ជប៉ុន​-កម្ពុជា​បង្ហាញ​គម្រោង​ វិនិយោគ​លើ​ផលិតកម្ម​ក្រោម​ស្លាក​សញ្ញា​រួម​ ផ្តោត​លើ​ទីផ្សារ​ជាតិ​-អន្តរជាតិ​

ទីប្រឹក្សា​ពិសេស​នៃ​គណៈរដ្ឋ​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​គម្រោង​ចង់ឱ្យ​អ្នក​វិនិយោគ​ជប៉ុន​សហការ​ជាមួយ​អ្នក​វិនិយោគ​កម្ពុជា​ មិន​ត្រឹមតែ​ផលិត​ផលិតផល​សម្រាប់​តែ​ការនាំចេញ​ប៉ុណ្ណោះទេ​ តែ​ត្រូវ​ផលិត​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​នៅ​កម្ពុជា​ផង​ដែរ​ ក្នុង​គោលបំណង​បង្កើន​ទំនុកចិត្ត​ និង​ជំរុញ​ការប្រើ​ប្រាស់​ផលិតផល​ក្នុង​ស្រុក​ តាមរយៈ​ការប្រើ​ប្រាស់​ស្លាក​សញ្ញាសម្គាល់​រួម​ “ផលិត​ដោយ​ជប៉ុន​-កម្ពុជា​ នៅក្នុង​ប្រទេស​កម្ពុជា​”។

លោក​ ARAI​ Hiroyuki​ ទីប្រឹក្សា​ពិសេស​នៃ​គណៈរដ្ឋ​មន្ត្រី​ជប៉ុន​ ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​គោលបំណង​ខាងលើ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយនឹង​ឯកឧត្តម​ ប៊ុ​ន ចន្ធី​ អនុរដ្ឋ​លេខាធិការ​ ក្រសួង​ពាណិជ្ជកម្ម​ កាលពី​ពាក់កណ្ដាល​ខែតុលា​កន្លងទៅ​ ទាក់ទង​នឹង​ការជំរុញ​សហគ្រាស​ធុន​តូច​-មធ្យម​(SME​)ដោយ​ប្រើ​ស្លាក​សញ្ញា​សម្គាល់​“ជប៉ុន​-កម្ពុជា​”ក្នុង​ទិសដៅ​បង្កើនផលិតផល​សម្រាប់​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​។

លោក​ ARAI​ Hiroyuki​ បាន​បង្ហាញ​កត់សម្គាល់​អំពី​ការ​អភិវឌ្ឍ​ និង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ ប្រទេស​ទាំង2​ “កម្ពុជា​-ជប៉ុន​” និង​បាន​ថ្លែង​អំពី​គោលបំណង​នៃ​កិច្ចពិភាក្សា​ការងារ​នេះ​ដែល​មាន​ចំណុច​មួយ​ចំនួន​ដូច​ខាងក្រោម​៖

ទី1​-ចង់ឱ្យ​អ្នក​វិនិយោគ​ជប៉ុន​សហការ​ជាមួយ​អ្នក​វិនិយោគ​កម្ពុជា​ មិន​ត្រឹមតែ​ផលិត​ផលិតផល​សម្រាប់​តែ​ការនាំចេញ​ប៉ុណ្ណោះទេ​ តែ​ត្រូវ​ផលិត​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅ​កម្ពុជា​ផង​ដែរ​ ក្នុង​គោលបំណង​បង្កើន​ទំនុកចិត្ត​ និង​ជំរុញ​ការប្រើ​ប្រាស់​ផលិតផល​ក្នុង​ស្រុក​ តាមរយៈ​ការប្រើ​ប្រាស់​ស្លាក​សញ្ញាសម្គាល់​រួម​ “ផលិត​ដោយ​ជប៉ុន​-កម្ពុជា​ នៅក្នុង​ប្រទេស​កម្ពុជា​”។

ទី2​- បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​ និង​រិះរក​វិធី​សាស្ត្រ​ក្នុង​ការបង្កើត​សហគ្រាស​ធុន​តូច​-មធ្យម​(SME​) ជប៉ុន​ និង​កម្ពុជា​ ដោយ​ជួល​កម្មករ​ជំនាញ​កម្ពុជា​ដែល​មាន​ជំនាញ​ និង​បទ​ពិសោធ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ស្រាប់​ឱ្យមក​ធ្វើការ​នៅក្នុង​ស្រុក​ ដើម្បី​ផលិត​ហើយ​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​ សំដៅ​កាត់បន្ថយ​ចំណាយ​លើ​ការនាំចូល​។

ទី3​- ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ចំណេះដឹង​បន្ថែម​ពី​អ្វី​ដែល​បាន​សហការ​គ្នា​ និង​ពង្រឹង​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​ ពិសេស​លើ​ការបង្កើត​ឱ្យ​មាន​ជំនួប​វិនិយោគិន​ SME​ ជប៉ុន​-កម្ពុជា​ ដោយសារតែ​ទាំង​និយោជិក​ និង​កម្មករ​ជំនាញ​កម្ពុជា​ ដែល​កំពុងធ្វើការ​តាម​បណ្តា​ក្រុមហ៊ុន​ និង​សហគ្រាស​នៅ​ប្រទេស​ជប៉ុន​សព្វថ្ងៃ​មាន​ចំនួន​ប្រមាណ​ជា​ 12,000នាក់​ នឹង​ក្លាយជា​កត្តា​មួយ​ជួយ​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ជប៉ុន​សម្រេចចិត្ត​មក​បើក​សហគ្រាស​ផលិតកម្ម​ និង​លក់​រួមគ្នា​នៅ​កម្ពុជា​។

ជា​ការ​ឆ្លើយតប​នឹង​បំណង​របស់​ភាគី​ជប៉ុន​នេះ​ឯកឧត្តម​ ​;ប៊ុ​ន ចន្ធី​ អនុរដ្ឋ​លេខា​នៃ​ក្រសួង​ពាណិជ្ជកម្ម​ បាន​សម្តែង​ការ​គាំទ្រ​លើ​គំនិត​ផ្តួចផ្តើម​ទាំងនេះ​ ហើយ​បាន​សន្យា​ថា​ នឹង​រាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ អំពី​កិច្ចពិភាក្សា​នេះ​ដើម្បី​ស្នើសុំ​អនុសាសន៍​ណែនាំ​។

ឯកឧត្តម​ ក៏បាន​លើកឡើង​ដែរ​ថា​ កម្ពុជា​ និង​ជប៉ុន​មាន​ចំណងមិត្តភាព​ជាយូរមកហើយ​ ដែល​ជាហេតុ​នាំ​ឱ្យ​ប្រទេស​ទាំង2​ មាន​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ស្អិតល្មួត​ ទាំង​វិស័យ​ការទូត​ និង​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​។ ឯកឧត្តម​ក៏បាន​បន្ថែម​ទៀត​ដែរ​ថា​ កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ មាន​សម្ទុះ​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

យ៉ាងណាមិញ​ឯកឧត្តម​ អនុរដ្ឋ​លេខាធិការ​ បាន​ឱ្យ​ដឹង​ថា​ “កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ មាន​សម្ទុះ​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​លេខ3​ ក្នុង​ការនាំចេញ​ទំនិញ​ទៅ​ជប៉ុន​ ហើយ​ជប៉ុន​ជាប់​ចំណាត់ថ្នាក់​លេខ9​ ក្នុង​ការ​នាំ​ទំនិញ​មក​កម្ពុជា​។ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ 1,588លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ2018​”។

ឯកឧត្តម​ក៏បាន​លើកឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង2​ ផ្អែក​តាមរយៈ​ជំនួប​ពិភាក្សា​ការងារ​ វេទិកា​ធុរកិច្ច​ ការផ្គូផ្គង​វិនិយោគិន​ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​ផ្ទាល់​ពីជ​ប៉ុន​ ជាពិសេស​កម្ពុជា​រំពឹង​យ៉ាង​មុតមាំ​ថា​រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ផ្តល់​ជំនួយ​ទាំង​ថវិកា​ បច្ចេកទេស​ និង​ធនធានមនុស្ស​ដល់​កម្ពុជា​បន្ត​ទៀត​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។

ចំណែក​ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងប្រាប់​កាសែត​ ឡា​រ៉ែ​ន ថា​៖“ប្រសិនបើ​ គម្រោង​ដែល​បាន​ពិភាក្សា​ នេះ​លេចចេញ​ជារូបរាង​នោះ​ គឺ​ចាំបាច់​ត្រូវតែ​ឆ្លងកាត់​ផ្នែក​ចុះ​ ម៉ាក​សញ្ញា​ ដែល​គាត់​ចង់​ចុះបញ្ជី​សម្គាល់​ផលិតផល​នោះ​ ថា​តើមាន​ដូច​ផលិតផល​គេ​ដែរ​ឬទេ​?ត្រូវ​ប្រើ​ម៉ាក​សញ្ញាសម្គាល់​ទៅតាម​នីតិវិធី​ និង​ប្រសិនបើ​គ្មាន​បញ្ហា​អ្វី​ទេ​នោះ​ យើង​ស្វាគមន៍​ និង​ជំរុញ​ការ​លក់​ និង​អាច​ធ្វើការ​នាំចេញ​បាន​”។

ឯកឧត្តម​ បាន​ថ្លែង​បន្ត​ទៀត​ថា​៖“កិច្ចការ​នេះ​ក៏​មានហេតុ​ផល​ខ្លះ​ដែរ​ គឺទី1​-ការចុះបញ្ជី​ម៉ាក​សញ្ញា​សម្គាល់​ផលិតផល​ គឺ​ស្ថិតនៅ​ក្រោម​នាយកដ្ឋាន​ត្រេ​ដម៉ា​ក (Trade​ Mark​) ថា​ គាត់​ដាក់ពាក្យ​ចុះ​ម៉ាក​សញ្ញាសម្គាល់​ផលិតផល​នោះ​ បាន​ ឬមិន​បាន​? បើ​បាន​ វា​ជាការល្អ​ដើម្បី​ជំរុញ​ការនាំចេញ​។ ទី2​-ប៉ុន្តែ​ត្រូវ​ពាក់ព័ន្ធ​មួយផ្នែកទៀត​ ព្រោះ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ត្រូវ​ទាក់ទង​ទៅ​ក្រសួង​ឧស្សាហកម្ម​ដែរ​ ព្រោះ​គាត់​ត្រូវ​ចុះឈ្មោះ​បើក​សហគ្រាស​ដោយ​គាត់​ជា​ SME​ ក្នុង​ស្រុក​”។

ឯកឧត្តម​ ស៊ាង​ ថៃ​ បាន​បញ្ជាក់​បន្ថែម​ថា​៖ “បើ​ដំណើរការ​ទៅ​បាន​ វា​នឹង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​របស់​យើង​ដែរ​ ព្រោះ​បច្ចុប្បន្ន​ទំនិញ​ភាគច្រើន​ត្រូវ​ផ្អែក​ទៅលើ​ម៉ាក​សញ្ញា​ជា​សំខាន់​ សំដៅ​ទៅលើ​ម៉ាក​ សំដៅ​ទៅលើ​ក្រុមហ៊ុន​ផលិត​ ជាដើម​។ ក្រុមហ៊ុន​សំ​ខាន់​ធំៗ​ ក៏​គេ​មើលទៅ​លើ​ម៉ាក​សញ្ញា​នេះ​ ហើយ​ប្រសិន​កិច្ចការ​នេះ​ដំណើរការ​ទៅ​ដោយ​រលូន​នោះ​យើង​នឹង​ឃើញ​គាត់​ដាក់ពាក្យ​ស្នើសុំ​ ហើយ​ក្រសួង​នឹង​ស្វាគមន៍​ដើម្បី​ការជំរុញ​បង្កើន​ និង​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍន៍​ SME​ របស់​យើង​”៕

Advertisement