អ្នកជំនាញ​៖ វិស័យ​អចលនទ្រព្យ​បន្ត​រីកចម្រើន​ដដែល​ តែ​ពង្រីក​សក្តា​នុ​ពល​តំបន់​សេដ្ឋកិច្ច​

អ្នកជំនាញ​ និង​អ្នក​អភិវឌ្ឍន៍​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាង​ថា​ នៅ​ដំណាច់ឆ្នាំ2019នេះ​ ស្ថានភាព​នៃ​ការទិញ​-លក់​ ដីធ្លី​ដែល​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​មួយចំនួន​ នៅតែ​មាន​សកម្មភាព​ដដែល​ទេ​ ប៉ុន្តែ​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​ហាក់​នៅ​ទ្រឹង​បើ​ធៀប​ទៅ​នឹង​កាលពី​អំឡុង​ដើមឆ្នាំ​ដដែល​នេះ​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ថា​៖“ដូចជា​មិន​មាន​សញ្ញា​ណាមួយ​ បង្ហាញ​ពី​ការប្រែប្រួល​ខ្លាំង​គ្រាន់តែ​នៅ​តំបន់​ខ្លះ​ឃើញថា​វា​ឡើង​រហ័ស​ ដល់​ពេល​ចាប់ផ្តើម​មានការ​ប្រែប្រួល​គោលនយោបាយ​មួយចំនួន​ វា​នៅ​ទ្រឹង​។ វា​នៅ​ទ្រឹង​តម្លៃ​ តែ​ក្នុង​សកម្មភាព​នៃ​ការទិញ​-លក់​ មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​”។

ប៉ុន្តែ​លោក​ឧកញ៉ា​បាន​ទទួលស្គាល់​ថា​ តម្លៃ​វា​ហាក់ដូចជា​នៅ​ក្រោម​ទីផ្សារ​បន្តិច​ ដែល​កើតមាន​នៅ​ខេត្ត​ព្រះសីហនុ​ តែ​លោក​យល់ថា​ អ្នក​វិនិយោគ​ភាគច្រើន​ គឺ​ពួកគេ​បាន​យល់​ច្បាស់​ពី​ស្ថានភាព​នេះ​ដែល​វា​មិនមែន​ជា​ការ​ប្រថុយប្រថាន​នោះ​ទេ​ ចំពោះ​តម្រូវការ​នៃ​វិស័យ​នេះ​។ តែ​សម្រាប់​តម្លៃ​នៅ​ភ្នំពេញ​វា​នៅ​ដដែល​ និង​វិសាលភាព​នៅ​តំបន់​ជុំវិញ​ភ្នំពេញ​វា​អត់មាន​ថមថយ​ទេ​។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​ដី​ នៅក្នុង​តំបន់​មួយចំនួន​លោក​បាន​ចាត់ទុកថា​ជា​តំបន់​សក្តា​នុ​ពល​សេដ្ឋកិច្ច​ដូចជា​ខេត្ត​មួយចំនួន​មាន​ប៉ោយប៉ែត​ សៀមរាប​ បាវិត​ ព្រះសីហនុ​ និង​កំពត​ជាដើម​ នៅតែ​មាន​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ទៅលើ​វិស័យ​អចលនទ្រព្យ​ទៅតាម​គម្រោង​ជា​ធម្មតា​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​ប្រាប់​ទៀត​ថា​៖“ជាទូទៅ​នៅ​ប៉ោយប៉ែត​ យើង​ឃើញថា​ជា​ខេត្ត​គោលដៅ​នៃ​ទីក្រុង​ថ្មី​ ដែល​ជាទី​ក្រុង​តភ្ជាប់​ទីក្រុង​ប្រទេស​ថៃ​ និង​កម្ពុជា​។ អាច​និយាយ​ថា​ វា​ជា​តំបន់​ដោះដូរ​ទំនិញ​ ផង​ដែរ​។ តំបន់​ប៉ោយប៉ែត​មកទល់​ពេល​នេះ​នៅ​អាច​មានដំណើរ​ការ​គម្រោង​ 2-3បន្ថែម​ទៀត​បន្ត​ទៅ​ដើមឆ្នាំ​ថ្មី​។ អុីចឹង​វា​មិន​មាន​អ្វី​ថមថយ​ទេ​គ្រាន់តែ​កន្លងមក​មានការ​ជួល​ពី​ជនជាតិ​ចិន​ ដែល​គាត់​មក​ប្រកបរបរ​អន​ឡាញ​ គឺ​វា​មាន​ភាព​គំហុក​នៅ​តំបន់​ពាណិជ្ជកម្ម​ច្រើន​ តែ​នៅ​តំបន់​ឧស្ស​ហក​ម្ម​វា​នៅតែ​មាន​សកម្មភាព​ដដែល​ធម្មតា​“។

ពាក់ព័ន្ធ​តំបន់​សេដ្ឋកិច្ច​ដទៃទៀត​ដូចជា​ផ្លូវ51​ផ្លូវជាតិ​លេខ​ 3 វា​នៅតែ​មាន​សក្តា​នុ​ពល​ដោយសារ​តែ​រាជរដ្ឋាភិបាល​រក្សា​ស្ថិរភាព​ និង​សន្តិសុខ​បាន​វា​មិន​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ដល់​វិស័យ​នេះ​ទេ​ តែ​ នៅក្នុង​នោះ​តំបន់​នី​មួយ​ៗ តែង​មានផល​កើនឡើង​ខ្លាំង​ និង​ផល​ប៉ះពាល់​ក៏​ខ្លាំង​ដែរ​។ នេះ​បើ​តាម​ការ​-បញ្ជាក់​របស់​លោក​ឧកញ៉ា​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​ទៀត​ថា​៖“សម្រាប់​ខេត្តកំពត​ កែប​ មិន​មាន​អ្វី​កត់សម្គាល់​ខ្លាំង​ដែរ​ វា​មិន​មានការ​ឡើងជា​គំហុក​នោះ​ទេ​ដោយសារ​តែ​មិន​មានការ​អភិវឌ្ឍ​ទ្រង់ទ្រាយ​ធំ​ គ្រាន់តែ​មានការ​-វិនិយោគ​ដី​ទុក​ និង​អនុវត្ត​ទៅតាម​គម្រោង​ផែនការ​របស់​គេ​។ ដោយហេតុថា​ ក្រុង​ព្រះសីហនុ​ ជា​ខេត្ត​ជាប់​សមុទ្រ​ដូចគ្នា​ ពេល​គាត់​មានតម្លៃ​ដី​ខ្ពស់​កើន​ឡើង​ខ្លាំង​ នោះ​វា​នឹង​ប្តូរ​ Replacement​ ហើយ​ខេត្តកំពត​ កែប​ អាច​នឹង​ទទួល​ជំនួស​ ព្រោះ​កំពត​ កែប​ មាន​ចម្ងាយ​ជិត​ជាង​ និង​មាន​ហេដ្ឋារចនាសម្ពន្ធ​ កំពង់ផែ​ ផ្លូវដែក​ ដែល​អាច​ដោះដូរ​ទំនិញ​ ទៅ​ប្រទេស​វៀតណាម​បាន​ទៀតផង​។

លោក​ សន​ សៀប​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ Key​ Realestat​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ ដល់​កាសែត​ឡា​រ៉ែ​នថា​៖“បើ​តាម​ការសង្កេត​ជាក់ស្តែង​នៅ​ដំណាច់ឆ្នាំ2019នេះ​ សម្រាប់​ការទិញ​-លក់​ដីធ្លី​ គឺ​ហាក់ដូចជា​ស្ងាត់​បន្តិច​តែ​តម្លៃ​នៅ​ទ្រឹង​ អត់មាន​ការ​ធ្លាក់ចុះ​ទេ​ ពីព្រោះ​យើង​មិន​មាន​អ្នក​លក់​បង្ខំ​ៗ គឺ​មានការ​សាកសួរ​រក​ តែ​មិន​មាន​ករណីនេះ​ ដូច្នេះ​ធ្វើ​ឱ្យ​តម្លៃ​វា​នៅ​ទ្រឹង​ គឺ​វា​មិន​ឡើង​ តែ​វា​ក៏​មិន​ចុះ​ដែរ​”។

លោក​បាន​បន្ត​ទៀត​ថា​ សម្រាប់​អ្នក​វិនិយោគ​នៅ​ក្នុង​វិស័យ​ដីធ្លី​ នៅ​បណ្តា​ខេត្ត​ដែល​មានការ​អភិវឌ្ឍ​ថ្មី​ៗវិញ​ក៏​ហា​កដូចជា​ ស្ងប់ស្ងាត់​ដែរ​។ ដូចជា​កន្លងមក​យើង​ពង្រីក​ទៅ​ខាង​ប៉ោយប៉ែត​ បាវិត​ ព្រះសីហនុ​ជាដើម​ ក៏​ហាក់ដូចជា​នៅ​ទ្រឹង​ដែរ​។ ចំពោះ​ការ​ស្ងប់ស្ងាត់​នេះ​វា​មានផល​ប៉ះពាល់​ ព្រោះ​ការដែល​មិន​មាន​សកម្មភាព​ គឺ​វា​មិន​មានការ​កើនឡើង​នូវ​ចំណូល​។ ដូច្នេះ​យើង​ឃើញថា​វា​មានការ​ប៉ះពាល់​ដល់​តម្លៃ​ជួល​ ដោយ​អ្នកជួល​នៅ​ប៉ោយប៉ែត​ បាវិត​ គាត់​បាន​សុំ​បញ្ចុះតម្លៃ​ និយាយទៅ​វា​មាន​ប៉ះពាល់​ទៅដល់​ចំណូល​ខ្លះ​នៃ​ការជួល​។

លោក​ សន​សៀប​ បាន​បន្ត​ថា​៖ “ទោះបីជា​មាន​ភាព​នៅ​ទ្រឹង​នៅ​តំបន់​សេដ្ឋកិច្ច​មួយចំនួន​ក៏​ពិតមែន​តែ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​តំបន់​ថ្មី​ៗ និង​គម្រោង​បង្កើត​ទីក្រុង​រណប​ បាន​បង្ហាញថា​សក្តា​-នុ​ពល​នៃ​វិស័យ​អចលនទ្រព្យ​កំពុង​ពង្រីក​សក្តា​នុ​ពល​ទៅ​តំបន់​សេដ្ឋកិច្ច​ទាំងនោះ​”។

លោក​ បាន​បញ្ជាក់​ទៀត​ថា​៖“យើង​អាច​និយាយ​បាន​ដែរ​ថា​វិស័យ​អចលនទ្រព្យ​កំពុង​ តែ​ពង្រីក​សក្តា​នុ​ពល​ទៅ​តំបន់​សេដ្ឋកិច្ច​ ខណៈ​នៅតែ​មាន​អ្នកជំនួញ​ក្នុង​វិស័យ​នេះ​ចុះ​ធ្វើសកម្មភាព​ទិញ​-លក់​ដដែល​។ ដូចជា​នៅ​ខេត្តកំពត​ សៀមរាប​ដែល​មាន​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជាដើម​ ប៉ុន្តែ​វា​មិនសូវ​ជា​មាន​ឥទ្ធិពល​ដោយសារ​វា​ស្ថិតនៅ​ជា​គម្រោង​នៅឡើយ​”។

លោក​ សន​ សៀប​ បាន​បញ្ជាក់​ដែរ​ថា​៖“យើង​ចាំ​មើល​ប្រហែលជា​ដើមឆ្នាំ​ក្រោយ​យើង​នឹងអាច​ដឹង​ថា​វា​មានការ​ប្រែប្រួល​យ៉ាងម៉េច​ទៀត​ ខ្ញុំ​គិតថា​ដើមឆ្នាំ​ក្រោយ​វា​ពិតជា​ល្អ​។ ឆ្នាំនេះ​វា​ចុងឆ្នាំ​ផង​ វា​មានរឿង​មិនល្អ​កើតមាន​ផង​ ហើយដោយ​សារ​តែ​វា​ជារ​ដូវ​ធ្លាក់​ភ្លៀង​ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច​ព្រោះតែ​ពិបាក​ក្នុង​ការ​ចុះ​មើល​ទីតាំង​ និង​វាស់វែង​ដូច្នេះ​មិនសូវ​មានការ​ទិញ​លក់​ទេ​។ តែ​ភាព​ស្ងប់ស្ងាត់​ទាំងនេះ​ អាច​នឹង​ត្រូវ​កែប្រែ​ឡើងវិញ​ បន្ទាប់​រដូវភ្លៀង​ធ្លាក់​បាន​បញ្ចប់​”៕

Advertisement