អ្នកជំនាញ​៖ ពិព័រណ៍​ CTM​-2019​ ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ តែ​ត្រូវ​អភិវឌ្ឍ​ការងារ​មួយចំនួន​បន្ថែម​

ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ បាន​ប្រកាស​អំពាវនាវ​ដល់​ធុរជន​ក្នុង​វិស័យ​ទេសចរណ៍​នៅក្នុង​ការ​បើក​សម្ពោធ​ពិព័រណ៍​ទេសចរណ៍​កម្ពុជា​អន្តរជាតិ​លើក​ទី3​ ឬ CTM​-2019​ កាលពី​ដើមខែ​នេះ​ ឱ្យ​បន្ត​ការចូលរួម​ក្នុង​សកម្មភាព​ទេសចរណ៍​របស់​កម្ពុជា​ដែល​មាន​មរតក​វប្បធម៌​ដ៏​សម្បូរ​បែប​ ជាពិសេស​តំបន់​ប្រាសាទ​នានា​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​ UNESCO​ ជា​ផលិតផល​ដ៏​ពិសិដ្ឋ​ ព្រម​ជាមួយ​ធនធាន​ធម្មជាតិ​ដែល​ជា​កាតាលីករ​ទាក់ទាញ​ទេសចរ​មក​ពី​ជុំវិញ​ពិភពលោក​កាន់តែ​ច្រើនឡើង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​។

តាមរយៈ​ការណ៍​នេះ​ គឺ​យើង​បាន​ផ្តល់​នូវ​ឱកាស​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​ៗរបស់​កម្ពុជា​ រួម​ទាំង​រាជធានី​ភ្នំពេញ​ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ CTMឆ្នាំនេះ​ផង​ ទៅដល់​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ដែល​ជា​ Buyers​ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ឱ្យ​បាន​ស្គាល់​ ជាពិសេស​ខណៈ​ដែល​ពេល​ថ្មី​ៗនេះ​ ប្រាសាទ​អង្គរ​របស់​កម្ពុជា​បន្ត​ទទួល​ចំណាត់ថ្នាក់​លេខ1​“ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​លើស​កល​លោក​សម្រាប់​ឆ្នាំ2018​” ដោយក្រុម​ប្រឹក្សា​យោបល់​ TripAdvisor​ ដែល​នេះ​ជា​មោទនភាព​មួយទៀត​របស់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​ ស័ក្តិសម​នឹង​ការ​ប្រសិទ្ធ​នាម​ថា​ “កម្ពុ​ជាៈ​ ព្រះរាជាណាចក្រ​អច្ឆ​រិយៈ​ ប្រកបដោយ​ភាព​កក់ក្តៅ​ (Cambodia​: Kingdom​ of​ Wonder​-Feel​ the​ Warmth​)។

ថ្វី​ដ្បិតតែ​មាន​ភាព​ប្រឈម​បន្តិច​ក្តី​ តែរ​បាយ​ការណ៍​ផ្លូវការ​របស់ក្រ​សួង​ទេសចរណ៍​នៅ​ថ្ងៃទី7​ខែតុលា​ ឆ្នាំ2019​ កន្លងមក​នេះ​បាន​បញ្ជាក់​ថា​ នៅ​រយៈពេល​ 8ខែ​ដើមឆ្នាំ2019​ នេះ​ ប្រទេស​កម្ពុជា​ទាំងមូល​ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ចំនួន​ 4,360,397នាក់​ កើនឡើង​ 10.4​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2018​។

ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ រយៈពេល​ 8ខែ​កន្លងមក​នេះ​ ភ្ញៀវ​ទេសចរ​ចូល​តាមផ្លូវអាកាស​ មាន​ចំនួន​ 3,104,489នាក់​ ស្មើនឹង​ 71.2​% នៃ​ចំនួន​ភ្ញៀវ​សរុប​ដែល​មាន​កំណើន​ 16.6​% ក្នុង​នោះ​ចូល​តាម​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចំនួន​ 1,427,487​នាក់​ កើន14.7​%។ តាមអាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ 1,188,254នាក់​ ថយ​ចុះ9.1​% និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ព្រះសីហនុ​ ចំនួន​ 488,748នាក់​ កើនឡើង343.5​%។

ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ 8ខែ​ដើមឆ្នាំ​នេះ​ មាន​ទេសចរ​កម្ពុជា​ចេញទៅ​ ក្រៅប្រទេស​ចំនួន​ 1,347,060នាក់​ កើនឡើង4.7​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ2018​។ គួរ​បញ្ជាក់​ ដែរ​ថា​ កាលពី​ឆ្នាំ2018​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង​ 6លាន​នាក់​។

ជាមួយគ្នា​នេះ​ដែរ​ របាយការណ៍​ចុងក្រោយ​របស់ក្រ​សួង​ទេសចរណ៍​ក៏បាន​បង្ហាញ​ដែរ​ថា​ កម្ពុជា​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ 1.7លាន​នាក់​ក្នុងរយៈពេល​ 8ខែ​នៃ​ឆ្នាំ2019​ ដែល​កើនឡើង​ 33​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

របាយការណ៍​បាន​បង្ហាញថា​ ប្រទេស​ចិន​នៅតែ​ជា​ប្រភព​ធំ​បំផុត​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ទៅកាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​នេះ​ដែល​មាន​ចំនួន​ 39​%នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​មក​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​ពី​ខែមករា​ ដល់​ខែសីហា​ ឆ្នាំនេះ​។

ឯកឧត្តម​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖“ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំ​មួយ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​ ដែល​យើង​សង្ឃឹមថា​ នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ប្រមាណ​ 2.6លាន​នាក់​នៅ​ឆ្នាំ2019​ នេះ​ 3លាន​នាក់​នៅ​ឆ្នាំ2020​ 5លាន​នាក់​នៅ​ឆ្នាំ2025​ និង​កើនឡើង​ដល់​ 8លាន​នាក់​នៅ​ឆ្នាំ2030​”។

យោង​តាម​របាយការណ៍​ ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ចំនួន​ 4.36លាន​នាក់​បាន​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​ 8ខែ​នៃ​ឆ្នាំនេះ​ គឺ​កើនឡើង​ 10,4​%បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លោក​ ហូ​ វណ្ឌី​ ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“បញ្ហា​ដែល​កើតឡើង​ វា​អាស្រ័យ​ទៅលើ​បរិបទ​នៅ​ជុំវិញ​ខ្លួន​យើង​។ ទី1​-គឺ​កត្តា​ផ្ទៃក្នុង​របស់​យើង​ គឺ​ខ្ញុំ​សំដៅ​ទៅលើ​ការងារ​រដ្ឋបាល​ទាំងអស់​ គឺ​តាំងពី​ការកែច្នៃ​ បរិស្ថាន​ ការ​ទទួល​បដិសណ្ឋារ​កិច្ច​ ការ​គាំទ្រ​ទៅលើ​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ផ្នែក​នី​មួយ​ៗ ដោយ​យើង​ត្រូវការ​ពង្រឹង​ឡើងវិញ​”។

លោក​បន្ត​ថា​ ទី2​-ការប្រកួត​ប្រជែង​ត្រូវ​មាន​តម្លាភាព​ ដោយ​អ្នក​ប្រកបរបរ​ទេសចរណ៍​សព្វថ្ងៃ​ មួយចំនួន​ពុំ​មាន​បទ​ពិសោធ​ មិន​មានចំណេះ​ដឹង​ ដោយ​ពុំ​ស្គាល់​ពី​គុណ​តម្លៃ​ទេសចរណ៍​ទេ​ ហើយ​ចូល​មក​ប្រឡូក​មុខរបរ​នេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​សុចរិត​ទៀងត្រង់​ ដែល​ចំណុច​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផ្សព្វផ្សាយ​របស់​វិស័យ​ទេសចរណ៍​ វា​នាំ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៃ​វិស័យ​ទេសចរណ៍​ទាំងមូល​ ហើយ​រាជរដ្ឋាភិបាល​ដែល​ត្រូវ​រង​ផល​ប៉ះពាល់​នេះ​ធំជាង​គេ​ ធ្វើ​ឱ្យ​មិន​អាច​សម្រេច​គោលដៅ​ទេសចរណ៍​បាន​។

លោក​បាន​បញ្ជាក់​ថា​ ទី3​-ពាក់ព័ន្ធ​នឹង​បរិស្ថាន​ជុំវិញ​យើង​ ដូចជា​ការ​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​។ ទី4​-ការ​តុបតែង​កែ​លម្អ​ ដូចជា​ជុំវិញ​អង្គរ​ យើង​បាន​តាំង​លម្អ​ និង​ធ្វើការ​ដាំដុះ​ឱ្យ​ទាក់ទាញ​ដល់​ទេសចរណ៍​ នេះ​ហើយ​ជា​ការកែច្នៃ​នោះ​។ ទី5​-បរិបទ​នយោបាយ​របស់​ជាតិ​ គួរតែ​មានការ​លើកលែង​នូវ​ទិដ្ឋាការ​ ដែល​ជា​ការ​ស្នើ​របស់​ផ្នែកឯកជន​តាំងពី​ឆ្នាំ2008មក​ ហើយ​ប្រទេសជិតខាង​យើង​បាន​ធ្វើរួច​ហើយ​ តែ​យើង​មិនបាន​ធ្វើ​នៅឡើយ​ គឺ​ផល​ចំណេញ​យើង​នឹង​ទទួល​បាន​ពី​ភ្ញៀវ​ដែល​មាន​សក្តា​នុ​ពល​។ ម្យ៉ាងវិញទៀត​យើង​ត្រូវតែ​មានការ​លើកទឹកចិត្ត​គ្នា​ អ្នក​ដែល​រកស៊ី​ក្នុង​វិស័យ​នេះ​យូរ​មក​ហើយ​គាត់​មាន​បទ​ពិសោធ​ ដឹងពី​បរិបទ​នយោបាយ​ បរិបទ​ទេសចរណ៍​ដែល​អាច​ទាក់ទាញ​ទេសចរណ៍​ក្រៅ​ស្រុក​ ដែល​ការ​លើកទឹកចិត្ត​អាច​ផ្តល់​បាន​ ដូចជា​ការ​បន្ធូរបន្ថយ​ពន្ធ​ដែល​ស្រុក​គេ​ក៏បាន​អនុវត្ត​ដូច្នេះ​ដែរ​។ ទី6​-បើសិនជា​មិន​មាន​សង្គ្រាម​នយោបាយ​ក្នុង​តំបន់​ក្តី​ ឬក្នុង​ពិភពលោក​ នោះ​នឹង​ធ្វើ​ឱ្យ​អ្វី​ៗមាន​ភាព​ប្រសើរ​ឡើង​។

លោក​ ហូ​ វណ្ឌី​ ក៏បាន​បញ្ជាក់​ដែរ​ថា​៖“អ្នក​នៅ​ក្នុង​វិស័យ​ទេសចរណ៍​កំពុងតែ​រង់ចាំ​មើល​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ដែល​យើង​អាច​ទទួល​បាន​ភ្ញៀវ​ទេសចរ​ដូច​ប្រក្រតី​ឡើងវិញ​ ឬមានការ​កើន​ឡើង​(អំឡុង​ពាក់កណ្តាល​ខែ9​) ព្រោះថា​ ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​ អាច​ថាម​កពីរ​ដូវ​ខ្សត់​ភ្ញៀវ​ ក៏​ថា​បាន​ ដែល​យើង​សង្ឃឹមថា​ នឹង​មានការ​កើនឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ខ្មែរ​ បើមិនដូច្នោះទេ​ ទាំង​រដ្ឋ​ និង​វិស័យ​ឯកជន​ត្រូវតែ​ខិតខំ​ទ្វេដង​ឡើង​ទៀត​លើ​ភាព​ប្រឈម​ចំពោះមុខ​នេះ​”។

ឆ្លើយតប​នឹង​ស្ថានភាព​ទេសចរណ៍​បច្ចុប្បន្ន​ ក្រសួងទេសចរណ៍​បាន​និង​កំពុង​អនុវត្ត​នូវ​ទស្សនវិស័យ​មួយចំនួន​គឺ​៖ ជំរុញ​ និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​ ពិសេស​តំបន់​សៀមរាប​អង្គរ​ និង​តំបន់​អេកូ​ទេសចរណ៍​។ ដោយ​បង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗប្រកបដោយ​ភាព​ច្នៃប្រឌិត​ ដូចជា​ទេសចរណ៍​ម្ហូបអាហារ​ វិថី​លក់​ម្ហូបអាហារ​ និង​ផលិតផល​ម្ហូបអាហារ​តាម​ដងផ្លូវ​ ក្រោម​កិច្ចសហការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​-ឯកជន​ ដើម្បី​ទាក់ទាញ​ទេសចរ​ និង​បង្កើន​រយៈពេល​ស្នាក់នៅ​របស់​ពួកគេ​។

រៀបចំផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​ខេត្តសៀមរាប​ និង​តំបន់​ជុំវិញ​ដ៏​មាន​សារៈសំខាន់​ ដូចជា​ការសិក្សា​លើ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ លើស​ពី​អ្វី​ដែល​មានស្រាប់​នៅ​តំបន់​អង្គរ​ ការសិក្សា​លើ​ការ​អភិវឌ្ឍ​ និង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ការសិក្សា​អំពី​ការរៀបចំ​ និង​គ្រប់គ្រង​បរិស្ថាន​ស្អាត​ និង​បៃតង​នៅ​ក្រុង​សៀមរាប​ និង​តំបន់​ប្រាសាទ​អង្គរ​ ការរៀបចំ​កែ​លម្អ​ផ្លូវ​ក្នុង​ទីក្រុង​ ការ​សម្អាត​តាម​ដងស្ទឹង​សៀមរាប​ និង​ផ្លូវ​ទៅកាន់​សហគមន៍​នានា​ជាដើម​។

បន្ថែម​លើ​នេះ​ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​ក្នុង​ការគ្រប់គ្រង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ ជាពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ការគ្រប់គ្រង​សំណល់​សំរាម​ និង​បរិស្ថាន​ស្អាត​នៅ​ឆ្នេរ​ និង​ទឹកសមុទ្រ​ ព្រមទាំង​សោភណភាព​របស់​ខេត្ត​ដើម្បី​ផាសុកភាព​របស់​អ្នកទេសចរ​ និង​ប្រជាពលរដ្ឋ​។

ក្រសួងទេសចរណ៍​កំពុង​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​រៀបចំផែនការ​មេ​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​ខេត្ត​កែប​ និង​មណ្ឌលគិរី​ និង​បាន​ធ្វើ​កំណែទម្រង់​ដ៏​សំខាន់​មួយ​ តាមរយៈ​ការបង្កើត​ក្រុមប្រឹក្សា​ភិបាល​សិក្សា​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ ដោយ​ផ្តល់​តម្លៃ​ដល់​វិស័យ​ឯកជន​ ក្នុង​ការ​បន្ត​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។

ក្នុង​នោះ​ដែរ​ ការ​ផ្សារភ្ជាប់​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្ម4.0​ ដែល​ផ្តោត​ខ្លាំង​ទៅ​លើ​ឌីជីថលូ​បនី​យក​ម្ម​ក្នុង​ការ​ចាប់​យក​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន​ កាត់បន្ថយ​កង្វល់​ និង​ធានា​ឱ្យ​បាន​នូវ​ទស្សនទាន​ “បច្ចេកវិទ្យា​ទំនើប​សម្រាប់​វិស័យ​ទេសចរណ៍​ វិស័យ​ទេសចរណ៍​សម្រាប់​បច្ចេក​-វិទ្យា​ទំនើប​” ឬអាច​ហៅ​បាន​ថា​ “ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ប្រកបដោយ​ភាព​វៃឆ្លាត​”៕

Advertisement