​ ​ពលរដ្ឋខ្មែរ​ ​និង​ជប៉ុន​ដែល​ស្នាក់នៅ​កម្ពុជា​ ​រួមគ្នា​សម្អាត​ទីក្រុង​ភ្នំពេញ​ ​ ​

ពលរដ្ឋខ្មែរ​ ​និង​ជប៉ុន​ដេល​ស្នាក់នៅ​កម្ពុជា​ ​ដែល​មក​ពី​ស្ថាប័នរដ្ឋ​ ​និង​ឯកជន​ប្រមាណ​ជាង1,300នាក់​ ​បាន​ចូលរួម​កម្មវិធី​ ​«​ភ្នំពេញ​ ​ទីក្រុង​ស្អាត​»​ ​រៀបចំឡើង​ដោយ​ជនជាតិ​ជប៉ុន​លើក​ទី2​ ​សហការ​រៀបចំ​ដោយ​ក្រសួងបរិស្ថាន​ ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​ ​និង​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើឡើង​នៅ​សួនច្បារ​មាត់ទន្លេ​ ​នៅ​ថ្ងៃទី24​ ​ខែវិច្ឆិកា​ ​ឆ្នាំ2019​។​

​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​លើកឡើង​ថា​ ​ក្រសួងបរិស្ថាន​សូម​គាំទ្រ​ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី​ ​«​ភ្នំពេញ​ ​ទីក្រុង​ស្អាត​»​ ​ដែល​បង្កើត​ជា​ឱកាស​ជួបជុំ​មួយ​ក្នុងចំណោម​អ្នក​ស្រឡាញ់​បរិស្ថាន​ដើម្បី​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ ​និង​សម្អាត​ទីក្រុង​។​ ​លោក​ថ្លែង​ថា​ ​«​នេះ​គឺជា​សកម្មភាព​ដ៏​មានតម្លៃ​ក្នុង​ការ​លើកកម្ពស់​ការយល់​ដឹង​អំពី​បរិស្ថាន​ ​បណ្តុះ​ស្មារតី​ស្រឡាញ់​បរិស្ថាន​នៅក្នុងចំណោម​ប្រជាពលរដ្ឋ​ ​និង​ចូលរួម​សម្អាត​អនាម័យ​ ​បរិស្ថាន​ទីក្រុង​របស់​យើង​ ​ក៏ដូចជា​ជំរុញ​ចលនា​សម្អាត​ទីក្រុង​ ​ធ្វើ​យ៉ាងណា​ឱ្យ​ទីក្រុង​យើង​កាន់តែ​មាន​សោភណភាព​ ​បរិស្ថាន​ស្អាត​ ​និង​ប្រកបដោយ​ផាសុកភាព​សម្រាប់​ការរស់នៅ​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​»​។​

​ ​លោក​ ​មិ​កាមិ​ ​ម៉ា​សា​ហ៊ី​រ៉ូ​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​បាន​ថ្លែង​ថា​៖​ ​«​បញ្ហា​សំរាម​ទីក្រុង​មិនមែន​មានតែ​នៅ​កម្ពុជា​ប៉ុណ្ណោះទេ​ ​នៅ​ប្រទេស​ជប៉ុន​ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែរ​។​ ​ចាប់ពី​ឆ្នាំក្រោយ​ទៅ​ ​ទាំង​កម្ពុជា​ ​ទាំង​ជប៉ុន​ ​ប្រទេស​ទាំង2​ ​នឹង​រៀបចំ​នូវ​ព្រឹត្តិ​ការណ៍​កីឡា​ ​និង​កិច្ចប្រជុំ​ខ្នាត​អន្តរជាតិ​ជាបន្តបន្ទាប់​ ​ដែល​ភ្ញៀវ​ទេសចរ​ច្រើន​នឹង​ធ្វើដំណើរ​មកកាន់​កម្ពុជា​ ​និង​ជប៉ុន​។​ ​ទីក្រុង​ស្អាត​គឺជា​គារវកិច្ច​ចម្បង​ក្នុង​ការ​ស្វាគមន៍​ភ្ញៀវ​ ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ ​ហើយក៏​ជា​អ្វី​ដែល​ឆ្លុះបញ្ចាំង​ពី​ប្រទេស​ ​និង​ទីក្រុង​ទាំងមូល​ដែរ​។​ ​ខ្ញុំ​សង្ឃឹមថា​ ​ចាប់ពី​ពេលនេះ​តទៅ​ ​ទាំង​ជនជាតិ​ជប៉ុន​ ​និង​ជនជាតិ​កម្ពុជា​ ​យើង​ទាំងអស់គ្នា​ ​នឹង​ចូលរួម​គិតគូរ​ ​សហការ​ ​ដើម្បី​ថែរក្សា​បរិស្ថាន​ ​និង​សោភណភាព​ទីក្រុង​ ​ហើយ​បង្កើត​ទីក្រុង​ដែល​ងាយស្រួល​រស់នៅ​»​។​

​នៅចំពោះមុខ​អ្នកចូលរួម​ទាំងអស់​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា​ ​កម្មវិធី​ ​ភ្នំពេញ​ ​ទីក្រុង​ស្អាត​ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃនេះ​នឹង​ក្លាយជា​និមិត្តរូប​សាមគ្គីភាព​ជា​អមតៈ​រវាង​កម្ពុជា​ ​និង​ជប៉ុន​ទាំង​ផ្នែក​ទំនាក់ទំនង​ការទូត​ ​និង​ទំនាក់ទំនង​រវាង​ប្រជាជន​ ​និង​ប្រជាជន​ ​និង​រួមគ្នា​គិតគូរ​ ​ស្រឡាញ់​បរិស្ថាន​។​ ​លោក​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គិតគូរ​ពី​ការទប់ស្កាត់​ការ​បំពុល​ដោយ​ប្លាស្ទិក​ដោយ​ចៀសវាង​ ​ឬ​បញ្ឈប់​ការប្រើ​ប្រាស់​ផលិតផល​ប្លាស្ទិក​ដែល​ប្រើ​តែម្តង​បោះចោល​ដូចជា​បំពង់បឺត​ទឹក​ជ័រ​ ​ចាន​ស្លាបព្រា​ជ័រ​ ​ស្នោ​ ​និង​ ​កែវ​ជ័រ​ ​ជាដើម​ ​ដោយ​ងាក​មក​ប្រើប្រាស់​ ​ផលិតផល​ដែល​មាន​មេត្រីភាព​ជាមួយ​បរិស្ថាន​វិញ​។​

​ ​នៅក្នុង​កម្មវិធី​ ​ភ្នំពេញ​ ​ទីក្រុង​ស្អាត​ ​រៀបចំ​ដោយ​ជនជាតិ​ជប៉ុន​លើក​ទី2​ ​នេះ​ ​អ្នកចូលរួម​ប្រកបដោយ​ដង្កៀប​ ​និង​ថង់​បាន​ដើរ​រើស​សំណល់​សំរាម​ ​ដែល​ត្រូវ​បាន​បោះចោល​រាយប៉ាយ​តាម​សួនច្បារ​ ​ដែល​ជន​មួយចំនួន​តូច​បាន​បោះចោល​ឥត​សណ្តាប់​ធ្នាប់​ ​និង​បាន​ដើរ​សម្អាត​តាម​ឆ្នេរទន្លេ​ផង​ដែរ​។​ ​ទាំង​លោក​ ​មិ​កាមិ​ ​ម៉ា​សា​ហ៊ី​រ៉ូ​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​លោក​ ​ហួត​ ​ហៃ​ ​អភិបាលរង​រាជធានី​ភ្នំពេញ​ ​សុទ្ធតែ​វាយតម្លៃ​ខ្ពស់​ពី​កិច្ច​សាមគ្គីភាព​ ​រវាង​បងប្អូន​ជនជាតិ​ខ្មែរ​ ​និង​ជនជាតិ​ជប៉ុន​ក្នុង​ការ​សហការ​សម្អាត​អនាម័យ​បរិស្ថាន​។​

​ ​លោក​ ​នេត្រ​ ​ភក្ត្រា​ ​បាន​បន្ថែម​ថា​ ​សកម្មភាព​នៃ​ការ​សម្អាត​អនាម័យ​បរិស្ថាន​នៅពេល​នេះ​ ​ជា​សារ​ផ្សព្វផ្សាយ​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​តម្លៃ​បរិស្ថាន​ ​ជំរុញ​ឱ្យ​មានការ​ចូលរួម​សម្អាត​បរិស្ថាន​ ​ធ្វើ​ឱ្យ​ទីក្រុង​ស្អាត​ ​គ្មាន​ការ​បោះចោល​សំរាម​ពាសវាលពាសកាល​។​ ​មិន​តែប៉ុណ្ណោះ​សកម្មភាព​សម្អាត​អនាម័យ​ ​បរិស្ថាន​នៅ​ថ្ងៃនេះ​នឹង​ក្លាយជា​ជួង​ដាស់​អារម្មណ៍​ដល់​ជន​មួយចំនួន​តូច​ ​ដែល​បាន​បោះចោល​សំរាម​ក្រៅ​ធុង​ ​ឱ្យ​ភ្ញាក់រឭក​ ​និង​ចូលរួម​សម្អាត​បរិស្ថាន​ទីក្រុង​ជាមួយ​យើង​ទាំងអស់គ្នា​។​ ​ទីក្រុង​យើង​ស្អាត​ ​គឺជា​មោទនភាព​ ​របស់​ជាតិ​យើង​ ​និង​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ ​សោភណភាព​ទីក្រុង​ ​ដែល​ជា​ផ្ទះ​របស់​យើង​ទាំងអស់គ្នា​។​

​ ​ក្រៅពី​សម្អាត​អនាម័យ​បរិស្ថាន​ ​កម្មវិធី​ ​ភ្នំពេញ​ ​ទីក្រុង​ស្អាត​ ​រៀបចំ​ដោយ​ជនជាតិ​ជប៉ុន​លើក​ទី2​ ​ក៏​មានការ​តាំងពិព័រណ៍​ពីសំណាក់​ក្រុមហ៊ុន​ដែល​ជា​វិនិយោគិន​ជប៉ុន​នានា​ ​ដែល​សុទ្ធសឹង​ជា​ផលិតផល​ជួយ​លើកស្ទួយ​បរិស្ថាន​ដើម្បី​បង្ហាញ​ដល់​អ្នកចូលរួម​ ​ដូចជា​ថង់​បរិស្ថាន​ ​ដប​ទឹក​បរិស្ថាន​ ​ផលិតផល​ដែល​ផលិត​ពី​វត្ថុធាតុដើម​ធម្មជាតិ​ ​និង​ក៏​មានការ​ផ្តល់​ព័ត៌មាន​ ​និង​បញ្ជ្រាប​ចំណេះដឹង​ដល់​អ្នកចូលរួម​ទៀតផង​៕​


Advertisement