CMA​ ៖ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថ​នៅ​កម្ពុជា​កំ​ពុង​វិវឌ្ឍ​ខ្លួន​ដោយ​ភាព​រីកចម្រើន​ និង​ជោគជ័យ​

ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA​)បាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​និង​កំពុង​វិវឌ្ឍ​ខ្លួន​យ៉ាង​រីកចម្រើន​ឥត​ឈប់ឈរ​ ដែល​ការ​រីកចម្រើន​ទាំងនេះ​បាន​មក​ពី​ភាព​ជោគជ័យ​របស់​អតិថិជន​ មានន័យ​ថា​ ប្រសិនបើ​គ្មាន​ភាព​ជោគជ័យ​របស់​អតិថិជន​ទេ​នោះ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក៏​មិន​អាច​ជោគជ័យ​បាន​ឡើយ​។

លោក​ គា​ បូរាណ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (CMA​)បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ដើម្បី​ជំរុញ​វិស័យ​នេះ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទៀត​នោះ​ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ដាក់​ចេញ​គោលដៅ​ 2ចំណុច​ រួមមាន​៖1-ការ​ផ្ដល់​ឥណទាន​ដល់​ប្រជាជន​ដែល​មិនទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​នេះ​ពី​គ្រឹះស្ថាន​ផ្លូវការ​។

2-ធ្វើ​យ៉ាងណា​ឱ្យ​អតិថិជន​ទទួល​បានការ​រីកចម្រើន​ ដើម្បី​ជួយ​ឱ្យ​វិស័យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​បាន​ភាពល្អ​ប្រសើរ​ ព្រោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​ជោគជ័យ​ទៅ​បាន​ លុះត្រាតែ​អតិថិជន​ទទួល​បាន​ជោគជ័យ​ដូចគ្នា​។

លោក​បាន​បន្ថែម​ថា​ ការ​រីកចម្រើន​នេះ​អាច​និយាយ​បាន​ថា​ ជា​កត្តា​ជោគជ័យ​មួយ​សម្រាប់​យើង​ទាំងអស់គ្នា​ និង​ទទួលស្គាល់​ថា​ ជា​ការ​ជោគជ័យ​របស់​អតិថិជន​ ដោយសារ​អតិថិជន​ទទួល​បាន​ឥណទាន​យក​ទៅ​ប្រើប្រាស់​ដើម្បី​បង្កើន​មុខរបរ​និង​ទទួល​បានផល​ចំណេញ​ដល់​ក្រុម​គ្រួសារ​របស់​ពួកគាត់​។ ការ​លើកឡើង​បែបនេះ​របស់​លោក​ គា​បូរាណ​ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ “ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ​តាមរយៈ​វិស័យ​មីក្រូហិរញ្ញវត្ថុ​” ដែល​រៀបចំឡើង​ដោយមាន​ការចូលរួម​ពី​លោក​ ហេង​ បូម​ករា​ អគ្គនាយករង​ត្រួតពិនិត្យ​ នៃ​ធនាគារជាតិនៃកម្ពុជា​ កាលពី​ថ្ងៃទី21​ ខែតុលា​ ឆ្នាំ2019​។

លោក​បញ្ជាក់​ថា​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ចាប់ផ្ដើម​រីកចម្រើន​ខ្លាំង​នៅ​អំឡុង​ឆ្នាំ2006​ ប៉ុន្ដែ​នៅក្នុង​ឆ្នាំ2009​-2010​ កម្ពុជា​បាន​ជួប​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ ធ្វើ​ឱ្យ​ថមថយ​មួយរយៈពេល​ តែ​បាន​រីក​លូតលាស់​មកវិញ​នៅ​ចុងឆ្នាំ2010​។

លោក​ គា​ បូរាណ​ បាន​បញ្ជាក់​បន្ថែម​ថា​ ដំណាក់កាល​សព្វថ្ងៃ​នេះ​ជា​ដំណាក់កាល​ទី3​ និង​ជា​ដំណាក់កាល​ដែល​វិស័យ​នេះ​កំពុងតែ​រីក​លូតលាស់​ខ្លាំង​ ហើយ​រហូតមកដល់​ពេលនេះ​មាន​ប្រជាពលរដ្ឋ​ជាង​ 2.1លាន​គ្រួសារ​ទទួល​បាន​សេវា​ប្រាក់កម្ចី​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ (សូម​បញ្ជាក់​ថា​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថិត​ក្រោម​ CMA​) ដែល​មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិនៃកម្ពុជា​ក្នុង​ការ​ផ្ដល់​ឥណទាន​ដល់​ជនបទ​។

ចំណែក​លោក​ ហេង​ បូម​ករា​ អគ្គនាយករង​ត្រួតពិនិត្យ​ នៃ​ធនាគារជាតិនៃកម្ពុជា​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា​ ការ​រួមចំណែក​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ និង​បាន​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​ការជំរុញ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដើម្បី​ឈាន​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​។

លោក​បាន​បន្ដ​ថា​ ជាមួយនឹង​ការ​រីកចម្រើន​នេះ​ ក៏​មាន​បញ្ហា​ប្រឈម​មួយចំនួន​ផង​ដែរ​ ដែល​រួមមាន​៖ ការ​ផ្ដល់​សេវា​មិនបាន​ឆ្លើយតប​នឹង​តម្រូវការ​របស់​អតិថិជន​ ការ​ផ្ដល់​សេវា​ដោយ​គ្មាន​វិជ្ជាជីវៈ​ ការបោកប្រាស់​អតិថិជន​ ហើយ​សម្រាប់​គ្រឹះស្ថាន​ខ្លះ​ មិនបាន​បង្ហាញ​តម្លៃ​សេវា​ និង​លក្ខខណ្ឌ​ទាំងអស់​ដល់​អតិថិជន​ឡើយ​។

លោក​អគ្គនាយករង​ បាន​បញ្ជាក់​ថា​ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​ ធនាគារជាតិនៃកម្ពុជា​ បាន​ដាក់​ចេញ​វិធានការ​ជាច្រើន​តាម​រយៈ​ឞទប្ប​ញ្ញ​តិ្ត​ក្នុង​គោលបំណង​ផ្ដល់​ព័ត៌មាន​ ការពារ​សិទ្ធិ​ និង​ផលប្រយោជន៍​របស់​អតិថិជន​ ព្រមទាំង​លើកទឹកចិត្ត​ដល់​សាធារណជន​លើ​ប្រព័ន្ធ​ធនាគារ​ថែមទៀត​ផង​៕

Advertisement