រដ្ឋមន្ត្រី​កសិកម្ម​ ស្នើ​ឱ្យ​សហការ​គ្នា​លើកកម្ពស់​ផលិតផល​សរីរាង្គ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​សហការ​គ្នា​លើកកម្ពស់​ផលិតផល​កសិកម្ម​សរីរាង្គ​ឱ្យ​ទទួល​បាន​ជោគជ័យ​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ផលិតផល​កសិកម្ម​សរីរាង្គ​ ដែល​កំពុងតែ​កើនឡើង​ទាំង​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​ឯកឧត្ដម​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ ក្នុង​ពិធី​ “អបអរសាទរ​ក្រុមហ៊ុន​សហករណ៍​សរីរាង្គ​ខ្មែរ​ ដែល​បាន​ទទួល​ពានរង្វាន់​អាស៊ាន​ ភាពជា​អ្នកដឹកនាំ​លើ​ការ​អភិវឌ្ឍ​ជនបទ​ និង​លុបបំបាត់​ភាព​ក្រីក្រ​”។

ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​កោតសរសើរ​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​សហករណ៍​សរីរាង្គ​ខ្មែរ​(Khmr​ Cooperative​ Organic​) ដែល​ធ្វើ​បានសម្រេច​ និង​ទទួល​បាន​លទ្ធផល​ជា​ផ្កែ​ផ្កា​ល្អ​ ហើយ​លទ្ធផល​នេះ​ក៏​មិន​អាច​កាត់​ផ្តាច់​ចេញ​បាន​ពី​កិច្ចសហការ​យ៉ាង​ល្អ​ប្រសើរ​ រវាង​សហករណ៍​ ជាមួយ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ ដែល​ធ្វើ​ឱ្យ​ឈាន​ទៅ​ទទួល​បាន​ពានរង្វាន់​អាស៊ាន​ ភាពជា​អ្នកដឹកនាំ​លើ​ការ​អភិវឌ្ឍ​ជនបទ​ និង​លុបបំបាត់​ភាព​ក្រីក្រ​នា​ពេលនេះ​។

ឯកឧត្តម​ បន្ត​ថា​ ពានរង្វាន់​នេះ​ មិនមែន​គ្រាន់តែ​ជាស​មិទ្ធ​ផល​ ដែល​សហករណ៍​សម្រេច​បាន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​គឺជា​មោទនភាព​របស់​យើង​ទាំងអស់គ្នា​ ព្រោះ​វា​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​សាមគ្គីភាព​ សហការ​ និង​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ជាតិ​ លើកស្ទួយ​វិស័យ​កសិកម្ម​ ធានា​សន្តិសុខ​ស្បៀង​ កាត់បន្ថយ​ភាព​ក្រីក្រ​ និង​អភិវឌ្ឍន៍​ជនបទ​ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន ឆ្លើយតបទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4​។

ឯកឧត្តម​ វេង​ សា​ខុន​ បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​ ប្រជាជន​មានការ​កើនឡើង​ជាលំដាប់​ ទន្ទឹមគ្នា​នឹង​បម្រែបម្រួល​អាកាសធាតុ​ គឺ​ទាមទារ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​ និង​ធ្វើការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ថ្មី​ៗ ចាំបាច់​បំផុត​សម្រាប់​បង្កើន​ផលិតភាព​កសិកម្ម​ឱ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ធានា​សន្តិសុខ​ស្បៀង​។ ជាង​នេះ​ទៅទៀត​ គឺ​ស្រប​ពេល​ដែល​ប្រជាជន​ និង​ភ្ញៀវ​ទេសចរ​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​ មក​បរិភោគ​ចំណីអាហារ​ ដែល​មាន​ស្តង់​ដា​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព​ខ្ពស់​ ជាពិសេស​ផលិតផល​បន្លែ​ និង​ផ្លែឈើ​ជាដើម​។

ដូច្នេះ​ ដើម្បី​ឆ្លើយតប​នូវ​តម្រូវការ​នេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ សហការ​គ្នា​លើកកម្ពស់​ផលិតផល​កសិកម្ម​សរីរាង្គ​ឱ្យ​ទទួល​បាន​ជោគជ័យ​ តាម​រយ:ការរៀបចំ​ក្រុម​ផលិត​ ក្រុម​ផ្តល់​ធាតុ​ចូល​ ក្រុម​ប្រមូល​ទិញ​ ក្រុម​ចែកចាយ​ ក្រុម​ទីផ្សារ​និង​អតិថិជន​ឱ្យ​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​ ក្នុង​ប្រព័ន្ធ​ខ្សែ​ចង្វាក់​ផលិតកម្ម​កសិកម្ម​សរីរាង្គ​។

ជាមួយគ្នា​នេះ​ដែរ​ ត្រូវ​រួមគ្នា​ពង្រឹង​ និង​ពង្រីក​ដោយ​ផ្តោត​លើ​ក្រុម​ ឬសមាគម​ផលិត​ សហគមន៍​កសិកម្ម​ និង​កសិដ្ឋាន​ផលិតកម្ម​មាន​លក្ខណៈ​ជា​អាជីព​ និង​ត្រូវ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ និង​ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា​ (CamGAP​) ស្របតាម​អភិក្រម​“រដ្ឋ​-ឯកជន​-ដៃគូ​អភិវឌ្ឍន៍​ និង​សហគមន៍​”។

ទន្ទឹម​នឹង​នេះ​ក៏​ត្រូវ​រៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​គុណភាព​ អធិការកិច្ច​ និង​ប្រព័ន្ធ​ផ្តល់​វិញ្ញាបនបត្រ​ត្រឹមត្រូវ​ដើម្បី​លើកទឹកចិត្ត​ និង​ផ្តល់​ការ​ជឿជាក់​ពីសា​ធារ​ណជន​ទៅលើ​ផលិតផល​ផង​ដែរ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​សង្ខេប​ជូន​អង្គពិធី​ ឱ្យ​បាន​ជ្រាប​ផង​ដែរ​ អំពី​ដំណើរការ​វិវឌ្ឍន៍​នៃ​ផលិតកម្ម​កសិកម្ម​សរីរាង្គ​នៅ​ទូទាំង​ពិភពលោក​ ដោយឡែក​នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​ ជាពិសេស​ គឺ​នៅ​កម្ពុជា​ ដោយ​ផ្តើម​ចេញពី​ក្រុម​ផលិ​តតូច​ៗដែល​ចង​ក្រង​ឡើង​ដោយ​អង្គការ​ NGO​ ឬក្រុមហ៊ុន​ឯកជន​ ដោយ​ផ្តោត​ជា​សំខាន់​លើ​ដំណាំស្រូវ​តាំងពី​ឆ្នាំ1990​ ជាបន្តបន្ទាប់​នៅ​ឆ្នាំ2000​ ទើប​មាន​គម្រោង​កសិកម្ម​សរីរាង្គ​ជាច្រើន​ តាមរយៈ​កិច្ចសហការ​រវាង​អង្គការ​អន្តរជាតិ​ ដៃគូ​អភិវឌ្ឍន៍​ និង​ក្រុមហ៊ុន​ ហើយ​សហគ្រាស​ឯកជន​ទាំងនោះ​ ក៏បាន​ចាប់ផ្តើម​ធ្វើ​ធុរកិច្ច​កសិកម្ម​សរីរាង្គ​ លើ​ទីផ្សារ​ក្នុង​ស្រុក​ និង​ទីផ្សារ​អន្តរជាតិ​ផង​ដែរ​។

តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​កសិកម្ម​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​កម្ពុជា​ មាន​ក្រុម​អ្នក​ផលិត​បន្លែ​សរីរាង្គ​ ប្រមាណ​ជាង​ 100ក្រុម​ លើ​ផ្ទៃដី​ប្រមាណ​ 9,717ហិ​កតា​ និង​ស្រូវ​សរីរាង្គ​ លើ​ផ្ទៃដី​ប្រមាណ​ 12,000ហិ​កតា​ នៅ​ទូទាំង​ប្រទេស​ និង​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ ជប៉ុន​ អាមេរិក​ ចិន​ ក្នុង​តម្លៃ​ទឹកប្រាក់​ប្រមាណ​ 1លាន​អឺ​រ៉ូ​ កាលពី​ឆ្នាំ2017​។

ឯកឧត្តម​ វេង​ សា​ខុន​ បាន​បន្ត​ថា​៖“ដោយសារ​ឈ្វេងយល់​ ពី​និន្នាការ​វិវឌ្ឍ​រីកចម្រើន​នៃ​កសិកម្ម​សរីរាង្គ​នេះ​ នៅ​ឆ្នាំ2006​ ក្រសួង​បាន​ចាប់ផ្តើម​លើក​គោលដៅ​កសិដ្ឋាន​សរីរាង្គ​ ទៅ​ក្នុង​គោលនយោបាយ​ជាតិ​ ដែល​មាន​ចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​(ASDP2006​- 2010​) ហើយ​បច្ចុប្បន្ន​កំពុង​ដំណើរការ​រៀបចំ​សេចក្តី​ព្រាង​ស្តង់​ដា​កសិកម្ម​សរីរាង្គ​ជា​បន្ត​”។

ក្រៅពី​នេះ​ ក្រសួង​កំពុង​រៀបចំ​លិខិត​បទដ្ឋាន​គតិ​យុត្ត​ និង​នីតិ​វិ​ធី​ផ្សេង​ៗសម្រាប់​គាំទ្រ​ និង​ជំរុញ​ការអនុវត្ត​កសិកម្ម​សរីរាង្គ​ឱ្យ​ស្របតាម​បទដ្ឋាន​បច្ចេកទេស​ ការពារ​សុវត្ថិភាព​អាហារ​ បរិស្ថាន​ សុខុមាលភាព​សង្គម​ ការប្រកួត​ប្រជែង​ទីផ្សារ​ និង​ទំនុកចិត្ត​ពីអ​តិថិ​ជន​ ដើម្បី​ធ្វើ​សុខដុម​នី​យក​ម្ម​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ និង​ពិភពលោក​។

ជាមួយនឹង​មោទនភាព​ដែល​យើង​ទទួល​បាន​នេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹមថា​ គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ នឹង​រួមចំណែក​គាំទ្រ​គោលបំណង​រួម​ រហូត​ដល់​ឆ្នាំ2030​ នៃ​ការអនុវត្ត​កសិកម្ម​សរីរាង្គ​ គឺ​៖ ទី1​-កម្ពុជា​នឹង​មាន​ផលិតផល​កសិកម្ម​សរីរាង្គ​គ្រប់គ្រាន់​សម្រាប់​ធ្វើ​សុខដុម​នី​យក​ម្ម​ ជាមួយ​ស្តង់​ដា​ក្នុង​តំបន់​និង​អន្តរជាតិ​។ ទី2​-កម្ពុជា​នឹង​បង្កើត​បាន​នូវ​តំបន់​អនុវត្ត​កសិកម្ម​សរីរាង្គ​ជាតិ​ប្រមូល​ផ្តុំ​មួយ​ដែល​មាន​ភូមិសាស្ត្រ​ជា​យុទ្ធសាស្ត្រ​។ ទី3​-តម្លៃ​ភាគហ៊ុន​ទីផ្សារ​នៃ​ផលិតផល​សរីរាង្គ​កម្ពុជា​នឹង​កើនឡើង​រហូត​ដល់40​%។ ទី4​-ចូលរួម​កែ​លម្អ​ជីវភាព​ផលិតករ​សរីរាង្គ​ និង​ការរស់នៅ​ប្រកបដោយ​ភា​តរៈ​បរិស្ថាន​ និង5​-កេរ្តិ៍ឈ្មោះ​ផលិតផល​សរីរាង្គ​នឹង​មានការ​-ទទួលស្គាល់​ទាំង​ក្នុង​ និង​ក្រៅប្រទេស​៕

Advertisement