ប្រព័ន្ធ​ឌីជីថល​ ​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​សក្តា​នុ​ពល​ទេសចរណ៍​របស់​កម្ពុជា​

November 5, 2019​ ម៉ោង 11:12 am

​«​សេដ្ឋកិច្ច​ឌីជីថល​បាន​និង​កំពុង​ធ្វើ​ឱ្យ​របៀបរបប​ធ្វើការងារ​មាន​ភាព​ផ្លាស់​ប្តូរ​ជាច្រើន​នៅ​តាម​បណ្តា​រោងចក្រ​ឧស្សាហកម្ម​ ​និង​សេវាកម្ម​នានា​ ​ដូចជា​សេវាកម្ម​ហិរញ្ញវត្ថុ​ ​សេវាកម្ម​សុខភាព​ ​ផលិតកម្ម​ ​សេវាកម្ម​ទេសចរណ៍​ ​សេវាកម្ម​កម្សាន្ត​ ​មធ្យោបាយ​ដឹកជញ្ជូន​ ​និង​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ទំនាក់ទំនង​»​។​

​ខាងលើ​នេះ​ ​គឺជា​ប្រសាសន៍​របស់​ឯកឧត្ដម​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​ដែល​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ដែល​ធ្វើឡើង​នៅ​ខេត្តសៀមរាប​ ​ស្តី​ពី​គេហទំព័រ​ ​និង​កម្មវិធី​ទូរស័ព្ទ​វៃឆ្លាត​នៃ​ទេសចរណ៍​ក្នុង​ស្រុក​ ​“​Visit​ ​Cambodia​”​ ​និង​ការអនុវត្ត​ការចុះបញ្ជី​ស្នាក់នៅ​របស់​ភ្ញៀវ​ទេសចរ​តាម​អន​ឡា​ញ​សម្រាប់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ ​កាលពី​ថ្ងៃទី4​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​។​ ​

​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា​៖​«​ ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​យើង​ក៏បាន​ចូលរួម​អប់រំ​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​បាន​យល់ដឹង​អំពី​អត្ថ​ប្រយោជន៍​ដ៏​មានតម្លៃ​នៃ​វិស័យ​ទេសចរណ៍​ ​ពោល​គឺ​ ​អត្ថ​ប្រយោជន៍​នេះ​មិន​ត្រឹមតែ​បាន​ផ្សព្វផ្សាយ​ទៅដល់​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះទេ​ ​តែ​ក៏បាន​ទៅដល់​ភ្ញៀវ​ទេសចរ​ដទៃទៀត​ ​តាមរយៈ​ការ​ទទួល​បាន​បទ​ពិសោធ​ ​ការ​ទទួលស្វាគមន៍​ ​ជាពិសេស​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ប្រជាជន​មូលដ្ឋាន​កាន់តែ​ប្រសើរ​ឡើង​»​។​

​ផ្អែកលើ​ស្មារតី​នេះ​ ​វិស័យ​ទេសចរណ៍​ក៏​ត្រូវ​ធ្វើការ​សិក្សា​ ​និង​ពង្រីក​បន្ថែម​នូវ​ទីផ្សារ​ទេសចរណ៍​ឱ្យ​កាន់តែ​ទូលាយ​ឡើង​ ​តាមរយៈ​ការជំរុញ​ឱ្យ​មានការ​បង្កើត​ផលិតផល​ទេសចរណ៍​ដែល​មានគុណ​ភាព​ ​និង​ទាក់ទាញ​ ​ជាពិសេស​ជំរុញ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ ​ដែល​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ការស្វែងរក​ព័ត៌មាន​អំពី​គោលដៅ​ទេសចរណ៍​នានា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​។​

​ឯកឧត្តម​ ​ថោង​ ​ខុន​ ​ក៏បាន​ស្នើ​ឱ្យ​ផ្នែកឯកជន​ដែល​ជា​ប្រតិបត្តិ​ករ​ទេសចរណ៍​ចូលរួម​ផ្តល់​ព័ត៌មាន​ ​ក៏ដូចជា​កម្មវិធី​បញ្ចុះតម្លៃ​ពិសេស​ណាមួយ​ក្នុង​គោលបំណង​ពង្រឹង​ ​និង​ពង្រីក​សក្តា​នុ​ពល​ទេសចរណ៍​នៅ​ខេត្តសៀមរាប​ឱ្យ​បាន​ល្អ​ប្រសើរ​ ​និង​បង្កើន​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​។​

​ ​ក្នុង​ន័យ​នេះ​ ​គឺ​ធ្វើ​យ៉ាងណា​ជំរុញ​ការស្វែងរក​គោលដៅ​ ​និង​សេវាកម្ម​ទេសចរណ៍​នានា​ក្នុង​ខេត្តសៀមរាប​ ​សំដៅ​បំផុស​ចលនា​ទេសចរណ៍​ទៅកាន់​ខេត្តសៀមរាប​ដែល​ជាគោល​ដៅ​ទេសចរណ៍​វប្បធម៌​ ​និង​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​របស់​កម្ពុជា​។​
​ម៉្យាងវិញទៀត​ ​ត្រូវ​បង្កើត​នូវ​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ពិសេស​តាមរយៈ​កម្មវិធី​នានា​ ​ឬ​ការ​បញ្ចុះតម្លៃ​ពិសេស​ទៅលើ​សេវាកម្ម​របស់​ខ្លួន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​ជ្រើសរើស​គោលដៅ​ ​ក៏ដូចជា​កញ្ចប់​ទស្សនកិច្ច​របស់​ភ្ញៀវ​ទេសចរ​ដែរ​៕​