វគ្គ​បណ្តុះបណ្តាល​ CIPS​ គឺ​ដើម្បី​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ​ និង​ជំរុញ​ទីផ្សារ​ក្នុង​តំបន់​

វគ្គ​បណ្តុះបណ្តាល​ជំ​ណាញ​អចលនទ្រព្យ​ស្ដីពី​ Certified​ International​ Property​ Specialist​ (CIPS​) ដែល​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលវត្ថុ​កម្ពុជា​ ឬ CVEA​ បាន​សហការ​ជាមួយ​ National​ Association​ of​ Realtors​ (NAR​) របស់​សហរដ្ឋអាមេរិក​ ដើម្បី​ចែករំលែក​ចំណេះដឹង​នៃ​ជំនាញ​ផ្នែក​អចលនទ្រព្យ​អន្តរជាតិ​នោះ​ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​បន្ទាប់ពី​បាន​ចំណាយពេល​លើ​ការសិក្សា​អស់​រយៈពេល​ 5ថ្ងៃ​កន្លងមក​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ក្នុង​ពិធី​បិទ​កម្មវិធី​ថា​៖“វគ្គសិក្សា​(CIPS​)នេះ​មាន​រយៈពេល​ 5ថ្ងៃ​ ដោយ​គិត​ចាប់ពី​ថ្ងៃទី14​ ដល់​ថ្ងៃទី18​ ខែតុលា​ ឆ្នាំ2019​ ក្រោម​ការ​បណ្តុះបណ្តាល​ពី​លោក​ Furhad​ Waquad​ដែល​ជា​អ្នកមាន​ជំនាញ​ និង​ចំណេះដឹង​ខ្ពស់​ផ្នែក​ទីផ្សារ​អចលនទ្រព្យ​អន្តរជាតិ​មក​ពី​ (NAR​) របស់​សហរដ្ឋអាមេរិក​”។

លោក​បន្ត​ទៀត​ថា​៖ “ការ​បណ្តុះបណ្តាល​នេះ​ គឺ​ដើម្បី​ឱ្យ​កូនខ្មែរ​ទទួល​បាន​ចំណេះដឹង​បន្ថែម​ ពីមុខ​ជំនួញ​នៃ​ទីផ្សារ​អចលនទ្រព្យ​ជា​លក្ខណៈ​អន្តរជាតិ​ដែល​គ្រូ​បាន​បង្ហាត់បង្ហាញ​ពីរ​បៀ​បរ​បបនៃ​ការ​ធ្វើជំនួញ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​អាស៊ី​ប៉ាស៊ីហ្វិក​ ទីផ្សារ​នៅក្នុង​តំបន់​អឺរ៉ុប​ សហរដ្ឋអាមេរិក​ ក៏ដូចជា​ភ្នាក់ងារ​អចលនទ្រព្យ​នៅក្នុង​តំបន់​ផ្សេង​ៗលើ​ពិភពលោក​ដែរ​”។

លោក​ប្រធាន​សមាគម​បាន​បញ្ជាក់​ថា​៖ “CIPS​ គឺជា​និមិត្តសញ្ញា​មួយ​ និង​ជាផ្នែក​មួយ​របស់​ NAR​ ដែលគេ​ជឿជាក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ហើយ​នៅ​ពេល​ដែល​យើង​មាន​សញ្ញាសម្គាល់​នេះ​ គេ​នឹង​ជឿជាក់​ក្នុង​ការ​ធ្វើការងារ​ជាមួយគ្នា​ដែល​នេះ​ជាគោល​ការណ៍​សំខាន់​ ហើយ​សម្រាប់​ការ​ឆ្លងកាត់​វគ្គ​ CIPS​ នេះ​ ត្រូវការ​ប្រើ​រយៈពេល​ 5ថ្ងៃ​ជាប់​ៗគ្នា​ ស្មើនឹង​ 40​ម៉ោង​ ដើម្បី​យើង​អាច​ក្លាយទៅជា​បណ្តាញ​សមាជិក​របស់​ CIPS​”។

លោក​ប្រធាន​បន្ត​ទៀត​ថា​៖“ជាទូទៅ​ អ្នក​ដែល​ត្រូវ​បញ្ចប់​ការសិក្សា​ក្នុង​វគ្គ​នេះ​ គឺ​យើង​មាន​សិក្ខាកាម​ចំនួន​ 68នាក់​ដែល​បាន​ចូលរួម​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ពិសេស​មួយ​នេះ​ ភាគច្រើន​ជា​ថ្នាក់ដឹកនាំ​នៅក្នុង​ក្រុមហ៊ុន​អចលនទ្រព្យ​ អ្នក​វិនិយោគ​លើ​អចលនទ្រព្យ​ ពាណិជ្ជករ​ និង​បុគ្គល​ដែល​ពាក់ព័ន្ធ​ ដែល​ទី1​-ពួកគាត់​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​នៃ​ការ​ទទួល​បាន​ចំណេះដឹង​ និង​ជំនាញ​យ៉ាង​ពិតប្រាកដ​ក្រោយពេល​បញ្ចប់​ការសិក្សា​”។

លោក​ សុ​ខនីម​ ក៏បាន​បញ្ជាក់​ផង​ដែរ​បន្ថែម​ថា​៖“ទី2​-គឺ​យើង​ជួយ​កសាង​សមត្ថភាព​គាត់​ដែល​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ឱ្យ​មាន​ក្រមសីលធម៌​ខ្ពស់​ ព្រោះ​នៅក្នុង​វគ្គ​នេះ​ គឺ​មាន​បង្រៀន​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ការ​ធ្វើមុខ​ជំនួញ​ និង​បែបផែន​នៃ​ការ​ធ្វើ​អចលនទ្រព្យ​ផង​ដែរ​។ ព្រោះថា​ ការ​ធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ​ មិនមែន​យើង​អាច​ធ្វើការ​បាន​នៅ​លើ​បណ្តា​ប្រទេស​លើ​ពិភពលោក​នោះ​ទេ​”។

លោក​បាន​បញ្ជាក់​ទៀត​ថា​ ជា​អ្នក​ពូកែ​រកស៊ី​ជួញដូរ​នៅ​ស្រុកខ្មែរ​ក៏​មិន​ប្រាកដ​ថា​ យើង​អាច​ពូកែ​រកស៊ី​នៅ​សហរដ្ឋអាមេរិក​ដែរ​ តែ​វគ្គ​ CIPS​ នេះ​ គឺ​បង្រៀន​ថា​ បើ​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​អាមេរិក​ តើ​យើង​ត្រូវ​ធ្វើ​ម៉េច​? មានច្បាប់​អ្វីខ្លះ​ដើម្បី​អាច​ធ្វើជា​ភ្នាក់ងារ​អចលន​ទព្យ​បាន​? មាន​បទដ្ឋាន​អ្វីខ្លះ​ដើម្បី​ទិញ​ និង​លក់​អចលនទ្រព្យ​បាន​នៅ​សហរដ្ឋអាមេរិក​។

នេះ​ជា​ចំណេះដឹង​មូលដ្ឋាន​ក្នុង​វគ្គសិក្សា​នេះ​ ហើយ​នៅ​អឺរ៉ុប​វិញ​ ត្រូវ​ធ្វើ​ម៉េច​ដើម្បី​ទិញ​-លក់​អចលនទ្រព្យ​នៅ​អឺរ៉ុប​បាន​? ដូចនេះ​មានតែ​អ្នក​ឆ្លងកាត់​វគ្គ​ CIPS នេះ​ទេ​ ដែល​អាច​ដឹងរឿង​ និង​របៀបរបប​នៃ​ការ​ធ្វើការងារ​ និង​ការទិញ​-លក់​ និង​ការ​ជួញដូរ​អចលនទ្រព្យ​ជា​លក្ខណៈ​សកល​។

លោក​ ច្រឹក​ សុ​ខនីម​ បាន​បន្ត​ថា​៖“នេះ​ជាការល្អ​សម្រាប់​ប្រជាជន​ខ្មែរ​ ជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​មាន​ជំនាញ​បែបហ្នឹង​ ដូច្នេះ​គាត់​អាច​ធ្វើការងារ​ជា​លក្ខណៈ​សកល​បាន​។ ការ​ទទួល​បាន​ចំណេះដឹង​បែបនេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​យើង​មានឈ្មោះ​បោះ​សំឡេង​លើឆាកអន្តរជាតិ​ និង​បង្កើន​អ្នកធ្វើ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ជាស​កល​បាន​ចំនួន​ច្រើន​នាក់​ ហើយ​វា​ក៏​ជួយ​លើក​តម្លៃ​ភ្នាក់ងារ​អចលន​ទព្យ​របស់​យើង​លើឆាកអន្តរជាតិ​ផង​ដែរ​”។

លោក​ ឈួន​ ស៊ុន​ហួត​ មក​ពី​ក្រុមហ៊ុន​ Reliance​ Property​ ដែល​ជា​សិក្ខាកាម​មួយ​រូប​នៅក្នុង​វគ្គ​នេះ​បាន​សម្តែង​មតិ​ថា​៖ “ជាក់ស្តែង​ វា​ជា​វិជ្ជាជីវៈ​សម្រាប់​យើង​ជា​ភ្នាក់ងារ​អចលនទ្រព្យ​នៅ​ទូទាំង​ពិភពលោក​ព្រោះ​ការ​បង្រៀន​វា​ទាក់ទង​ទៅ​នឹង​ប្រទេស​ផ្សេង​ៗ ជាមួយនឹង​បទ​ពិសោធ​នៃ​ការ​ ទិញ​-លក់​ការ​ជួញដូរ​ ច្បាប់​ និង​ព័ត៌មាន​ដែល​ជា​ចំណេះដឹង​ទូទៅ​នៃ​ប្រទេស​ផ្សេង​ៗថា​ តើ​ខាងគេ​ការទិញ​-លក់​អចលនទ្រព្យ​វា​យ៉ាងម៉េច​? វា​ធ្វើ​ឱ្យ​យើង​ស្វែងយល់​បាន​ខ្លះ​ៗ ព្រោះ​រយៈពេល​នៃ​ការសិក្សា​មាន​ពេល​ខ្លី​។ ដូច្នេះ​ខ្ញុំ​យល់ថា​ ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់​ ការ​ជួញដូរ​អចលនទ្រព្យ​នៅ​ប្រទេសក្រៅ​ នៅ​អឺរ៉ុប​ សហរដ្ឋអាមេរិក​ ឬប្រទេស​ផ្សង​ៗទៀត​នោះ​ តើ​យើង​ត្រូវ​ចេះដឹង​ពី​បច្ចេកទេស​ ឬវប្បធម៌​ និង​ការអនុវត្ត​របស់​គេ​យ៉ាងម៉េច​?”។

លោក​ ឈួន​ ស៊ុន​ហួត​ បាន​បញ្ជាក់​ថា​៖“ការ​ឆ្លងកាត់​វគ្គសិក្សា​នេះ​ យើង​ឃើញថា​ ប្រទេសក្រៅ​ជា​ប្រទេស​ជឿនលឿន​ ហើយ​ការទិញ​-លក់​អចលនទ្រព្យ​វា​ក៏​ផ្សេង​ៗពីគ្នា​ដែរ​ អ៊ីចឹង​ខ្ញុំ​គិតថា​ យក​តាម​បទ​ពិសោធ​របស់​គេ​ខ្លះ​ដើម្បី​យក​មក​សិក្សា​ ហើយ​អនុវត្ត​នៅ​ស្រុក​យើង​ដែល​យើង​អាច​ចែករំលែក​ជូន​ដល់​ភ្ញៀវ​នៅក្នុង​ស្រុក​ និង​អ្នក​វិនិយោគិន​មក​ពី​ប្រទេសក្រៅ​បាន​ មានន័យថា​យើង​ទាក់ទាញ​វិនិយោគិន​ពី​ស្រុកក្រៅ​មក​វិនិយោគ​ក្នុង​ស្រុក​ ហើយពី​ក្នុង​ស្រុក​ទៅ​វិនិយោគ​នៅ​ក្រៅ​ស្រុក​បាន​ដូចគ្នា​ ព្រោះ​ជា​ចំណេះដឹង​បែប​សកល​”។

លោក​ មឹក​ ចិន្តា​ ស្ថាបនិក​នៃ​គេហទំព័រ​ Real​estate.Com.Kh​ មានប្រសាសន៍​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ជា​ការពិត​ទៅ​ វគ្គ​សិក្ខាសាលា​នេះ​ផ្តល់​ផលប្រយោជន៍​សំខាន់ណាស់​ទៅដល់​ ភ្នាក់ងារ​អចលនទ្រព្យ​ដែល​នឹង​ទទួល​បាន​នូវ​អ្វី​ដែល​ជា​ជំនាញ​ពិតប្រាកដ​នៅក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ថ្នាក់​តំបន់​ និង​អន្តរជាតិ​ ដោយ​គាត់​មានឱកាស​ក្នុង​ការ​ជួញដូរ​ជាមួយនឹង​វិនិយោគិន​ក្រៅ​ស្រុក​ដូចជា​ចិន​ ជប៉ុន​ អឺរ៉ុប​ និង​អាមេរិក​ជាដើម​ ព្រោះ​វគ្គ​នេះ​បាន​ផ្តល់​នូវ​ចំណេះដឹង​ពី​ការទិញ​-លក់​គ្រប់​លក្ខណៈ​នៃ​អចលនទ្រព្យ​របស់​ប្រទេស​នី​មួយ​ៗ និង​យល់ដឹង​ពី​វប្បធម៌​ទំនៀមទម្លាប់​របស់​ប្រទេស​ទាំងនោះ​ ដែល​នេះ​ជា​រឿង​ចាំបាច់​”។

លោក​ ចិន្តា​ បាន​បញ្ជាក់​បន្ថែម​ថា​៖“សម្រាប់​ភ្នាក់ងារ​អចលនទ្រព្យ​ ប្រសិនបើ​គាត់​មិនបាន​ឆ្លង​កាត់​វគ្គសិក្សា​ហ្នឹង​ គាត់​នឹង​បាត់បង់​ឱកាស​ ព្រោះ​វា​ជា​ឱកាស​មួយ​ដែល​យើង​ត្រូវតែ​ចាប់​យក​នូវ​ចំណេះដឹង​ដ៏​មាន​សារៈសំខាន់​នេះ​ បើ​វា​កន្លង​ហួស​ គឺ​វា​ពិត​ជា​គួរ​ឱ្យ​សោក​ស្តាយ​ ព្រោះ​វា​នឹង​ជួយ​បំពេញ​នូវ​បទ​ពិសោធ​សម្រាប់​យើង​ ក៏ដូចជា​វិស័យ​អចលនទ្រព្យ​ទាំងមូល​ជា​លក្ខណៈ​អន្តរជាតិ​តាមរយៈ​ការងារ​នៃ​វិស័យ​អចលនទ្រព្យ​របស់​យើង​”៕

Advertisement