងរាល់​ឆ្នាំ​ក្នុង​គោលដៅ​សំខាន់​បំផុត​ គឺ​ការ​នាំ​យក​អ្នកទិញ​មក​ជួប​ផ្ទាល់​ជាមួយ​អ្នកលក់​ និង​ការ​ទទួលយក​ចំណេះដឹង​ព័ត៌មាន​វិស័យ​អចលនទ្រព្យ​ពី​អ្នកជំនាញ​អចលនទ្រព្យ​ និង​អ្នកច្បាប់​ជាង​ 20នាក់​ដែល​មាន​បទ​ពិសោធ​ក្នុង​វិស័យ​នេះ​ដែល​ធ្វើ​បទ​បង្ហាញ​អំពី​ប្រធានបទ​នានា​ជុំវិញ​ទីផ្សារ​ និង​និន្នាការ​បច្ចុប្បន្ន​និង​អនាគត​នៃ​វិស័យ​អចលនទ្រព្យ​។

លោក​ Andrew​ Chong​ វិនិយោគិន​ហុងកុង​ និង​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ Prestige​ Homes​ បាន​បង្ហាញ​ពី​សក្ដានុពល​ និង​ភាព​រីកចម្រើន​លើ​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា​ទាំង​ពេល​បច្ចុប្បន្ន​ និង​អនាគត​។នៅក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ វិស័យ​អចលនទ្រព្យ​កំពុងតែ​មាន​ ការ​រីកចម្រើន​យ៉ាង​ខ្លាំង​ ដូច្នេះ​បាន​ជា​ក្រុមហ៊ុន​របស់​យើង​សម្រេចចិត្ត​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។

កត្តា​ដែល​នាំ​ឱ្យ​ក្រុមហ៊ុន​ទាក់ទាញ​អតិថិជន​បាន​ច្រើន​ គឺ​ដោយសារ​អតិថិជន​បាន​ផ្ដល់​នូវ​ភាព​ជឿជាក់​ខ្លាំង​ជាមួយ​ក្រុមហ៊ុន​ដែល​មានចំណេះ​ជំនាញ​ជាក់លាក់​ ច្បាស់លាស់​លើ​វិស័យ​អចលនវត្ថុ​នេះ​ ដូចជា​សេវា​៖ ទិញ​ លក់​ ជួល​អចលនទ្រព្យ​ រួម​មាន​ជួល​ខុន​ដូ​ Apartment​ ដី​ បុរី​ ផ្ទះល្វែង​ អគារ​ពាណិជ្ជកម្ម​ សណ្ឋាគារ​ ភោជនីយដ្ឋាន​ និង​មាន​បម្រើសេវា​កម្ម​គ្រប់គ្រង​អចលនទ្រព្យ​ និង​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​ជាដើម​។ នេះ​បើ​តាម​លោក​ Andrew​ Chong​ បាន​បញ្ជាក់​។

លោក​ Andrew​ Chong​ ថ្លែង​ឱ្យ​ដឹង​ថា​៖ “ដើម្បី​វិនិយោគ​ការ​លក់​គម្រោង​អចលនទ្រព្យ​នៅ​កម្ពុជា​នេះ​ ក្រុមហ៊ុន​ Prestige​ Homes​ បាន​ពាំនាំ​នូវ​បទ​ពិសោធ​ជា​យូរឆ្នាំ​មក​ពង្រីក​ និង​ធ្វើ​ឱ្យ​វិស័យ​នេះ​កាន់តែ​ល្អ​ប្រសើរ​ និង​វិវឌ្ឍន៍​ឥត​ឈប់ឈរ​។ បើ​វិស័យ​អចលនទ្រព្យ​មិនល្អ​នោះ​ ក៏​គ្មាន​ក្រុម​ហ៊ុន​ផ្សេង​ៗណា​ចូលរួម​ច្រើនបែប​នេះ​ដែរ​”។

លោក​ Marc​ Townsend​ ប្រធាន​ក្រុមហ៊ុន​ CBRE​កម្ពុជា​ ដែល​ជា​វាគ្មិន​ម្នាក់​នៅក្នុង​សិក្ខាសាលា​ដែរ​នោះ​បាន​មានប្រសាសន៍​ថា​៖ “ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ​ និង​មាន​អ្នកចូលរួម​ច្រើន​ ហើយ​ក្រុម​ហ៊ុន​ CBRE​ កម្ពុជា​នឹង​វិលត្រឡប់​មកវិញ​នៅ​ឆ្នាំក្រោយ​ហើយ​គម្រោង​អចលនទ្រព្យ​ជាច្រើន​របស់​យើង​ត្រូវ​បាន​លក់​ដាច់​ភ្លាម​ៗនៅក្នុង​ពិព័រណ៍​ផ្ទាល់​”។

លោក​ Tom​ O’Sullivan​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Realestate.com.kh​ បាន​មានប្រសាសន៍​ថា​ ព្រឹត្តិ​ការណ៍​អចលនទ្រព្យ​មួយ​នេះ​ជា​ការ​តាំង​បង្ហាញ​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​សម្រាប់​កម្ពុជា​នៅ​ឆ្នាំនេះ​។ ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​នេះ​ យើង​ពិតជា​ទទួល​បាន​ជោគជ័យ​បំផុត​ក្នុង​ការ​លក់​អចលនទ្រព្យ​។

លោក​បន្ត​ថា​៖“ខណៈនេះ​យើង​កំពុងធ្វើការ​បូកសរុប​លទ្ធផល​ចុងក្រោយ​ យើង​បាន​ប្រាកដ​ច្បាស់​ថា​ ចំនួន​អ្នកចូលរួម​ គឺ​មានការ​កើនឡើង​ទ្វេដង​ បើ​ប្រៀបធៀប​ជាមួយ​ព្រឹត្តិ​ការណ៍​កាលពី​ឆ្នាំមុន​ ហើយ​វា​បាន​បំបែក​កំណត់ត្រា​នៃ​ការ​លក់​អចលនទ្រព្យ​ដែល​មាន​ចំនួន​ 30លាន​ដុល្លារ​កាលពី​ពិព័រណ៍​ឆ្នាំ​2018​ និង​តាមរយៈ​ព័ត៌មាន​បឋម​របស់​យើង​បាន​បង្ហាញថា​ ចំនួន​នៃ​ការ​លក់​អចលនទ្រព្យ​ ក្នុង​អំឡុង​ពេល​ពិព័រណ៍​នោះ​ គឺ​មាន​ចំនួន​លើស​ពី​ 40លាន​ដុល្លារ​ហើយ​”។

លោក​ Li​ Yan​ Jin​ អ្នកគ្រប់គ្រង​ផែនការ​របស់​ក្រុមហ៊ុន​ Prince​ Huan​ Yu​ Real​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​ Prince​ Huan​ Yu​ Real​ Estate​ (Cambodia​) Group​ បាន​លក់​អចលនទ្រព្យ​របស់​ខ្លួន​មាន​ចំនួន​ច្រើនជាង​ 70យូនី​តដែល​មានតម្លៃ​សរុប​ជាង​ 15​លាន​ដុល្លារ​។

លោក​ Li​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​របស់​លោក​បាន​លក់​ការិយាល័យ​សរុប​ចំនួន​ 48យូនី​តនៃ​គម្រោង​Prince​ Huan​ Yu​ Center​ នៅ​ឯទីក្រុង​ភ្នំពេញ​ និង​ខុន​ដូ​ចំនួន​ 24យូនី​តនៃ​គម្រោង​ Prince​ Golden​ Bay​ នៅ​ខេត្ត​ព្រះសីហនុ​។ លើស​ពីនេះ​ទៅទៀត​ក្រុមហ៊ុន​ក៏​ទទួល​បាន​អ្នកចាប់​អារម្មណ៍​ទិញ​គម្រោង​របស់​ខ្លួន​ចំនួន​ 168នាក់​ ដែល​ក្នុង​នោះ​មាន​ 68នាក់​ជា​ប្រជាជន​កម្ពុជា​។ចំណែក​ក្រុមហ៊ុន​ Morgan​ Group​ វិញ​បាន​លក់​ខុន​ដូ​ចំនួន​ 50យូនី​តនៃ​គម្រោង​ Morgan​ EnMaison​ដែល​ការ​លក់​នេះ​មានតម្លៃ​សរុប​ប្រហែល​ 7.5លាន​ដុល្លារ​ ក្នុង​នោះ​ខុន​ដូ​ 17យូនី​តត្រូវ​បាន​ទិញ​ដោយ​ប្រជាជន​កម្ពុជា​។ ឯគម្រោង​ Toul​ Kork​ Lane​ ក៏​យើង​បាន​លក់​ចំនួន2​ ដែរ​ ដែល​មានតម្លៃ​ជិត​ 13ម៉ឺន​ដុល្លារ​។នេះ​បើ​តាម​ការ​បញ្ជាក់​ដោយ​លោក​ Yao​ Chao​ អ្នកគ្រប់គ្រង​ផែនការ​របស់​ Morgan​ Group​។

ទាក់ទិន​នឹង​ការ​អភិវឌ្ឍ​វិញ​ លោក​ឧកញ៉ា​ ចេង​ ខេង​ អគ្គនាយក​ក្រុមហ៊ុន​វាយតម្លៃ​អចលនទ្រព្យ​ CPL​ បាន​បញ្ជាក់​បន្ថែម​ថា​ ចំពោះ​ការ​វិនិយោគ​ខាង​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​វិញ​ ការ​ចាកចេញ​របស់​ចិន​ ក្រោយ​រដ្ឋាភិបាល​ប្រកាស​បិទ​ហ្គេម​អន​ឡាញ​ វា​នឹង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​នៅក្នុង​ខេត្ត​នេះ​ទេ​ តែ​ផ្ទុយទៅវិញ​ អ្នក​វិនិយោគ​គួរតែ​បង្កើន​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​បន្ថែម​ទៀត​ តែ​ផ្ដោត​ទៅលើ​វិស័យ​ទេសចរណ៍​ជំនួស​វិញ​ ដោយសារតែ​ខេត្ត​នេះ​ជា​ខេត្ត​ដែល​មាន​សក្ដានុពល​ខ្ពស់​លើ​វិស័យ​ទេសចរណ៍​។

លោក​ សន​ សៀប​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Key​ Real​ Estate​ បាន​ធ្វើ​បទ​បង្ហាញ​ចែករំលែក​អំពី​ការ​វិវឌ្ឍ​នៃ​ទីផ្សារ​អចលនទ្រព្យ​ និន្នាការ​ ទិសដៅ​វិនិយោគ​ និង​ការ​ព្យាករ​ពី​តំបន់​វិ​និ​យោ​គសក្តា​នុ​ពល​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ​នា​ពេល​អនាគត​។ ត្រូវ​ស្វែង​-យល់​ពី​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ថា​ តើ​នឹង​ឆ្ពោះទៅ​ទិស​ណា​ និង​មាន​លំហូរ​ប្រជាជន​រស់នៅ​ឬទេ​? មាន​គម្រោង​អភិវឌ្ឍ​ន៍​ធំៗ​ដូចជា​ គម្រោង​បុរី​គម្រោង​សំណង់​អគារ​ពាណិជ្ជកម្ម​ ឬគម្រោង​ក្លាយ​ជា​តំបន់ឧស្សាហកម្ម​ជាដើម​។

លោក​បានឱ្យ​ដឹង​ថា​ អចលនទ្រព្យ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ41​ និង​ផ្លូវជាតិ​លេខ51​ ស្ថិតនៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​នៃ​ភាគ​ខាងលិច​ទីក្រុង​ភ្នំពេញ​មាន​សក្តា​នុ​ពល​ និង​មាន​សម្ទុះ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ ដោយសារ​កំណើន​រោងចក្រ​សហគ្រាស​ ឃ្លាំង​ និង​ប្រជាពលរដ្ឋ​ទៅ​សម្រុក​ទៅ​រស់នៅ​ទីនោះ​ច្រើន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ​។

លោក​បញ្ជាក់​ថា​៖“ផ្លូវជាតិ​លេខ51​ មានតម្លៃ​ថ្លៃ​ជាង​ ដោយសារតែ​មាន​រោងចក្រ​ឧស្សាហកម្ម​ច្រើន​ មាន​ប្រជាជន​រស់នៅ​ច្រើន​ និង​ជា​ផ្លូវ​សេដ្ឋកិច្ច​ចន្លោះ​ផ្លូវជាតិ​លេខ4​ និង​លេខ5​។ សម្រាប់​ផ្លូវជាតិ41​ វិញ​ ចេញពី​ផ្លូវជាតិ​លេខ4​ ទៅកាន់​ខេត្តកំពត​គឺ​មាន​ប្រវែង​វែង​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅចន្លោះ​នោះ​មាន​ទីផ្សារ​ មានតម្លៃ​ខ្ពស់​ ឬមានតម្លៃ​ទាប​ទៅតាម​ប្រភេទ​និង​ទំហំដី​”។

លោក​ សន​ សៀប​ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​៖“ អចលនទ្រព្យ​នៅ​តាម​បណ្តោយ​ផ្លូវ​ទាំងពីរ​នេះ​ នៅតែ​មាន​សម្ទុះ​រីកចម្រើន​ខ្លាំង​ និង​មាន​សក្តា​នុ​ពល​ខ្ពស់​ ដោយសារ​នៅ​តាម​បណ្តោយ​ផ្លូវ51​ នេះ​ គោរព​បាន​នូវ​គោលការណ៍​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​ ដោយ​បាន​ជំរុញ​រោងចក្រ​សហ​គ្រាស​ធំៗ​ជាច្រើន​ មក​បោះ​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ 1នេះ​។ សម្រាប់​ផ្លូវជាតិ​លេខ41វិញ​ ជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​ សម្រាប់​ដឹក​-ជញ្ជូន​ទំ​និញ​ផ្សេង​ៗទៅកាន់​កំពង់ផែ​ខេត្តកំពត​ ដែល​ធ្វើ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ​កាន់តែ​មាន​សម្ទុះ​ និង​មានតម្លៃ​ខ្ពស់​”។

វិនិយោគិន​បរទេស​លោក​ Raymond​ Chio​ ប្រធាន​ក្រុមហ៊ុន​ Prestrige​ Homes​ Cambodia​ ក៏បាន​អះអាង​ដែរ​ថា​ ទីផ្សារ​អចលនទ្រព្យ​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ​កំពុង​មាន​ការី​កចម្រើន​យ៉ាង​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ ដោយសារតែ​មាន​គម្រោង​វិ​និ​យោ​គធំៗ​ជាច្រើន​បាន​និង​កំពុង​អភិវឌ្ឍន៍​នៅ​តំបន់​នេះ​។

លោក​ Raymond​ បន្ត​ថា​៖“អចលនទ្រព្យ​នៅ​ទីក្រុង​ភ្នំពេញ​ គឺជា​ចំណុច​កណ្តាល​ និង​សក្តា​នុ​ពល​ខ្ពស់​ដែល​អ្នក​វិនិយោគ​មក​ពីគ្រប់ទិស​ទី​បាន​ និង​កំពុង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​”។ លោក​បន្ត​ថា​ “វិស័យ​អចលនទ្រព្យ​នៅ​ទិស​ទាំង4​ នៃ​ទីក្រុង​ភ្នំពេញ​ មាន​ទិសខាងលិច​ ខាងកើត​ ខាងជើង​ និង​ខាងត្បូង​បាន​និង​កំពុង​រីកចម្រើន​ តែ​សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​ទិសខាងត្បូង​បាន​នឹង​កំពុង​មានការ​រីកចម្រើន​ខ្លាំង​ជា​បណ្តា​ទិស​ទាំងនោះ​”៕

Advertisement