ជប៉ុន​សន្យា​បន្ត​បង្កើន​កូតា​ទទួលយក​កម្មសិក្សា​ការី​ និង​ពលករ​ជំនាញ​ពី​កម្ពុជា​

មួយរយៈពេល​ចុងក្រោយ​នេះ​ ការ​បង្កើន​កិច្ចសហការ​ផ្នែក​ពលកម្ម​រវាង​កម្ពុជា​-ជប៉ុន​ ហាក់​មាន​ការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​។ ក្រៅពី​ការ​ទទួលយក​កម្មសិក្សា​ការី​កម្ពុជា​ទៅ​សិក្សា​ និង​ធ្វើការងារ​នៅ​ប្រទេស​ជប៉ុន​ហើយ​ ភាគី​ជប៉ុន​បានសម្រេច​បន្ថែម​ច្បាប់​ដែល​អនុញ្ញាត​ឱ្យ​ភាគី​កម្ពុជា​បាន​បញ្ចូន​ពលករ​ជំនាញ​តែម្តង​ ទៅកាន់​ប្រទេស​ជប៉ុន​ដែល​ជា​ប្រទេស​មានការ​រីកចម្រើន​ខ្លាំង​លើ​ផ្នែក​បច្ចេកវិទ្យា​ និង​ឧស្សាហកម្ម​។

ការ​បញ្ចូន​ពលករ​ និង​កម្មសិក្សា​ការី​របស់​កម្ពុជា​ ទៅកាន់​ប្រទេស​ជប៉ុន​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​ផ្តល់​ផល​ចំណេញ​យ៉ាងច្រើន​ដល់​ប្រទេស​ទាំង​2។ សម្រាប់​ជប៉ុន​ ពួកគេ​ទទួល​បាន​កម្លាំង​ពលកម្ម​បន្ថែម​ដើម្បី​បំពេញ​ក្នុង​ទីផ្សារ​ការងារ​ ជាពិសេស​ក្នុង​រោងចក្រ​សហគ្រាស​ ឬក្នុង​កសិដ្ឋាន​ធំៗ​របស់​ខ្លួន​ ខណៈ​កម្ពុជា​អាច​បង្កើន​ចំណូល​របស់​ប្រជាជន​ ក៏​ដូចជា​ផ្តល់​ឱកាស​ដល់​ប្រជាជន​ ឬពលករ​ជំនាញ​អាច​មានលទ្ធភាព​សិក្សា​បច្ចេកទេស​ពី​ប្រទេស​អភិវឌ្ឍន៍​ធំៗ​ដើម្បី​ត្រឡប់​មក​ជួយ​អភិវឌ្ឍ​នៅក្នុង​ប្រទេស​ខ្លួន​ឯង​វិញ​។

ដោយ​មើលឃើញ​ពី​ផល​វិជ្ជមាន​ទាំងអស់​នេះ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​ភាគី​ពាក់ព័ន្ធ​នានា​បន្តិច​ម្តង​ៗតែងតែ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ឱ្យ​ស្ថានភាព​នៃ​ការ​បញ្ចូន​កម្មសិក្សា​ការី​ និង​ពលករ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​។ លើស​ពីនេះ​ទៅទៀត​ ប្រទេស​ទាំង2​ ក៏​មាន​ឆន្ទៈ​ក្នុង​ការជំរុញ​ឱ្យ​ចំនួន​កម្មសិក្សា​ការី​ និង​ពលករ​កម្ពុជា​បាន​ទៅកាន់​ប្រទេស​ជប៉ុន​មានការ​កើនឡើង​ផង​ដែរ​។

ឯកឧត្តម​ MIKAMI​ Masahiro​ ឯកអគ្គ​រាជទូត​ថ្មី​នៃ​ព្រះរាជាណាចក្រ​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​លើកឡើង​ថា​ ក្នុង​អាណត្តិ​ថ្មី​របស់​ឯកឧត្តម​នៅ​កម្ពុជា​ ឯកឧត្តម​នឹង​ប្តេជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ឱ្យ​មានការ​បើកចំហ​ទីផ្សារ​ការងារ​នៅក្នុង​ប្រទេស​ជប៉ុន​កាន់តែ​ទូលំទូលាយ​សម្រាប់​កម្មសិក្សា​ការី​ និង​ពលករ​ជំនាញ​របស់​កម្ពុជា​។ ឯកឧត្តម​បាន​បញ្ជាក់​ផង​ដែរ​ថា​ ឯកឧត្តម​បាន​ជួប​ជាមួយ​ក្រុមហ៊ុន​របស់​ជប៉ុន​នៅ​កម្ពុជា​ ដូចជា​ក្រុម​ហ៊ុន​អុី​អន​ ជាដើម​ ដែល​កំពុង​ដំណើរការ​អាជីវកម្ម​នៅ​កម្ពុជា​យ៉ាងសកម្ម​ រួម​ទាំង​ក្រុមហ៊ុន​ជាច្រើន​ផ្សេង​ទៀត​ដើម្បី​ពិភាក្សា​ និង​ទទួលយក​មតិ​នានា​ពី​ក្រុមហ៊ុន​ទាំងអស់​នោះ​។ ជា​លទ្ធផល​ក្រុម​ហ៊ុន​ធំៗ​ទាំងអស់​នោះ​បាន​រាយការណ៍​ និង​បាន​កោតសរសើរ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់​បុគ្គលិក​ជនជាតិ​ខ្មែរ​ ដែល​បាន​បង្ក​ឱ្យ​មាន​បរិយាកាស​ការងារ​ល្អ​ ជាពិសេស​មាន​ភាព​អត់ធ្មត់​ ឧស្សាហ៍​ព្យាយាម​ និង​ស្មោះ​ត្រង់​ចំពោះ​ការងារ​។

ឯកឧត្តម​ MIKAMI​ Masahiro​ បាន​និយាយ​ថា​៖ “ការ​លើកឡើង​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​នេះ​ មិន​ខុសពី​ការ​លើកឡើង​របស់​និយោជក​ និង​តំណាង​ក្រុម​ហ៊ុន​នៅ​ឯប្រទេស​ជប៉ុន​ប៉ុន្មាន​ឡើយ​។ ក្រុមហ៊ុន​ដែល​ទទួលយក​កម្មសិក្សា​ការី​ និង​ពលករ​ជំនាញ​នៅក្នុង​ប្រទេស​ជប៉ុន​បាន​បញ្ជាក់​ថា​ ពួកគេ​ពេញចិត្ត​ចំពោះ​អត្តចរិត​ការងារ​របស់​កម្មសិក្សា​ការី​កម្ពុជា​”។

ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ កម្មសិក្សា​ការី​ដែល​បាន​ទៅ​ធ្វើ​កម្មសិក្សា​ និង​បម្រើការ​ងារ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ បច្ចុប្បន្ន​នេះ​មាន​ចំនួន​ប្រមាណ​ 12,000នាក់​។ គិត​ត្រឹម​ខែកញ្ញា​ ឆ្នាំ2019​ នេះ​កម្ពុជា​បាន​បញ្ជូន​ពលករ​ជំនាញ​លើកដំបូង​ទៅ​បម្រើការ​ងារ​នៅ​ប្រទេស​ជប៉ុន​ប្រមាណ​ 11នាក់​ ក្រោយ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​កម្ពុជា​-ជប៉ុន​ លើ​ការ​បញ្ជូន​ពលករ​ជំនាញ​ត្រូវ​បាន​ចុះហត្ថលេខា​រួចរាល់​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ មានប្រសាសន៍​ថា​៖ “ឯកឧត្តម​ ឯកអគ្គ​រាជទូត​ជប៉ុន​នៅ​កម្ពុជា​ បាន​សន្យា​ថា​ នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ មិនថា​នៅក្នុង​ប្រទេស​ជប៉ុន​ ឬនៅ​ប្រទេស​កម្ពុជា​នោះ​ទេ​”។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការ​បញ្ជូន​កម្មសិក្សា​ការី​ និង​ពលករ​ជំនាញ​ទៅ​ប្រទេស​ជប៉ុន​ បាន​នាំមក​នូវ​ប្រាក់ចំណូល​ជាច្រើន​សម្រាប់​គ្រួសារ​របស់​ពួកគេ​ និង​ជា​ផ្នែក​សំខាន់​មួយ​ផង​ដែរ​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​។ ចំណូល​ទាំងអស់​នោះ​ នឹង​ត្រូវ​ចាយវាយ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ តាមរយៈ​ការ​ផ្ញើ​មក​គ្រួសារ​ ស្រប​ពេល​ដែល​ពលករ​ជំនាញ​ទាំងអស់​នោះ​បាន​សិក្សា​បន្ថែម​ពីរ​បៀ​បរ​បបនៃ​ការរស់នៅ​ និង​ការ​ធ្វើការងារ​នៅក្នុង​ប្រទេស​ជប៉ុន​។ ក្រោយ​ចប់​អាណត្តិ​ ពួកគេ​អាច​នឹង​ងាយស្រួល​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ ឬក្នុង​ទីផ្សារ​ក្នុង​តំបន់​ដទៃទៀត​ ព្រោះ​ពួកគេ​បាន​ទទួល​ចំណេះដឹង​ និង​មាន​ជំនាញ​ច្បាស់លាស់​ពី​ការ​ធ្វើការងារ​ជាក់ស្តែង​នៅក្នុង​ប្រទេស​ជប៉ុន​៕

Advertisement