វិស័យ​សំណង់​នៅតែ​រឹងមាំ​ និង​ទទួល​បានការ​វិនិយោគ​ 6.5ពាន់​លាន​ដុល្លារ​

November 12, 2019​ ម៉ោង 9:32 pm

ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឈាន​ដល់កម្រិត​ខ្ពស់​ថ្មី​ក្នុងអំឡុងពេល​ 9ខែ​ នៃ​ឆ្នាំ2019​ នេះ​ ដែល​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អនុម័ត​លើ​គម្រោង​សាងសង់​ចំនួន​ 3,433គម្រោង​ និង​ទទួល​បានការ​វិនិយោគ​គិតជា​ទឹកប្រាក់​ចំនួន​ប្រមាណ​ 6.5ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​។

ចាប់ពី​ខែមករា​ ដល់​ខែកញ្ញា​ ការ​វិនិយោគ​ក្នុង​វិស័យ​នេះ​បាន​កើនឡើង34.7​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ របាយការណ៍​ដដែល​បាន​គូសបញ្ជាក់​ថា​ ក្នុងរយៈពេល​តែ​ 9ខែ​ប៉ុណ្ណោះ​ដែល​គម្រោង​សាងសង់​សរុប​ចំនួន​ 3,433​គម្រោង​ត្រូវ​បាន​អនុម័ត​នៅ​ទូទាំង​ប្រទេស​ក្នុងអំឡុងពេល​ដូចគ្នា​។ រួម​ជាមួយនឹង​ផ្ទៃដី​ប្រមាណ​ច្រើនជាង​ 13លាន​ម៉ែត្រការ៉េ​។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​។

ក្រសួង​ខាងលើ​បាន​កត់សម្គាល់​ថា​ ក្នុងរយៈពេល​9ខែ​ដូចគ្នា​កាលពី​ឆ្នាំមុន​(2018​)មាន​គម្រោង​ចំនួន​ 2,541គម្រោង​ ត្រូវ​បាន​អនុម័ត​ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី​សរុប​ 10.7លាន​ម៉ែត្រការ៉េ​ និង​តម្លៃ​វិនិយោគ​សរុប​មាន​ចំនួន​ 4.8ពាន់​លាន​ដុល្លារ​។

របាយការណ៍​បាន​កត់សម្គាល់​ថា​ ចាប់ពី​ឆ្នាំ2000​ដល់​ចុងខែ​កញ្ញា​ ឆ្នាំនេះ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​អនុម័ត​លើ​គម្រោង​សាងសង់​ចំនួន​ 46,991គម្រោង​ដែល​មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ជាង​ 48ពាន់​លាន​ដុល្លារ​ និង​ផ្ទៃក្រឡាដី​សរុប​ប្រមាណ​ជាង​ 126លាន​ម៉ែត្រការ៉េ​។

យោង​តាម​របាយការណ៍​បាន​បង្ហាញថា​ នៅក្នុង​ប្រទេស​កម្ពុជា​មាន​អគារ​ចំនួន​ 1,517​ មាន​កម្ពស់​យ៉ាងតិច​ 5ជាន់​ ហើយ​នៅពេល​និយាយ​អំពី​វិ​និ​-យោគិន​ក្នុង​វិស័យ​នេះ​នៅ​កម្ពុជា​ របាយការណ៍​បាន​បញ្ជាក់​ថា​ ជនជាតិ​ចិន​នៅតែ​បន្ត​នាំមុខ​គេ​ដដែល​។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ថ្មី​ៗនេះ​បាន​មានប្រសាសន៍​ថា​ កំណើន​ដ៏​រឹងមាំ​នៅក្នុង​វិស័យ​សំណង់​នឹង​មាន​បន្ត​យ៉ាងហោចណាស់​ក្នុងរយៈពេល​ 5ឆ្នាំទៅ​មុខ​ទៀត​។ លោក​បាន​មានប្រសាសន៍​ថា​៖“ដរាបណា​ស្ថានភាព​នយោបាយ​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​នៅតែ​មាន​ស្ថិរភាព​ វិស័យ​សំ​-ណង់​នឹង​នៅតែ​បន្ត​រីកចម្រើន​”។

លោក​ ហ៊ឹម​ សីហា​ នាយក​ស្រាវជ្រាវ​ក្រុមហ៊ុន​ VTrust​ Appraisal​ បាន​លើកឡើង​ថា​ ការ​កើនឡើង​នៃ​ការ​វិនិយោគ​ ភាគច្រើន​បណ្តាល​មក​ពី​តម្រូវការ​លំនៅឋាន​ដែល​កំពុង​កើនឡើង​នៅក្នុងចំណោម​ប្រជាជន​ក្នុង​ស្រុក​។ តម្រូវការ​នេះ​ត្រូវ​បាន​ជំរុញ​ដោយ​វណ្ណៈ​កណ្តាល​ដែល​កំពុង​លេចធ្លោ​នៅក្នុង​ប្រទេស​ ដូចជា​គូ​ស្វាមីភរិយា​ថ្មីថ្មោង​ ជាដើម​។ តម្រូវការ​ដែល​កំពុង​កើនឡើង​សម្រាប់​លំនៅឋាន​នៅក្នុងចំណោម​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​ឱ្យ​គម្រោង​សំណង់​នានា​កើនឡើង​។

លោក​ ហ៊ឹម​ សីហា​ មានប្រសាសន៍​ថា​៖“តម្លៃ​នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ទសវត្សរ៍​ចុងក្រោយ​នេះ​ ដោយសារតែ​ការ​កើនឡើង​នៃ​តម្រូវការ​លំនៅឋាន​ក្នុង​ចំណោម​អ្នកទិញ​ក្នុង​ស្រុក​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ចំនួន​ប្រជាជន​ដែល​ទើបនឹង​កើនឡើង​ថ្មី​”។ លោក​បាន​បន្ថែម​ទៀត​ថា​ តម្រូវការ​ការិយាល័យ​ សេវាកម្ម​ផ្ទះល្វែង​ អា​ផា​តមិន​ និង​អគារ​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង​ ៗ បាន​រួមចំណែក​ដល់​ការ​កើន​ឡើង​នៃ​សម្ភារ​សំណង់​ដូចគ្នា​។

លោក​បាន​មានប្រសាសន៍​ថា​៖“ការ​កើនឡើង​នៃ​ការនាំចូល​ដែកថែប​ និង​សម្ភារ​សំណង់​បាន​បង្ហាញ​ពី​ការ​រីកចម្រើន​ឥត​ឈប់ឈរ​ពី​ 1ឆ្នាំទៅ1ឆ្នាំ​ ដែល​បង្ហាញ​នូវ​កំណើន​នៃ​វិស័យ​សំណង់​ដែល​មាន​សុខភាព​ល្អ​”។

យោង​តាម​របាយការណ៍​ចុងក្រោយ​ដែល​បាន​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក​ បានឱ្យ​ដឹង​ថា​ វិស័យ​សំណង់​នៅ​កម្ពុជា​នៅតែ​បន្ត​កើនឡើង​ ដោយសារតែ​មានការ​កើនឡើង​ជាលំដាប់​នៃ​ការ​វិនិយោគ​នៅក្នុង​វិស័យ​នេះ​ និង​ការនាំចូល​សម្ភារ​សំណង់​យ៉ាងច្រើន​មក​ក្នុង​ប្រទេស​។

បច្ចុប្បន្នភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​ របាយការណ៍​របស់​ធនាគារពិភពលោក​បាន​ព្យាករ​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នឹង​កើន​ឡើង7​% ដោយសារតែ​ការ​រីកចម្រើន​របស់​ប្រទេស​នេះ​នៅក្នុង​វិស័យ​សំណង់​។

លោក​ លី​ សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៅ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ បាន​មានប្រសាសន៍​ថា​ ការ​-នាំចូល​ដែកថែប​សរុប​បាន​កើនឡើង​ 63.5​% ក្នុង​រយៈពេល​ 9ខែ​នៃ​ឆ្នាំនេះ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ វា​បង្ហាញ​ពី​កំណើន​ខ្លាំង​ ចាប់តាំងពី​វា​កើនឡើង​ត្រឹមតែ​ 27.7​% នៅចន្លោះ​ឆ្នាំ2017​ និង​ឆ្នាំ2018​។

ខណៈ​ពេល​ដែល​ឧស្សាហកម្ម​នេះ​មិន​មាន​សញ្ញា​នៃ​ការ​ធ្លាក់ចុះ​នា​ពេល​ឆាប់​ៗនោះ​ លោក​លី​ សូ​ដេ​តបាន​រំឭក​ថា​ មាន​យុទ្ធសាស្ត្រ​មួយចំនួន​នៅក្នុង​ដៃ​ដើម្បី​ការពារ​ហានិភ័យ​ណាមួយ​ ក៏​ជា​វិធីសាស្ត្រ​ល្អ​ផង​ដែរ​។ “វិស័យ​សំណង់​តែងតែមាន​វដ្ត​នៃ​ការ​រីក​ដុះដាល​ និង​ការ​រាំងស្ទះ​ ដូច្នេះ​យើង​មិន​រំពឹង​ថា​ កំណើន​សំណង់​នឹង​បន្ត​ជា​រៀង​រហូត​នោះ​ទេ​”។

ជាមួយគ្នា​នេះ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ព្យាករ​ថា​ កំណើន​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ដែល​ជា​អនុ​វិស័យ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ គឺ​នឹង​ធ្លាក់ចុះ​នៅ​ឆ្នាំ2019​ ដល់​ឆ្នាំ2022​ ក៏ប៉ុន្តែ​ វិស័យ​ទាំង2​ នេះ​ នឹង​នៅតែ​រក្សា​ភាពរឹងមាំ​ដដែល​។

របាយការណ៍​ដែល​ចែក​ដល់​អ្នកសារព័ត៌មាន​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ កាលពី​ខែសីហា​ បាន​បង្ហាញថា​ វិស័យ​សំណង់​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​ក្នុង​ល្បឿន​ 17.3​% ក្នុង​ឆ្នាំ2019​ ហើយនឹង​ធ្លាក់ចុះ​ដល់​ 16.1​% នៅ​ឆ្នាំ2020​ ខណៈ​ឆ្នាំ2021​ និង2022​ តួលេខ​នេះ​នឹង​បន្ត​ថយ​ចុះ​ដល់​ 15.5​% និង​ 14.9​%តាមលំដាប់​។

នេះ​ជារ​បាយ​ការណ៍​ដែល​បង្ហាញថា​ វិស័យ​អចលនទ្រព្យ​នឹង​កើនឡើង8.8​% ក្នុង​ឆ្នាំ2019​ ហើយនឹង​ធ្លាក់ចុះ​ដល់8.5​% នៅ​ឆ្នាំ2020​ ហើយ​តួលេខ​នេះ​នឹង​បន្ត​ធ្លាក់ចុះ​ដល់​ 7.9​% នៅ​ឆ្នាំ2021​ និង​ធ្លាក់ចុះ​ដល់​ 7.5​% នៅ​ឆ្នាំ2020​។

ការ​ធ្លាក់ចុះ​នេះ​បាន​កើតឡើង​ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ2019​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ 7.1​% ហើយនឹង​ធ្លាក់ចុះ​មក​នៅ​ត្រឹម​6.5​% នៅ​ឆ្នាំ2020​ ដោយសារតែ​សម្ពាធ​ក្រៅ​ស្រុក​ ដូចជា​ការ​ប្រឈម​នឹង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​ “អ្វី​ៗទាំងអស់​លើកលែង​តែ​អាវុធ​ ឬ EBA​” ជាមួយ​សហភាព​អឺរ៉ុប​។ទោះជា​យ៉ាងនេះ​ក្តី​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា​ វិស័យ​សំណង់​នៅតែ​រក្សា​ភាពរឹងមាំ​។

នេះ​គឺ​ដោយសារ​វិស័យ​សំណង់​គាំទ្រ​ដោយ​សម្ទុះ​កំណើន​នៃ​សំណង់​តម្លៃ​មធ្យម​ និង​សមរម្យ​ តាមរយៈ​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​តម្លៃ​សមរម្យ​ និង​ភាព​ជឿជាក់​ចំពោះ​ការ​វិនិយោគ​នៅ​កម្ពុជា​ ដែល​ជួយ​ប៉ះប៉ូវ​ការ​ធ្លាក់ចុះ​នៃ​សំណង់​តម្លៃ​ខ្ពស់​មួយ​ផ្នែក​៕