9ខែ​ឆ្នាំនេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ប្រមូល​ចំណូល​ចូល​ថវិការដ្ឋ​បាន​ជិត​ ​5ពាន់​លាន​ដុល្លារ​

នៅ​រយៈពេល​ ​9ខែ​ ​ឆ្នាំ2019នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រមូល​ចំណូល​ចូល​ថវិការដ្ឋ​សរុប​ ​ចំនួន​ប្រមាណ​ ​19.125ប៊ី​លាន​រៀល​ ​(​ប្រមាណ​ជិត​ ​5ពាន់​លាន​ដុល្លារ​)​ ​ស្មើនឹង​ ​90​%​ ​ធៀប​នឹង​ច្បាប់​ថវិកា​ ​ឆ្នាំ2019​។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ស្តី​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​និង​ក្រុមការងារ​បច្ចេកទេស​បាន​បញ្ជាក់​ថា​ ​«​តាមរយៈ​របាយការណ៍​បូកសរុប​ ​រហូតមកដល់​ត្រីមាស​ទី​ ​3​ ​នេះ​ ​គ្រប់​ផ្នែក​នៃ​ផែនការ​សកម្មភាព​រួម​នៃ​ការងារ​កែទម្រង់​ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​នៅ​បន្ត​មាន​វឌ្ឍនភាព​ល្អ​ ​និង​វិជ្ជមាន​។​ ​ក្នុងរយៈពេល​ ​9ខែ​កន្លងទៅ​នេះ​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រមូល​ចំណូល​ចូល​ថវិការដ្ឋ​សរុប​ប្រមាណ​ ​19,125ប៊ី​លាន​រៀល​ ​ស្មើនឹង៩០​%​ ​ធៀប​នឹង​ច្បាប់​ថវិកា​ឆ្នាំ2019​»​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងសេដ្ឋកិច្ច​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ​ការអនុវត្ត​ផែនការ​ប្រមូល​ចំណូល​ប្រចាំត្រីមាស​ទី3​ ​បង្ហាញថា​ ​ទិន្នផល​ចំណូល​បាន​ពី​ការ​ប្រមូល​ដោយ​ពន្ធគយ​ ​និង​រដ្ឋាករ​មាន​ប្រមាណ​ ​49​%​,​ ​ពន្ធដារ​មាន​ប្រមាណ​ ​32​%​,​ ​ចំណូល​មិនមែន​សារពើពន្ធ​មាន​ប្រមាណ​ ​12​%​ ​និង​ចំ​ណូល​ផ្សេង​ៗ​ប្រមាណ​ ​6​%​។​ ​រី​ឯ​ការអនុវត្ត​ចំណាយ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​ ​បាន​តាមច្បាប់​ជាធរមាន​។​ ​

​សម្រាប់​ការអនុវត្ត​សកម្មភាព​នៃ​ការងារ​កែទម្រង់​ទាំង​ក្របខ័ណ្ឌ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ក៏ដូចជា​ក្របខ័ណ្ឌ​ក្រសួង​-​ស្ថាប័ន​ ​កំពុង​បន្ត​មាន​វឌ្ឍនភាព​ល្អ​ប្រសើរ​ ​ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​អាច​សម្រេច​បាន​គោលដៅ​ប្រចាំឆ្នាំ​។​

​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញ​ ​វត្ថុ​ ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ ​បាន​គូសបញ្ជាក់​ថា​ ​ការ​ប្រមូល​ចំណូល​ ​និង​ការអនុវត្ត​ចំណាយ​ ​នៅ​បន្ត​មាន​សុខភាព​ល្អ​ធៀប​នឹង​ឆ្នាំ​មុន​ៗ​ ​និង​នៅ​រក្សា​បាន​និន្នាការ​ល្អ​ប្រសើរ​ ​ទៅតាម​ការ​គ្រោងទុក​។​
​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​កិច្ច​ការ​គន្លឹះ​ៗ​មួយចំនួន​ទៀត​ត្រូវ​បន្ត​ពង្រឹង​ក្នុង​ការអនុវត្ត​ ​កសាង​ ​និង​រៀបចំ​បញ្ចប់​រួមមាន​ការរៀបចំ​បញ្ចប់​លិខិត​បទដ្ឋាន​គតិ​យុត្ត​ ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ចំណូល​ ​មិនមែន​សារពើពន្ធ​ ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ ​ផែនការ​សកម្មភាព​លម្អិត​សម្រាប់​ការអនុវត្ត​យុទ្ធ​សា​ស្ត្​រ​គន្លឹះ​ៗ​នានា​ ​ដូចជា​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈ​ ​ឆ្នាំ2019​-​2025​ ​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិការដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ ​យុទ្ធសាស្ត្រ​កែទម្រង់​ប្រព័ន្ធ​ថវិការដ្ឋ​បាល​ថ្នាក់​ ​ក្រោម​ជាតិ​ ​ឆ្នាំ​ ​2019​-​2025​ ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​ ​2019​-​2023​ ​និង​អនុក្រឹត្យ​ស្តី​ពី​ការគ្រប់គ្រង​ ​គម្រោង​វិនិយោគ​សាធារណៈ​ ​ជាដើម​។​

​ឯកឧត្តម​ ​អគ្គបណ្ឌិត​សភា​ចារ្យ​ ​ក៏បាន​ផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម​ ​លើ​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​ ​ដោយ​ត្រូវ​គិតគូរ​រៀបចំ​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ ​តាមរយៈ​ការ​បន្ត​បណ្តុះបណ្តាល​ដែល​ជាក់លាក់​ ​ប្រកបដោយ​គុណភាព​ ​ក៏ដូចជា​បំពាក់​ជំនាញ​ច្បាស់លាស់​ ​និង​ប្រើប្រាស់​ធនធាន​ ​ដែល​បាន​បណ្តុះបណ្តាល​ឱ្យ​ត្រូវ​តាម​តួនាទី​ ​និង​ភារកិច្ច​ ​និង​ជំនាញ​នី​មួយ​ៗ​។​

​ជាមួយគ្នា​នេះ​ ​តំណាង​ដៃគូ​អភិវឌ្ឍន៍​ ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ ​ដែល​សម្រេច​បាន​ក្នុង​ត្រីមាស​ទី3​ ​និង​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​កែទម្រង់​យ៉ាងសកម្ម​ពី​ក្រសួង​-​ស្ថាប័ន​ ​ទាំងអស់​។​ ​ដៃគូ​អភិវឌ្ឍន៍​ ​ក៏បាន​ផ្តល់​អនុសាសន៍​បន្ថែម​ជាពិសេស​ទៅលើ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ចំណាយ​របស់ក្រ​សួង​-​ស្ថាប័ន​,​ ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ ​(​Financial​ ​Management​ ​Information​ ​System​ ​-​ ​FMIS​)​ ​និង​ពង្រឹង​ការ​ផ្សព្វផ្សាយ​លើ​ការ​ត្រួតពិនិត្យ​ការអនុវត្ត​ថវិកា​កម្មវិធី​។​ ​បន្ថែម​ពីនេះ​ ​ដៃគូ​អភិវឌ្ឍន៍​ ​នៅតែ​បន្ត​ផ្តល់​ការ​សហការ​ល្អ​ ​និង​កិច្ច​គាំទ្រ​ ​ទាំង​ជំនួយ​បច្ចេកទេស​ ​និង​ហិរញ្ញវត្ថុ​ ​ទៅលើ​សកម្មភាព​គន្លឹះ​សំ​ខាន់​ៗ​របស់​ការងារ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​នៅ​កម្ពុជា​នេះ​៕​

Advertisement