9ខែ​ឆ្នាំនេះ​ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កើនឡើង​ខណៈ​ដំណាំ​កៅស៊ូ​ប្រទេសជិតខាង​កំពុង​រង​ជំងឺ​

យោង​តាម​របាយការណ៍​ផ្លូវការ​ចុងក្រោយ​ បាន​ឱ្យ​ដឹង​ថា​ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​បាន​ កើន​ឡើង​ 23.35​% ក្នុងរយៈពេល​ 9ខែ​នៃ​ឆ្នាំនេះ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ដោយ​ចាប់​គិត​ពី​ខែមករា​ ដល់​ខែកញ្ញា​ កម្ពុជា​ផលិត​កៅស៊ូ​បាន​ចំនួន​ 173,072តោន​ ដែល​ធ្វើ​ឱ្យ​រកចំណូល​បាន​ប្រមាណ​ 231លាន​ដុល្លារ​ ដោយ​ផលិតផល​ទាំងអស់​ត្រូវ​បាន​ដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​បរទេស​។ នេះ​បើ​តាម​ទិន្នន័យ​អគ្គនាយក​ដ្ឋាន​កៅស៊ូ​។

អគ្គនាយក​ដ្ឋាន​កៅស៊ូ​បានឱ្យ​ដឹង​នៅក្នុង​របាយការណ៍​ថា​ តម្លៃ​កៅស៊ូ​ជាមធ្យម​ក្នុងរយៈពេល​នោះ​បាន​ធ្លាក់ចុះ​ 2% ដោយ​លក់​បាន​ក្នុង​តម្លៃ​ប្រហែល​ 1,335ដុល្លារ​ក្នុង​ 1តោន​។

លោក​ ឃួន​ ផល្លា​ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ និង​នីតិកម្ម​នៃ​អគ្គនាយក​ដ្ឋាន​កៅស៊ូ​បានឱ្យ​ដឹង​ថា​ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​ក្នុងអំឡុងពេល​នេះ​សម្រេច​បាន​ 173,072តោន​ កើនឡើង23.35​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ដែល​មាន​ប្រមាណ​ 140,303តោន​។

លោក​ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​បាន​មាន​ប្រសាសន៍​បន្ត​ថា​ ក្នុងរយៈពេល​នេះ​ការនាំចេញ​កៅស៊ូ​មានតម្លៃ​ 231លាន​ដុល្លារ​។ លោក​ថ្លែង​ថា​៖ “ការនាំចេញ​កៅស៊ូ​កម្ពុជា​ ភាគច្រើន​ទៅ​ទីផ្សារ​ប្រទេស​ចិន​។ តែ​ខ្ញុំ​គិតថា​ បើ​មើល​តាម​ការ​វិវឌ្ឍ​ តម្រូវការ​របស់​ទីផ្សារ​ពិភពលោក​ ការប្រើ​ប្រាស់​កៅស៊ូ​វិញ​ យើង​ឃើញថា​តម្លៃ​វា​នៅ​ថេរ​ ឬកើនឡើង​តិចតួច​ រយៈពេល​ 2-3ឆ្នាំទៅ​មុខ​ទៀត​”។

យោង​តាម​ក្រុមហ៊ុន​វិនិយោគ​ដែល​ជា​ក្រុមហ៊ុន​ដាំដុះ​ និង​នាំចេញ​កៅស៊ូ​បានឱ្យ​ដឹង​ថា​ កំណើន​នៃ​ការនាំចេញ​កៅស៊ូ​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​ដោយសារ​កំណើន​នៃ​ដើមកៅស៊ូ​ពេញវ័យ​ត្រូវ​ប្រមូល​ផល​បាន​កើនឡើង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​។ សម្រាប់​ការនាំចេញ​របស់​ក្រុមហ៊ុន​មួយចំនួន​ មានការ​ធ្លាក់ចុះ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ដែល​ការ​ថយ​ចុះ​នេះ​គឺ​ដោយសារ​មូលហេតុ​ខ្វះ​កម្លាំង​ចៀរ​ជ័រ​”។

គិត​ចាប់តាំងពី​ដើម​ត្រីមាស​ទី3​ ឆ្នាំនេះ​ កៅស៊ូ​មាន​តម្លៃ​ចន្លោះ​ពី​ 1,333ដុល្លារ​ ទៅ​ 1,350​ ដុល្លារ​ក្នុង​ 1តោន​ ជា​តម្លៃ​ធ្លាក់ចុះ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ដែល​មានតម្លៃ​ប្រហែល​ 1,400ដុល្លារ​ ក្នុង1តោន​។ តម្លៃ​របស់​វា​ធ្លាក់ចុះ​នេះ​ គឺ​មក​ពី​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ រួម​ទាំង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច2​ គឺ​ចិន​ និង​អាមេរិក​ ហើយ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ថយ​ចុះ​ ធ្វើ​ឱ្យ​តម្រូវការ​ប្រើប្រាស់​ថយ​ចុះ​ដែរ​។

តម្លៃ​កៅស៊ូ​អាច​នឹង​បន្ត​ប្រឈម​ទៀត​ ចាប់ពី​ពេលនេះ​រហូតដល់​ដាច់ឆ្នាំ2019​ នេះ​ ព្រោះ​ប្រទេស​អ្នកបញ្ជា​ទិញ​មួយចំនួន​កំពុង​ងាក​ទៅ​រក​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ដែល​មានតម្លៃ​កៅស៊ូ​ទាប​ជាង​ប្រទេស​នៅ​តំបន់​អាស៊ី​ ហើយក៏​អាច​ប៉ះពាល់​ដល់​ការនាំចេញ​កៅស៊ូ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​។

ជាទូទៅ​ ប្រទេស​ក្នុង​តំបន់​អាស៊ី​យើង​ ជាផ្នែក​មួយ​ដែល​បាន​ផ្គត់ផ្គង់​ជ័រកៅស៊ូ​ លើ​ពិភពលោក​ប្រហែល​ប្រមាណ​ជា​ 80​% ប៉ុន្តែ​ថ្មី​ៗនេះ​នៅ​ខាង​ប៉ែក​អាហ្វ្រិក​ គេ​ដាំ​ដើមកៅស៊ូ​បាន​ច្រើន​ គេ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុង​តម្លៃថោក​ ដោយសារ​ថ្លៃដើម​ផលិត​របស់​គាត់​ទាប​ ដូច្នេះ​ធ្វើ​ឱ្យ​ទីផ្សារ​ងាក​ទៅ​ខាង​អាហ្វ្រិក​វិញ​។

បើ​តាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​ គិត​មកដល់ពេលនេះ​ ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​ 434,552​ហិ​កតា​ ក្នុង​នោះ​កៅស៊ូ​ប្រមូល​ផល​មាន​ជាង​ 230,000​ហិ​កតា​ និង​បើ​តាម​របាយការណ៍​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​បាន​បង្ហាញថា​ ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​កាលពី​ឆ្នាំ2018​ មានតម្លៃ​ប្រមាណ300​លាន​ដុល្លារ​ ដែល​មាន​បរិមាណ​ 210,000តោន​។

បន្ថែម​លើ​បញ្ហា​ខាងលើ​នេះ​ វា​ផ្ទុយពី​ស្ថានភាព​នៅក្នុង​ប្រទេស​ផលិត​ផ្សេងទៀត​នៅក្នុង​តំបន់​ ដំណាំ​កៅស៊ូ​បាន​លេចចេញ​នូវ​ជំងឺផ្សិត​ម្យ៉ាង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​កៅស៊ូ​។ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ម៉ាឡេស៊ី​ ថៃ​ និង​វៀតណាម​ ចម្ការកៅស៊ូ​ត្រូវ​បាន​វាយប្រហារ​ដោយ​សត្វល្អិត​ចង្រៃ​ដែល​ជា​ប្រភេទ​ផ្សិត​។ ជា​លទ្ធផល​ ធ្វើ​ឱ្យ​ការនាំចេញ​របស់​ពួកគេ​ត្រូវ​បាន​វាយតម្លៃ​ថា​ នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ​។

ឯកឧត្តម​ ប៉ុល​ សុ​ផា​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កៅស៊ូ​បាន​ប្រាប់​ថា​ រហូតមកដល់​ពេលនេះ​ប្រទេស​កម្ពុជា​មិនទាន់​រងគ្រោះ​ដោយសារ​ជំងឺ​នេះ​នៅឡើយ​ទេ​ ប៉ុន្តែ​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ត្រៀម​រៀបចំ​ទុក​ជាមុន​ហើយ​ក្នុងករណី​មានការ​ផ្ទុះ​ជំងឺ​នេះ​ឡើង​នៅ​ទីនេះ​។ នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ ក្រុមហ៊ុន​ផលិត​កៅស៊ូ​ក្នុង​តំបន់​ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាលពីដើម​ខែ​នេះ​ យើង​ក៏បាន​ពិភាក្សា​អំពី​វិធី​បង្ការ​ជំងឺ​នេះ​ដែរ​។

កាលពី​ខែសីហា​ សមាគម​កៅស៊ូ​អន្តរជាតិ​បាន​រាយការណ៍​ថា​ ចម្ការកៅស៊ូ​ធម្មជាតិ​ចំនួន​ 382,000​ហិ​កតា​បាន​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​នេះ​នៅ​ទូទាំង​ពិភពលោក​។ លោក​ Krissada​ Sangsing​ នាយក​អាជ្ញាធរ​កៅស៊ូ​ថៃ​បាន​មានប្រសាសន៍​ថា​ សត្វ​ចង្រៃ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ និង​កាត់បន្ថយ​ទិន្នផល​នៅ​តាម​តំបន់​ដែល​រងគ្រោះ​នៅក្នុង​ប្រទេស​រហូតដល់​ 50​% បើ​គិត​ត្រឹម​សប្តាហ៍​មុន​ ជំងឺ​នេះ​បាន​បំផ្លាញ​ដំណាំ​កៅស៊ូ​លើ​ផ្ទៃដី​ប្រមាណ​ 16,000ហិ​កតា​ហើយ​នៅក្នុង​ប្រទេស​ថៃ​។

ឯកឧត្តម​ ប៉ុល​ សុ​ផា​ បាន​មានប្រសាសន៍​ថា​៖“ មិន​មាន​សញ្ញា​អ្វី​ដែល​បង្ហាញថា​ជំងឺ​នេះ​បាន​ចូល​មក​ប្រទេស​កម្ពុជា​ទេ​ ប៉ុន្តែ​យើង​កំពុងតែ​ពិនិត្យមើល​ពី​លទ្ធភាព​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​នៅ​ទីនេះ​យ៉ាង​ហ្មត់ចត់​ និង​តាមដាន​ស្ថានការណ៍​”។ ចំណែក​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ គឺជា​ប្រទេស​ដំបូង​គេ​ដែល​រងគ្រោះ​ដោយសារ​ជំងឺផ្សិត​នេះ​ បន្ទាប់មក​គឺ​ប្រទេស​ម៉ាឡេស៊ី​ ថៃ​ និង​វៀតណាម​៕

Advertisement