​កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​លើកដំបូង​នៅ​ឆ្នាំ2020​

បើ​ទោះបីជា​មិន​បង្ហាញ​អំពី​កាលបរិច្ឆេទ​ច្បាស់លាស់​អំពី​ខែ​ ​ឬ​ថ្ងៃ​នៃ​ការ​ទទួល​បាន​ដំណក់​ប្រេង​ដំបូង​របស់​កម្ពុជា​យ៉ាងណាក៏ដោយ​ ​ក៏​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​គូសបញ្ជាក់​ថា​ ​ដំណក់​ ​ប្រេង​ដំបូង​របស់​កម្ពុជា​នឹង​ទទួល​បាន​ក្នុង​ឆ្នាំ2020​ ​ខាងមុខ​។​ ​នេះ​បើ​តាម​ការ​ថ្លែង​ ​របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ​នាយក​រដ្ឋមន្ត្រី​ ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ធនធានមនុស្ស​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ​ ​ទី18​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ថា​ ​សម្ដេច​មិនទាន់​ប្រកាស​ពី​កាលបរិច្ឆេទ​ ​ពិតប្រាកដ​អំពី​ដំណក់​ប្រេង​ដែល​កម្ពុជា​នឹង​ទទួល​បាន​ជាលើកដំបូង​នោះ​ទេ​ ​ព្រោះ​សម្ដេច​មិន​ចង់ឱ្យ​មាន​កំហុស​ដូច​កាលពី​ឆ្នាំ2012​ ​ទៀត​ ​ដែល​ពេលនោះ​ខាង​ក្រុមហ៊ុន​រុករក​ប្រេង​បាន​ប្រាប់​យើង​ថា​ដំណក់​ប្រេង​ដំបូង​ ​នឹង​ចេញ​នៅពេល​ណា​។​ ​ឥឡូវ​ដំណក់​ប្រេង​របស់​យើង​នឹង​ចេញ​ក្នុង​ឆ្នាំ2020​ ​តែ​ថ្ងៃខែ​ជាក់លាក់​ ​សម្ដេច​នឹង​ប្រកាស​នៅពេល​ក្រោយ​ ​បន្ទាប់ពី​ធ្វើការងារ​ជាមួយ​ក្រុមហ៊ុន​ដែល​កំពុងតែ​កសាង​យ៉ាង​មមាញឹក​ ​សម្រាប់​ការ​បូម​ប្រេង​ដំបូង​របស់​កម្ពុជា​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​បន្ថែម​ថា​ ​នៅពេល​កម្ពុជា​ទទួល​បាន​ដំណក់​ប្រេង​ជាលើកដំបូង​នេះ​ ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​កើនឡើង​ប្រមាណ​ជិត​ ​30ពាន់​លាន​ដុល្លារ​អាមេរិក​ ​ហើយ​ទំហំ​នេះ​នឹង​ផ្តល់​ចំណូល​ប្រចាំឆ្នាំ​ឱ្យ​មនុស្ស​ម្នា​ក់ៗ​ប្រមាណ​ ​1,800ដុល្លារ​អាមេរិក​ ​ដោយ​នៅក្នុង​ឆ្នាំ2019​ ​នេះ​ ​ចំណូល​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​មនុស្ស​ម្នា​ក់ទ​ទូល​បាន​ ​1600ដុល្លារ​អាមេរិក​រួចហើយ​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា​ ​មកដល់ពេលនេះ​ ​កម្ពុជា​មិនទាន់​ប្រើប្រាស់​ធនធាន​របស់​ខ្លួន​អស់​នៅឡើយ​ទេ​ ​ដូចជា​ប្រេង​ ​ជា​ឧស្ម័ន​ ​រ៉ែ​មាស​ ​និង​ជា​ធ្យូងថ្ម​ជាដើម​។​ ​ហើយ​កាលពី​ពេលថ្មីនេះ​កម្ពុជា​រក​ឃើញ​រ៉ែ​ធ្យូងថ្ម​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ ​ហើយនឹង​បង្កើត​ជា​កន្លែង​ផលិត​ថាមពល​អគ្គិសនី​ដ៏​ធំ​របស់​កម្ពុជា​មួយទៀត​។​

​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ​ក្រៅពី​រ៉ែ​ប្រេង​ ​ធ្យូងថ្ម​ហើយ​នោះ​ ​កម្ពុជា​នឹង​មានការ​វិនិយោគ​លើ​រ៉ែ​មាស​ដោយក្រុម​ហ៊ុន​អូស្ត្រាលី​ ​ដែល​នឹង​ធ្វើ​អា​ជី​កម្ម​ក្នុង​ខ្នាត​មួយ​ដែល​ទទួល​បាន​ប្រាក់ចំណូល​គួរសម​ផង​ដែរ​។​ ​តែ​យ៉ាងណា​ក៏​សម្តេច​តេជោ​រំពឹង​ធំជាង​គេ​ ​គឺ​ចំណូល​បាន​មក​ពី​ដំណក់​ប្រេង​ជាលើកដំបូង​របស់​កម្ពុជា​ដែល​នឹង​ទទួល​បាន​នា​ពេល​ខាងមុខនេះ​។​

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ថា​៖​«​ប៉ុន្តែ​ការ​រំពឹង​ធំជាង​គេ​របស់ខ្ញុំ​ ​គឺ​រំពឹង​ទៅលើ​ប្រេង​ដែល​យើង​អាច​នឹង​មាននៅ​ពេល​ខាងមុខ​ ​ហើយ​យើង​មិនទាន់​បាន​ប្រើប្រាស់​នោះ​ទេ​។​ ​ជាង​នេះ​ទៀត​ ​យើង​កំពុងតែ​ចរចា​ជាមួយ​ប្រទេស​ថៃ​ទៅលើ​តំបន់​ដែល​ត្រួត​គ្នា​ ​ដើម្បី​អភិវឌ្ឍន៍​រួម​ក្នុង​តំបន់​ត្រួត​គ្នា​នោះ​ដើម្បី​ទទួល​ចំណូល​កាន់តែ​ច្រើន​បន្ថែម​ទៀត​។​ ​ប្រសិនបើ​បាន​ប្រាក់ចំណូល​ពី​ធនធាន​ធម្មជាតិ​ ​គោលដៅ​ធំ​របស់​រាជរដ្ឋាភិបាល​ ​គឺ​ចំណាយ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ទាំង​ផ្នែក​រឹង​ ​និង​ផ្នែក​ទន់​ ​ពោល​ទាំង​ផ្លូវថ្នល់​ ​ប្រឡាយ​ទឹក​ ​និង​ការអប់រំ​»​៕​

Advertisement