កសិដ្ឋាន​ចិញ្ចឹម​ទា​ខេត្តតាកែវ​ដ៏​ល្បីល្បាញ​ កំពុង​ពង្រីក​ផលិតភាព​ដើម្បី​បំពេញ​ទីផ្សារ​

កសិដ្ឋាន​ចិញ្ចឹម​ទា​របស់​លោក​ សូត្រ​ សុផល​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិ​ក្រាំងស្វាយ​ ឃុំ​ស្រែរនោង​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ បាន​ត្រូវ​គេ​ស្គាល់​ និង​ល្បីឈ្មោះ​ជាយូរមកហើយ​ ជាពិសេស​ពង​ទា​កូន​ស្រែរនោង​ដែល​ប្រជាពលរដ្ឋ​ស្ទើរគ្រប់​ខេត្ត​-ក្រុង​ នរណា​ក៏​ធ្លាប់​ពាន​ភ្លក្ស​ពង​ទា​កូន​នេះ​ដែរ​។

លោក​ សូត្រ​ សុផល​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ភ្ញាស់​ស៊ុតទា​ផង​នោះ​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ​ ថា​៖“ខ្ញុំ​ជា​អ្នក​ខេត្តតាកែវ​ បាន​ចាប់​រកស៊ី​របរ​ភ្ញាស់​ស៊ុតទា​យកកូន​លក់​នេះ​ តាំងពី​ឆ្នាំ​2007មក​ម៉្លេះ​។ តាំងពី​ចាប់ផ្តើម​ប្រកបមុខរបរ​នេះ​មក​ ដំបូង​ឡើយ​លោក​មាន​ប្រាក់​តែ​ 80ម៉ឺន​រៀល​ប៉ុណ្ណោះ​ដើម្បី​ទិញ​ពង​ទា​ពី​កសិករ​ចិញ្ចឹម​ទានា​នា​នៅក្នុង​ភូមិ​ ដើម្បី​ភ្ញាស់កូនទា​លក់​”។

លោក​បាន​បន្ត​ថា​ សម្រាប់​អាជីវកម្ម​របស់ខ្ញុំ​ដែល​ជា​អ្នក​ប្រមូល​ទិញ​សត្វ​ទា​ ដែល​អ្នកភូមិ​ចិញ្ចឹម​មក​ភ្ញាស់​ជា​កូន​ទា​ លក់​កូន​ទា​ លក់​ពង​ទា​កូន​ និង​លក់​ពង​ទា​ ដែល​របរ​នេះ​បាន​ជួយ​ឱ្យ​ខ្ញុំ​រីកចម្រើន​ និង​បន្ត​ដល់​អ្នកភូមិ​មួយចំនួន​ ក៏​ចាប់ផ្តើម​ប្រប​របរ​នេះ​រហូតដល់​បង្កើត​បាន​ជាស​មា​គម​មួយ​រហូ​តមក​ដល​សព្វថ្ងៃ​។

លោក​ប្រធាន​សមាគម​ភ្ញាស់ពងទា​កូន​ស្រែរនោង​បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖“សមាគម​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែកញ្ញា​ ឆ្នាំ2016​ ដោយ​មកដល់ពេលនេះ​មាន​អាយុកាល​ 3ឆ្នាំ​ហើយ​ និង​មាន​សមាជិក​ប្រមាណ​ជាង​ 50គ្រួសារ​ សុទ្ធសឹង​ជា​អ្នកមាន​កសិដ្ឋាន​ចិញ្ចឹម​ទា​ ធ្វើអាជីវកម្ម​ចម្រុះ​រួមមាន​ ការ​ភ្ញាស់​យកកូន​ទា​លក់​ ចិញ្ចឹម​យក​ពង​ ការកែច្នៃ​ពង​ទា​ទៅជា​ពង​ទា​កូន​ និង​ពង​ទា​ប្រៃ​ ជាដើម​”។

នៅក្នុង​រដូវ​ដែល​សម្បូរ​ សមាគម​នេះ​អាច​ផលិត​ពង​ទា​កូន​លក់​បាន​ពី​ 9ម៉ឺន​ ទៅ​ 10ម៉ឺន​គ្រាប់​ក្នុង​ 1ថ្ងៃ​និង​នាំចេញ​ទៅកាន់​ស្ទើរគ្រប់​ខេត្ត​-ក្រុង​ទូទាំង​ប្រទេស​រួម​ទាំង​ពង​ទា​ប្រៃ​ និង​ពង​ទា​សាប​ប្រហែល​ 3ទៅ​ 4ម៉ឺន​គ្រាប់​ទៀត​ និង​ពង​ទា​ដែល​ភ្ញាស់​យកកូន​បាន​ប្រហែលជា​ 5ពាន់​ក្បាល​ទៀយ​។

លោក​ សុផល​ បាន​បន្ត​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​សមាគម​មាន​សមាជិក​ 50គ្រួសារ​ គ្រួសារ​នី​មួយ​ៗប្រកប​អាជីវកម្ម​ភ្ញាស់​ស៊ុតទា​យកកូន​លក់​ ដោយ​កូន​ទា​ញី​ លក់​បាន​តម្លៃ​ 1,800រៀល​ក្នុង​ 1ក្បាល​ បើ​ឈ្មោល​វិញ​លក់​តែ​ 400រៀល​ប៉ុណ្ណោះ​ក្នុង​ 1ក្បាល​ និង​លក់​ជា​ពង​ទា​កូន​បាន​ 900រៀល​ /គ្រាប់​ ហើយ​ក្នុង1ថ្ងៃ​ខ្ញុំ​អាច​លក់​ចេញ​បាន​ពី​ 4,000​ ទៅ​ 5000កូន​ទា​ និង​ពង​ទា​កូន​។

លោក​ សុផល​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖“សម្រាប់​ឡភ្ញាស់​របស់ខ្ញុំ​វិញ​ អាច​ទទួល​ទិញ​ស៊ុត​បាន​ពី​ 9 ទៅ​10ម៉ឺន​គ្រាប់​ក្នុង​ 1ថ្ងៃ​។ ក្នុង​រដូវ​ចិញ្ចឹម​ និង​ភ្ញាស់កូនទា​ក្នុង​ 1ថ្ងៃ​ ជាមធ្យម​ខ្ញុំ​អាច​រកចំណូល​បាន​ 380,000​រៀល​ ក្នុង​ 1ខែ​ ក៏បាន​កម្រៃ​ប្រមាណ​ 11,400,000​ រៀល​ បន្ទាប់ពី​ទូទាត់​ថ្លៃដើម​រួច​”។

កសិករ​ចិញ្ចឹម​ទា​រូប​នេះ​បន្ត​ថា​ ៖ “បាន​ជា​ខ្ញុំ​ងាក​មក​ចិញ្ចឹមសត្វ​នេះ​ ដោយសារតែ​វា​ជា​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ​ពីតូច​មក​។ ខ្ញុំ​រៀន​ពី​វិធី​ចិញ្ចឹម​ ដើម្បី​បង្កើន​បច្ចេកទេស​ចិញ្ចឹមសត្វ​យ៉ាងណា​ឱ្យ​បាន​ចំណេញ​ ហើយ​សត្វ​មិន​ងាប់​ ដើម្បី​យក​បទ​ពិសោធ​ដែល​រក​ឃើញ​នេះ​ ទៅ​បង្រៀន​ដល់​កសិករ​ដទៃទៀត​ ឱ្យ​រៀនសូត្រ​តាម​ ពី​វិធី​ចិញ្ចឹមសត្វ​ដែល​ងាយ​ប្រមូល​ផល​ មិន​ឆ្លង​ជំងឺ​ ឆាប់​ទទួល​បាន​ប្រាក់កម្រៃ​ពី​ការលក់ដូរ​ជាដើម​”។

ទោះបី​លោក​ សុផល​ បច្ចុប្បន្ន​ពុំ​បាន​ចិញ្ចឹម​ទា​លក់​យក​សាច់​ក៏​ពិតមែន​ តែ​កន្លងមក​គាត់​ក៏​ធ្លាប់​មាន​បទ​ពិសោធ​ក្នុង​ការ​ចិញ្ចឹម​ទាយក​សាច់​ផង​ដែរ​។ លោក​សុផល​បានឱ្យ​ដឹង​ថា​៖“មុន​សម្រេច​ជ្រើសរើស​យក​ពូជ​ទាមក​ចិញ្ចឹម​ ត្រូវ​រើស​មើល​មេ​ទា​ណា​ដែល​មាន​អាយុ​ចាប់ពី​ 5ខែ​ឡើង​ទៅ​ យក​មក​ចិញ្ចឹម​ ត្រូវតែ​ជា​មេ​ទា​ដែល​គ្មាន​ជំងឺ​ និង​ជា​ពូជ​ដែល​ឆាប់​ផ្តល់​ស៊ុត​”។

លោក​ សុផល​ បន្ត​ថា​ នៅពេល​រើស​បាន​មេ​ទា​ពូជ​ហើយ​ យើង​ត្រូវ​សង់រោង​ចិញ្ចឹម​ដោយ​គិត​ពី​បរិមាណ​សត្វ​ទា​ និង​ទំហំ​របស់​រោង​។ មេ​ទា​ 1ពាន់​ក្បាល​ យើង​ត្រូវ​សង់រោង​ទទឹង​ 10ម៉ែត្រ​ បណ្តោយ​ 20ម៉ែត្រ​ និង​កម្ពស់​រោង​ប្រមាណ​ 3ម៉ែត្រ​ សង់​នៅ​ក្បែរ​ស្រះទឹក​ ធ្វើ​យ៉ាងណា​ទីតាំង​ចិញ្ចឹម​ទា​ត្រូវ​នៅ​ក្នុង​កន្លែង​ដែល​ត្រជាក់​។ នៅពេល​មេឃ​ក្តៅ​ខ្លាំង​ ត្រូវ​កាប់​ស្លឹកឈើ​គ្រប​ដំបូល​រោង​ ឬយក​សំណាញ់​បៃតង​មក​ចង​ពីក្រោម​ដំបូល​ ដើម្បី​បន្ថយកម្ដៅ​ ព្រោះ​ទា​នៅក្នុង​រោង​ វា​ក្តៅ​ និង​ត្រូវ​លែង​វា​ឱ្យ​ចុះ​លេង​ទឹកស្រះ​។លោក​បន្ត​ថា​ មេ​ទា​ដែល​ទិញ​មក​ចិញ្ចឹម​ ត្រូវ​លែងឱ្យ​វា​បាន​លេង​ទឹក​ 1ថ្ងៃ​ 2ដង​ ហើយ​បំប៉នចំណី​វា​ក្នុងរយៈពេល​ 20ថ្ងៃ​ វា​នឹង​ផ្តល់​ស៊ុត​។ ឯចំណី​វិញ​ក្នុង​ទា​ 1ពាន់​ក្បាល​ ត្រូវ​ឱ្យ​ចំណី​ប្រមាណ​ជា​ 130គីឡូក្រាម​ក្នុង1ថ្ងៃ​ ទើប​វា​ស៊ី​គ្រប់គ្រាន់​។ ចំណី​ត្រូវ​ដាក់​ក្នុង​ស្នូក​។ ស្នូក​ដាក់​ចំណី​ត្រូវ​តម្រៀប​ជាជួរ​នៅ​សងខាង​ទ្រុង​។

លោក​បញ្ជាក់​ថា​៖ “ការ​រៀប​ស្នូក​ចំណី​ឱ្យ​ទា​នេះ​គេ​ត្រូវ​រៀប​ដាក់​ឱ្យ​បាន​ច្រើន​ សម្រាប់​ដាក់​ចំណី​ឱ្យ​ទា​ស៊ី​ ដើម្បី​បង្ការ​កុំឱ្យ​វា​ដណ្ដើមគ្នា​ស៊ី​ ដែល​វា​ជះឥទ្ធិពល​ដល់​ការ​ផ្តល់​ស៊ុត​មិន​ស្រុះគ្នា​ មិន​ដំណាលគ្នា​ ព្រោះ​បើ​មាន​ស្នូក​ចំណី​តិច​ មេ​ទា​ខ្លះ​វា​ស៊ី​ឆ្អែត​ វា​ឱ្យ​ស៊ុត​ទៀងទាត់​ ឯមេ​ទា​ដែល​ស៊ី​មិន​ឆ្អែត​ ការ​ផ្តល់​ស៊ុត​របស់​វា​ ក៏​នឹង​រអាក់រអួល​តាម​នោះ​ដែរ​។ លោក​បន្ត​ថា​ ចំណី​ដែល​ផ្តល់​ឱ្យ​ទា​ស៊ី​ មិន​ត្រូវ​លាយ​ចំណី​ផ្សំ​នៅ​តាម​ទីផ្សារ​ដាក់​ឱ្យ​វា​ស៊ី​ទេ​ ព្រោះ​ទីផ្សារ​បច្ចុប្បន្ន​គេ​មិន​ទទួលយក​ស៊ុតទា​ណា​ដែល​ស៊ី​ចំណី​ផ្សំ​ស្រេច​ដែល​មាន​លក់​នៅ​ទីផ្សារ​នោះ​ទេ​ ព្រោះ​វា​អាច​មិនមែន​ជា​ចំណី​ធម្មជាតិ​”។

គឺ​មូលហេតុ​នេះ​ហើយដែល​ធ្វើ​ឱ្យ​ពង​ទា​កូន​របស់​សមាគម​របស់​លោក​ មាន​សមត្ថភាព​ចែកចាយ​ និង​មាន​តម្រូវការ​ច្រើន​នោះ​។ លោក​ពន្យល់​ថា​ ទា​ដែល​ចិញ្ចឹម​នៅក្នុង​ឃុំ​ស្រែរនោង​សុទ្ធតែ​ជា​ទា​ដែល​ចិញ្ចឹម​តាម​បែប​ធម្មជាតិ​ តែ​ក៏បាន​ប្រើប្រាស់​បច្ចេកទេស​ខ្លះ​ដែរ​ក្នុង​ចិញ្ចឹម​ដើម្បី​ឱ្យ​ទទួល​បាន​ទិន្នផល​ច្រើន​ និង​មិន​បាត់​រសជាតិ​។ លក្ខណៈ​បែប​នេះ​ ត្រូវ​បាន​ឈ្មួញ​ដែល​និយម​ទិញ​ពង​ទា​កូន​ពី​សមាគម​របស់​លោក​ តែងតែ​សរសើរ​ពី​រសជាតិ​ពង​ទា​របស់​សមាគម​លោក​ជានិច្ច​ ជាពិសេស​ពង​ទា​កូន​ គឺ​មាន​រសជាតិ​ផ្អែម​ឈ្ងុយឆ្ងាញ់​តែម្តង​។

លោក​ សុផល​ បាន​បន្ថែម​ទៀត​ថា​ ផលិតផល​ដែល​ចេញពី​សមាគម​អាជីវកម្ម​ពង​ទា​កូន​ ស្រែរនោង​ត្រូវ​បាន​ចែកចាយ​ស្ទើរតែ​ទូទាំង​ប្រទេស​ទៅ​ហើយ​ នៅឡើយ​តែ​ខេត្ត​ភាគ​ឦសាន​ប៉ុណ្ណោះ​ដែល​មិន​ទាន់បាន​ទៅដល់​។ ខេត្ត​ដែល​បាន​ចែកចាយ​ទីផ្សារ​កូន​ទា​ រួមមាន​ខេត្តកំពង់ធំ​ កំពង់ចាម​ សៀមរាប​ បន្ទាយមានជ័យ​ ពោធិ៍សាត់​ និង​បាត់ដំបង​។ ចំណែក​ពង​ទា​ក៏​មាន​បញ្ជូន​ទៅតាម​ខេត្ត​ទាំងនេះ​ដែរ​ រួម​ទាំង​ខេត្ត​ត្បូងឃ្មុំ​ និង​ភ្នំពេញ​ទៀតផង​ អាស្រ័យ​លើ​គេ​បញ្ជាទិញ​។

លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ ពីក​ត្តា​ចម្បង​ដែល​ធ្វើ​ឱ្យ​រូបលោក​ទទួល​បាន​ភាព​ជោគជ័យ​នោះ​ គឺ​ចំណង់​ចំណូលចិត្ត​ ក្ដី​ឧស្សាហ៍​ព្យាយាម​ ការ​យកចិត្ត​ទុកដាក់​ និង​មាន​ផែនការ​ច្បាស់លាស់​។ បើ​យើង​ផ្តោត​លើ​ការងារ​នេះ​ វា​នឹង​ទទួល​បាន​ជោគជ័យ​ តែបើ​យើង​ធ្វើតាម​គេ​ វា​នឹង​មិន​ទទួល​បាន​ជោគជ័យ​ឡើយ​។ ព្រោះ​គ្រប់​អាជីវកម្ម​ទាំងអស់​ អត់មាន​អាជីវកម្ម​ណាមួយ​ដែល​ងាយស្រួល​នោះ​ទេ​ ហើយ​គ្រប់​អាជីវកម្ម​ទាំងអស់​ ក៏​មិន​អាច​ថា​ យើង​ធ្វើ​មិនកើត​នោះ​ដែរ​។ និយាយ​ពី​ការ​ងាយ​ វា​មិន​ងាយ​ទេ​ តែបើ​ថា​ឱ្យ​ហួសពី​សមត្ថភាព​ថា​ធ្វើ​មិនកើត​នោះ​ ក៏​វា​មិន​ហួស​សមត្ថភាព​ដែរ​។ ដូច្នេះ​អ្នក​ដែល​ប្រកាន់​ខ្ជាប់​ និង​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ យើង​ឃើញថា​ គេ​ទទួល​បានការ​រីកចម្រើន​ និង​មាន​ជីវភាព​ធូរធារ​ កើនឡើង​មួយ​កម្រិត​។

លោក​ សុផល​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖”ការបង្កើត​ជាស​មា​គម​នៅក្នុង​សហគមន៍​របស់ខ្ញុំ​ គឺ​មាន​គោលបំណង​ជំរុញ​អាជីវកម្ម​សម្រាប់​កំណើន​ជីវភាព​ផង​ និង​ចង់​អភិរក្ស​ពង​ទា​កូន​ស្រែរនោង​ ឱ្យ​បន្ត​កេរដំណែល​នេះ​ផង​ដែរ​ ហើយ​សម្រាប់​ការ​ផ្គត់ផ្គង់​សព្វថ្ងៃ​យើង​ក៏​មិនទាន់​ផ្គត់ផ្គង់​ឱ្យ​បាន​គ្រប់​នៅ​ទីផ្សារ​ក្នុង​ស្រុក​នៅឡើយ​ដែរ​ គឺ​នៅ​មាន​នាំ​ពង​ទា​ចូល​ពី​ប្រទេស​វៀតណាម​មក​ខ្លះ​ដែរ​។ ដូច្នេះ​យើង​ចង់​ពង្រីក​បន្ថែម​នូវ​ផលិតភាព​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ឱ្យ​កើនឡើង​ថែមទៀត​ តាមរយៈ​ការ​បញ្ជាទិញ​ក៏​កាន់តែ​ច្រើនឡើង​ដែរ​ ព្រោះ​មាន​អតិថិជន​បាន​ទទួលស្គាល់​ពី​គុណភាព​ពង​ទា​ និង​កូន​ទា​របស់​សមាគម​ខ្ញុំ​កាន់តែ​ច្រើន​”។

លោក​បាន​បន្ថែម​ថា​ ជា​មោទនភាព​ ឯកឧត្តម​ វេង​សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ដែល​ធ្លាប់​បាន​អញ្ជើញ​មកដល់​កសិដ្ឋាន​របស់​លោក​ និង​ទទួលស្គាល់​ពី​ចំណុចខ្លាំង​ និង​ចំណុចខ្សោយ​ និង​សំណូមពរ​របស់​សមាគម​របស់​ ក៏ដូចជា​សេចក្តី​ត្រូវការ​ជាក់ស្តែង​ដែរ​។ឯកឧត្តម​បានឱ្យ​គ្រប់​តួអង្គ​ដែល​ពាក់ព័ន្ធ​ ត្រូវ​រួម​សហការ​គ្នា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់ពេល​វេលា​ និង​ប្រកបដោយ​ប្រសិទ្ធភាព​។

ដោយឡែក​ចំពោះ​ការងារ​បច្ចេកទេស​ចិញ្ចឹម​ និង​ភ្ញាស់​ស៊ុតទា​វិញ​ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើការ​ណែនាំ​ឱ្យ​មន្ទីរ​កសិកម្ម​ខេត្ត​សហការ​ជាមួយ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ​ ធ្វើការ​ផ្សព្វផ្សាយ​ ឬបំពាក់បំប៉ន​បច្ចេកទេស​ចិញ្ចឹម​ វិធានការ​ការពារ​ជំងឺ​ ការ​លើកកម្ពស់​អនាម័យ​ និង​ការអនុវត្ត​វិធាន​ជីវ​សុវត្ថិភាព​នៅ​ឡភ្ញាស់​ស៊ុតទា​ឱ្យ​បាន​ល្អ​ប្រសើរ​ ក្នុង​បំណង​បង្កើន​គុណភាព​ និង​ការ​ជឿ​ទុកចិត្ត​ពី​អតិថិជន​ ដែល​និយម​បរិភោគ​ពង​ទា​កូន​៕

Advertisement