រយៈពេល​ 9ខែ​ ឆ្នាំ2019​ ផ្សារហ៊ុន​កម្ពុជា​បង្ហាញ​ពី​កំណើន​ការ​ជួញដូរ​

ផ្សារហ៊ុន​កម្ពុជា​(ផ្សារ​មូលបត្រ​កម្ពុជា​ ឬ CSX​) បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ក្រុមហ៊ុន​នានា​កាន់តែ​ច្រើន​ក្នុង​ការចុះបញ្ជី​ ដែល​ធ្វើ​ឱ្យ​សកម្មភាព​ជួញដូរ​ភាគហ៊ុន​ក្នុងរយៈពេល​ 9ខែ​ ឆ្នាំ2019​ កាន់តែ​សកម្ម​ឡើង​ ចាប់តាំងពី​ផ្សារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ2012​។

ការ​ជួញដូរ​នៅក្នុង​រយៈពេល​ 9ខែ​ ឆ្នាំ2019​ បាន​បង្ហាញ​នូវ​កំណើន​ដោយ​មូលធនូបនីយកម្ម​ទីផ្សារ​បាន​កើនឡើង​ជាង​ 40​% បើ​ធៀប​នឹង​ត្រីមាស​ទី2​ ដែល​នេះ​គឺជា​តួលេខ​ខ្ពស់​បំផុត​ចាប់តាំង​ផ្សារហ៊ុន​បើក​ដំណើរការ​មក​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ផ្សារ​មូលបត្រ​កម្ពុជា​។

ទិន្នន័យ​ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​បាន​បង្ហាញថា​ នៅក្នុង​រយៈពេល​ 9ខែ​ឆ្នាំ2019​ មូលធនូបនីយកម្ម​ទីផ្សារ​បាន​កើន​ដល់​ 800​លាន​ដុល្លារ​កើនឡើង​ជាង​ 40​%ពី​ចំនួន​ 570លាន​ដុល្លារ​កាលពី​ត្រីមាស​ទី2​ ឆ្នាំ​ 2019​។ ចំណែក​សន្ទស្សន៍​ផ្សារហ៊ុន​បាន​កើនឡើង​ដល់​ 869​ ពិន្ទុ​ដែល​ជា​តួលេខ​ខ្ពស់​បំផុត​ក្នុងរយៈ​កាល​ 6ឆ្នាំ​ចុង​ក្រោយនេះ​។

យោង​តាម​ការ​គណនា​មូលធនូបនីយកម្ម​ទីផ្សារ​ជា​តម្លៃ​ក្រុមហ៊ុន​ចុះបញ្ជី​ក្នុង​ទីផ្សារ​ទាំងអស់​បូក​បញ្ចូល​គ្នា​ គិត​តាម​តម្លៃ​ទីផ្សារ​ដោយ​តម្លៃ​ក្រុមហ៊ុន​នី​មួយ​ៗ គឺ​គេ​យក​ថ្លៃ​ភាគហ៊ុន​ គុណ​ចំនួន​ភាគហ៊ុន​ចុះបញ្ជី​។ ទិន្នន័យ​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ ចំនួន​គណនី​ថ្មី​ដែល​បើក​ក្នុងរយៈពេល​ 9ខែ​មាន​ចំនួន​ 725​ ដោយ​គិត​ត្រឹម​ចុង​ត្រីមាស​ទី3​ គណនី​ជួញដូរ​មាន​ចំនួន​សរុប​ 22,196​។ ការ​ជួញដូរ​ជាមធ្យម​ក្នុងរយៈពេល9ខែ​ គិតជា​ទឹកប្រាក់​មានតម្លៃ​ប្រមាណ​ 27.121ដុល្លារ​ ស្មើនឹង12,539​ ភាគហ៊ុន​ក្នុង​ 1ថ្ងៃ​។ ការ​ជួញដូរ​ដែល​មាន​លក្ខណៈ​វិនិយោគិន​ឯក​ត្ត​បុគ្គល​មាន​ប្រហែល​ 94​%។

លោកស្រី​ គឹម​ សុ​ផា​នី​តា​ ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ​ការ​ទីផ្សារ​ CSX​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖ “គោលនយោបាយ​បែងចែក​ភាគលាភ​កាន់តែ​ប្រសើរ​ ការ​បង្កើន​ទំនុកចិត្ត​របស់​វិនិយោគិន​មក​លើ​ទីផ្សារ​ គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ CSX​ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​ការសម្រួល​បទប្បញ្ញត្តិ​នីតិវិធី​ និង​ការ​ធ្វើសកម្មភាព​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ក៏​ជា​កត្តា​ចម្បង​ក្នុង​ការជំរុញ​ទីផ្សារ​ដែរ​”។

លោកស្រី​បន្ត​ថា​៖ “ដោយហេតុនេះ​ហើយ​ ទើប​សកម្មភាព​ប្រតិបត្តិ​ការ​របស់​ផ្សារហ៊ុន​កម្ពុជា​ក្នុងរយៈពេល​ 9ខែ​ ឆ្នាំ2019​ មាន​ភាពល្អ​ប្រសើរ​យ៉ាង​ខ្លាំង​ចាប់តាំងពី​រយៈពេល​ 6ឆ្នាំ​នៃ​ការ​ចាប់ផ្តើម​ដំ​-ណើរ​ការ​ផ្សារហ៊ុន​។ ភាពល្អ​ប្រសើរ​ របស់​ផ្សារ​មូលបត្រ​កម្ពុជា​នៅពេល​នេះ​ គឺ​មក​ពីក​ត្តា​សំ​ខាន់​ៗមួយ​ចំនួន​ដូចជា​ ការ​បន្ថែម​ម៉ោង​ជួញដូរ​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និង​កំណើន​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ចុះ​បញ្ជី​ផង​ដែរ​”។

លោកស្រី​បន្ត​ថា​ ជាមួយនឹង​ភាពល្អ​ប្រសើរ​នេះ​បាន​ធ្វើ​ឱ្យ​ចំនួន​គណនី​ជួញដូរ​បច្ចុប្បន្ន​មាន​ចំនួន​ 22,196​ ដោយ​កើនឡើង​ 35​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​រៀបចំខ្លួន​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការកាត់បន្ថយ​ពន្ធ​ 50​%លើ​ពន្ធ​ប្រាក់ចំណេញ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​ សុ​ផា​នី​តា​។

លោកស្រី​បាន​ថ្លែង​បន្ត​ថា​៖ “ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​ក៏ដូចជា​វិស័យ​នេះ​ទាំងមូល​។ ខ្ញុំ​រំពឹង​ថា​ ប្រសិនបើ​ក្រុមហ៊ុន​ថ្មី​ដែល​ត្រៀម​ចុះបញ្ជី​អាច​ដំណើរការ​ចប់​រួចរាល់​តាម​ការ​គ្រោងទុក​ ហើយ​ភាគហ៊ុន​ទាំងអស់​នឹង​នៅតែ​បន្ត​ផ្តល់​អត្រា​ចំណេញ​មួយ​ដ៏​ទាក់ទាញ​នោះ​នឹង​មានការ​ចូលរួម​កាន់តែ​ច្រើន​បន្ថែម​ទៀត​ពីសំណាក់​វិនិយោគិន​”។

ទិន្នន័យ​ពី​ CSX​ បានឱ្យ​ដឹង​ទៀត​ថា​ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ទាំង​ 5 ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី2​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ2018​ គឺ​តម្លៃ​ភាគហ៊ុន​របស់​៖ 1-កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ (PAS​) កើន​ឡើង​ 270​% ពី​ 6400រៀល​ មក​ 23,650​ រៀល​។ 2-កំពង់ផែ​ស្វយ័ត​ភ្នំពេញ​(PPAP​) កើនឡើង​ជិត​ 100​% ពី​ 6400រៀល​ មក​ 12,780រៀល​។ 3-រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​(PWSA​) កើន​ឡើង​ 93​% ពី​ 3180រៀល​ មក​ 6,160រៀល​។ 4-ហ្គ្រេន​ធ្វីន​ អុីន​ធើ​ណេ​សូ​ណល​(GTI​) កើន​ឡើង​ 44​% ពី​ 3050រៀល​ មក​ 4,400រៀល​។ 5-ភ្នំ​ពេញ​អេស​អុីហ្សេ​ត (PPSP​) បាន​ធ្លាក់ចុះ​ 2% ពី​ 2800រៀល​ មក​ 2,740រៀល​ គិត​ត្រឹម​ត្រីមាស​ទី3​ ឆ្នាំ2019​។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ RHB​ Indochina​ Securities​ Plc​ ដែល​ជា​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​បាន​ថ្លែងប្រាប់​ថា​៖“ដោយសារ​ទីផ្សារ​របស់​យើង​នៅ​តូច​ ដូច្នេះ​នៅពេល​ដែល​មានការ​ចាប់អារម្មណ៍​ច្រើន​ពីសំណាក់​អ្នក​វិនិយោគ​ក៏អាច​នឹង​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ធ្វើ​ឱ្យ​ផ្សារ​កើនឡើង​ដែរ​។ មានន័យថា​ នៅ​ពេល​ដែល​អ្នកលក់​មាន​ចំនួន​តិច​ និង​អ្នក​ចង់​ទិញ​មាន​ច្រើន​ ក៏​វា​ងាយ​ធ្វើ​ឱ្យ​ទីផ្សារ​មានការ​កើនឡើង​ដែរ​ ហើយ​កំណើន​ដ៏​ខ្ពស់​នៃ​តម្លៃ​ភាគហ៊ុន​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ និង​កំពង់ផែ​ក្រុងភ្នំពេញ​ គឺជា​ធាតុ​ដ៏​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​ផ្សារ​មូលបត្រ​កម្ពុជា​ មាន​សម្ទុះ​ខ្លាំង​ក្នុងរយៈពេល​ 9ខែ​ ឆ្នាំ2019នេះ​”៕

Advertisement