អាមេរិក​-កម្ពុជា​ផ្គូផ្គង​ធុរកិច្ច​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​រីកចម្រើន​

បច្ចុប្បន្ន​ការ​យកចិត្ត​ទុកដាក់​ ទៅលើ​ការជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ ក៏ដូចជា​ការជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​-អាមេរិក​ត្រូវ​បាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​អាស៊ាន​-សហរដ្ឋអាមេរិក​លើក​ទី7​ ដោយ​បាន​ជំរុញ​ ភាពជា​ដៃគូ​ ជាមួយ​ដៃគូ​សន្ទនា​ តាម​វិស័យ​ ដៃគូ​អភិវឌ្ឍន៍​ និង​ភាគី​ខាងក្រៅ​ដទៃទៀត​ តាម​រយ:ក្របខ័ណ្ឌ​នី​មួយ​ៗ និង​ការអនុវត្ត​ផែន​ ការ​សកម្មភាព​ទាំងឡាយ​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​នានា​។

ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​ អាស៊ាន​ និង​តំណាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ឯកឧត្តម​ រ៉ូប៊ែ​រ អូ​ប្រៀន​បេសកជនពិសេស​ នៃ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ដូ​ណាល់​ ត្រាំ​បាន​ធ្វើការ​ពិភាក្សា​គ្នា​ ឱ្យ​កាន់តែ​រឹងមាំ​ រីកចម្រើន​ទ្វេឡើង​ថែមទៀត​ ដែល​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ​ មេដឹកនាំ​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ បាន​ធ្វើការ​វាយតម្លៃ​ ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ នូវ​សារ:សំខាន់​និង​ចាំបាច់​មួយចំនួន​។

មេដឹកនាំ​អាស៊ាន​ បាន​លើកទឹកចិត្ត​ឱ្យ​សហរដ្ឋអាមេរិក​ ឱ្យ​បន្ត​គាំទ្រ​ការអនុវត្ត​ផែនការមេ​ ស្តី​ពី​ការ​តភ្ជាប់​អាស៊ាន​ និង​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន​ ដំណាក់កាល​ទី3​ ដែល​ផ្តោត​សំខាន់​លើ​ការ​តភ្ជាប់​ ដើម្បី​ជួយ​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​ សមាជិក​អាស៊ាន​ និង​ជំរុញ​ការ​តភ្ជាប់​តំបន់​សំដៅ​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ ឆ្នាំ2025​។

មេដឹកនាំ​អាស៊ាន​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កម្មវិធី​ជំនួយ​បច្ចេកទេស​ថ្មី​ រវាង​អាស៊ាន​និង​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ សហរដ្ឋអាមេរិក​ ស្តី​ពី​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិ​យា​ប័ន្នក្នុង​តំបន់​អាស៊ាន​ តាម​រយ:នវានុវត្តន៍​ពាណិជ្ជកម្ម​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ សម្រាប់​ឆ្នាំ2019​-2023ដែល​នឹង​បន្ត​ជួយ​លើកកម្ពស់​ការ​កសាង​សហគមន៍​អាស៊ាន​។

ដោយឡែក​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុជា​-អាមេរិក​នេះ​ដែរ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ក៏បាន​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​ W. Patrick​ Murphy​ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​ មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​-អាមេរិក​លើក​ទី7​(7th​ ASEAN​-US​Summit​) ដែល​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សន្និសីទ​ IMPACT​ Muang​ Thong​ Thani​ ប្រទេស​ថៃ​។

ក្នុង​ជំនួប​នេះ​ ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ បាន​ស្នើ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ជំរុញ​ឱ្យ​វិស័យ​ធុរកិច្ច​ អាមេរិក​មក​ វិនិយោគ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ ក៏ដូចជា​ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ និង​ការផ្គូផ្គង​ធុរកិច្ច​ ដើម្បី​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​ ឱ្យ​កាន់តែ​រីកចម្រើន​។ជាមួយនឹង​គោលបំណង​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​បាន​ប្តេជ្ញា​បន្ត​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។

ជា​ការ​ឆ្លើយតប​ ឯកឧត្តម​អគ្គរដ្ឋទូត​ W. Patrick​ Murphy​ បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​កិច្ច​សហ​កិច្ច​សហប្រតិបត្តិ​ការ​ រវាង​ភាគី​ទាំង2​ និង​ប្តេជ្ញា​បន្ត​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​។

សូម​បញ្ជាក់​ថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​សហរដ្ឋអាមេរិក​ បាន​ឈាន​ដល់​ 3,438​ លាន​ដុល្លារ​អាមេរិក​ ក្នុង​ឆ្នាំ2018ដែល​ក្នុង​នោះ​កម្ពុជា​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ មាន​ចំនួន​ 3051​ លាន​ដុល្លារ​ ខណៈ​កម្ពុជា​ចូល​មកវិញ​មាន​ចំនួន​ 387លាន​ ដុល្លារ​ អាមេរិក​។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពាណិជ្ជ​ថា​៖“ក្នុង​ទំនាក់ទំនង​កម្ពុជា​អាមេរិក​នៅ​តែ​ល្អ​ប្រសើរ​ការនាំចេញ​ វាយនភណ្ឌ​គ្រឿងអគ្គិសនី​ស្បែកជើង​សម្ភារ​សម្រាប់​ការ​ធ្វើដំណើរ​ និង​ផលិតផល​កសិកម្ម​ជាដើម​ ពោល​គឺ​ការនាំចេញ​ទៅ​អាមេរិក​នោះ​ មានតែ​កំណើន​ អត់មាន​ការ​ធ្លាក់ចុះ​ទេ​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​៖“ពាណិជ្ជកម្ម​រវាង​កម្ពុជា​-អាមេរិក​កំពុង​មាន​កំណើន​ល្អ​។ ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​បន្ត​កើនឡើង​សម្រាប់​មុខទំនិញ​ទាំងអស់​ ដែល​បាន​នាំចេញ​ ប៉ុន្តែ​លោក​បាន​កត់សម្គាល់​ថា​សម្ភារ​សម្រាប់​ការ​ធ្វើដំណើរ​ ទទួល​បាន​កំណើន​ខ្ពស់​ជាងគេ​ ពីព្រោះ​ទំនិញ​នេះ​ មានលទ្ធភាព​ចូល​ ដោយ​មិន​គិត​ពន្ធ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​(GSP​)។ លោក​ ពន្យល់​ថា​សម្លៀកបំពាក់​ និង​ស្បែកជើង​មានការ​លូតលាស់​តិចតួច​ ដោយសារ​ការប្រកួត​ប្រជែង​ខ្លាំង​ពី​ប្រទេស​វៀតណាម​ និង​មីយ៉ាន់ម៉ា​។

លោក​ឧកញ៉ា​ ក៏បាន​បន្ត​ថា​ដូចជា​កិច្ចប្រជុំ​អាស៊ាន​នៅ​ថៃ​យើង​ឃើញ​ក្រុម​អាមេរិក​ និង​ជប៉ុន​បាន​បង្កើត​តំបន់​បើកទូលាយ​ផ្នែក​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្នុង​នោះ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​បាន​នាំពា​ណិ​ជ្ជ​ករ​ខ្មែរ​ក្នុងចំណោម​ ជិត200ក្រុមហ៊ុន​មក​ចូលរួម​ដែរ​ដើម្បី​ឱ្យមក​ស្វែងយល់​ និង​ទាក់ទាញ​ការ​វិនិយោគ​មកកាន់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ និង​ចាប់​យក​ឱកាស​ពាណិជ្ជកម្ម​។

លោក​ឧកញ៉ា​ លឹម​ ហេង​ក៏បាន​បញ្ជាក់​ថា​៖“កន្លងមក​យើង​មានការ​ពឹងពាក់​ទៅលើ​អ្វីមួយ​ដូចជា​EBA​។តែ​ប្រទេស​វៀតណាម​ និង​ថៃ​ដែល​ជា​ប្រទេស​ជិតខាង​យើង​គេ​មិន​មាន​ EBA​ ទេ​។ដូច្នេះ​ជាមួយ​គំរូ​នេះ​ យើង​ប្រឹង​ដើរ​ដោយខ្លួនឯង​ រដ្ឋាភិបាល​ក៏​បាន​ជួយ​ដោះស្រាយ​ ដោយ​បាន​ធ្វើការ​កាត់បន្ថយ​ការ​ចំ​ណាយ​ផ្សេង​ៗដើម្បី​កាត់បន្ថយ​ថ្លៃដើម​ឱ្យ​នៅ​ទាប​ ហើយក៏​បាន​កែទម្រង់​ផ្ទៃក្នុង​ផង​ដែរ​ ព្រោះ​ដើម្បី​ប្រការ​ ក្រែង​បើ​គេ​យកពន្ធ​ បើ​ថ្លៃដើម​យើង​ទាប​ នឹង​មិន​មានផល​ប៉ះពាល់​នោះ​ទេ​”។

ទិន្នន័យ​ចុងក្រោយ​ ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បង្ហាញថា​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង​ សហរដ្ឋ​អាមេរិក​បាន​ឈាន​ដល់​ 4,3​ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល9​ ខែ​ដំបូង​នៃ​ឆ្នាំ2019​ គឺ​កើនឡើង​ 37​%បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ចាប់ពី​ខែមករា​ដល់​ខែកញ្ញា​ការនាំចេញ​របស់​កម្ពុជា​ទៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​ 38​% ដល់​ 3,9​ ពាន់​លាន​ដុល្លារ​ ខណៈ​ការនាំចូល​ពី​សហរដ្ឋអាមេរិក​មានតម្លៃ400​ លាន​ដុល្លារ​កើនឡើង​ 24​%។

ចាប់ពី​ខែកក្កដា​ ឆ្នាំ2016​ ប្រទេស​កម្ពុជា​ត្រូវ​បាន​ផ្តល់​អត្ថ​ប្រយោជន៍​ ដោយ​មិន​គិត​ពន្ធ​សម្រាប់​ការនាំចេញ​ សម្ភារ​សម្រាប់​ការ​ធ្វើដំណើរ​ ដូចជា​វ៉ា​លី​ស្ពាយ​ កាបូបស្ពាយ​ និង​កាបូប​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​ក្រោម​ GSP​។ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​រោងចក្រ​សម្ភារ​សម្រាប់​ការ​ធ្វើដំណើរ​ប្រមាណ70​៕

Advertisement