បណ្ដុំ​កសិករ​ស្រុក​រលាប្អៀរ​ ងាក​មក​ដាំ​បន្លែ​គ្រប់មុខ​បង្កើន​ចំណូល​គ្រួសារ​

ដំណាំ​ខ្ទឹមស្លឹក​ ភ្លៅកង្កែប​ និង​ជីរ​គ្រប់មុខ​ ជា​បន្លែ​មួយ​ប្រភេទ​ដែល​កសិករ​កម្ពុជា​និយម​ដាំ​ និង​បរិភោគ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ដោយសារតែ​បន្លែ​ទាំងនេះ​មាន​ក្លិនក្រអូប​ឈ្ងុយ​ និង​អាច​ច្នៃ​ធ្វើជា​អាហារ​បាន​ច្រើនយ៉ាង​ ដូចជា​ញ៉ាំ​ជា​អន្លក់​ ហូប​ឆៅ​ ជ្រក់​ និង​ឆា​ឬស្ល​ក៏បាន​។ លើស​ពីនេះ​ វា​ជា​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ និង​សារធាតុ​ចិញ្ចឹម​ជាច្រើន​មុខ​ ដែល​ជួយ​ទ្រទ្រង់​សារពាង្គកាយ​មនុស្ស​ទៀតផង​។

ដោយ​មើលឃើញ​គុណប្រយោជន៍​ និង​តម្រូវការ​ច្រើន​ និង​រៀងរាល់ថ្ងៃ​នៅ​លើ​ទីផ្សារ​ ទើប​សហគមន៍​កសិកម្ម​ដែល​ជា​បណ្តុំ​កសិករ​ផលិត​បន្លែ​ និង​ពហុ​ដំណាំ​នៅ​ភូមិ​ត្រពាំង​ក្រពើ​ ឃុំ​ទឹកហូត​ ស្រុក​រលាប្អៀរ​ខេត្ត​កំពង់ឆ្នាំង​បាន​នាំគ្នា​ដាំដំណាំ​បន្លែ​ ខ្ទឹមស្លឹក​ ភ្លៅកង្កែប​ និង​ជីរ​គ្រប់មុខ​នៅ​លើ​ផ្ទៃដី​ដាំដុះ​ចំនួន​ជាង​ 10ហិ​កតា​ រួម​ជាមួយនឹង​ដំណាំរួមផ្សំ​ផ្សេងទៀត​ដូចជា​ ស្ពៃក្រញាញ់​ ត្រសក់​ សណ្តែក​កួរ​ ននោង​ ម្រះ​ ត្រឡាច​ ត្រប់​ ត្រកួន​ និង​សណ្តែក​ដី​ ជាដើម​។

អ្នកស្រី​ រិទ្ធ​ ចន្ថា​ ប្រធាន​បណ្តុំ​កសិករ​ផលិត​បន្លែ​ សហគមន៍​កសិដ្ឋាន​ពហុ​ដំណាំ​ (សហគមន៍​ទឹក​ហូត​មានជ័យ​ក្តី​សង្ឃឹម​) បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពាណិជ្ជ​ឱ្យ​ដឹង​ថា​៖“បច្ចុប្បន្ន​សហគមន៍​មាន​សមាជិក70គ្រួសារ​ដោយ​ទទួល​បានការ​បណ្តុះបណ្តាល​បច្ចេកទេស​តាម​រយ:គម្រោង​ ASPIRE​ របស់ក្រ​សួង​កសិកម្ម​ និង​តាមរយៈ​មន្ទីរ​កសិកម្ម​ខេត្ត​ កសិករ​តំបន់​នេះ​បាន​ប្តូរ​ពី​ដាំដំណាំ​ស្រូវ​ មក​ដាំដំណាំ​បន្លែ​ចម្រុះ​ពេញ​ 1ឆ្នាំ​វិញ​ម្ដង​”។

អ្នក​ស្រី​ចន្ថា​ បានឱ្យ​ដឹង​ទៀត​ថា​៖“ចម្ការ​ដំណាំ​បន្លែ​ចម្រុះ​ ដែល​សហគមន៍​ខ្ញុំ​មាននៅ​លើ​ផ្ទៃដី​ 15​ហិ​កតា​នេះ​ គឺ​ដាំ​ក្នុង​លក្ខណៈ​វិល​ជុំ​ ធ្វើ​ឱ្យ​ទទួល​បាន​ផល​ជាប្រចាំ​ជាមធ្យម​ ដូចជា​បន្លែ​ខ្ទឹមស្លឹក​ 1តោន​កន្លះ​ ទៅ​ 2តោន​ ក្នុង1ថ្ងៃ​។ ភ្លៅកង្កែប​ទទួល​បាន​ជាមធ្យម​ 300​-400គីឡូក្រាម​ ក្នុង1ថ្ងៃ​។ចំណែក​ឯជីរ​គ្រប់មុខ​វិញ​ យើង​ទទួល​បានផល​ជាប្រចាំ​ជាមធ្យម​ពី​ 50ទៅ​ 100គីឡូក្រាម​ក្នុង1ថ្ងៃ​។ ប៉ុន្តែ​បន្លែ​របស់​សហគមន៍​ខ្ញុំ​ យើង​ដាំ​មាន​លក្ខណៈ​ខុសពី​បន្លែ​នៅ​លើ​ទីផ្សារ​បន្តិច​ត្រង់ថា​ ខ្ញុំ​មិន​ប្រើ​ជីគីមី​ទេ​ ជា​បន្លែ​សុវត្ថិភាព​ ដាំ​តាម​ធម្មជាតិ​ និង​តាម​ការណែនាំ​ពី​មន្ត្រី​ជំនាញ​កសិកម្ម​ខេត្ត​”។

អ្នកស្រី​ ក៏បាន​ប្រាប់​ អំពី​វិធីសាស្ត្រ​ដាំដុះ​ដែរ​ថា​ខ្ទឹមស្លឹក​ជាដំណាំ​មួយ​ប្រភេទ​ដែល​មិន​ពិបាក​ថែទាំ​ណាស់ណា​ទេ​ ដោយ​គ្រាន់តែ​ត្រូវ​ស្រោចទឹក​ច្រើន​បន្តិច​។ មុននឹង​ដាំ​គេ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល​ 2ទៅ​ 3ដង​ដើម្បី​ឱ្យ​ដី​ឆ្អិន​ល្អ​ បើ​ដី​មិន​ឆ្អិន​ល្អ​ ក៏​ដាំ​មិនសូវ​បានផល​ដែរ​។ ក្រោយពី​ហាល​ដី​រួច​ ត្រូវ​យក​ជីកំប៉ុស​ ឬជីលា​មក​គោ​ទៅ​បាច​ហើយ​ភ្ជួរ​លុប​ រួច​ទើប​លើក​ជាង​រង​។

បន្ទាប់មក​យក​ពូជ​ទៅ​ដាក់ដាំ​ ដោយ​ត្រូវ​គ្រប​ចំបើង​ពីលើ​ និង​ស្រោចទឹក​ក្នុង​ 1ថ្ងៃ​ 2ដង​ ព្រឹក​-ល្ងាច​ជាប្រចាំ​ ព្រមទាំង​មើលថែ​ទាំ​ដកស្មៅ​ ហើយនិង​ដាក់​ជី​ ព្រមទាំង​ពិនិត្យមើល​សត្វល្អិត​ បើសិនជា​មាន​ត្រូវ​តែ​បាញ់ថ្នាំ​សម្លាប់​។ ចាប់តាំងពី​ដាំ​រហូតដល់​ដក​លក់​ គឺ​ត្រូវ​ប្រើ​រយៈពេល​ពី​ 1ខែ​ 5ថ្ងៃ​ ទៅ1ខែ​ 10ថ្ងៃ​ ហើយ​ក្នុង​ 1ហិ​កតា​ យើង​អាច​ទទួល​បាន​ទិន្នផល​ពី​ជាង​ 5ទៅ​ 6តោន​។

អ្នកស្រី​ ចន្ថា​ បានឱ្យ​ដឹង​ទៀត​ថា​ ចំណែក​ដំណាំ​ភ្លៅកង្កែប​វិញ​ ក៏​មិន​ពិបាក​ដាំ​ដែរ​។ យើង​ដាំ​ដោយ​ស្ទូង​ដូច​ដំណាំស្រូវ​ដែរ​ ក្នុងរយៈពេល​ 1ខែ​ទៅ​ 1ខែ​កន្លះ​ កសិករ​អាច​ប្រមូល​ផល​បាន​ហើយ​ គឺ​យើង​អាច​ច្រូត​ ឬដក​វិល​ជុំ​រាល់ថ្ងៃ​ក៏បាន​។ដំណាំ​ជី​ភ្លៅកង្កែប​នេះ​ វា​ត្រូវការ​ទឹក​ជប់​ ឬទឹក​ចេញពី​ក្រោម​ដី​ច្រើន​ បើ​ដាំ​លើ​ដីខ្មៅ​ វា​នឹង​ឱ្យ​ផល​ច្រើនជាង​ដាំ​លើ​ដីល្បាយខ្សាច់​ ឬដីក្រហម​។ ដំណាំ​ភ្លៅកង្កែប​ត្រូវការ​ជីធម្មជាតិ​ ជីលា​មក​គោ​តិចតួច​ដែរ​ ដើម្បី​ជួយ​ដើម​ និង​ស្លឹក​ឱ្យ​កាន់តែ​ថ្លោស​។ ដំណាំ​មួយ​នេះ​ អាច​ប្រឈម​នឹង​ដង្កូវ​ សត្វល្អិត​ ចៃ​ និង​បើ​អាកាសធាតុ​ប្រែប្រួល​រហ័ស​ពេក​ ក៏​វា​អាច​រលួយ​ខូច​អស់​ផង​ដែរ​។ តែ​ប្រភេទ​ដង្កូវ​ សត្វល្អិត​ ឬចៃ​នេះ​ កសិករ​អាច​កម្ចាត់​បាន​ដោយ​ប្រើ​ថ្នាំពុល​ធម្មជាតិ​បាញ់សម្លាប់​វា​។

អ្នកស្រី​ប្រធាន​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“ ចំពោះ​រឿង​តម្លៃ​លក់​នៅ​លើ​ទីផ្សារ​វិញ​ បន្លែ​របស់ខ្ញុំ​អាច​លក់​បាន​ គឺ​ខ្ទឹមស្លឹក​តម្លៃ​ 4,800រៀល​ក្នុង​1គីឡូ​(ខ្ទឹមស្លឹក​ 2,000kg​ x 4,800​៛= 9,600,000​៛/ថ្ងៃ​) ភ្លៅកង្កែប​តម្លៃ​ 4,500រៀល​ក្នុង​ 1គីឡូក្រាម​(ភ្លៅកង្កែប​ 400kg​ x 4,500​៛ = 2,160,000​៛/ថ្ងៃ​) និង​ជីរ​គ្រប់មុខ​តម្លៃ​ 1គីឡូក្រាម​ តម្លៃ​ 4,000រៀល​(ជីរ​គ្រប់មុខ​ 100kg​ x 4000​៛= 400,000​៛/ថ្ងៃ​)។ ដូចនេះ​ក្នុង​ 1ថ្ងៃ​ សហគមន៍​ខ្ញុំ​ អាច​រកចំណូល​សរុប​បាន​ប្រមាណ​ជា​ 12,160,000រៀល​ដែរ​។

អ្នកស្រី​បាន​បញ្ជាក់​ថា​ បន្លែ​ដែល​ពួកគាត់​ដាំ​បាន​ គឺ​មិន​ភ័យ​បារម្ភ​រឿង​ទីផ្សារ​នោះ​ទេ​ មាន​ប៉ុន្មាន​ក៏​លក់​អស់​ដែរ​ ហើយ​មាន​គេ​មក​ប្រមូល​ទិញ​ដល់​រង​បន្លែ​តែម្តង​ ដោយ​ពួកគាត់​គ្រាន់តែ​កាត់​រួច​ច្រក​ថង់​ទុក​ តាម​ការ​កុម្ម៉ង់​ទិញ​របស់​ម៉ូយ​ជាការស្រេច​ ចំណែក​តម្លៃ​ខាងលើ​ហ្នឹង​ ក៏​ល្អ​គួរសម​ អាច​ទទួលយក​បាន​។អ្នក​ស្រី​ចន្ថា​បាន​បញ្ជាក់​ថា​៖“ការ​រក​ទីផ្សារ​លក់​ចេញ​របស់ខ្ញុំ​គឺ​ មិន​មានការ​លំបាក​នោះ​ទេ​ ដោយ​បច្ចុប្បន្ន​សហគមន៍​ខ្ញុំ​ បាន​លក់​ឱ្យ​ឈ្មួញ​ ដោយធ្វើ​កិច្ចសន្យា​ជាមួយ​ឈ្មួញ​កណ្តាល​ ដែល​បាន​ប្រមូល​ទិញ​ និង​ចែកចាយ​ទៅតាម​ទីផ្សារ​ និង​បាន​ផ្គត់ផ្គង់​ទីផ្សារ​នៅ​ភ្នំពេញ​ និង​ទីផ្សារ​តាម​បណ្តា​ខេត្ត​ មាន​ខេត្តពោធិ៍សាត់​ និង​បាត់ដំបង​ជាដើម​ទៀតផង​”។

អ្នកស្រី​ ចន្ថា​ បាន​សម្តែង​ទឹកចិត្ត​សោមនស្ស​ដោយ​បាន​បញ្ជាក់​ថា​ សហគមន៍​របស់​អ្នកស្រី​ មាន​បំណង​ចង់​ពង្រីក​ផលិតកម្ម​បន្លែ​បន្ថែម​តាម​លទ្ធភាព​ ដោយសារ​ទីផ្សារ​នៅតែ​មាន​តម្រូវការ​ខ្ពស់​ ហើយ​តាម​រយ​: ការពង្រីក​ផលិតកម្ម​នេះ​ អ្នកស្រី​ក៏​សង្ឃឹម​ថា​ ចំណូល​គ្រួសារ​របស់​សមាជិក​សហគមន៍​នឹង​កើន​ដល់​ 5,000ដុល្លារ​/ឆ្នាំ​ ដែល​គ្រួសារ​មួយចំនួន​ទទួល​បាន​ប្រមាណ​ជា​ 2-3ពាន់​ដុល្លារ​/ឆ្នាំ​ រួចហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​។

អ្នកស្រី​ រិទ្ធ​ ចន្ថា​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពាណិជ្ជ​ទៀត​ថា​៖“សហគមន៍​ខ្ញុំ​ បាន​ដាំដំណាំ​ទាំង​នេះ​ក្នុង​លក្ខណៈ​វិល​ជុំ​ ដែល​អាច​ឱ្យ​សហគមន៍​យើង​ប្រមូល​ផល​បាន​ជាប្រចាំ​ ហើយ​នៅ​លើ​ផ្ទៃដី​ដំណាំ​ដែល​យើង​មាន​នេះ​ ក៏​យើង​អាច​ដាំ​រួមផ្សំ​ជាមួយ​បន្លែ​ដទៃទៀត​ ដែល​យើង​អាច​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ក្នុង​ស្រុក​បាន​ដែរ​ ដោយ​យើង​លក់​រួម​ជាមួយនឹង​សហគមន៍​ផ្សេងទៀត​ដែលគេ​មាន​ដាំដំណាំ​បន្លែ​នេះ​ដែរ​ តែ​បច្ចុប្បន្ន​នេះ​ តម្រូវការ​មាន​កាន់តែ​ច្រើនឡើង​ ទើប​យើង​ចង់​ពង្រីក​ផលិតកម្ម​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ឱ្យ​បាន​គ្រប់គ្រាន់​”។

ឯកឧត្ដម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ ក្រសួង​កសិកម្ម​ក៏​ធ្លាប់​បាន​អញ្ជើញ​ចុះទៅ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៃ​ក្រុម​បណ្តុំ​កសិករ​ដាំ​បន្លែ​ និង​កសិដ្ឋាន​ពហុ​ដំណាំ​សហគមន៍​ទឹកហូត​មានជ័យ​ក្តី​សង្ឃឹម​នេះ​ផង​ដែរ​ និង​ចូលរួម​បាន​អបអរ​ចំពោះ​សមិទ្ធផល​ដែល​ប្រជាកសិករ​ទទួល​បាន​នា​ពេលនេះ​ ដោយ​ឯកឧត្ដម​បាន​បញ្ជាក់​ថា​ ផលដំណាំ​ គឺ​ប្រាក់ចំណូល​ និង​ការ​ជួបជុំ​ និង​សុភមង្គល​ក្នុង​គ្រួសារ​។

ឯកឧត្តម​បាន​បញ្ជាក់​ប្រាប់​បងប្អូន​ប្រជាកសិករ​ថា​ ជាក់ស្តែង​សមិទ្ធផល​ទាំងអស់​នេះ​ គឺ​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​ យកចិត្ត​ទុកដាក់​របស់​បងប្អូន​ផ្ទាល់​ ម្ចាស់​ជំនួយ​ អ្នក​អនុវត្តន៍​គម្រោង​ រួមផ្សំ​ជាមួយ​ការ​យកចិត្ត​ទុកដាក់​អនុវត្ត​បច្ចេកទេស​បាន​ត្រឹមត្រូវ​ ងាយស្រួល​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាព​សុខដុមរមនា​ ប្រកបរបរ​ធ្វើស្រែ​ចម្ការ​ចិញ្ចឹមសត្វ​ ចិញ្ចឹម​ត្រី​ និង​ដាំដំណាំ​តាម​លទ្ធភាព​រៀង​ៗខ្លួន​ដើម្បី​និរន្តរភាព​នៃ​កំណើន​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​។

ដូច្នេះ​ ឯកឧត្តម​បាន​ស្នើសុំ​ឱ្យ​ប្រជាពលរដ្ឋ​ ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ លើ​ការងារ​បង្កបង្កើនផល​ធ្វើ​យ៉ាងណា​បង្កើន​បរិមាណ​ផលិត​ ធានា​គុណភាព​ លើកកម្ពស់​សមត្ថភាព​កែច្នៃ​ការ​វេច​ខ្ចប់​ ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ ឆ្លើយតប​តាម​សេចក្តី​ត្រូវការ​ទីផ្សារ​ និង​ចំណង់​ចំណូលចិត្ត​អ្នក​បរិភោគ​ ដើម្បី​កំណើន​ចំណូល​គ្រួសារ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​៕

Advertisement