ក្រសួង​កសិកម្ម​កម្ពុជា​ និង​ក្រសួង​កសិកម្ម​កូរ៉េ​ខាងត្បូង​ ចុះ Mou​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​កសិកម្ម​

ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ក្នុង​កិច្ចពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ Kim​ Hyeon​-Soo​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ស្បៀងអាហារ​ និង​អភិវឌ្ឍន៍​ជនបទ​នៃ​សាធារណរដ្ឋ​កូរ៉េ​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​កសិកម្ម​។

សូម​បញ្ជាក់​ថា​ ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (Mou​) នេះ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​ Grand​ Haeundea​ នៅ​ទី​ក្រុង​ប៊ូ​សាន​ កាលពី​ចុងខែ​វិច្ឆិកា​ ឆ្នាំ2019​ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ និង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​របស់​ភាគី​ទាំង2​ នៅក្នុង​វិស័យ​កសិកម្ម​។

ក្នុង​ឱកាស​នេះ​ផង​ដែរ​ ឯកឧត្តម​ Kim​ Hyeon​-Soo​ បាន​បញ្ជាក់​ថា​ ភាគី​កូរ៉េ​បាន​អនុម័ត​រួចហើយ​នូវ​ការអនុញ្ញាត​ឱ្យ​នាំចូល​ស្វាយ​ពី​កម្ពុជា​មក​កូរ៉េ​កាលពី​ខែតុលា​ ឆ្នាំ2019កន្លងទៅ​ ដូច្នេះ​ក្នុង​ខែធ្នូ​ ឆ្នាំ2019​ខាងមុខនេះ​ កម្ពុជា​នឹងអាច​នាំចូល​ស្វាយ​មក​កូរ៉េ​បាន​ហើយ​។ ឯកឧត្តម​ក៏បាន​ស្វាគមន៍​នូវ​សំណើ​របស់​កម្ពុជា​ ដោយ​បាន​សន្យា​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​លើ​ការ​ដាំដំណាំ​ក្នុង​ផ្ទះ​កញ្ចក់​ (Green​ House​) ដែល​អាច​ធានា​ដល់​ការផលិត​បន្លែ​បាន​គ្រប់​រដូវ​ ការពារ​សត្វល្អិត​ និង​មានគុណ​ភាព​ខ្ពស់​ ឆ្លើយតប​តាម​ស្តង់​ដា​ និង​ទីផ្សារ​ ដើម្បី​ជំរុញ​ផលិតកម្ម​លើ​ដំណាំ​បន្លែ​ក្នុង​ស្រុក​។

ឯកឧត្តម​ វេង​ សា​ខុន​ បាន​ថ្លែងអំណរគុណ​ដល់​ភាគី​កូរ៉េ​អំពី​ដំណឹងល្អ​សម្រាប់​ការអនុញ្ញាត​ឱ្យ​នាំ​ចូល​ស្វាយ​នេះ​ ហើយ​ឯកឧត្តម​ក៏បាន​ស្នើសុំ​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ភាគី​កូរ៉េ​បន្ថែម​ទៀត​ លើ​ការ​ធ្វើ​ទំនើបកម្ម​កសិកម្ម​នៅ​កម្ពុជា​ ដើម្បី​ផ្លាស់​ប្តូរ​ពិសោធ​ដែល​កសិកម្ម​កូរ៉េ​បាន​ឆ្លងកាត់​។

ចំពោះ​ការ​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​លើ​ដំណាំ​ក្នុង​ Green​ House​ នេះ​ ព្រោះ​វា​ឆ្លើយតប​ចំ​គោលដៅ​ដែល​ក្រសួង​បាន​និង​កំពុង​ធ្វើ​ និង​ឆ្លើយតប​ទៅ​លើ​តម្រូវការ​ដែល​ក្រសួង​កសិកម្ម​កម្ពុជា​កំពុងតែ​យកចិត្ត​ទុកដាក់​ ដើម្បី​ជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​កសិ​កឱ្យ​ឆ្លើយតប​តាម​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​។

ម្យ៉ាងវិញទៀត​ ដោយ​មើលឃើញ​ពី​តម្រូវការ​ចាំបាច់​សម្រាប់​ការប្រើ​ប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ និង​ដោយមាន​បំណង​ចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​វិស័យ​សាធារណៈ​ និង​ឯកជន​នៃ​ប្រទេស​ទាំង2​ លើ​វិស័យ​កសិកម្ម​។ ភាគី​ទាំង2​ បាន​ព្រមព្រៀង​គ្នា​លើ​កិច្ចសហការ​គ្នា​ក្នុង​វិស័យ​ដូច​ខាងក្រោម​៖
1-ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​គោលនយោបាយ​កសិកម្ម​ក្នុង​តំបន់​ និង​អភិវឌ្ឍន៍​ជនបទ​។

2-ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​គោលនយោបាយ​កសិកម្ម​ក្រៅប្រទេស​។

3-ផ្លាស់​ប្តូរ​អ្នកជំនាញ​ក្នុង​វិស័យ​ដែល​ពាក់ព័ន្ធ​និង​កិច្ច​សហប្រតិបត្តិ​ការ​លើ​បច្ចេកទេស​ និង​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​កសិកម្ម​ និង​ការស្រាវជ្រាវ​រួមគ្នា​ ក៏​ដូចជា​ការជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​បច្ចេកទេស​កសិកម្ម​រវាង​វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម​នៃ​ប្រទេស​ទាំង2​។

4-កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​អភិវឌ្ឍ​កសិកម្ម​សំដៅ​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​ប្រទេស​ទាំង2​។

5-ជំរុញ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​រវាង​សហគ្រាស​និង​ទីភ្នាក់ងារ​ពាក់ព័ន្ធ​ក្នុង​វិស័យ​សាធារណៈ​ និង​ឯកជន​។

6-ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​ រួមមាន​ដី​ ទឹក​ និង​ធន​ធាន​សេនេ​ទិ​ក។

7-កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​បង្កើន​ផលិតភាព​កសិកម្ម​ គ្រឿងយន្ត​កសិកម្ម​ និង​យុទ្ធសាស្ត្រ​មុន​ និង​ក្រោយពេល​ប្រមូល​ផល​។

8-កិច្ច​សហប្រតិបត្តិ​ការ​ដើម្បី​សម្របសម្រួល​ដល់​ការ​វិនិយោគឯកជន​ក្នុង​វិស័យ​កសិកម្ម​។

9-ការ​ផ្លាស់​ប្តូរ​ និង​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​ចំណុច​ដែល​ចាប់អារម្មណ៍​ផ្សេងទៀត​ ដែល​អាច​កើតឡើង​ពី​ការសម្រេច​ចិត្ត​របស់​ភាគី​ទាំង2​។

ដើម្បី​ធ្វើ​ទំនាក់ទំនង​ និង​សម្របសម្រួល​កិច្ច​សហប្រតិបត្តិ​ការ​ក្រោម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ ភាគី​ទាំង2​ បាន​ឯកភាព​គ្នា​ បង្កើត​ក្រុមការងារ​ដែល​មាន​ប្រធាន​ 1រូប​ មានឋានៈជា​ប្រធាន​នាយកដ្ឋាន​ធ្វើជា​សហប្រធាន​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង2​។

ភាគី​នី​មួយ​ៗនឹង​ចាត់តាំង​លេខាធិការ​ទំនាក់ទំនង​ម្នាក់​ឱ្យ​ទទួលខុសត្រូវ​ការងារ​ទាក់ទង​នឹង​កិច្ចប្រជុំ​ក្រុមការងារ​។ កិច្ចប្រជុំ​ក្រុមការងារ​នឹង​ត្រូវ​ធ្វើ​ឡើងជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ និង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រៀងរាល់​ 2ឆ្នាំ​ម្តង​ ឬលើស​ពីនេះ​បើ​ចាំបាច់​ដោយ​ភាគី​ទាំង2​។ កាលបរិច្ឆេទ​ ទីតាំង​ និង​របៀបវារៈ​នៃ​ការប្រជុំ​នី​មួយ​ៗនឹង​ត្រូវ​សម្រេច​រួមគ្នា​ជាមុន​៕

Advertisement