ក្រសួងសេដ្ឋកិច្ច​ ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ “មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​”

ក្នុង​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ប្រកប​ដោយ​គុណភាព​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ក៏ដូចជា​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ធ្វើពិធី​ផ្សព្វផ្សាយ​ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​គម្រោង​ “មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​។

ឯកឧត្តម​ វង្សី​ វិស្សុត​ រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​ជា​អធិបតី​នៅ​ក្នុង​ពិធី​នោះ​បាន​មានប្រសាសន៍​ថា​ ក្នុងរយៈពេល​ 2ទសវត្សរ៍​ចុងក្រោយ​នេះ​ កម្ពុជា​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ជាមធ្យម​ប្រមាណ​ 7.7​%ក្នុង​ 1ឆ្នាំ​ និង​ធានា​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​យ៉ាង​រឹងមាំ​ សម្រ​ចបា​ននូ​វកា​រកា​ត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាង​ឆាប់រហ័ស​។

សូចនាករ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ផ្លាស់​ប្តូរ​របស់​កម្ពុជា​ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​អាច​រំដោះខ្លួន​ចេញពី​ប្រទេស​ដែល​មាន​ចំណូល​កម្រិតទាប​នៅ​ក្នុង​ឆ្នាំ2015កន្លងមក​ និង​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតទាប​ ហើយ​កំពុង​ខិតខំ​បន្ត​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ ប្រកបដោយ​មហិច្ឆតា​របស់​ខ្លួន​ គឺជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។ នេះ​បើ​តាម​ឯកឧត្តម​បាន​បញ្ជាក់​។

ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​បន្ត​ថា​៖“ រាជរដ្ឋាភិបាល​បាន​ចាត់ទុក​ការ​អភិវឌ្ឍ​វិស័យ​ជំនាញ​ គឺជា​អាទិភាព​ដ៏​ចម្បង​មួយ​ ដូច​មានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ និង​គោល​ នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ដែល​មាន​គោលដៅ​ផ្លាស់​ប្តូរ​ពី​សេដ្ឋកិច្ច​ ដែល​ពឹងផ្អែក​លើ​ អតិពលកម្ម​ទៅ​ជា​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ជំនាញ​ ក៏ដូចជា​នយោបាយ​ជាតិ​ស្តី​ពី​ការអប់រំ​ បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ និង​គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​ និង​ការងារ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ​”។

ឯកឧត្តម​បាន​បន្ត​ទៀត​ថា​ ជា​ទិសដៅ​យុទ្ធសាស្ត្រ​ទៅ​ថ្ងៃមុខ​ក្នុង​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​ គឺ​ត្រូវការ​ជំនាញ​ជាចាំបាច់​។ ម្យ៉ាងវិញទៀត​ បើ​និយាយ​អំពី​កត្តា​នៃ​កំណើន​ (Factor​ of​ Growth​) វិញ​គឺ​អ្វី​ដែល​យើង​ទទួល​បាន​កន្លងមក​ ភាគច្រើន​បាន​មក​តែ​ពីក​ត្តា​ការចូលរួម​កម្លាំង​ពលកម្ម​ (Labor​ participation​) ហើយ​ចំណែក​ពីក​ត្តា​ផលិតភាព​ការងារ​ (Labor​ productivity​) មានតែ​មួយ​ផ្នែក​តូច​ប៉ុណ្ណោះ​។

ដូច្នេះ​កម្ពុជា​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​ និង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ដើម្បី​អាច​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ រយៈពេល​វែង​។ ព្រោះថា​ ប្រសិនបើ​ពុំ​មាន​កំណើន​ទេ​ យើង​ក៏​នឹង​មិន​មាន​អ្វី​សម្រាប់​ធ្វើការ​បែងចែក​ទៅ​ក្នុង​សង្គមជាតិ​វិញ​ដែរ​ ពិសេស​ការកាត់បន្ថយ​ភាព​ក្រីក្រ​។

បច្ចុប្បន្ន​ ការចូលរួម​របស់​កម្លាំង​ពលកម្ម​ គឺ​អស់​លម្ហ​ទៅ​ហើយ​ ដូចនេះ​ការ​រុញ​កំណើន​ទៅ​ថ្ងៃ​ មុខ​ គឺ​យើង​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​កត្តា​ផលិតភាព​ការងារ​ និង​ការ​បង្កើន​ការ​វិនិយោគ​ជំនាញ​ និង​ បច្ចេកវិទ្យា​ (Capital​ Accumulation​) ព្រមទាំង​ការបង្កើត​ក្បាលម៉ាស៊ីន​ថ្មី​ និង​ធ្វើ​ទំនើបកម្ម​ក្បាល​ ម៉ាស៊ីន​ចាស់​ដែល​មានស្រាប់​នោះ​ទេ​។

ឯកឧត្តម​បញ្ជាក់​ថា​៖ “ប៉ុន្តែ​ការ​បង្កើន​ផលិតភាព​ការងារ​ ទាមទារ​នូវ​ការ​អភិវឌ្ឍ​ជំនាញ​ ហើយ​យើង​ក៏​មិន​អាចប​ង្កើត​ក្បាលម៉ាស៊ីន​ថ្មី​ និង​ប្រើប្រាស់​បច្ចេកវិទ្យា​បាន​ដែរ​ ប្រសិនបើ​មិន​មាន​ជំនាញ​។ ដូចនេះ​ជំនាញ​ដើរតួ​នាទី​ធំ​ណាស់​ក្នុង​ការ​កសាង​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​ដែល​មានតម្លៃ​បន្ថែម​ខ្ពស់​ ក៏ដូចជា​ការ​ទាក់ទាញ​ឧស្សាហ​កម្ម​ថ្មី​ៗតាមរយៈ​ការ​វិនិយោគ​ពីក្រៅ​ប្រទេស​”។

ឯកឧត្តម​ក៏​មានប្រសាសន៍​ផង​ដែរ​ថា​ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ តាមរយៈ​យន្តការ​របស់ក្រ​សួង​អប់រំ​ យុវជន​ និងកីឡា​ ដែល​មាន​ការបង្កើត​វិទ្យាល័យ​ចំណេះ​ទូទៅ​ និង​បច្ចេកទេស​ និង​តាមរយៈ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែល​មាន​អគារ​បំពាក់​ដោយ​ សម្ភារ​បរិក្ខារ​ពិសោធន៍​ និង​ការដំឡើង​ប្រាក់បៀវត្សរ៍​ជូន​គ្រូ​បណ្តុះបណ្តាល​ រួម​ទាំង​ការ​បង្កើន​ថ្លៃ​ឯកតា​បណ្តុះបណ្តាល​ ព្រមទាំង​អាហារូបករណ៍​ដើម្បី​ទាក់ទាញ​ការ​ចូល​រៀន​របស់​សិស្ស​លើ​ផ្នែក​ជំនាញ​ទៀតផង​។

ទោះបី​យ៉ាងណាក៏ដោយ​ ក៏​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​នៅតែ​ចោទ​ជា​បញ្ហា​ច្រើន​នៅឡើយ​ ដូចជា​ភាព​មិនស៊ីគ្នា​នៃ​ជំនាញ​ក្នុង​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ (Skill​ mismatch​) ពិសេស​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ និង​គុណភាព​នៃ​ជំនាញ​នៅ​មិនទាន់​ អាច​ឆ្លើយតប​បាន​ទៅ​នឹង​តម្រូវការ​នៃ​ការងារ​នៅឡើយ​ (Quality​ mismatch​)។

ទន្ទឹម​នឹង​នេះ​ដែរ​ ដោយសារ​ការ​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​តម្លៃ​នៃ​ជំនាញ​មួយចំនួន​ អាច​នឹង​មានការ​ផ្លាស់​ប្តូរ​ក្នុងរយៈពេល​តែ4​ ឬក៏​ 5ឆ្នាំ​ប៉ុណ្ណោះ​ ទន្ទឹម​នឹង​មានការ​ធ្វើ​ស្វ័យប្រវត្តិ​កម្ម​កាន់តែ​ច្រើន​ដែល​អាច​គំរាមកំហែង​ដល់ទី​ផ្សារ​ការងារ​។ នេះ​បើ​តាម​ឯកឧត្តម​ វង្សី​ វិស្សុត​បញ្ជាក់​។

ម្យ៉ាងវិញទៀត​ កម្ពុជា​ក៏​មាន​ពលករ​ចំណាកស្រុក​ច្រើន​ ហើយ​ភាគច្រើន​នៃ​ពលករ​ចំណាក​ ស្រុក​គឺ​ពុំ​មានការ​ប្រើប្រាស់​ជំនាញ​ទេ​ ពោល​គឺ​ប្រើ​តែ​កម្លាំង​ពលកម្ម​សុទ្ធសាធ​។ ទន្ទឹម​នឹង​នេះ​ ទីផ្សារ​ការងារ​ និង​ប្រាក់ខែ​រវាង​អ្នក​គ្មាន​ជំនាញ​ អ្នកមាន​ជំនាញ​ទាប​និង​អ្នកមាន​ជំនាញ​ខ្ពស់​ នៅ​មិនទាន់​មាន​ភាព​ខុស​គ្នា​ខ្លាំង​ និង​មិនទាន់​អាច​លើកទឹកចិត្ត​ដល់​អ្នក​គ្មាន​ជំនាញ​ និង​អ្នកមាន​ជំនាញ​ទាប​ ឱ្យ​កាន់តែ​ខិតខំ​បង្កើន​ជំនាញ​របស់​ខ្លួន​ឱ្យ​កាន់តែ​ខ្ពស់​បាន​នៅឡើយ​។

កម្ពុជា​ចាំបាច់​ត្រូវ​រៀបចំ​នូវ​ក្របខ័ណ្ឌ​ និង​គោលនយោបាយ​ដ៏​សមស្រប​មួយ​ដើម្បី​លើក​ទឹក​ ចិត្ត​ដល់​ការ​បង្កើន​ជំនាញ​ ដែល​អាច​ជួយ​រួមចំណែក​ដល់​ការ​-បង្កើន​តម្លៃបន្ថែម​ឱ្យ​កាន់តែ​ខ្ពស់​ និង​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ ក៏ដូចជា​ការបង្កើត​នូវ​ឱកាស​ជូន​ដល់​ពលករ​ចំណាកស្រុក​ឱ្យ​អាច​ចូលរួម​ការ​បណ្តុះបណ្តាល​ដើម្បី​បង្កើន​ជំនាញ​ និង​អាច​ទទួល​បាន​នូវ​ការងារ​ និង​ប្រាក់ខែ​សមរម្យ​នៅ​ក្នុង​ប្រទេស​។

ឯកឧត្តម​ វង្សី​ វិស្សុត​ បាន​បញ្ជាក់​ថា​ គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ មិន​ធ្វើ​តួនាទី​ជាន់គ្នា​ ឬធ្វើការ​ជំនួស​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក៏ដូចជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ឬវិស័យ​ឯកជន​មួយចំនួន​ដែល​កំពុងតែ​ធ្វើការងារ​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ជំនាញ​នោះ​ទេ​ ប៉ុន្តែ​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ ជា​ការ​បើកឱកាស​ និង​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​។

តាមរយៈ​ការ​ផ្តល់​នូវ​ហិរញ្ញប្បទាន​តាម​យន្តការ​ភាពជា​ដៃគូ​រវាង​រដ្ឋ​ និង​ឯកជន​ និង​ជា​ថ្នាល​មួយ​សម្រាប់​ឱ្យ​តួអង្គ​ពាក់ព័ន្ធ​បង្កើត​នូវ​ក្របខ័ណ្ឌ​រួម​មួយ​ និង​អាច​ផ្លាស់​ប្តូរ​ទស្សនៈ​ និង​គំនិត​យោបល់​ ដើម្បី​បង្កើន​គុណភាព​នៃ​ជំនាញ​នៅ​កម្ពុជា​ ក្នុង​គោលដៅ​ទាក់ទាញ​ការ​វិនិយោគ​ និង​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​ ក៏ដូចជា​ក្នុង​គោលដៅ​បង្កើត​ធនធានមនុស្ស​ប្រកបដោយ​ជំនាញ​នៅ​កម្ពុជា​ឱ្យ​បាន​ច្រើន​ដើម្បី​បង្កើន​គុណភាព​ការងារ​ និង​គុណភាព​នៃ​ជីវិត​។

ឯកឧត្តម​បន្ត​ថា​ មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ត្រូវតែ​មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​ប្រកបដោយ​វិជ្ជាជីវៈ​ និង​មាន​ប្រតិបត្តិ​ការ​ប្រកបដោយ​មាន​តម្លាភាព​ ហើយ​ផ្តោត​តែ​ទៅលើ​វិស័យ​អាទិភាព​មួយចំនួន​ ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​សេដ្ឋកិច្ច​ ដូចជា​កម្មន្តសាល​ ទេសចរណ៍​ និង​ឌីជីថល​ជាដើម​ ព្រមទាំង​ ត្រូវ​រក្សា​ឱ្យ​បាន​នូវ​តុល្យភាព​រវាង​ក្រុម​ហ៊ុន​ធំៗ​ដែល​មាន​ចរិត​ជា​យុទ្ធសាស្ត្រ​ដល់​ភាព​ប្រកួតប្រជែង​ របស់​កម្ពុជា​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​។

ក្រៅពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ហើយ​ មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ក៏​ត្រូវ​គិតគូរ​ផង​ដែរ​អំពី​ការរៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​ជំនាញ​ឱ្យ​ទាន់ពេល​វេលា​ សមស្រប​តម្រូវការ​ទីផ្សារ​ និង​បរិការណ៍​ នៃ​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​។ ឯកឧត្តម​ក៏បាន​ស្នើសុំ​ដល់​អ្នក​ពាក់ព័ន្ធ​ ជាពិសេស​ដៃគូ​អភិវឌ្ឍន៍​ និង​វិស័យ​ឯកជន​ សូម​ចូលរួម​គាំទ្រ​ដល់​ការអនុវត្ត​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​នេះ​ផង​។ គួរ​បញ្ជាក់​ដែរ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តួចផ្តើម​អនុវត្តន៍​គម្រោង​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ (SDF​) នេះ​ ដោយ​បាន​ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល​ចំនួន​5លាន​ដុល្លារ​អាមេរិក​ និង​បាន​ទទួលការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​ពីសំណាក់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB​) ក្នុងទឹក​ប្រាក់​ប្រមាណ​ 10លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​កំពុងតែ​សហការ​ជាមួយ​ដៃគូ​ មួយចំនួន​ទៀត​ ដូចជា​ IFAD​ និង​ក្រុមហ៊ុន​ទីប្រឹក្សា​មក​ពី​ប្រទេស​ស្វ៊ី​ស។

រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​ លទ្ធភាព​ក្នុង​ការ​បង្កើន​ធនធាន​ថវិកា​សម្រាប់​គាំទ្រ​ដល់​មូលនិធិ​បន្ថែម​ទៀត​ ប្រសិនបើ​ការអនុវត្ត​ គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​ និង​មានការ​ទាក់ទាញ​ច្រើន​ ដែល​បម្រើ​ឱ្យ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​៕

Advertisement