រាជរដ្ឋាភិបាល​ ​ស្វាគមន៍​ក្រុមហ៊ុន​ដែល​នាំ​បច្ចេកវិទ្យា​ថ្មី​មក​ ​សម្រាប់​ប្រទេស​កម្ពុជា​

​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​បាន​អះអាង​ថា​ ​រាជរដ្ឋាភិបាល​ ​និង​ប្រជាជន​កម្ពុជា​តែងតែ​ស្វាគមន៍​ក្រុមហ៊ុន​នានា​ដែល​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មី​ ​ធនធាន​ថ្មី​ ​ការងារ​ថ្មី​ ​និង​ឱកាស​អភិវឌ្ឍ​ន៍​ថ្មី​ៗ​ជាច្រើន​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​។​ ​នេះ​បើ​តាម​ការ​ថ្លែង​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ក្នុង​ពិធីសម្ពោធ​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ ​China​ ​Unicom​ ​(​Cambodia​)​ ​Operation​ ​Co​.​,​Ltd​.​ ​លើ​វិស័យ​ឌីជីថល​ ​និង​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​សណ្ឋាគារ​ ​សូ​ហ្វី​តែល​ ​ភ្នំពេញ​ ​ភូ​គី​ត្រា​។​ ​

​ ​ឯកឧត្តម​ ​ត្រាំ​ ​អុីវតឹក​ ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​បាន​លើកឡើង​ថា​ ​ក្រុមហ៊ុន​ ​China​ ​Unicom​ ​បាន​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​អនុវត្ត​គោលនយោបាយ​ ​និង​ក្តាប់​នូវ​កាលានុវត្ត​ភាព​ពី​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី4.0​ ​និង​សេដ្ឋកិច្ច​ឌីជីថល​ ​ដែល​បាន​ចែង​នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​

​ ​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម​ ​និង​ជឿជាក់​ថា​ ​ក្រុមហ៊ុន​ ​China​ ​Unicom​ ​(​Cambodia​)​ ​Operation​ ​Co​.​,​Ltd​.​ ​អាច​នាំមក​នូវ​ធនធាន​ដ៏​មានតម្លៃ​ ​និង​ចូលរួម​កាន់តែ​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​សហប្រតិបត្តិ​ការ​រវាង​ធុរកិច្ច​កម្ពុជា​ ​និង​ចិន​ ​នឹង​បន្ត​យ៉ាង​ជ្រាលជ្រៅ​នា​ពេល​អនាគត​ដោយ​នាំមក​នូវ​សេវាកម្ម​ ​បណ្តាញ​ ​និង​ទូរគមនាគមន៍​ដែល​ផ្អែកលើ​ ​cloud​-​based​ ​ដែល​មានគុណ​ភាព​ខ្ពស់​មកកាន់​ក្រុមហ៊ុន​ក្នុង​ប្រទេស​ ​និង​វិនិយោគិន​ជនជាតិ​ចិន​ ​ហើយ​លើស​ពីនេះ​ទៅទៀត​ ​គឺ​ការចូលរួម​ចំណែក​បន្ថែម​ពី​ក្រុមហ៊ុន​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​នៃ​ឌីជីថល​កម្ពុជា​ ​នា​ពេល​អនាគត​។​

​ ​លោក​ ​Meng​ ​ShuSen​ ​ប្រធាន​ក្រុមហ៊ុន​ ​China​ ​Unicom​ ​Global​ ​បាន​ថ្លែង​ថា​ ​ការបង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា​ ​ជា​ស្ពាន​មួយ​សម្រាប់​ផ្តល់​ព័ត៌មាន​ ​និង​ទំនាក់ទំនង​ទៅវិញទៅមក​រវាង​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ចិន​។​ ​ក្រុមហ៊ុន​ ​ឆាយ​ណា​ ​យូនី​ខម​ ​ប្រកាន់​ខ្ជាប់​នូវ​មនោគមវិជ្ជា​ ​នៃ​ប្រតិបត្តិ​ការ​ធុរកិច្ច​ក្នុង​ប្រទេស​ ​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ ​និង​រឹត​បន្តឹង​សហប្រតិបត្តិ​ការ​ជាមួយ​ធុរកិច្ច​កម្ពុជា​ ​ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​ទូរគមនាគមន៍​ក្នុង​ប្រទេស​តាមរយៈ​ការបង្កើត​ក្រុមហ៊ុន​កម្ពុជា​ ​ដោយ​នាំមក​នូវ​សេវាកម្ម​មកកាន់​សង្គម​ ​និង​ប្រជាជន​កម្ពុជា​។​

​ ​លោក​បាន​បន្ដ​ថា​ ​ក្រុមហ៊ុន​ក៏​សង្ឃឹមថា​ ​ការ​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន​ ​មិន​ត្រឹមតែ​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ដែល​មានគុណ​ភាព​នោះ​ឡើយ​ ​ប៉ុន្តែ​ការ​ផ្តួចផ្តើម​នេះ​ក៏​នឹង​ជួយ​សហគ្រាស​នៅ​កម្ពុជា​ ​ក្នុង​ការ​វិនិយោគ​ទៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។​ ​ដូច្នេះ​នឹង​បង្កើត​បាន​ជា​សហប្រតិបត្តិ​ការដែល​រឹងមាំ​ ​និង​មាន​អត្ថ​ប្រយោជន៍​ ​ដែល​ជា​ការ​បន្ថែម​អត្ថន័យ​ទៅលើ​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ផង​ដែរ​។​

​ ​លោក​បន្ថែម​ថា​ ​ក្រុមហ៊ុន​ ​ឆាយ​ណា​ ​យូនី​ខម​ ​នៅតែ​បន្ត​ពន្លឿន​នូវ​ការ​អភិវឌ្ឍ​លើ​ទីផ្សារ​អន្តរជាតិ​ ​ដោយ​បង្ហាញ​ពី​ភាពរឹងមាំ​របស់​បណ្តាញ​សេវាកម្ម​របស់​ខ្លួន​នៅ​លើស​កល​លោក​ ​និង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​ដែល​នេះ​បង្កើត​បាន​ជា​ផ្លូវ​ ​រចនាសម្ព័ន្ធ​ទូរគមនាគមន៍​ក្នុង​ប្រទេស​និង​តំបន់​ដែល​ស្ថិត​ក្នុង​គម្រោង​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​។​

​ ​ក្រុមហ៊ុន​ ​ឆាយ​ណា​ ​យូនី​ខម​ ​ក៏បាន​កាន់កាប់​ចំណុច​ចូល​ប្រើ​ ​(​Point​ ​of​ ​Presence​-​PoP​)​ ​ជាង​ ​80ចំណុច​ទូទាំង​ពិភពលោក​ ​ដោយធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ធុរកិច្ច​អន្តរជាតិ​ ​និង​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​បណ្តាញ​ ​ក្នុង​ការ​ផ្តល់​បណ្តាញ​ខ្លោ​ដ​ ​ដែល​មាន​សុវត្ថិភាព​ ​និង​អាច​ជឿ​ទុកចិត្ត​បាន​ ​ព្រមទាំង​ព័ត៌មាន​ដែល​បាន​រួមបញ្ចូល​ព័ត៌មាន​ទូលំទូលាយ​ ​និង​សេវាកម្ម​ទំនាក់ទំនង​ទូទាំង​ពិភពលោក​ ​ជាពិសេស​សម្រាប់​សហគ្រាស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​

​ ​លោក​ ​Meng​ ​ShuSen​ ​បាន​បញ្ជាក់​ថា​ ​គិត​ត្រឹម​ថ្ងៃនេះ​ក្រុមហ៊ុន​ ​ឆាយ​ណា​ ​យូនី​ខម​ ​បាន​ចូលរួម​ក្នុង​ការសាងសង់​ ​និង​កាន់កាប់​លើ​គម្រោង​បណ្តាញ​ខ្សែ​ទូរស័ព្ទ​ជាង​ ​20គម្រោង​ ​និង​គម្រោង​បណ្តាញ​ក្រោម​បាតសមុទ្រ​ជាង​ ​30គម្រោង​ទូទាំង​ពិភពលោក​៕​




Advertisement