IMF​ ៖ សង្គ្រាម​ពាណិជ្ជកម្ម​ បាន​ផ្តល់​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​

លោក​ Jarkko​ Turunen​ អនុប្រធាន​ផ្នែក​ទទួល​បន្ទុក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ Asia​ Pacific​ Department​ (APD​) និង​ជា​ក្រុមការងារ​បេសកកម្ម​ Article​IV​ របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ឬ IMF​ (International​ Monetary​ Fund​) បាន​ធ្វើ​សេចក្តី​រាយការណ៍​សង្ខេប​ស្តី​ពីរ​បាយ​ការណ៍​របស់​លោក​នៅពេល​បេសកកម្ម​បាន​បញ្ចប់​ ដោយ​លោក​បាន​លើកឡើង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​បាន​ផ្តល់​ផល​ វិជ្ជមាន​មួយ​ចំនួន​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ដែល​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការ​កើនឡើង​នៃ​ការនាំចេញ​ ជាពិសេស​ទៅ​សហរដ្ឋអាមេរិក​ និង​លំហូរ​ទុន​វិនិយោគ​ពី​បរទេស​។

ទន្ទឹម​នឹង​ការ​បង្ហាញ​សញ្ញា​វិជ្ជមាន​ ក្រុមការងារ​បេសកកម្ម​ ArticleIV​ នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(IMF​)ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ក្នុង​ឆ្នាំ2020​ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​ថមថយ​បន្តិច​ ដោយសារ​ការ​ថយ​ចុះ​កំណើន​នៃ​សេដ្ឋកិច្ច​សកល​ និង​តំបន់​ក្នុងរយៈពេល​ខ្លី​ និង​មធ្យម​ខាងមុខ​ ដោយសារ​ការ​កើនឡើង​ភាព​តានតឹង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការ​កើនឡើង​នៃ​គោលនយោបាយ​គាំពារ​និយម​ (Protectionism​)។

ក្រុម​បេសកកម្ម​របស់​ IMF​ មកកាន់​រាជធានី​ភ្នំពេញ​ក៏បាន​មើលឃើញ​នូវ​ការ​ធ្លាក់ចុះ​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ ដែល​បណ្តាល​មក​ពី​ការ​ព្យួរ​កិច្ច​ព្រម​-ព្រៀង​ EBA​ ដែល​អាច​នឹង​កើតឡើង​ និង​អាច​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច​រយៈពេល​ខ្លី​។

លោក​ Turunen​ មានប្រសាសន៍​ថា​៖“បរិយាកាស​ម៉ាក្រូ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ការលូតលាស់​ រឹងមាំ​ និង​ការកែទម្រង់​រចនាសម្ព័ន្ធ​ ដែល​កំពុង​បន្ត​បាន​រួមចំណែក​ដល់​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​ឆ្ពោះ​ទៅ​រក​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ទោះជា​យ៉ាងនេះ​ក្តី​ សេដ្ឋកិច្ច​កម្ពុជា​នឹង​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ រាប់បញ្ចូល​ទាំង​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ និង​ការ​ផ្អាក​សក្តា​នុ​ពល​នៃ​ការ​ចូល​ទៅកាន់​ទីផ្សារ​អនុគ្រោះ​ ក្រោម​គម្រោ​ងអ្វី​ៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (the​ Everything​-but​-arms​ ឬEBA​) ដែល​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​កម្ពុជា​”។

ហានិភ័យ​ធ្លាក់ចុះ​ផ្សេងទៀត​ រួមមាន​ការ​ធ្លាក់ចុះ​ពី​ការ​កើនឡើង​នៃ​ការ​គាំពារ​និយម​ពាណិជ្ជកម្ម​សកល​ដែល​អាច​រារាំង​ការនាំចេញ​និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​វិនិយោគិន​។ របាយការណ៍​ IMF​ក៏បាន​មើលឃើញ​ពី​ហានិភ័យ​ដែល​បណ្តាល​មក​ពី​ភាព​ងាយ​រងគ្រោះ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កើនឡើង​។ បើ​និយាយ​ពី​ជំហរ​សារពើពន្ធ​វិញ​ IMF​ ជឿជាក់​ថា​ ខ្លួន​នឹង​នៅតែ​មាន​អតិរេក​នៅ​ឆ្នាំនេះ​។

លោក​ Turunen​ ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ សកម្មភាព​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​រឹងមាំ​ជាមួយនឹង​កំណើន​ប្រមាណ​ 7%នៅ​ឆ្នាំនេះ​ ដោយសារ​កំណើន​ការនាំចេញ​ និង​សកម្មភាព​វិស័យ​សំណង់​ ខណៈ​អតិផរណា​នៅ​ថេរ​ក្នុង​អត្រា​ 2.5​%។

ក្នុងរយៈពេល​មធ្យម​ កំណើន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានកម្រិត​មធ្យម​បន្ថែម​ទៀត​ ខណៈ​វដ្ត​អចលនទ្រព្យ​ និង​ឥណទាន​មាន​ភាព​ចាស់ទុំ​។ កំណើន​នៃ​ការនាំចេញ​ ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានកម្រិត​មធ្យម​ផង​ដែរ​ ដែល​នាំ​ឱ្យ​មាន​ឱនភាព​គណនីចរន្ត​កើនឡើង​ដល់​ប្រមាណ​ 13.5​%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​ឆ្នាំនេះ​។

លោក​ Turunen​ មានប្រសាសន៍​ថា​៖ “លទ្ធផល​នៃ​ប្រាក់ចំណូល​នៅតែ​បន្ត​ ហើយដោយ​ សារ​ការ​-ខិតខំ​ប្រឹងប្រែង​ផ្នែក​រដ្ឋបាល​យ៉ាង​ខ្លាំង​ ប្រាក់ចំណូល​ពន្ធ​បាន​ឈាន​ដល់​ជិត​ 19​%នៃ​ GDP​ ក្នុង​ឆ្នាំ2018​ ។ ជា​លទ្ធផល​សមតុល្យ​សារពើពន្ធ​ឆ្នាំ2018​ បង្ហាញ​ពីអ​តិ​រេ​កជិត​ 1%នៃGDP​”។

ដូចគ្នានឹង​ធនាគារពិភពលោក​ដែរ​ IMFមើល​ឃើញថា​ បំណុល​សាធារណៈ​នៅតែ​ទាប​នៅឡើយ​គឺ​ 28.6​% ហើយ​ប្រទេស​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​នៅ​តែ​មាន​ហានិភ័យ​ទាប​នៃ​ភាព​តានតឹង​បំណុល​ បើ​ទោះបីជា​មានការ​កើនឡើង​ ទាំង​ការ​ទូទាត់​បំណុល​ និង​ភាពជា​ដៃគូ​សាធារណៈ​-ឯកជន​ (PPPs​)ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការ​វិនិយោគ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ចាំបាច់​ក្ដី​។

ទោះ​យ៉ាងណា​ លោក​ Turunen​ បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​ បន្ថែម​ទៀត​នៃ​គោលនយោបាយ​ ដើម្បី​ដោះស្រាយ​ភាព​ងាយ​រងគ្រោះ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដែល​កើនឡើង​។ លោក​បាន​មានប្រសាសន៍​ថា​៖ “វិធានការ​អាទិភាព​ រួមមាន​ការអនុវត្ត​គោលនយោបាយ​ គោលដៅ​ ដូចជា​ទំហំ​ហានិភ័យ​ខ្ពស់​ និង​តម្រូវការ​វិធាន​ធន​សម្រាប់​ការ​ផ្តល់​ប្រាក់កម្ចី​អចលនទ្រព្យ​ ក៏ដូចជា​ការណែនាំ​អំពី​ការកំណត់​ប្រាក់កម្ចី​ គិតជា​តម្លៃ​សរុប​ដើម្បី​ដោះស្រាយ​ហានិភ័យ​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ​”។

ដោយ​មើលទៅ​មុខ​ ការអនុវត្ត​ដ៏​រឹងមាំ​នៃ​យុទ្ធសាស្ត្រ​ជំរុញ​ចំណូល​ថ្មី​ (2019​-2023​) ត្រូវ​បាន​ រំពឹង​ថា​ នឹង​ជួយ​ទ្រទ្រង់​កំណើន​ប្រាក់ចំណូល​តាមរយៈ​គោលនយោបាយ​ពន្ធ​ និង​កំណែទម្រង់​រដ្ឋបាល​ចំណូល​។ លោក​ Turunen​ បាន​មានប្រសាសន៍​ថា​៖“ការ​ចំណាយ​បន្ថែម​ គួរតែ​បន្ត​ឆ្ពោះទៅ​រក​ការ​វិនិយោគ​ ហេដ្ឋារចនាសម្ព័ន្ធ​អាទិភាព​ ក៏ដូចជា​ការ​ចំណាយ​លើ​វិស័យ​សុខាភិបាល​ និង​ការអប់រំ​នៅពេល​នេះ​ ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​ចំណាយ​”។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​គូសបញ្ជាក់​បន្ថែម​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ស្ថិតនៅ​លើ​មាគ៌ា​ត្រឹមត្រូវ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន​ រួម​ទាំង​ការគ្រប់គ្រង​ប្រមូល​ចំណូល​ ជាពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​រដ្ឋបាល​សារពើពន្ធ​ និង​ការកែទម្រង់​ផ្អែក​តាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ 2019​-2023​ សំដៅ​ដោះស្រាយ​បញ្ហា​ប្រឈម​និង​បញ្ចៀស​រាល់​ហានិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ​ តាមរយៈ​ការ​ដាក់ចេញ​នូវ​កញ្ចប់​ថវិកា​ចំណាយ​បន្ថែម​ក្នុង​ឆ្នាំ2020​ ដើម្បី​គាំទ្រ​ដល់​ការបង្កើត​ការងារ​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​បង្កើន​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​។

ទន្ទឹម​នេះ​ វិធានការ​ទាំងនេះ​ ក៏បាន​ផ្តោត​លើ​ការ​លើកកម្ពស់​ការប្រកួត​ប្រជែង​ និង​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ IMF ក៏បាន​លើកទឹកចិត្ត​ និង​ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពន្លឿន​ការអនុវត្ត​វិធានការ​កំណែទម្រង់​ទាំងនេះ​ សំដៅ​សម្រេច​បាន​សមិទ្ធផល​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ទាន់ពេល​វេលា​។

ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា​៖ “តាម​ការវាយតម្លៃ​របស់​ IMF​ ទោះបី​កំណើន​សេដ្ឋកិច្ច​សកល​មានការ​ថមថយ​ក្តី​ សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ2019​ នៅតែ​សម្រេច​បាន​នូវ​កំណើន​រឹងមាំ​ ក្នុងរង្វង់​អត្រា​ 7% ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ការ​បន្ត​កំណើន​ខ្ពស់​នៃ​ការនាំចេញ​ និង​វិស័យ​សំណង់​ ខណៈ​ដែល​អតិផរណា​ ត្រូវ​បាន​រក្សា​ឱ្យ​ស្ថិត​ក្នុង​កម្រិតទាប​ប្រមាណ​ 2.5​%។ ទន្ទឹម​នេះ​ស្ថានភាព​ហិរញ្ញវត្ថុ​សាធារណៈ​ នៅ​បន្ត​ស្ថិត​ក្នុង​ភាពល្អ​ប្រសើរ​ ស្រប​ពេល​ដែល​បំណុល​សាធារណៈ​ ស្ថិត​ក្នុង​កម្រិត​ហានិភ័យ​ទាប​ ដែល​អាច​គ្រប់គ្រង​បាន​”។

ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ​បេសកកម្ម​ Article​ IV​ នៃ​ IMF​ ក្នុង​ការវាយតម្លៃ​សេដ្ឋកិច្ច​កម្ពុជា​ ព្រមទាំង​ដាក់ចេញ​នូវ​អនុសាសន៍​គោលនយោបាយ​ និង​ការ​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការ​កសាង​សមត្ថភាព​មន្ត្រី​កម្ពុជា​ឱ្យ​កាន់តែ​មាន​ជំនាញ​ និង​ចំណេះដឹង​ប្រសើរ​ជាង​មុន​ ជាពិសេស​ការ​ផ្តល់​ជំនួយ​បច្ចេកទេស​លើ​ការ​ចងក្រង​ស្ថិតិ​ជា​រួម​របស់​រាជរដ្ឋាភិបាល​ ដែល​មាន​សារៈសំខាន់​សម្រាប់​ការ​-វិភាគ​ វាយតម្លៃ​ និង​រៀបចំ​គោលនយោបាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​៕

Advertisement