រដ្ឋមន្ត្រី​កសិកម្ម​៖ រដ្ឋាភិបាល​ជំរុញ​ការ​បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល​ និង​ការនាំចេញ​ក្នុង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​

រាជរដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​បន្ត​យកចិត្ត​ទុកដាក់​ បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល​ ការនាំចេញ​អង្ករ​ កសិផល​កែច្នៃ​ឱ្យ​បាន12​% នៅ​ត្រឹម​ឆ្នាំ2025​ ក្នុង​នោះ​មាន​ផលិតផល​សត្វ​ និង​វារីវប្បកម្ម​ ព្រមទាំង​ការ​លើក​ទឹកចិត្ត​ដល់​វិនិយោគិន​ក្នុង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ ដែល​មាន​អាទិភាព​ចម្បង​ដូច​បាន​កំណត់​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ2015​-2025​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​នៅក្នុង​សិក្ខាសាលា​ស្ដីពី​កិច្ច​សម្រួល​វិនិយោគ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​មានប្រសាសន៍​ថា​៖“ វិស័យ​កសិកម្ម​បាន​និង​កំពុង​អភិវឌ្ឍ​គួរ​ជា​ទី​មោទ​នៈ​ បច្ចុប្បន្ន​ក្រសួង​កំពុង​គាំទ្រ​ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ ដៃគូ​អភិវឌ្ឍន៍​នានា​ឱ្យ​ចូលរួម​វិនិយោគ​លើ​ការកែច្នៃ​ផលិ​ផលកសិ​-ឧស្សាហកម្ម​ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការផលិត​ ស្ថិរភាព​ទីផ្សារ​ តម្លៃបន្ថែម​ គុណភាព​ ស្តង់​ដា​អនាម័យ​ និង​សុវត្ថិភាព​ ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ និង​កំពុង​ជំរុញ​បន្ថែម​ទៀត​លើ​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​។

នា​ពេល​ថ្មី​ៗកន្លងទៅ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ និង​ការ​អភិវឌ្ឍ​ ក្នុង​វិស័យ​នេះ​ ក្រសួង​បាន​ឆ្លើយតប​នឹង​សំណូមពរ​ពី​វិស័យ​ឯកជន​ ដោយ​បាន​ដាក់ចេញ​នូវ​វិធានការ​ដើម្បី​ឱ្យ​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​បន្ត​ដែល​មាន​ជាអាទិ៍​៖ ទី1​-ដាក់​អាករ​លើ​តម្លៃបន្ថែម​សម្រាប់​ការ​ផ្គត់ផ្គង់​ទំនិញ​ ឬសេវា​ដល់​សហគ្រាស​ផលិត​ និង​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ឬនាំចេញ​នូវ​ស្រូវ​-អង្ករ​ ពោត​ សណ្តែក​ ម្រេច​ ដំឡូងមី​ គ្រាប់ស្វាយ​ចន្ទី​ និង​ជ័រ​កៅស៊ូ​ ជា​បន្ទុក​របស់​រដ្ឋ​រហូតដល់​ដំណាច់ឆ្នាំ2023​។ ទី2​-អនុគ្រោះ​ដល់​សហគ្រាស​ផលិត​ និង​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ឬនាំចេញ​នូវ​ស្រូវ​-អង្ករ​ ពោត​ សណ្តែក​ ម្រេច​ ដំឡូងមី​ គ្រាប់ស្វាយ​ចន្ទី​ និង​ជ័រកៅស៊ូ​ ឱ្យ​រួចផុត​ពី​កាតព្វកិច្ច​កាត់​ទុក​ប្រាក់​ពន្ធ​លើ​ការ​ទូទាត់​ ចំពោះ​ការ​ផ្គត់ផ្គង់​សេវា​ដោយ​បុគ្គល​មិន​ស្ថិត​ក្នុង​របប​ស្វ័យ​ប្រកាស​ រហូតដល់​ដំណាច់ឆ្នាំ2030​។ ទី3​- អគ្គនាយក​ដ្ឋាន​ពន្ធដារ​ចេញ​វិញ្ញាបនបត្រ​អាករ​លើ​តម្លៃបន្ថែម​ ជា​បន្ទុក​របស់​រដ្ឋ​ដល់​សហគ្រាស​ផលិត​ និង​ផ្គត់ផ្គង់​ក្នុង​ស្រុក​ ឬនាំចេញ​នូវ​ស្រូវ​-អង្ករ​ ពោត​ សណ្តែក​ ម្រេច​ ដំឡូងមី​ គ្រាប់ស្វាយ​ចន្ទី​ និង​ជ័រកៅស៊ូ​ដែល​មាន​សុពលភាព​ 1ឆ្នាំ​ម្តង​ ក្នុងករណី​ដែល​សហគ្រាស​នោះ​កាន់​បញ្ជិកា​គណនេយ្យ​ស្របតាម​បទប្បញ្ញត្តិ​ច្បាប់​ជាធរមាន​។

ជាមួយនឹង​សមិទ្ធផល​ជា​វិជ្ជមាន​ដែល​ក្រសួង​សម្រេច​បាន​ ក៏​នៅ​មាន​បញ្ហា​ប្រឈម​សំ​ខាន់​ៗមួយ​ចំនួន​ទៀត​ដែល​ទាមទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​គិតគូរ​ដោះស្រាយ​កែសម្រួល​ និង​បំពេញបន្ថែម​នូវ​រាល់​ចំណុច​ខ្វះខាត​ ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា​ និង​រលូន​ ហើយដែល​យន្តការ​ទាំងអស់​នេះ​ វេទិកា​សាធារណ​: រវាង​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ បាន​អនុវត្ត​រួចមក​ហើយ​ ដោយមាន​ការ​ទទួលស្គាល់​ថា​ មានប្រសិទ្ធភាព​ខ្ពស់​ និង​មាន​ការ​ពេញចិត្ត​ពី​អ្នក​វិនិយោគ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏បាន​ផ្តល់​ចំណុច​គន្លឹះ​មួយ​ចំនួន​ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការពិចារណា​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​សម្រាប់​ជំរុញ​ការ​វិនិយោគ​ ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្នឱ្យ​ទទួល​បាន​ជោគជ័យ​ ក្នុង​នោះ​រួមមាន​៖ ទី1​- បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិ​ស័យ​ឧស្សា​ហក​ម្ម​ ឆ្នាំ2015​-2025​ ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​ ដើម្បី​សម្រេច​បាន​នូវ​ការនាំចេញ​កសិផល​កែច្នៃ​ឱ្យ​បាន​ 12​% នៃ​ទំហំ​ការនាំចេញ​សរុប​នៅ​ឆ្នាំ2025​។ ទី2​-ជំរុញ​អនុវត្តន៍​គោលនយោបាយ​អភិវឌ្ឍន៍​ SME​ តាមរយៈ​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ ការបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs​ Bank​) និង​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព​។ ទី3​-បន្ត​អនុវត្ត​គោលនយោបាយ​កែទម្រង់​រចនាសម្ព័ន្ធ​គាំទ្រ​ គោលនយោបាយ​ពន្ធ​ជំរុញ​កំណើន​តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ផ្តល់​សេវា​បង់ពន្ធ​ ការសម្រួល​ពាណិជ្ជកម្ម​ និង​ស្វ័យប្រវត្តិ​កម្ម​ ឡូ​ជី​ស្ទីក​ ការ​កាត់​-បន្ថយថ្លៃ​អគ្គិសនី​។ ទី4​- គាំទ្រ​ការ​ផ្សារភ្ជាប់​វិស័យ​កសិកម្ម​ទៅ​នឹង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ សម្រាប់​កែច្នៃ​កសិផល​នាំចេញ​ តាម​ទម្រង់​ភាពជា​ដៃគូ​រវាង​វិស័យ​សាធារណៈ​ និង​ផ្នែកឯកជន​។

ជាមួយគ្នា​នេះ​ដែរ​ រាជរដ្ឋាភិបាល​កម្ពុជា​ និង​ធនាគារពិភពលោក​ Worl​ Bank​ (WB​ )បាន​ចាប់ដៃ​គូ​សហប្រតិបត្តិ​ការ​ និង​ចាប់ផ្ដើម​អនុវត្ដ​ន៍​គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុជា​ ដែល​ជា​គម្រោង​ថ្មី​មួយ​ មាន​ទឹកប្រាក់​ជាង​ 100លាន​ដុល្លារ​អាមេរិក​ ក្នុង​នោះ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ចំនួន​ 10លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ការ​វិនិយោគ​ធុរកិច្ច​កសិកម្ម​ និង​លើកទឹកចិត្ត​ការ​វិនិយោគ​កសិដ្ឋាន​ និង​សម្ភារ​កសិកម្ម​នៅ​កម្ពុជា​។

ក្នុង​សិក្ខាសាលា​ស្តី​ពី​ការ​ចាប់ផ្តើម​អនុវត្តន៍​គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុជា​ (Cambodia​ Agriculture​ Sector​ Diversification​ Project​ ឬCASDP​) កាលពី​ថ្ងៃទី10​ ខែតុលា​ ឆ្នាំ2019​ នៅ​ទី​ស្តី​ការ​ក្រសួង​កសិកម្ម​ លោកស្រី​ Inguna​ Dobraja​ តំណាង​WB​ បាន​លើកឡើង​ថា​ វិស័យ​កសិកម្ម​កម្ពុជា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​កម្រិតជីវភាព​ បង្កើត​ការងារ​ និង​កំណើន​សេដ្ឋកិច្ច​ជាតិ​។

លោកស្រី​បាន​បញ្ជាក់​ថា​៖“ គម្រោង​ CASDP​ វា​នឹង​បំពេញ​តួនាទី​សំ​ខាន់​ៗ ក្នុង​ការ​ជួយ​សម្របសម្រួល​ ការ​វិនិយោគ​ធុរកិច្ច​កសិកម្ម​ ជំរុញ​ និង​លើក​ទឹកចិត្ត​ការ​វិនិយោគ​កសិដ្ឋាន​ និង​សម្ភារ​កសិកម្ម​ ពង្រឹង​ និង​ផ្សារភ្ជាប់​ខ្សែ​ចង្វាក់​តម្លៃ​ និង​ទីផ្សារ​ ជា​-ពិសេស​លើកទឹកចិត្ត​ឱ្យ​មាន​កាលានុវត្ត​ភាព​ធុរកិច្ច​កសិកម្ម​។ គម្រោង​នេះ​បាន​កំណត់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំ​ខាន់​ៗ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ដើម្បី​គាំទ្រ​ និង​អភិវឌ្ឍន៍​ធុរកិច្ច​កសិកម្ម​”។ លោកស្រី​បាន​អះអាង​ថា​ ធនាគារពិភពលោក​នឹង​នៅ​បន្ត​ធ្វើការ​គាំទ្រ​ និង​ឧបត្ថម្ភ​ទាំង​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

សូម​បញ្ជាក់​ថា​ គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុជា​ (CASDP​) បាន​អនុម័ត​ដោយ​ធនាគារពិភពលោក​កាលពី​ខែមករា​ ឆ្នាំ2019​ កន្លងមក​ ដែល​មាន​ថវិកា​សរុប​ 101.67លាន​ដុល្លារ​អាមេរិក​ ដែល​ក្នុង​នេះ​មាន​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ចំនួន​ 10លាន​ដុល្លារ​ និង​មាន​រយ:ពេល​ 6ឆ្នាំ​ (2019​-2025​)។

គម្រោង​នេះ​បាន​អនុវត្ដ​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​ 12​ រួមមាន​៖ ខេត្ត​កំពង់ឆ្នាំង​ បាត់ដំបង​ ក្រចេះ​ ព្រះវិហារ​សៀមរាប​ ស្ទឹងត្រែង​ រតនគិរី​ មណ្ឌលគិរី​ ត្បូងឃ្មុំ​ កំពង់ចាម​ កណ្តាល​កំពង់ស្ពឺ​ និង​រាជធានី​ភ្នំពេញ​៕

Advertisement