ដំណាំ​ចេកមាសស្ងួន​ អាច​កែច្នៃ​ជា​ចេកឆាប​ចូលរួម​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​

ថ្វី​ដ្បិតតែ​កសិករ​កម្ពុជា​និយម​ដាំ​ជាងគេ​ គឺ​ដំណាំ​ចេក​មែន​ តែ​ដំណាំ​ចេក​មាន​សណ្ឋាន​ និង​ពូជ​ច្រើន​ប្រភេទ​ ច្រើន​យ៉ាង​ប្លែក​ៗពីគ្នា​។ ម្យ៉ាងវិញទៀត​ ដំណាំ​មួយ​ប្រភេទ​នេះ​ នៅពេល​បានផល​ ហើយ​ ផ្លែ​វា​ក៏​ជា​តម្រូវការ​របស់​គ្រប់​ៗគ្នា​ក្នុង​ការ​យក​ទៅ​ធ្វើម្ហូប​ ជា​បង្អែម​ និង​ធ្វើជា​ផលិតផល​កែច្នៃ​(តំណាប់ចេក​ ចេក​ងៀត​ ចេកហាល​ ចេកឆាប​-ល-)តាមចំណង់​ចំណូលចិត្ត​។

ផ្លែ​ចេក​ត្រូវ​បាន​ពលរដ្ឋខ្មែរ​យក​ទៅ​ធ្វើជា​ផលិតផល​កែច្នៃ​ម្យ៉ាង​ដែល​រក្សាទុក​ហូប​បាន​យូរ​ ហើយ​គ្មាន​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​និយាយ​ថា​ មិនធ្លាប់​ស្គាល់​នោះ​ទេ​ តែ​ថែមទាំង​ធ្លាប់​ឃើញ​ និង​ធ្លាប់​ទាំង​ហូប​ស្ទើរតែ​គ្រប់គ្នា​ទៀតផង​ នោះ​គឺ​ “ចេកឆាប​”។

ដោយ​មើលឃើញ​ពី​ផលប្រយោជន៍​ជាច្រើន​របស់​ផ្លែ​ចេក​ កសិករ​នៅ​សហគមន៍​ខេត្តកោះកុង​ បាន​នាំគ្នា​ដាំចេក​ពូជ​ម្យ៉ាង​ដែល​មានឈ្មោះ​ថា​ ចេកមាសស្ងួន​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ បំពេញ​តម្រូវការ​ប្រជាពលរដ្ឋ​ខ្មែរ​ និង​រក្សា​ពូជ​ចេក​ក្នុង​ស្រុក​ ដែល​ពលរដ្ឋ​គ្រប់រូប​បាន​និយម​ទទួលទាន​គ្រប់​ជំនាន់​កន្លងមក​។ ជាពិសេស​ ចេកមាសស្ងួន​នេះ​ គេ​អាចយ​កទៅ​កែច្នៃ​ជា​ផលិតផល​ចេកឆាប​បាន​យ៉ាង​ល្អ​ទៀតផង​។

ចេកឆាប​ ជា​អាហារសម្រន់​ដែល​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​និយម​ចូលចិត្ត​ និង​ចាត់ទុក​ចេកឆាប​ ជា​បង្អែម​មួយ​បែប​ផង​ដែរ​របស់​ខ្មែរ​។ ចេកឆាប​ដែល​ប្រជាពលរដ្ឋ​តែងតែ​នាំគ្នា​ធ្វើ​ និង​ដាក់​លក់​នៅ​លើ​ទីផ្សារ​ ក៏​ផលិត​ពី​ប្រភេទ​ចេ​កផ្សេង​ៗពីគ្នា​ដែរ​ តែ​ភាគច្រើន​គេ​តែងតែ​យក​ចេកណាំវ៉ា​មក​កែច្នៃ​ជា​ចេកឆាប​ ប៉ុន្តែ​អ្នក​ខ្លះ​គេ​ក៏​យក​ចេកមាសស្ងួន​មក​កែច្នៃ​ជា​ចេកឆាប​ដែរ​ដោយសារ​វា​មាន​ភាព​ស្រួយ​ និង​ឈ្ងុយឆ្ងាញ់​ជាង​ចេក​ដទៃ​ និង​មានឱជារស​ផ្អែម​ជាប់ចិត្ត​ទាំង​រសជាតិ​ ទាំង​ក្លិន​ និង​គុណភាព​។

កសិករ​ឈ្មោះ​ ឡាក់​ ហាក់​ ជាស​មា​ជិ​កសហគមន៍​កសិកម្ម​ស្រុក​ថ្មបាំង​ ខេត្តកោះកុង​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ឱ្យ​ដឹង​ថា​៖“ចេក​ដែល​ខ្ញុំ​បាន​ដាំ​សព្វថ្ងៃ​ ភាគច្រើន​ជា​ចេកមាសស្ងួន​ ដែលគេ​និយម​យក​ទៅ​ធ្វើជា​ចេកឆាប​នេះឯង​។ បច្ចុប្បន្ន​ខ្ញុំ​មានផ្ទៃ​ដី​ដាំចេក​ប្រមាណ​តែ​ជាង​ 7ហិ​កតា​ប៉ុណ្ណោះ​ដោយ​អាច​កាប់​លក់​បាន​ជា​រៀងរាល់ថ្ងៃ​នៅ​លើ​ទីផ្សារ​ ហើយ​មួយចំណែកទៀត​ក៏​ដឹកជញ្ជូន​ទៅ​ឱ្យ​ម៉ូយ​ដល់​ភ្នំពេញ​ផង​ដែរ​”។

លោក​បាន​មានប្រសាសន៍​ថា​ ការ​ដាំចេក​មាសស្ងួន​នេះ​ មាន​ភាព​ងាយស្រួល​ និង​មិន​លំបាក​ថែទាំ​នោះ​ទេ​ គឺ​ដូច​ការ​ដាំចេក​ណាំវ៉ា​ដែរ​ ដោយ​គ្រាន់តែ​ជីកដី​ រួច​ដាក់​កូន​ចេក​ក្នុង​ 1រណ្តៅ​ 1គុម្ព​(1ដើម​) ដាំ​ទុកចន្លោះ​ពី​ 1ដើម​ទៅ​ 1ដើម​ ចម្ងាយ​ទទឹង​ 3ម៉ែត្រ​ បណ្តោយ​ 4ម៉ែត្រ​ ពេល​ដាំ​ហើយ​ បូមទឹក​ស្រោច​ប្រមាណ​ជា​ 2ដង​ ដើម្បី​ឱ្យ​ចេក​ចាប់​ឫស​ និង​អាច​រស់​បាន​ តែ​ប៉ុណ្ណឹង​ជាការស្រេច​។ ឯការ​មើលថែ​ទាំ​វិញ​ នៅពេល​វា​អាយុ​បាន​ 1ខែ​ យើង​ត្រូវ​ដាក់ជី​(ប្រភេទ10​ -5-15​ ឬ 10​-0-20​) ចំនួន​ 80ក្រាម​ក្នុង​ 1ដើម​។ ដល់ពេល​វា​អាយុ​បាន​ 3ខែ​ យើង​ត្រូវ​ដាក់ជី​ម្ដងទៀត​(ប្រភេទ10​ -5-15​ ឬ 10​-0-20​) 250ក្រាម​ក្នុង​ 1ដើម​។ លុះដល់​វា​អាយុ​បាន​ 4ខែ​ យើង​ត្រូវ​ដាក់ជី​កំ​ប៉ុស​ ដើម្បី​ជំនួយ​ដល់​ការលូតលាស់​របស់​វា​ និង​ជំនួយ​ដល់​ផ្លែ​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់​ និង​ត្រូវ​ធ្វើការ​សម្អាត​ស្មៅ​ជាប្រចាំ​។

បន្ទាប់មក​យើង​មិនបាច់​ឱ្យ​ទឹក​ទៀត​ទេ​ គ្រាន់តែ​មើលថែ​ស្មៅ​កុំឱ្យ​ដុះ​ ដោយ​គ្រាន់តែ​ជម្រះស្មៅ​ពេល​ដើមចេក​នៅ​តូច​ៗម្តងម្កាល​ទៅ​បាន​ហើយ​។ លុះ​ដាំ​បាន​រយៈពេល​ត្រឹម​ 7ខែ​ ចេក​នឹង​ចាប់ផ្តើម​ធ្លាក់​ត្រយូង​ ចេញ​ផ្លែ​ និង​ឱ្យ​ផល​។ ដល់ពេល​វា​ធំឡើង​ស្លឹក​វា​នឹង​ធ្វើ​ឱ្យ​ម្លប់​ដី​ទាំងមូល​ហើយ​ ដូច្នេះ​រុក្ខជាតិ​ផ្សេង​ៗនឹង​មិន​ដុះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ដំណាំ​ចេក​នោះ​ទេ​។

លោក​ ហាក់​ បាន​បញ្ជាក់​ថា​៖“ដំណាំ​ចេក​ដែល​ខ្ញុំ​មាន​លើ​ផ្ទៃដី​ប្រមាណ​ជាង​ 7ហិ​កតា​នោះ​ គឺ​បាន​ប្រមូល​ផល​ក្នុង​ 1អាទិត្យ​បាន​ 400គីឡូក្រាម​ដែរ​ គឺ​ក្នុង​1ខែ​ 4ដង​ ដោយ​បាន​នាំចេញ​ទៅ​ឱ្យ​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ​លី​លី​នៅ​ភ្នំពេញ​ ហើយ​ចំនួន​នេះ​មិនទាន់​គ្រប់​តាម​ការ​បញ្ជាទិញ​របស់​គេ​នៅឡើយ​ទេ​”។

លោក​បាន​បញ្ជាក់​ទៀត​ថា​៖“ចេកមាសស្ងួន​ ដែល​ខ្ញុំ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ គឺ​លក់​ក្នុង​តម្លៃ​ 1,600​រៀល​ក្នុង​ 1គីឡូក្រាម​ ដោយសារ​ក្រុមហ៊ុន​បានឱ្យ​ថ្លៃ​លើស​ទីផ្សារ​ 100​-200រៀល​ក្នុង​ 1គីឡូក្រាម​។ ដូច្នេះ​ក្នុង1ខែ​ ខ្ញុំ​អាច​ទទួល​បាន​ប្រាក់​ប្រមាណ​ជាង​ 2លាន​រៀល​(2,560,000រៀល​)ដែរ​”។

លោក​ ឡាក់​ ហាក់​ បាន​បញ្ជាក់​ថា​៖“ដូច្នេះ​ទិន្នផល​ចេក​ ដើម្បី​ឱ្យ​ប្រមូល​បាន​តាម​តម្រូវការ​នៃ​ការ​បញ្ជាទិញ​របស់​ក្រុមហ៊ុន​ យើង​ចាំបាច់​ត្រូវតែ​បង្កើន​ចំនួន​ ព្រោះ​យើង​មាន​កិច្ច​ព្រមព្រៀង​ជាមួយគ្នា​ ដោយ​ត្រូវ​ផ្គត់ផ្គង់​សម្រាប់​ផលិត​ជា​ផលិតផល​ផ្លែឈើ​ក្រៀម​(ចេកឆាប​) ដែល​បច្ចុប្បន្ន​ការ​ផ្គត់ផ្គង់​ស្ថិត​ក្នុង​លក្ខណៈ​តិចតួច​ណាស់​ សម្រាប់​ការ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ ប៉ុន្តែ​យើង​នឹង​ពង្រីក​ការផលិត​បន្ថែម​នៅ​ពេល​ខាងមុខ​”។

ថ្វី​ដ្បិតតែ​ផលដំណាំ​ចេក​របស់​លោក​ ឡាក់​ ហាក់​បាន​បញ្ជូន​ទៅ​ឱ្យ​ក្រុមហ៊ុន​ ដើម្បី​ផលិត​ជា​ផលិតផល​កែច្នៃ​(ចេកឆាប​)តាម​បច្ចេកទេស​ទំនើប​មែន​ តែ​ការ​ធ្វើ​ចេកឆាប​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់​បាន​ធ្វើ​ និង​រូបលោក​ធ្លាប់​បាន​ធ្វើជា​លក្ខណៈ​គ្រួសារ​នោះ​ ក៏​លោក​ធ្លាប់​មាន​បទ​ពិសោធ​ខ្លះ​ដែរ​។

លោក​ ឡាក់​ ហាក់​ បាន​បញ្ជាក់​ថា​៖ “ប្រជាពលរដ្ឋ​យើង​ ប្រាកដជា​ធ្លាប់ស្គាល់​ និង​ធ្លាប់​ពិសា​ ចេកឆាប​នេះ​ហើយ​ ព្រោះ​វា​សម្បូរ​ណាស់​នៅក្នុង​ស្រុកខ្មែរ​យើង​។ ប៉ុន្តែ​សម្រាប់​បងៗ​មួយចំនួន​ប្រហែលជា​មិនទាន់​ដឹងពី​វិធី​ធ្វើ​នៅឡើយ​ទេ​ ដូច្នេះ​ពេលនេះ​ខ្ញុំ​សូម​ធ្វើការ​ណែនាំ​ពី​ការផ្សំ​គ្រឿង​ និង​វិធី​ធ្វើ​ដូច​ខាងក្រោម​៖យើង​ត្រូវ​មាន​គ្រឿងផ្សំ​ គឺ​ចេកណាំវ៉ា​ ឬចេកមាសស្ងួន​ស្រគាល​ 1ស្និត​ ស្ករស​ 250ក្រាម​ខ្លាញ់​រាវ​ 400​ក្រាម​(សម្រាប់​ចេក​ 1ស្និត​)។ បើ​យើង​មាន​ធាតុផ្សំ​រួច​នោះ​ វិធី​ធ្វើ​មិនជា​លំបាក​ឡើយ​ ដោយ​វិធី​ធ្វើ​ គឺ​យើង​ត្រូវ​បក​សម្បក​ផ្លែ​ចេក​ឱ្យ​ស្អាត​ បន្ទាប់មក​ធ្វើការ​ឈូស​វា​ជា​ចំ​ណិ​តស្តើង​ៗ ដាក់​ហាលថ្ងៃ​ឱ្យ​ស្ងួត​។ បន្ទាប់ពី​ហាល​ស្ងួត​ហើយ​ យើង​ដាក់​ខ្ទះ​ដាំ​ឱ្យ​ក្តៅ​ បន្ទាប់មក​ដាក់ខ្លាញ់​ចូល​ រួច​ធ្វើការ​បំពង​ឱ្យ​ស្រួយ​ រួច​ស្រង់​ឡើង​ ទុក​ឱ្យ​ស្រស់​ខ្លាញ់​។

បន្ទាប់មក​ដាក់ដាំ​ទឹក​ស្ករ​ រម្ងាស់​ឱ្យ​ឡើង​ជើង​អង្ក្រង​ ហើយ​ចាក់​ចេក​ដែល​បំពង​ស្រួយ​ហើយ​នោះ​ចូល​ទៅ​។ ជ្រួយ​ត្រឡប់​វា​ឱ្យ​ស្ងួត​ទឹក​ បន្ទាប់មក​ស្រង់​ឡើង​ ដាក់​ហាលថ្ងៃ​រហូតដល់​ស្ងួត​ ទើប​ដាក់​ក្នុង​កែវ​គ្រប​ឱ្យ​ជិត​ ដើម្បី​រក្សាទុក​ពិសា​បាន​យូរថ្ងៃ​។

លោក​ ហាក់​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ទៀត​ថា​៖“ខ្ញុំ​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​ដំណាំ​ចេក​របស់ខ្ញុំ​នេះ​បន្ថែម​ទៀត​ ព្រោះ​តាម​ការ​ផ្គត់ផ្គង់​សព្វថ្ងៃ​ ក្រុមហ៊ុន​នៅ​មាន​តម្រូវការ​ និង​បញ្ជាទិញ​ច្រើន​ទៀត​ណាស់​ ហើយ​ក្រុមហ៊ុន​ក៏បាន​ទុក​លទ្ធភាព​ជូន​សហគមន៍​ឱ្យ​រៀបចំផែនការ​ដាំដុះ​ច្បាស់លាស់​ ដើម្បី​ឱ្យ​បាន​គ្រប់​ចំនួន​ដែល​ក្រុមហ៊ុន​ត្រូវការ​”។

លោកជំទាវ​ កែវ​ មុំ​ អគ្គ​នាយិកា​ក្រុមហ៊ុន​ លី​លី​ហ្វ៊ូ​ដ ផលិត​នំ​ស្រួយ​ ធ្លាប់​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​អំពី​មូលហេតុ​នៃ​ការបង្កើត​រោងចក្រ​កែច្នៃ​បន្លែ​ និង​ផ្លែឈើ​នេះ​ថា​៖ “វា​ជាផ្នែក​មួយ​នៃ​ទីផ្សារ​សម្រាប់​កសិផល​របស់​ខ្មែរយើង​ ដោយក្រុម​ហ៊ុន​បាន​ចុះ​កិច្ចសន្យា​ជាមួយ​កសិករ​នៅ​ខេត្តកំពត​ កោះកុង​ ព្រះវិហារ​ មណ្ឌលគិរី​ និង​ខេ​ត្ដ​កំពង់ចាម​ ដើម្បី​ឱ្យ​ពួកគាត់​បង្កើន​ការផលិត​ឱ្យ​ច្រើន​ សម្រាប់​ផ្គត់ផ្គង់​មក​ក្រុមហ៊ុន​តាម​ការកំណត់​ ដើម្បី​ផលិត​ឱ្យ​បាន​តាម​តម្រូវការ​ទីផ្សារ​”។

លោកជំទាវ​បានឱ្យ​ដឹង​ថា​៖ “តាមរយៈ​គម្រោង​នេះ​ ក្រុមហ៊ុន​បាន​បញ្ជាទិញ​បន្លែ​ ផ្លែឈើ​ពី​កសិករ​ក្នុង​កម្រិត​ប្រមាណ3​ ទៅ​ 5តោន​ក្នុង​ 1ថ្ងៃ​ៗ ដែល​ការ​យក​បន្លែ​-ផ្លែឈើ​មក​កែច្នៃ​ជា​បន្លែ​ផ្លែឈើ​ក្រៀម​ យើង​នឹង​ជួយ​ដល់​កសិករ​បាន​ច្រើន​។ បច្ចុប្បន្ន​ រោងចក្រ​បណ្តោះអាសន្ន​នេះ​អាច​ធ្វើការ​ផលិត​បន្លែ​ផ្លែឈើ​ក្រៀម​បាន​ក្នុង​ 1ថ្ងៃ​ពី2​ ទៅ​ 3តោន​។ នៅពេល​រោងចក្រ​សាងសង់​រួចរាល់​នា​ពេល​ខាងមុខ​ រោងចក្រ​មួយ​នេះ​នឹង​ពង្រីក​ចង្វាក់​ផលិតកម្ម​បន្ថែម​ទៀត​ ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​ផង​ដែរ​”៕

Advertisement