សក្តា​នុ​ពល​នៃ​វិ​ស័យ​កសិ​-ឧស្សាហកម្ម​កែច្នៃ​ជំរុញ​គោលដៅ​កសិករ​វ័យ​ឆ្លាត​

សក្តា​នុ​ពល​នៃ​វិ​ស័យ​កសិ​-ឧស្សាហកម្ម​របស់​កម្ពុជា​ នៅ​មាន​ទំហំ​ធំធេង​ណាស់​ ដោយ​ក្នុង1ឆ្នាំ​ៗវិស័យ​នេះ​អាច​ផលិត​បាន​នូវ​ទិន្នផល​ក្នុង​តម្លៃ​ចន្លោះ​ចាប់ពី​ 15ពាន់​លាន​ដុល្លារ​ ដល់​ 18ពាន់​លាន​ដុល្លារ​លើ​ផ្ទៃដី​កសិកម្ម​ដែល​កំពុង​មានស្រាប់​នា​ពេល​បច្ចុប្បន្ន​។ នេះ​បើ​តាម​ការ​ថ្លែង​បញ្ជាក់​របស់​លោក​អគ្គនាយក​ក្រុមហ៊ុន​វិនិយោគ​ កុល​ វាសនា​ នៅ​ឯវេទិកា​ស្តី​ពី​វិស័យ​កសិកម្ម​ និង​ឧស្សាហកម្ម​សតវត្សរ៍​ទី21​ លើ​ប្រធានបទ​៖ “កសិករ​វ័យ​ឆ្លាត​ និង​អនាគត​កម្ពុជា​”។

លោក​ នង​ វាសនា​ អគ្គនាយក​ក្រុមហ៊ុន​វិនិយោគ​ កុល​ វាសនា​ ក្នុងនាម​ជា​ក្រុមហ៊ុន​វិនិយោគ​ដ៏​ធំ​មួយ​ក្នុង​វិស័យ​កសិកម្ម​ និង​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ លោក​បាន​ថ្លែង​ថា​៖ “នៅ​កម្ពុជា​ វិស័យ​កសិកម្ម​ កសិ​-ឧស្សាហកម្ម​ និង​ការកែច្នៃ​ ផលិត​បាន​យ៉ាងតិច​ក្នុង​តម្លៃ​ចន្លោះ​ពី15​ ទៅ​ 18ពាន់​លាន​ដុល្លារ​ក្នុង1ឆ្នាំ​ នៅ​លើ​ផ្ទៃដី​កសិកម្ម​ដែល​ដាំដុះ​បច្ចុប្បន្ន​ ដោយ​មិន​បាច់​កាប់​ទន្ទ្រានព្រៃ​យក​ដី​ថ្មី​បន្ថែម​នោះ​ទេ​ ដោយ​គ្រាន់តែ​ប្រើប្រាស់​នូវ​បច្ចេកទេស​ និង​ការ​ដាំដុះ​ឱ្យ​បាន​ត្រឹមត្រូវ​តែប៉ុណ្ណោះ​”។

លោក​ វាសនា​ បាន​បញ្ជាក់​បន្ថែម​ថា​៖ “ការ​ធ្វើ​កសិកម្ម​ទាល់តែ​យើង​ប្រើ​បច្ចេកទេស​ត្រឹមត្រូវ​ ហើយ​មាន​ភាព​វៃឆ្លាត​ ដោយ​ត្រូវ​ធ្វើអ្វី​ដែល​មាន​ភាព​ច្បាស់លាស់​ ចេះ​ឱ្យ​ច្បាស់​ បើ​ថា​ដាំដូង​ ត្រូវ​ដាំ​ឱ្យ​ច្បាស់ជា​ដូង​ ដាំ​ទុរេន​ដាំ​ឱ្យ​ច្បាស់ជា​ទុរេន​ នោះ​យើង​នឹង​ជោគជ័យ​ហើយ​”។

លោក​បាន​បន្ត​ថា​៖ “ប្រសិនជា​យើង​ចង់​ធ្វើជា​កសិករ​ជោគជ័យ​នោះ​ ប្រសិនបើ​ប្រទេសជិតខាង​យើង​ធ្វើ​បាន​ យើង​ខំប្រឹង​ធ្វើ​ឱ្យ​បាន​ប្រហាក់​ប្រហែល​គេ​ ឬក៏​ពូកែ​ជាងគេ​ ទើប​យើង​អាច​ជោគជ័យ​បាន​ ព្រោះ​ថា​ ការ​ជួញដូរ​ពាណិជ្ជកម្ម​ ទោះបីជា​ក្នុង​វិស័យ​កសិកម្ម​ក៏​ការប្រកួត​ប្រជែង​មាន​លក្ខណៈ​តានតឹង​ដូច​ពាណិជ្ជ​កម្ម​ផ្សេង​ៗទៀត​ដែរ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ មានតែ​យើង​ខ្លាំង​ទេ​ ទើប​យើង​អាច​ផលិត​នូវ​ផលិត​ផលល្អៗ​បាន​លឿន​ បាន​ច្រើន​ និង​មានតម្លៃ​ថោក​ គុណភាព​ខ្ពស់​ នោះ​យើង​អាច​ទទួលជោគជ័យ​បាន​ ទោះ​តម្លៃ​ទីផ្សារ​បែប​ណា​ ក៏​យើង​នៅតែ​អាច​ទៅរួច​ដែរ​”។

ស្រប​ទៅ​នឹង​ការ​ចង្អុលបង្ហាញ​នេះ​ នាយកដ្ឋាន​កសិ​-ឧស្សាហកម្ម​នៃ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ធ្លាប់​បាន​លើកឡើង​នៅក្នុង​វេទិកា​“ការផ្គូផ្គង​អាជីវកម្ម​អាហារ​ និង​កសិ​-ឧស្សាហកម្ម​ឆ្នាំ​2019​” ថា​ ផលិតផល​កសិកម្ម​របស់​យើង​កាលពីមុន​មក​ គឺ​ធ្វើ​គ្រាន់តែ​ផ្គត់ផ្គង់​ជីវភាព​ និង​ការនាំចេញ​ គឺ​មាន​តិចតួច​ ហើយ​បើ​មកដល់​ពេល​បច្ចុប្បន្ន​នេះ​វិញ​ គឺ​មានការ​នាំចេញ​ច្រើន​ដែល​អាច​ឈាន​ចូល​ដល់​ក្នុង​ទីផ្សារ​អន្តរជាតិ​បាន​។

ដូចនេះ​យើង​ទាំងអស់គ្នា​ត្រូវតែ​នាំគ្នា​ធ្វើអ្វី​ដែល​យើង​នៅ​មានការ​ខ្វះចន្លោះ​ គឺ​បញ្ហា​កែច្នៃ​ ដែល​យើង​នៅ​មានការ​ខ្វះចន្លោះ​ច្រើន​ ហើយ​បើ​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ក្នុង​គោលការណ៍​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ឆ្នាំ2015​ -2025​ ធ្វើ​យ៉ាងណា​ឱ្យ​មានការ​កែច្នៃ​ផលិតផល​កសិកម្ម​ដើម្បី​នាំចេញ​ឱ្យ​បាន12​%”។ជាមួយគ្នា​នេះ​ដែរ​ កាលពី​ខែសីហា​កន្លងទៅ​ក្នុង​ព្រឹត្តិ​ការណ៍​តាំងពិព័រណ៍​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ (FASMEC​) បាន​ធ្វើជា​ដៃគូ​រៀបចំ​ពិធី​ជួបជុំ​ដ៏​ធំ​ និង​សំខាន់​មួយ​សម្រាប់​ឧស្សាហកម្ម​ចំណីអាហារ​ និង​កសិ​-ឧស្សាហកម្ម​កែច្នៃ​នៅ​កម្ពុជា​ ហើយក៏​ជា​វេទិកា​មួយ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បច្ចេក​ទេស​ថ្មី​ៗសម្រាប់​កែ​លម្អ​សមត្ថភាព​ដំណើរការ​គុណភាព​ និង​ការប្រកួត​ប្រជែង​ផលិតផល​ក្នុង​ស្រុក​ផង​ដែរ​។

អ្នកចូលរួម​មានឱកាស​ពង្រីក​បណ្តាញ​អាជីវកម្ម​របស់​ពួកគេ​ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​សិក្សា​អំពី​បទប្បញ្ញត្តិ​គ្រប់គ្រង​ឧស្សាហកម្ម​ម្ហូបអាហារ​ និង​កសិ​-ឧស្សាហកម្ម​កែច្នៃ​។ សម្រាប់​អ្នក​កែច្នៃ​ក្នុង​ស្រុក​ មានឱកាស​ពិនិត្យមើល​ការ​តាំង​បង្ហាញ​ផ្សេង​ៗពី​វត្ថុធាតុដើម​ ការ​វេច​ខ្ចប់​ គ្រឿងផ្សំ​ និង​ម៉ាស៊ីន​សម្រាប់​កែច្នៃ​អាហារ​ និង​ផលិតផល​កសិកម្ម​។

ឧបករណ៍​ទាំងនេះ​ទំនងជា​នឹង​រួមបញ្ចូល​ទាំង​ម៉ាស៊ីន​សម្រាប់​កែច្នៃ​អង្ករ​ បន្លែ​ ដំឡូងមី​ កៅស៊ូ​ ពោត​ គ្រាប់ស្វាយ​ចន្ទី​ ស្វាយ​ ចេក​ និង​ម្រេច​ ដែល​ជា​ផលិតផល​កសិកម្ម​សំខាន់​របស់​ប្រទេស​កម្ពុជា​ ដែល​វេទិកា​ផ្គូផ្គង​អាជីវកម្ម​សម្រាប់​សហគ្រាស​កែច្នៃ​ចំណីអាហារ​ និង​ផលិតផល​កសិកម្ម2019​ បាន​ធ្វើឡើង​ក្នុង​គោលបំណង​ចម្បង​ គឺ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​កែច្នៃ​កសិផល​នៅ​កម្ពុជា​ដែល​ជា​វិស័យ​សំខាន់​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​វិស័យ​ឧស្សាហកម្ម​ក្រៅពី​វិស័យ​កាត់ដេរ​ ដែល​បាន​កំណត់​គោលដៅ​ជំរុញ​ “ការនាំចេញ​ទំនិញ​កែច្នៃ​កសិកម្ម​ឱ្យ​បាន12​%នៃ​បរិមាណ​នាំចេញ​សរុប​នៅ​ឆ្នាំ2025​”។

យោង​តាម​របាយការណ៍​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ឯកឧត្តម​ វេង​សា​ខុន​ បានឱ្យ​ដឹង​ថា​ រយៈពេល​ 8ខែ​ នៃ​ឆ្នាំ2019​នេះ​ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ជិត​ 3លាន​តោន​។ ឯទីផ្សារ​កសិផល​របស់​កម្ពុជា​ រួមមាន​ប្រទេស​ចិន​ សហគមន៍​អឺរ៉ុប​ វៀតណាម​ ថៃ​ ឥណ្ឌា​ កូរ៉េ​ អូស្ត្រាលី​ អារ៉ាប៊ីសាអ៊ូឌីត​ និង​ប្រទេស​មួយចំនួន​ទៀត​។

របាយការណ៍​បាន​បង្ហាញថា​ រយៈពេល​ជាង​ 8ខែ​មកនេះ​កម្ពុជា​ បាន​នាំចេញ​អង្ករ​ជាង​ 35ម៉ឺន​តោន​ ដំឡូងមី​ក្រៀម​ជិត​ 1លាន​តោន​ ដំឡូងមី​ស្រស់​ជិត​ 90ម៉ឺន​តោន​ ម្សៅដំឡូង​មី​ជាង​ 4ម៉ឺន​តោន​ គ្រាប់ស្វាយ​ចន្ទី​ជាង​ 16ម៉ឺន​តោន​ គ្រាប់ពោត​ជាង​ 11ម៉ឺន​តោន​ សណ្តែកសៀង​ជាង​ 8ពាន់​តោន​ ចេក​ ជាង​ 9ម៉ឺន​តោន​ ផ្លែស្វាយ​ជាង​ 3ម៉ឺន​តោន​ ម្រេច​ជាង​ 3ពាន់​តោន​ បន្លែ​ជាង​ 100តោន​ និង​កសិផល​ផ្សេង​ៗទៀត​ជិត​ 20ម៉ឺន​តោន​។

លោក​ នង​ វាសនា​ បាន​បញ្ជាក់​បន្ថែម​ថា​៖ “ទីផ្សារ​វិស័យ​កសិកម្ម​មាន​តម្រូវការ​ខ្លាំង​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​ ដោយ​ក្នុង​ 1ឆ្នាំ​ៗកម្ពុជា​នាំចូល​បន្លែ​ ត្រី​សាច់​ និង​ផ្លែឈើ​ក្នុង​តម្លៃ​ខ្ទង់ពាន់​លាន​ដុល្លារ​ ដូច្នេះហើយ​ការផលិត​ផលិតផល​កសិកម្ម​ គឺ​ជា​ការចាំបាច់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក​ ជំនួស​ការនាំចូល​ដែល​អាច​ធានា​បាន​នូវ​គុណភាព​ដល់​ប្រជាជន​កម្ពុជា​ផង​ដែរ​ ហើយ​ក្រៅពី​ផលិត​សម្រាប់​តម្រូវការ​ក្នុង​ស្រុក​ នៅ​មាន​ប្រជាជន​រាប់ពាន់​លាន​នាក់​ទៀត​នៅ​ក្រៅ​ស្រុក​ដែល​មាន​តម្រូវការ​ផលិតផល​កសិកម្ម​ ហើយ​ការនាំចេញ​នេះ​នឹង​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាជន​យើង​រីកចម្រើន​”។

ជា​រួម​ កម្ពុជា​បាន​និង​កំពុង​ធ្វើ​ទំនើបកម្ម​ក្នុង​វិស័យ​កសិកម្ម​ ដោយ​ផ្តោត​ទៅលើ​ការ​ធ្វើ​ពិពិធ​កម្ម​ដំណាំ​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​ផលិតកម្ម​កសិកម្ម​ទំនើបកម្ម​នៅក្នុង​ប្រព័ន្ធ​ខ្សែ​ចង្វាក់​ផលិតកម្ម​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​ ការ​ពង្រឹង​សមត្ថភាព​នៃ​សេវាកម្ម​ ការផ្ទេរ​បច្ចេកទេស​កសិកម្ម​ទំនើប​ ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ និង​ពង្រឹង​សមត្ថភាព​សហគមន៍​កសិកម្ម​ ដើម្បី​ធានា​ស្ថិរភាព​នៃ​ការ​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​ក្នុង​ និង​ក្រៅ​ប្រទេស​ ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ក្នុង​គោលដៅ​បង្កើន​សហគ្រិនភាព​ និង​មាន​លក្ខណៈ​ជា​អាជីព​ក្នុង​អាជីវកម្ម​កសិកម្ម​៕

Advertisement