UNDP​៖ ការ​វិនិយោគ​លើ​ដំណាំ​ដំឡូងមី​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​

រដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​ (UNDP​) បាន​ជំរុញ​ឱ្យ​ប្រជាកសិករ​ដាំដំណាំ​ដំឡូងមី​ ខណៈ​ក្រសួង​ពាណិជ្ជកម្ម​កំពុង​រៀបចំ​គោលនយោបាយ​ជាតិ​វិនិយោគ​លើ​ដំឡូងមី​ក្នុង​គោលបំណង​ជំរុញ​ផលិតកម្ម​ និង​ការនាំចេញ​។ ដោយហេតុថា​ ការ​បណ្តាក់​ទុន​ពី​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​លើ​ដំណាំ​ដំឡូងមី​ក្នុងរយៈពេល​ 10ឆ្នាំខាងមុខ​នេះ​ អាច​នឹង​ជួយ​លើកស្ទួយ​សម្ទុះ​សេដ្ឋកិច្ច​កម្ពុជា​ជា​ទឹកប្រាក់​ប្រមាណ​940លាន​ដុល្លារ​អាមេរិក​ ដែល​ជា​លទ្ធផល​អាច​នឹង​បង្កើត​ឱកាស​ការងារ​ និង​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ UNDP​។

បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ UNDP​ ស្តី​ពី​ការរៀបចំ​ករណី​វិនិយោគ​សម្រាប់​ដំឡូងមី​បាន​រក​ឃើញថា​ ការ​វិនិយោគ​លើ​ដំណាំ​ដំឡូងមី​ដែល​អាច​នឹង​ទទួល​បានផល​ចំណេញ​ពី​ការ​បណ្តាក់​ទុន​លើ​ដំឡូងមី​ក្នុងទឹក​ប្រាក់​ប្រមាណ​ 294លាន​ដុល្លារ​ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា​ ពោល​គឺ​ អាច​ទទួល​បានផល​ច្រើនជាង​ការ​វិនិយោគ​ក្នុង​វិស័យ​ផលិតកម្ម​ស្រូវ​ចិញ្ចឹមសត្វ​ និង​ស្បៀងអាហារ​។

យ៉ាងណាមិញ​ របាយការណ៍​របស់​ UNDP​ ដែល​មាន​ចំណងជើង​ថា​ “Making​ the​ Case​ For​ Investment​ in​ Cassava​” បាន​កត់សម្គាល់​ថា​ ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​វិស័យ​ដាំដំឡូង​មីនេះ​ រដ្ឋាភិបាល​កម្ពុជា​គួរ​សហការ​ឱ្យ​បាន​ដិតដល់​ជាមួយ​វិស័យ​ឯកជន​ក្នុង​ការបង្កើត​ធនធាន​នានា​ ដើម្បី​គាំទ្រ​សកម្មភាព​ដាំដុះ​ កែច្នៃ​ និង​សកម្មភាព​ទីផ្សារ​ ជាពិសេស​ការបង្កើត​ឱ្យ​មាន​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​ការបង្កើត​ឱ្យ​មាន​ឧស្សាហកម្ម​កែច្នៃ​ដំឡូងមី​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ ជាដើម​។

លោក​ Nick​ Beresford​ នាយក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​ UNDP​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​របាយការណ៍​នេះ​ថា​៖ “ផល​ចំណេញ​ខាង​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​ រួមមាន​កម្រិត​នៃ​ឱកាស​បង្កើត​ការងារ​ និង​ការកាត់បន្ថយ​ភាព​ក្រីក្រ​នឹង​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ សម្រាប់​ការ​បណ្តាក់​ទុន​លើ​ដំ​ឡូង​ម‍ី​នេះ​”។

ឯកឧត្តម​ ម៉ៅ​ ថូ​រ៉ា​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ បាន​ថ្លែង​ក្នុង​ពិធី​ប្រកាស​របាយការណ៍​នេះ​ថា​ការរៀបចំ​គោលនយោបាយ​នេះ​ គឺ​ដោយសារ​ដំណាំ​ដំឡូងមី​ គឺជា​ដំណាំ​កសិកម្ម​ធំ​ទី2​ បន្ទាប់ពី​ដំណាំ​ស្រូវ​របស់​កម្ពុជា​។ ទាក់ទង​នឹង​ឯកសារ​គោលនយោបាយ​នេះ​ លោក​ថ្លែង​ថា​៖ “ឯកសារ​យើង​បាន​ដាក់​ទៅកាន់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ហើយ​ ដោយ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​បាន​ទទួល​ឯកភាព​លើ​ខ្លឹមសារ​ ប៉ុន្តែ​មិនទាន់​ឆ្លង​ទី​ស្តី​ការ​នៅឡើយ​ទេ​ ដោយសារ​ឯកសារ​មិនទាន់​ត្រូវ​តាម​លក្ខខណ្ឌ​កំណត់​របស់​រដ្ឋាភិបាល​”។

ឯកឧត្តម​បាន​បង្ហាញ​សុ​ទិដ្ឋ​និយម​ថា​៖“ដំឡូងមី​ផ្តល់​ជា​មធ្យោបាយ​មួយ​ក្នុង​ការពង្រីក​កំណើន​សេដ្ឋកិច្ច​ ដែល​ដើរ​ស្រប​នឹង​ទស្សនវិស័យ​យូរអង្វែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ក្លាយជា​ប្រទេស​ដែល​នាំចេញ​ និង​ផ្គត់ផ្គង់​ដំឡូងមី​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បំផុត​នៅក្នុង​ពិភពលោក‍​។ យើង​មើលឃើញ​ថា​ ប្រជាពលរដ្ឋ​ជាច្រើន​បាន​ដាំដំឡូង​មី​ដែល​មាន​ជាង​កន្លះ​លាន​គ្រួសារ​។ វា​នឹងអាច​ជួយ​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​ដល់​ពួកគាត់​”។

ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​សង្កត់ធ្ងន់​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ប្តេជ្ញា​ខិតខំ​ជំរុញ​ឱ្យ​មានការ​យកចិត្ត​ទុកដាក់​ជាអាទិភាព​លើ​វិស័យ​ដាំដំណាំ​ដំឡូងមី​ ឱ្យ​ដូចគ្នានឹង​ការ​យកចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​លើ​វិ​ស័យ​ផ្សេង​ៗទៀត​ ដូចជា​វិស័យ​ដំណាំស្រូវ​ជាដើម​។

លោក​ លាង​ រ័ត្ន​ម៉ា​ណា​ ប្រធាន​គម្រោង​របស់​អង្គការ​ UNDP​ ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​ពី​ការរៀបចំ​ករណី​ការ​វិនិយោគ​សម្រាប់​ដំឡូងមី​របស់​អង្គការ​ UNDP​ ថា​ មាន​និន្នាការ​កើន​ឡើង​នូវ​តម្រូវការ​ដំឡូងមី​ពីទី​ផ្សារ​ពិភពលោក​ និង​ពី​ប្រទេស​ចិន​ ហើយ​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ចាំបាច់​ត្រូវ​វិនិយោគ​លើ​វិស័យ​ដំឡូងមី​។

លោក​ថ្លែង​ថា​៖ “ចំណុចខ្លាំង​របស់​កម្ពុជា​គឺទី1​ គឺ​ផលិតកម្ម​យើង​ធំ​ ទី2​ យើង​មានលទ្ធភាព​ពង្រីក​ផ្ទៃដី​ដាំដុះ​ ទី3​ ដី​ដែល​យើង​ប្រើប្រាស់​ដាំដំឡូង​មី​នៅ​មាន​គុណភាព​ល្អ​ បើ​ធៀប​ជាមួយ​ថៃ​ និង​ប្រទេស​វៀតណាម​ហើយ​ការ​វិនិយោគ​ណាមួយ​ដែល​អាច​ធ្វើឡើង​ គឺជា​ការ​លើកទឹកចិត្ត​ និង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់​សមស្រប​ក្នុង​ការ​ដាំដំឡូង​មី​ឱ្យ​គាត់​ដាំដុះ​ដំឡូងមី​ ហើយ​យក​រោងចក្រ​សម្រាប់​កែច្នៃ​ទៅ​ដាក់​នៅ​តំបន់​សមស្រប​នោះ​”។

បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ UNDP​ ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ដំឡូងមី​ កម្ពុជា​ត្រូវការ​កញ្ចប់​ថវិកា​វិនិយោគ​សាធារណៈ​ចំនួន​ 296លាន​ដុល្លារ​ ខណៈ​ដែល​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ភាគច្រើន​ គឺ​មិនទាន់​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការកែច្នៃ​ក្នុង​ប្រទេស​នៅឡើយ​ទេ​។

របាយការណ៍​នេះ​បាន​បង្ហាញ​ទៀត​ថា​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​សម្រាប់​វិស័យ​នេះ​ចាំបាច់​ត្រូវ​មាន​កិច្ច​អន្តរាគមន៍​ពី​វិស័យ​សាធារណៈ​តាមរយៈ​ការ​ផ្តល់​ធនធាន​ ដើម្បី​គាំទ្រ​ដល់​ការ​ដាំដុះ​ ការកែច្នៃ​ និង​ស្វែងរក​ទីផ្សារ​ និង​ការអនុវត្ត​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ជាដើម​។

ដំឡូងមី​ គឺជា​ប្រភេទ​ដំណាំ​កសិកម្ម​ដ៏​ពេញនិយម​មួយ​នៅ​កម្ពុជា​ ដោយ​គេ​ឃើញ​មាន​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​ក្នុង​ប្រទេស​កំពុង​ដាំដំណាំ​នេះ​។

ក៏ប៉ុន្តែ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ តម្លៃ​ដំឡូងមី​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ប្រមាណ​ 30​% ពី​ 700រៀល​ក្នុង​ 1គីឡូក្រាម​នៅ​ឆ្នាំ2014​ មក​នៅសល់​ត្រឹម​ 450​រៀល​ក្នុង​ 1គីឡូ​នៅ​ឆ្នាំ2017​ ស្រប​ពេល​តម្លៃ​ផលិតផល​ក្នុង​ពិភពលោក​សម្រាប់​ដំណាំ​ដំឡូងមី​បាន​ធ្លាក់ចុះ​ និង​បញ្ហា​ប្រឈម​នៃ​មេរោគ​ឆ្លង​លើ​ដំណាំ​នេះ​។

តាម​ទិន្នន័យ​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ការនាំចេញ​ដំឡូងមី​របស់​កម្ពុជា​មានតម្លៃ​ 17.8លាន​ ដុល្លារ​ក្នុង​ឆ្នាំ2017​ ខណៈ​ការនាំចេញ​នៅ​ឆ្នាំ2018​ បាន​ធ្លាក់​មក​ត្រឹម​ 12.6លាន​ដុល្លារ​។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នថា​៖“ប្រសិនបើ​មានការ​ជួយ​ជាផ្នែក​បច្ចេកទេស​ឱ្យ​ទទួលផល​បាន​ក្នុង​ 1ហិ​កតា​ច្រើន​តោន​ នោះ​គឺ​ជា​រឿង​ល្អ​ កន្លងមក​បញ្ហា​ដំឡូងមី​ជា​រឿង​ពិបាក​និយាយ​ ដោយសារតែ​តម្លៃ​វា​ឡើងចុះ​មិន​អាច​រក​ផល​ចំណេញ​បាន​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បន្ត​ថា​៖“តាម​ពិត​ទៅ​ ក្នុងរយៈពេល​កន្លងមក​ យើង​បាន​ធ្វើ​ច្រើន​ហើយ​។ ដូច្នេះ​វា​ជា​រឿង​ល្អ​ បើ​គេ​អាច​ជួយ​បង្កើន​ទិន្នផល​ គឺ​ចាប់ពី​ 30តោន​ឡើង​ទៅ​ក្នុង​ 1ហិ​កតា​ នោះ​ទើប​គេ​អាច​រក​ផល​កម្រៃ​ចំណេញ​បាន​”៕

Advertisement