រយៈពេល​ 9ខែ​ ឆ្នាំ2019​ ស្ថាប័ន​ប្រមូល​ពន្ធ​របស់​រដ្ឋ​ 2ស្ថាប័ន​មាន​កំណើន​ប្រដំប្រសង​គ្នា​

ស្ថាប័ន​ប្រមូល​ពន្ធ​របស់​រដ្ឋ​ 2ស្ថាប័ន​ គឺ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ និង​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ បាន​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ដោយ​ទទួល​បាន​កំណើន​ចំណូល​ពន្ធ​ ក្នុង​តួលេខ​ដ៏​ខ្ពស់​ ដែល​តាម​តួលេខ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ប្រមូល​ពន្ធ​ស្មើនឹង​ប្រមាណ​ 2,183.68លាន​ដុល្លារ​អាមេរិក​។ រី​ឯអគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​ចំណូល​បាន​ប្រមាណ2,391លាន​ដុល្លារ​អាមេរិក​ ដែល​ជា​តួលេខ​មួយ​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ 9ខែ​ ឆ្នាំ2019​ នេះ​។

អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ក្នុងរយៈពេល​ 9ខែ​ ឆ្នាំ​2019​ បាន​ប្រមូល​ពន្ធ​តាមរយៈ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡា​ញបាន​ចំនួន​ 8,734.70​ ប៊ី​លាន​រៀល​ ស្មើនឹង​ប្រមាណ​ 2,183.68លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ 95.42​ %នៃ​ផែនការ​ប្រចាំឆ្នាំ​។យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បានឱ្យ​ដឹង​ថា​ បើ​ធៀប​នឹង​រយៈពេល​ ដូចគ្នា​ក្នុង​ឆ្នាំ2018​ ចំណូល​ពន្ធអាករ​បាន​កើនឡើង​ចំនួន​ 1,968.34ប៊ី​លាន​រៀល​ ឬប្រមាណ​ 492.09លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ 29.09​%។

របាយការណ៍​ដដែល​បញ្ជាក់​ថា​ ក្នុងរយៈពេល​ 9ខែ​ ឆ្នាំ2019​ នេះ​ ប្រភេទ​ពន្ធ​សំ​ខាន់​ៗ ដែល​រួម​ចំណែក​ដល់​កំណើន​ចំណូល​ពន្ធ​ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ ក្នុង​នោះ​រួមមាន​អាករ​លើ​តម្លៃបន្ថែម​ (VAT​)កើនឡើង​ 33.05​% ពន្ធ​លើ​ប្រាក់ចំណូល​កើន​ឡើន​26.05​ % អាករ​ពិសេស​កើនឡើង​ 26.50​ % ពន្ធ​លើ​ប្រាក់បៀវត្សរ៍​កើនឡើង​ 16.66​% និង​ពន្ធ​លើ​ឈ្នួល​ផ្ទះ​ និង​ដី​កើនឡើង​ 70.33​ %។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ សម្រាប់​ខែកញ្ញា​ ឆ្នាំ2019​ កន្លងមក​នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​បាន​ប្រមូល​ពន្ធ​បាន​ប្រមាណ​ 928.25ប៊ី​លាន​រៀល​ ឬប្រមាណ​ 232.06លាន​ដុល្លារ​អាមេរិក​ ស្មើ​នឹង​ 10.16​%នៃ​ផែនការ​ប្រចាំឆ្នាំ​។ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ2018​ កើនឡើង​ប្រមាណ​ 175.08ប៊ី​លាន​រៀល​ ឬប្រមាណ43.77លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​ 23.25​ %។

ឯកឧត្តម​ គង់​ វិបុល​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​បានឱ្យ​ដឹង​ដែរ​ថា​ សម្រាប់​ចំណូល​ពន្ធ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ2019​ នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​បាន​ 232.06លាន​ដុល្លារ​អាមេរិក​ គឺជា​ឯតទគ្គ​-កម្ម​ថ្មី​មួយទៀត​ដែល​ពុំ​ធ្លាប់​មាន​ ព្រោះ​ខែកញ្ញា​ ធ្លាប់​តែ​ជា​ខែ​ដែល​ការ​ប្រមូល​ចំណូល​ពន្ធ​មានកម្រិត​ទាប​កាលពី​ឆ្នាំមុន​។ លោក​បន្ត​ថា​ ការសម្រេច​បាន​នូវ​កំណើន​ប្រកបដោយ​នវានុវត្តន៍​ និង​និរន្តរភាព​ គឺ​អាស្រ័យ​ដោយ​ការអនុវត្ត​កំណែទម្រង់​រដ្ឋបាល​សារពើពន្ធ​ និង​ការ​ធ្វើ​ទំនើបកម្ម​ ប្រព័ន្ធ​ពន្ធដារ​ ជាពិសេស​វិធាន​កា​រថ្មីៗ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ បូករួម​ជាមួយ​វិធាន​កា​រថ្មីៗ​ទាំងនេះ​ធ្វើ​ឱ្យ​នៅ​រយៈពេល​ 9ខែ​ ឆ្នាំ​ 2019​នេះ​ ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ និង​អាករ​គ្រប់​ប្រភេទ​សម្រេច​បាន​ប្រមាណ​ជាង​ 95.42​% នៃ​ផែនការ​ប្រចាំឆ្នាំ​។ វិធាន​កា​រថ្មីៗ​ របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​រួមមាន​៖

*ការ​ដាក់​ឱ្យ​អនុវត្ត​នូវ​ប្រព័ន្ធ​ Online​-VAT​ Refund​and​ Online​-VAT​ Credit​ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ ការ​បង្វិល​សង​ និង​ប្រើប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម​ឱ្យ​មានប្រសិទ្ធភាព​ និង​តម្លាភាព​។*សេវា​គាំទ្រ​ ពិគ្រោះ​យោបល់​ និង​ការ​ផ្តល់​សេវា​ជូន​អ្នកជាប់ពន្ធ​តាមរយៈ​ CALL​ CENTER​ 1277​ GDT​ Live​-Chat​ ពិគ្រោះ​យោបល់​ដោយ​ផ្ទាល់​ E-mail​ ព្រមទាំង​ការ​តាមដាន​ និង​ឆ្លើយតប​នានា​តាម​ Facebook​។ជាមួយគ្នា​នេះ​ដែរ​ ​;រយៈពេល​ 9ខែ​ ឆ្នាំ2019នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​ចំណូល​បាន​ជាង​ 2ពាន់​លាន​ដុល្លារ​អាម​រិក​ដែរ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​កិច្ចប្រជុំ​បូកសរុប​ការងារ​គយ​ និង​រដ្ឋាករ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​ ឯកឧត្តម​បណ្ឌិត​ គុណ​ ញឹម​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ សម្រាប់​រយៈពេល​ 9ខែ​ ឆ្នាំ2019​ចំណូល​សរុប​មាន​ប្រមាណ​ជាង​ 9.7ទ្រី​លាន​រៀល​(ប្រមាណ​ 2,391លាន​ដុល្លារ​អាមេរិក​)កើនឡើង​ប្រមាណ​ 35​% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​។

ឯកឧត្តម​ថ្លែង​ថា​ លទ្ធផល​ចំណូល​នេះ​ត្រូវ​នឹង​ប្រមាណ​ជា​ 106​%នៃ​ផែនការ​ឆ្នាំ​ ដែល​កំណត់​ ដោយ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2019​។បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​ និង​អាករ​សំ​ខាន់​ៗដែល​ប្រមូល​បាន​ដោយ​គយ​ មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​នោះ​ពន្ធគយ​(ពន្ធ​នាំចូល​)មាន​កំណើន​ជិត​ 38​%អាករ​ពិសេស​កើន​ប្រមាណ​ 39​% និង​អាករ​លើ​តម្លៃ​បន្ថែម​ (VAT​) កើន​ជាង​ 32​%។

គួរ​បញ្ជាក់​ថា​ មុខទំនិញ​ជា​ប្រភព​ចំណូល​ពន្ធ​សំ​ខាន់​ៗ រួមមាន​៖ 1-យានយន្ត​ និង​គ្រឿងចក្រ​ គ្រប​ដណ្តប់​ប្រមាណ​ជាង​ 52​%នៃ​ចំណូល​សរុប​។ 2-ប្រេងឥន្ធនៈ​ និង​ថាមពល​ប្រមាណ​ជិត​ 17​%នៃ​ចំណូល​សរុប​ និង3​-ទំនិញ​ចម្រុះ​ និង​គ្រឿងសំណង់​មាន​ប្រមាណ​ 29.5​%នៃ​ចំណូល​សរុប​។

លទ្ធផល​ដ៏​ល្អ​ប្រសើរ​នេះ​ គឺ​បាន​មក​ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ ការអនុវត្ត​កម្មវិធី​កែទម្រង់​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​ស្របតាម​គោលនយោបាយ​ និង​យុទ្ធសាស្ត្រ​កែទម្រង់​របស់​រាជរដ្ឋាភិបាល​ ការ​ពង្រឹង​អភិបាលកិច្ច​ផ្ទៃក្នុង​របស់​អង្គភាព​គយ​ និង​ការយល់​ដឹង​កាន់តែ​ទូលាយ​ក្នុង​ការអនុវត្ត​កាតព្វកិច្ច​ពន្ធអាករ​របស់​អ្នក​ធុរកិច្ច​ពាក់ព័ន្ធ​។

ដើម្បី​ឱ្យ​ការ​ប្រមូល​ពន្ធ​ និង​អាករ​កាន់តែ​មាន​ប្រសិទ្ធភាព​ និង​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ ឯកឧត្តម​ គុណ​ ញឹម​បាន​ណែនាំ​ឱ្យ​មន្ត្រី​គយ​ និង​រដ្ឋាករ​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​លើ​វិជ្ជាជីវៈ​ និង​បាន​រំឭក​មតិ​ណែនាំ​របស់​ឯកឧត្ដម​អគ្គបណ្ឌិត​សភា​ចារ្យ​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ កាលពី​កិច្ចប្រជុំ​កន្លងមក​។

លើស​ពីនេះ​ លោក​បាន​ណែនាំ​បន្ថែម​ដោយ​សង្កត់ធ្ងន់​ និង​ត្រូវ​យកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​លើ​ការងារ​ជំនាញ​សំ​ខាន់​ៗមួយចំនួន​ដូចជា​៖ ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការងារ​បច្ចេកទេស​គយ​ អនុវត្ត​បន្ត​នូវ​ការងារ​បង្ការ​ និង​បង្ក្រាប​អំពើ​រត់គេច​ និង​បន្លំ​ពន្ធ​ ការ​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​គយ​ និង​កែ​លម្អ​សេវា​គយ​បន្ថែម​ទៀត​ ការអនុវត្ត​នីតិវិធី​បំពេញបែបបទ​គយ​មុន​ពេល​ទំនិញ​មកដល់​ ជំរុញ​បញ្ចប់​យុទ្ធសាស្ត្រ​នៃ​ការអនុវត្ត​ច្បាប់​ និង​យុទ្ធសាស្ត្រ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន​ និង​ការ​កសាង​ផែនការ​សកម្មភាព​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​ ឆ្នាំ2020​ ជាដើម​៕

Advertisement