ជំរុញ​ផលិតភាព​ និង​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ជា​ការងារ​អាទិភាព​

បច្ចុប្បន្ន​សក្តា​នុ​ពល​ក្នុង​វិស័យ​កសិកម្ម​ ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ជា​វិស័យ​ដែល​បាន​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ប៉ុន្តែ​ចាំបាច់​ក៏​ត្រូវការ​បើកចំហ​នូវ​ការចូលរួម​ពី​អ្នក​វិនិយោគ​បរទេស​ ដើម្បី​ជំរុញ​នូវ​ផលិតភាព​ក្នុង​វិ​ស័យ​កសិ​-ឧស្សាហកម្ម​ឱ្យ​ដំណើរការ​ដោយ​រលូន​ទៅ​បាន​ដែរ​។

ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖ “ក្នុង​ឆ្នាំ1995​ វិស័យ​កសិកម្ម​យើង​បាន​ចូលរួម​ក្នុង​វិស័យ​សេដ្ឋកិច្ច​ទៅដល់​ 50​%ឯណោះ​តែ​បាន​ថមថយ​ចុះ​មកវិញ​ជាបន្តបន្ទាប់​។ មកទល់​ឆ្នាំ​2019​ នេះ​វិស័យ​កសិកម្ម​ចូលរួម​ក្នុង​ចំណូល​សេដ្ឋកិច្ច​មានត្រឹមតែ​ 23​% ទេ​។ តែ​ទោះជា​ការចូលរួម​ចំណែកខាង​សេដ្ឋកិច្ច​មានការ​ថយ​ចុះ​មែន​ ប៉ុន្តែ​ទំហំ​នៃ​វិស័យ​កសិកម្ម​របស់​យើង​កាន់តែ​ធំ​ទៅៗ​ ដែល​ទំហំ​នេះ​អាច​ថា​គុណ​នឹង​ 5-6ដង​ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ហើយ​ការនាំចេញ​ក៏​មាន​សម្ទុះ​កើនឡើង​ដែរ​។

ឯកឧត្តម​ រដ្ឋមន្ត្រី​ បាន​បន្ត​ថា​ ការផលិត​នូវ​ផលិតផល​របស់​យើង​ ជាពិសេស​ស្រូវ​ ពីមុន​ឆ្នាំ​1980​ យើង​ផលិត​បានតែ​ 1,800,000តោន​ប៉ុណ្ណោះ​រហូតដល់​ឆ្នាំ1995​ យើង​ផលិត​ 3លាន​តោន​ ហើយ​រហូតដល់​ឆ្នាំ2000​ យើង​អាច​ផលិត​បាន​ស្រូវ​ប្រមាណ​4លាន​តោន​ ដែល​ចាត់ទុកថា​ យើង​នៅសល់​ស្បៀង​ចាប់តាំងពី​ពេលនោះ​។

មកដល់​ឆ្នាំ2011​ ប្រមុខ​រដ្ឋាភិបាល​បាន​ដាក់ចេញ​គោលនយោបាយ​នាំចេញ​អង្ករ​ឱ្យ​បាន​ 1លាន​តោន​នៅ​ឆ្នាំ2015​។ យើង​ត្រូវ​ធ្វើការ​ច្រើន​ដើម្បី​ជំរុញ​ផលិតភាព​ និង​ជំរុញ​កំណើន​សេ​ដកិ​ច្ច​របស់​កម្ពុជា​យើង​។ ការ​ខិតខំ​ធ្វើ​ឱ្យ​យើង​សម្រេច​បាន​ផលិតផល​សរុប​ទាំង​ស្រូវ​ និង​ដំណាំរួមផ្សំ​ឆ្នាំ2018​ យើង​បាន​ទទួល​ 36លាន​តោន​ ហើយ​សង្ឃឹមថា​ ឆ្នាំ2019​ នេះ​បាន​ទទួល​ 37​-38លាន​តោន​។ កសិកម្ម​មាន​អនុ​វិស័យ​សំ​ខាន់​ៗចំនួន4​ ដែល​ចូលរួម​ចំណែក​ក្នុង​កំណើន​សេដ្ឋកិច្ច​ ទី1​ ស្រូវ​ដំណាំស្រូវ​ និង​កសិ​-ឧស្ស​ហក​ម្ម​ចូលរួម​ 5.8​%។ ទី2​ អនុ​វិស័យ​ចិញ្ចឹម​សត្វ​ 11.2​%។ ទី3​ ត្រី​រួមចំណែក​ 23.5​% ចំណែក​ព្រៃឈើ​បាន​ចូលរួម​តែ​ 8.6​%ប៉ុណ្ណោះ​ ដោយសារតែ​យើង​បាត់បង់​ព្រៃឈើ​ច្រើន​។

ឯកឧត្តម​ វេង​ សា​ខុន​ បាន​បញ្ជាក់​ទៀត​ថា​ យើង​បានការ​កែច្នៃ​អ្វីខ្លះ​? នៅក្នុង​ផលិតផល​កសិកម្ម​របស់​យើង​ ក្នុង​ឆ្នាំ2019​ រយៈពេល​ 9ខែ​កន្លងមក​នេះ​ យើង​បាន​ផលិត​ផលិតផល​កសិកម្ម​ បាន​នាំចេញ​សរុប​ជាង​ 5លាន​តោន​ អង្ករ​ 400ពាន់​តោន​ ពោត​ 100ពាន់​តោន​ ចេក​ 117លាន​តោន​ ស្វាយ​ 5ម៉ឺន​ 4ពាន់​តោន​ បន្លែ​ 147តោន​ ដោយ​បាន​នាំចេញ​ទៅ​ 4ប្រទេស​ មាន​បារាំង​ ឆែក​ អង់គ្លេស​ និង​ហូ​ឡង់​ និង​បាន​នាំចេញ​ផ្លែស្វាយ​ទៅ​ប្រទេស​កូរ៉េ​ និង​ទៅ​ចិន​ ដោយ​បាន​នាំចេញ​មុន​ពេល​ចូលឆ្នាំ​ចិន​។

ចំពោះ​អង្ករ​ នៅ​មាន​របាំង​ពន្ធ1​ តែ​យើង​ខិតខំ​ដាំដុះ​បែបជា​បន្ទាត់​សរីរាង្គ​វិញ​។ រី​ឯផ្លែ​តាង៉ែន​វិញ​ យើង​កំពុង​សិក្សា​បន្ថែម​។ ពាក់ព័ន្ធ​នឹង​ការ​នាំ​គ្រាប់​ស្វាយចន្ទី​ យើង​បាន​នាំទៅ​វៀតណាម​បាន​ 100​ពាន់​តោន​។ និយាយរួម​ទៅ​ យើង​មាន​វឌ្ឍនភាព​ល្អ​។

អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ ដូចជា​ធន់​នឹង​អាកាសធាតុ​ យើង​បានឱ្យ​អ្នកមាន​ដី​តិច​ ឱ្យ​គាត់​ដាំ​បន្លែ​ណា​ដែល​ប្រើ​ទឹក​តិចតែ​ទិន្នផល​ខ្ពស់​ និង​ការ​ធ្វើ​តង់​កៅស៊ូ​ការពារ​សត្វល្អិត​ជាដើម​។ នៅ​កម្ពុជា​ ប្រព័ន្ធ​ស្រោចស្រព​នៅ​មាន​បញ្ហា​ ព្រោះ​យើង​មិនទាន់​គ្រប់គ្រង​ធនធានទឹក​បាន​នៅឡើយ​។គោលនយោបាយ​អ្វីខ្លះ​ដែល​អាច​កាត់បន្ថយ​គ្រោះ​រាំងស្ងួត​ក្រសួង​មានគំនិត​ហើយ​ តែ​ការ​ទាញអារម្មណ៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ ក៏​ត្រូវ​គិត​ពី​ប្រយោជន៍​សេដ្ឋកិច្ច​ផង​ដែរ​។

ដោយហេតុ​ផល​ថា​ ដើម្បី​ឱ្យ​វិស័យ​កសិកម្ម​រីកចម្រើន​ចាំបាច់​ត្រូវ​ផលិត​សម្រាប់​ផ្គត់ផ្គង់​ស្បៀង​ផង​ និង​ផលិត​ដើម្បី​ធ្វើការ​កែច្នៃ​ វេច​ខ្ចប់​ និង​នាំចេញ​ផង​ ដែល​ការងារ​នេះ​ទាមទារ​ឱ្យ​មានការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ការងារ​ស្រាវជ្រាវ​ ការអនុវត្ត​ ឬផ្ទេរ​បច្ចេកវិទ្យា​សមស្រប​ ទាន់សម័យ​ ការរៀបចំ​ ឬធ្វើ​ផែនការ​ផលិត​ច្បាស់លាស់​ ការ​ធ្វើ​ទំនើបកម្ម​ និង​ពិពិធ​កម្ម​កសិកម្ម​ ការ​ធ្វើ​កសិ​-ពាណិជ្ជកម្ម​ ការ​ធ្វើ​យន្តូបនីយកម្ម​កសិកម្ម​ ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់​។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​ពាណិជ្ជកម្ម​កម្ពុជា​ បាន​មានប្រសាសន៍​ប្រាប់​កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​ ជា​ការពិត​ការជំរុញ​ការនាំចេញ​មិនសូវ​ល្អ​ទេ​ ឬប្រសិនបើ​យើង​គ្មាន​លទ្ធភាព​ទេ​ យើង​នឹង​បាត់បង់​នូវ​តម្លៃបន្ថែម​ ដូចនេះ​យើង​ត្រូវ​មើលទៅ​ទីផ្សារសេរី​ជាក់ស្តែង​។ បើ​យើង​ផលិត​ហើយ​ប្រើ​មិន​អស់​ យើង​ត្រូវ​នាំចេញ​ហើយ​។ ឧទាហរណ៍​ដូចជា​ រាល់​ឆ្នាំ​ស្រូវ​អង្ករ​ ពោត​ និង​ដំឡូងមី​របស់​យើង​ជាដើម​ យើង​បាន​នាំចេញ​ទាំង​មិនទាន់​កែច្នៃ​ទៅ​ប្រទេស​ថៃ​ វៀតណាម​ ឬប្រទេស​ដទៃ​ដែល​ធ្លាប់​ទិញ​កន្លងមក​។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖ “បញ្ហា​នៅត្រង់​ថា​ បើ​យើង​បង្កើត​ផលិតផល​ជា​វត្ថុធាតុដើម​ដោយខ្លួន​យើង​ តែ​រោងចក្រ​យើង​មិន​គ្រប់គ្រាន់​ រោងចក្រ​យើង​មិន​ឆ្លើយតប​តម្រូវការ​សម្រាប់​កសិផល​ដែល​ប្រជាកសិករ​ផលិត​បាន​នោះ​ អ្វី​ដែល​កាន់តែ​ល្អ​ត្រូវ​ទាក់ទាញ​រោងចក្រ​ឱ្យមក​ប្រទេស​កម្ពុជា​យើង​ឱ្យ​បាន​កាន់តែ​ច្រើន​ នោះ​យើង​ថែមទាំង​ផ្តល់​ការងារ​ជូន​ដល់​ពលរដ្ឋ​យើង​ ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាក​ស្រុក​ធ្វើការ​នៅ​ប្រទេស​គេ​ផង​ដែរ​”។

លោក​ឧកញ៉ា​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​៖“បើ​យើង​មើលទៅ​អ្នកមាន​នៅ​ស្រុកខ្មែរ​ក្នុង​ការ​បោះទុន​ផ្នែក​កសិកម្ម​នេះ​ គឺ​ពិបាក​បន្តិច​ បើ​មាន​ក៏​មិនធំ​ដុំ​ដែរ​។ ដោយសារ​ផ្នែក​កសិកម្ម​នេះ​ ធនាគារ​គេ​មិន​ឱ្យ​ខ្ចីប្រាក់​ទេ​ ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ណាស់​។

ហេតុនេះ​អ្នកមាន​នៅ​ស្រុកខ្មែរ​ គាត់​ផ្តោត​លើ​ការ​រកស៊ី​ទិញ​ដី​ ទិញ​ផ្ទះ​វិញ​ ព្រោះ​បើ​ទោះបីជា​ខាតចំណេញ​ ក៏​សល់​ដី​ សល់​ផ្ទះ​ដែរ​។ បើ​ធ្វើ​កសិកម្ម​ខាត​អត់មាន​សល់​អ្វី​ទាំងអស់​ នេះ​បើ​និយាយ​ឱ្យ​ស្រួល​ស្តាប់​។ បើ​ប្រៀប​ទៅ​រោងចក្រ​សល់​អេតចាយ​ ព្រោះ​ក្នុង​ការ​កសាង​រោងចក្រ​មួយ​ត្រូវ​ប្រើ​ទុន​រាប់​លាន​ដុល្លារ​ លុយ​ខ្លួនឯង​ ដូច្នេះ​គេ​មិន​ធ្វើ​អុីចឹង​ទេ​។ បើ​ធ្វើស្រែ​ដី​ជួល​គេ​ បើ​ខាត​អស់​ប៉ុន្មាន​ គឺ​ទៅបាត់​ទាំងអស់​ ហើយ​បើ​ខ្ចី​លុយ​ធនាគារ​ រត់​មិន​រួច​ការប្រាក់​ទេ​”។

លោក​ឧកញ៉ា​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​៖ “យើង​មាន​មូល​ដ្ឋាន​សក្តា​នុ​ពល​ច្រើន​ ដូច្នេះ​យើង​នៅតែ​មាន​សង្ឃឹម​ និង​ត្រូវតែ​ពឹង​លើ​អ្នក​វិនិយោគ​បរទេស​ដូចសព្វថ្ងៃ​អ្នក​វិនិយោគិន​ចិន​ជាច្រើន​កំពុងតែ​បណ្តាក់​ទុន​វិនិយោគ​កែច្នៃ​កសិផល​ ស្វាយ​ គ្រាប់ស្វាយ​ចន្ទី​ និង​ផលិតផល​ផ្សេងទៀត​នៅក្នុង​ស្រុក​យើង​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា​៖“ដូច្នេះ​មានតែ​វិនិយោគិន​បរទេស​ទេ​ ព្រោះ​គេ​មាន​អត្រា​ការប្រាក់​ទាប​ គេ​មាន​តម្រូវការ​ដែល​អាច​បណ្តាក់​ទុន​លើ​វិស័យ​នេះ​បាន​ ហើយ​អាច​សង់​ជា​រោងចក្រ​កែច្នៃ​ រួច​នាំ​ផលិតផល​សម្រេច​ទៅវិញ​ ហើយ​ការ​ធ្វើបែប​នេះ​ក៏អាច​នាំ​បច្ចេកវិទ្យា​ទំនើប​ៗមក​ស្រុកខ្មែរ​ផង​ដែរ​។ យើង​សង្ឃឹមថា​ នឹង​មាន​អ្នក​វិនិយោគ​មក​ច្រើន​ ព្រោះ​គាត់​មក​ជា​បណ្តើរ​ៗហើយ​ មិន​ត្រឹមតែ​វិនិយោគិន​ចិន​ទេ​ តែ​មាន​ទាំង​ជប៉ុន​ កូរ៉េ​ ថៃ​ និង​វៀតណាម​ ជាដើម​ទៀតផង​។

កត្តា​ទាំងអស់​នេះ​ បើ​យើង​ខិតខំ​រួមគ្នា​ដោះស្រាយ​ជា​ជំ​ហាន​ៗក្នុង​ទិសដៅ​វិជ្ជមាន​សមស្រប​មួយ​ និង​ទាន់ពេល​វេលា​នោះ​ កសិផល​កម្ពុជា​នា​ពេល​អនាគត​ដ៏​ខ្លី​អាច​ធ្វើការ​ប្រកួតប្រជែង​ បង្កើន​នូវ​តម្លៃបន្ថែម​ប្រើប្រាស់​អស់​លទ្ធភាព​នូវ​វត្ថុធាតុដើម​មានតម្លៃ​ ប្រើប្រាស់​ពលកម្ម​ក្នុង​ស្រុក​ ធានា​បាន​នូវ​គុណភាព​ អនាម័យ​ និង​សុវត្ថិភាព​ស្របតាម​ស្តង់​ដា​ទីផ្សារ​អន្តរជាតិ​៕

Advertisement