ខេត្ត​បា​រៀ​-វង់​តា​វវៀតណាម​ សហការ​ជាមួយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ជំរុញ​វិស័យ​ទេសចរណ៍​

សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA​)បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU​) ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ជាមួយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​ ខេត្ត​បា​រៀ​-វង់​តាវ​ (Baria​-Vung​ Tau​) ប្រទេស​វៀតណាម​ ដើម្បី​បង្កើត​កញ្ចប់​ទេសចរណ៍​ពិសេស​រួមគ្នា​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​វៀតណាម​ឱ្យមក​ទស្សនា​កម្ពុជា​បន្ថែម​ទៀត​ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​វៀតណាម​ឈរ​នៅ​លេខរៀង​ទី2​ បន្ទាប់ពី​ទេសចរ​ចិន​។

លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA​) បាន​ថ្លែង​ថា​ ការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ​នេះ​ គឺ​ដើម្បី​ជួយគ្នា​ធ្វើ​ឱ្យ​គោលដៅ​ទេសចរណ៍​នៃ​ប្រទេស​ជិតខាង​ទាំង2​ កម្ពុជា​-វៀតណាម​កាន់តែ​មាន​សម្ទុះ​ខ្លាំង​ជាង​មុន​។

លោកស្រី​មានប្រសាសន៍​ថា​៖ “សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​ខេត្ត​បា​រៀ​-វង់​តាវ​ របស់​ប្រទេស​វៀតណាម​ក៏​ចង់​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​របស់​គេ​ ក្នុង​គោលដៅ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ ពី​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើនឡើង​ថែម​មួយ​កម្រិត​ទៀតផង​ដែរ​”។

លោកជំទាវ​បាន​បន្ត​ថា​៖“យើង​ព្រមព្រៀង​គ្នា​ក្នុង​ការជំរុញ​ភ្ញៀវ​ទេសចរ​ទាំង​ 2កន្លែង​នេះ​ឱ្យ​កាន់តែ​បាន​ច្រើនជាង​មុន​ ជាពិសេស​ជួយ​ជំរុញ​ភ្ញៀវ​ទេសចរ​ខេត្ត​បា​រៀ​-វង់​តាវ​ ឱ្យ​ចូល​មក​ទស្សនា​កម្ពុជា​។ ដោយ​យើង​មើលឃើញ​ថា​ កម្រិតជីវភាព​របស់​ប្រជា​ពល​រដ្ឋ​យើង​ទាំង2​ កាន់តែ​ល្អ​ប្រសើរ​ឡើង​ពី​ 1ឆ្នាំទៅ​ 1ឆ្នាំ​អ៊ីចឹង​ហើយ​គុណភាព​សេវាកម្ម​ទាំងឡាយ​ក៏​ត្រូវការ​ល្អ​ជាង​មុន​ដែរ​”។

លោកស្រី​ថ្លែង​ថា​ សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​ខេ​ត្ត​វ៉ុង​តាវ​ ប្រទេស​វៀតណាម​ក៏​ចង់​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​របស់​គេ​ក្នុង​គោលដៅ​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ពី​កម្ពុជា​ឱ្យ​កាន់តែ​ច្រើនឡើង​ថែម​មួយ​កម្រិត​ទៀតផង​ដែរ​ ខណៈ​បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​ទស្សនា​ខេត្ត​នេះ​នៅ​មាន​ចំនួន​ទាប​នៅ​ឡើយ​។ លោកស្រី​បន្ត​ថា​៖ “សម្រាប់​ខេត្ត​បា​រៀ​-វង់​តាវ​ លំហូរ​ភ្ញៀវ​ទេសចរ​កម្ពុជា​នៅ​មានកម្រិត​នៅឡើយ​ ដូច្នេះហើយ​ទើបបាន​ជា​ខាង​វៀតណាម​ចាប់ផ្តើម​ចូលមកធ្វើការ​សហការ​ជាមួយ​យើង​”។

លោកស្រី​ ឆាយ​ ស៊ី​វលី​ន ថ្លែង​បញ្ជាក់​ទៀត​ថា​៖ ​;“រំពឹង​ថា​ តាមរយៈ​ការ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ កម្ពុជា​ក៏អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​ពី​ខាង​វៀតណាម​កាន់តែ​ច្រើនឡើង​ជាង​មុន​ ដោយ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​នៃ​ប្រទេស​ទាំង2​ នឹង​បង្កើត​កញ្ចប់​ទេសចរណ៍​ពិសេស​មួយ​ លើស​ពី​សេវាកម្ម​ទេសចរណ៍​ធម្មតា​ ដើម្បី​ឱ្យ​មាន​ភាព​ទាក់ទាញ​ទាំងសងខាង​”។

លោកស្រី​បាន​ថ្លែង​បន្ត​ទៀត​ថា​៖ ​“យើង​ធ្វើការ​ផ្សព្វផ្សាយ​ Promotion​ ដល់​ភ្ញៀវ​រៀង​ៗខ្លួន​។ នៅ​ខេត្ត​បា​រៀ​-វង់​តាវ​ គេ​ចាប់ផ្តើម​ផ្សព្វផ្សាយ​ពី​កម្ពុជា​កាន់តែ​ច្រើនជាង​មុន​ មិន​ត្រឹមតែ​ផ្សព្វផ្សាយ​ទេ​ យើង​នឹង​ធ្វើការ​ Promotion​ រួមគ្នា​ គឺ​យើង​បន្ថែម​តម្លៃ​ឱ្យ​ល្អ​ បន្ថែម​សេវាកម្ម​ពិសេស​ណាមួយ​ដែល​មិនធម្មតា​ដូចជា​ការ​ផ្សព្វផ្សាយ​ទូទៅ​ទេ​ ដើម្បី​ឱ្យ​មាន​ភាព​ទាក់ទាញ​ទាំងសងខាង​ ទាំង​ខេត្ត​បា​រៀ​-វង់​តាវ​ ទាំង​កម្ពុជា​យើង​”។

លោក​ ង្វៀន​ ហុង​លិញ​ សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត​បា​រៀ​-វង់​តាវ​ បាន​បង្ហាញ​ពី​សក្តា​នុ​ពល​ទេសចរណ៍​ និង​ចំណុច​សំ​ខាន់​ៗនៃ​វិស័យ​ទេសចរណ៍​របស់​ខេត្ត​បា​រៀ​-វង់​តា​វដែល​មាន​ដូចជា​ទេសចរណ៍​បែប​វប្បធម៌​ ពាណិជ្ជកម្ម​ ឆ្នេរសមុទ្រ​និង​តំបន់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាច្រើន​ទៀត​។ ប្រទេស​វៀតណាម​ចង់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​កម្ពុជា​ឱ្យ​បាន​ច្រើន​ដើម្បី​ទៅ​ទស្សនា​ខេត្ត​បា​រៀ​-វង់​តាវ​ ខណៈ​បច្ចុប្បន្ន​ លោក​មើលឃើញ​ថា​ ចំនួន​ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​កម្សាន្ត​នៅក្នុង​ខេត្ត​មួយ​នេះ​នៅ​មានកម្រិត​តិចតួច​នៅឡើយ​។

ដោយឡែក​មួយទៀត​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ឱកាស​ទទួលស្វាគមន៍​ក្រុម​គណៈប្រតិភូ​វៀតណាម​ ដែល​ដឹកនាំ​ដោយ​លោក​ ង្វៀន​ ហុង​លិញ​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​ខេត្ត​បា​រៀ​-វង់​តាវ​ នៃ​ប្រទេស​វៀតណាម​ កាលពី​ថ្ងៃទី21​ ខែតុលា​ ឆ្នាំ​2019នេះ​ ក៏បាន​ជំរុញ​ការ​តភ្ជាប់​វិស័យ​ទេសចរណ៍​រវាង​រាជធានី​ភ្នំពេញ​ជាមួយនឹង​ខេត្ត​បា​រៀ​-វង់​តាវ​ប្រទេស​វៀតណាម​នេះ​ផង​ដែរ​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ នៃ​ប្រទេស​ទាំង2​ ឱ្យទៅ​ទស្សនា​កម្សាន្ត​ទៅវិញទៅមក​ឱ្យ​កាន់តែ​ច្រើន​ និង​ពិភាក្សា​លើ​គម្រោង​ភ្ជាប់​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ជាច្រើន​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន​ទាំងសងខាង​។

ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ចង់ឱ្យ​មានការ​ភ្ជាប់​ទំនាក់ទំនង​រវាង​វិស័យ​ដឹកជញ្ជូន​អ្នកដំណើរ​តាមរយៈ​រថយន្តក្រុង​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​បា​រៀ​-វង់​តាវ​ នៃ​ប្រទេស​វៀតណាម​ ឬពី​ខេត្ត​បា​រៀ​-វង់​តាវ​ មកកាន់​រាជធានី​ភ្នំពេញ​វិញ​ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកទេសចរ​នៃ​ប្រទេស​ទាំង2​ បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​សំ​ខាន់​ៗ ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​បា​រៀ​-វង់​តាវ​ ជាដើម​។

ឯកឧត្តម​បាន​អះអាង​ថា​ គម្រោង​តភ្ជាប់​វិស័យ​ទេសចរណ៍​រវាង​រាជធានី​-ខេត្ត​នៃ​ប្រទេស​ទាំង2នេះ​ និង​ក្លាយជា​កញ្ចប់​ផលិតផល​ថ្មី​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ខណៈ​ដែល​រាជធានី​ភ្នំពេញ​ និង​ខេត្ត​បា​រៀ​-វង់​តាវ​ នៃ​ប្រទេស​វៀតណាម​ សម្បូរទៅដោយ​តំបន់​ទេសចរណ៍​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ដ៏​ច្រើន​ដូចគ្នា​។លោក​ថ្លែង​ថា​ ឥលូវ​នេះ​ ក្រោម​កំណើន​សេដ្ឋកិច្ច​ជាង​7% ជាង​ 2ទសវត្សរ៍​មកនេះ​ ប្រជាជន​កម្ពុជា​រស់នៅ​ក្នុង​ភាព​ស៊ីវិល័យ​ក្នុង​ការ​ធ្វើដំណើរ​កម្សាន្ត​ទាំង​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​។

ឯកឧត្តម​ ឃួង​ ស្រេង​ បាន​បញ្ជាក់​ថា​៖“ស្រប​ពេល​ដែល​ទីក្រុង​បា​រៀ​-វង់​តាវ​ នៃ​ប្រទេស​វៀ​ត ណាម​និង​រាជធានី​ភ្នំពេញ​សម្បូរទៅដោយ​តំបន់​ទេសចរណ៍​ ដូច្នេះ​យើង​ត្រូវតែ​ផ្លាស់​ប្តូរ​វិស័យ​ទេសចរណ៍​គ្នា​ទៅវិញទៅមក​ ពិសេស​ការ​ភ្ជាប់​សេវា​រថយន្តក្រុង​ដោយ​ផ្ទាល់​ពី​រាជធានី​ភ្នំពេញ​ទៅ​បា​រៀ​-វង់​តាវ​ ឬពី​បា​រៀ​-វង់​តា​វម​កកាន់​រាជធានី​ភ្នំពេញ​វិញ​។ បន្ថែម​ពីនេះ​ទៀត​ គឺ​ការ​ផ្លាស់​ប្តូរ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង2​ បាន​ធ្វើដំណើរ​កម្សាន្ត​ទៅវិញទៅមក​”។

គួរ​បញ្ជាក់​ថា​ ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ភ្ញៀវ​ទេសចរ​ពី​វៀតណាម​មកកាន់​កម្ពុជា​ កាលពី​ពេល​ថ្មី​ៗនេះ​ ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​ Cambodia​ Angkor​ Air​ ក៏បាន​ប្រកាស​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ ទៅ​ខេត្ត​ដា​ណាង​ ប្រទេស​វៀតណាម​ផង​ដែរ​៕

Advertisement