រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកាជាតិ​ឆ្នាំ2020​ ប្រមាណ​ 8,223លាន​ដុល្លារ​

រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ចំណាយ​ថវិកា​នៅក្នុង​ឆ្នាំ2020ខាងមុខនេះ​សរុប​ប្រមាណ33​,339,633លាន​រៀល​ ​;ដែល​ស្មើនឹង​ប្រមាណ​ជា​ 8,223​លាន​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ការគ្រប់គ្រង​រដ្ឋ​។ គម្រោង​ចំណាយ​នេះ​បើ​ធៀប​នឹង​ឆ្នាំ2019​ មាន​ប្រមាណ​ជា​ 28.01​%នៃ​ផសស​ (GDP​) និង​កើនឡើង​22.7​%។ នេះ​បើ​តាម​ខ្លឹមសារ​នៃ​សេចក្ដីសង្ខេប​ប្រតិបត្តិ​ “សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​រដ្ឋ​ឆ្នាំ2020​” របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

គេ​នៅ​មិនទាន់​ដឹង​ថា​ តើ​ការ​បង្កើន​ការ​ចំណាយ​សម្រាប់​ការ​ចំណាយ​បន្ទាន់​នេះ​នឹង​រួមចំណែក​ដល់​កញ្ចប់​ថវិកា​សារពើពន្ធ​ដែល​ធនាគារពិភពលោក​បាន​ព្យាករ​ថា​នឹង​ត្រូវ​បាន​ណែនាំ​នោះ​ទេ​ ប្រសិនបើ​សហភាព​អឺរ៉ុប​សម្រេចចិត្ត​ដក​កម្ពុជា​ចេញពី​ប្រព័ន្ធ​ពាណិជ្ជកម្ម​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ ឬ EBA​ នៅក្នុង​ខែកុម្ភៈ​ឆ្នាំក្រោយ​។ កាលពីដើម​ខែ​នេះ​ធនាគារពិភពលោក​បាន​អះអាង​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​កញ្ចប់​ជំរុញ​សេដ្ឋកិច្ច​រហូតដល់​ 3%នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​។ការ​កើនឡើង​តិចតួច​នៃ​គម្រោង​ចំណាយ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​កើតមាន​នៅ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ថវិកា​ចំពោះ​រដ្ឋបាល​ទូទៅ​ ដែល​មាន​ក្រសួង​ និង​ស្ថាប័ន​ចំនួន15​ រួម​ទាំង​រដ្ឋសភា​ ព្រឹទ្ធសភា​ និង​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ នឹង​មានការ​កើនឡើង​បន្តិចបន្តួច​ចាប់ពី​ឆ្នាំ2019​ពី​ 615លាន​ដុល្លារ​ ដល់​ប្រហែល​ 628លាន​ដុល្លារ​សម្រាប់​ឆ្នាំ2020​ ។

វិស័យ​ការពារ​ជាតិ​ សន្តិសុខ​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ត្រូវ​បាន​កំណត់​នឹង​ទទួល​បាន​ជិត​ 1.2​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំក្រោយ​ ប្រសិនបើ​សេចក្តី​ព្រាង​ថវិកា​ត្រូវ​បាន​អនុម័ត​ ដោយ​កើនឡើង​ពី​ 1.1​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​ ដែល​នឹង​ត្រូវ​ចែក​ជា4​ នៃ​ផ្នែកការ​ពារ​ជាតិ​ ប្រហែលជា​ 630លាន​ដុល្លារ​។

ស្ថាប័ន​ និង​ក្រសួង​ចំនួន9​ ដែល​បង្កើត​ជាផ្នែក​សង្គម​ និង​ជំពូក​សុខុមាលភាព​នៃ​ថវិកា​ក៏អាច​ត្រូវ​បាន​រំពឹង​ថា​ នឹង​មានការ​កើនឡើង​បន្តិចបន្តួច​ពី​ 1.81ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​ដែរ​ ដោយ​ថវិកា​ឆ្នាំ​2020​ នឹង​ឈាន​ដល់​ 2ពាន់​លាន​ដុល្លារ​ ដែល​ក្នុង​នោះ​ថវិកា​ជាង​ 1.4ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​បែងចែក​ទៅ​ក្រសួង​អប់រំ​ និង​សុខាភិបាល​។

វិស័យ​សេដ្ឋកិច្ច​ដែល​រួមមាន​ក្រសួង​-ស្ថាប័ន​ចំនួន10​ ទំនងជា​នឹង​មានការ​កើនឡើង​តិចតួច​ដែរ​ ពី​1.65ពាន់​លាន​ដុល្លារ​ដល់​ប្រហែល​ 1.8ពាន់​លាន​ដុល្លារ​ ដែល​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ ត្រូវ​បាន​រំពឹង​ថា​ នឹង​មាន​ប្រហែល​ 800លាន​ដុល្លារ​នៅ​ឆ្នាំ2020​។

ក្នុងចំណោម​គម្រោង​ចំណាយ​ថវិកាជាតិ​ជាង​ 8ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​របស់​កម្ពុជា​ សម្រាប់​ឆ្នាំ2020​ នេះ​ រាជរដ្ឋាភិបាល​មាន​ទិសដៅ​ជា​យុទ្ធសាស្ត្រ​កំណត់​ចំណាយ​ថវិកា​ថ្នាក់​ជាតិ​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ចំនួន​ 31,095,855លាន​រៀល​ ដែល​ស្មើនឹង​ប្រមាណ​ជាង​ 7,600លាន​ដុល្លារ​ ត្រូវជា26.12​% នៃ​ផសស​ កើនឡើង20.7​% បើ​ធៀប​នឹង​ច្បាប់​ឆ្នាំ2019​ ដែល​ក្នុង​នោះ​ការ​ចំណាយ​ចរន្ត​ថ្នាក់​ជាតិ​ មាន​ចំនួន​ 18,036,884លាន​រៀល​ ឬប្រមាណ​ 4,459លាន​ដុល្លារ​និង​ចំណាយ​មូលធន​ថ្នាក់​ជាតិ​ មាន​ចំនួន​ 13,058,971​លាន​រៀល​ ឬប្រមាណ​ 3,200លាន​ដុល្លារ​)។

សូម​បញ្ជាក់​ថា​ នៅក្នុង​ឆ្នាំ2019​ នោះ​សម្រាប់​ការ​ចំណាយ​ទូទៅ​របស់​រដ្ឋ​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ចំណាយ​ថវិកា​ប្រមាណ​ 27,164,996លាន​រៀល​ ដែល​ប្រហាក់​ប្រហែល​នឹង​ 7,600លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ចំនួន​បាន​កើនឡើង​ 11.4​% ធៀប​នឹង​គម្រោង​ចំណាយ​ថវិការដ្ឋ​ឆ្នាំ2018​ ដែល​មាន​ចំនួន​សរុប​ចំនួន​ 24,375,102លាន​រៀល​។

ថវិកា​ឆ្នាំ2020​ ត្រូវ​បាន​រៀបចំ​ដោយ​ការ​គិតគូរ​ប្រកបដោយ​ភាព​ប្រយ័ត្ន​ប្រយែង​ និង​សម្រាប់​អនុវត្ត​សកម្មភាព​អាទិភាព​ ដើម្បី​ឆ្លើយតបទៅនឹង​អាទិភាព​គោល​នយោបាយ​ធំៗ​របស់​រាជរដ្ឋាភិបាល​ និង​តម្រូវការ​ចាំបាច់​ជា​មូលដ្ឋាន​របស់ក្រ​សួង​ស្ថាប័ន​នានា​ ជាពិសេស​ការអនុវត្ត​ឱ្យ​ចេញ​លទ្ធផលជាក់​ស្តែង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កម្មវិធី​នយោបាយ​ ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ2019​-2023​ របស់​រាជរដ្ឋាភិបាល​ដែល​ជា​ មាគ៌ា​រយៈពេល​មធ្យម​សំដៅ​ឈាន​ទៅ​សម្រេច​បាន​នូវ​បំណងប្រាថ្នា​រយៈពេល​វែង​របស់​ប្រជាជន​កម្ពុជា​។

នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋ​មន្ត្រី​កាលពី​ព្រឹក​ថ្ងៃទី25​ ខែតុលា​ ឆ្នាំ2019​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​អនុម័ត​ទាំងស្រុង​ហើយ​លើ​ “សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​រដ្ឋ​ឆ្នាំ2020​”។ នេះ​បើ​តាម​ការប្រកាស​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​៕

Advertisement