ឆ្នាំ2019​ លំហូរ​វិនិយោគ​ផ្ទាល់​បរទេស​មក​កម្ពុជា​ មាន​ជាង​ 3ពាន់​លាន​ដុល្លារ​

ក្នុង​ឆ្នាំ2019​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) នៅ​កម្ពុជា​ មានតម្លៃ​ជាង​ 3,500លាន​ដុល្លារ​កើន​ឡើង​ជិត​ 12​% បើ​ធៀប​នឹង​ឆ្នាំ2018​ ដែល​ចំនួន​ជិត​ពាក់កណ្តាល​ បាន​មក​ពី​ការ​បណ្តាក់​ទុន​របស់​វិនិយោគិន​ចិន​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារជាតិនៃកម្ពុជា​ (NBC​)។

យោង​តាម​“របាយការណ៍​វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​វិស័យ​ធនាគារ​ឆ្នាំ2019​ និង​ទស្សនវិស័យ​ឆ្នាំ2020​”របស់​ធនាគារជាតិនៃកម្ពុជា​ បង្ហាញថា​ ក្នុង​ឆ្នាំ2019​ លំហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​មានតម្លៃ​សរុប​ 3,588លាន​ដុល្លារ​ ក្នុង​នោះ​វិស័យ​ហិរញ្ញវត្ថុ​មានតម្លៃ​ 2,385លាន​ដុល្លារ​ និង​វិស័យ​មិនមែន​ហិរញ្ញវត្ថុ​ មាន​ 1,203លាន​ដុល្លារ​។ តម្លៃ​ 3,588លាន​ដុល្លារ​នេះ​ គឺ​កើនឡើង​ 11.7​% ពី​ចំនួន​ 3,212លាន​ដុល្លារ​កាលពី​ឆ្នាំ2018​។

របាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា​ ក្នុង​ចំនួន​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) ទាំងអស់​ គឺ​មាន​មក​ពី​ចិន43​% កូរ៉េ​ខាងត្បូង11​% វៀតណាម7​% សិង្ហបុរី​6% ជប៉ុន6​% និង​ប្រទេស​ផ្សេង​ៗទៀត​ 27​%។ សម្រាប់​ឆ្នាំ2020​ នេះ​ FDI​ ត្រូវ​បាន​រំពឹង​ថា​ នឹង​បន្ត​កើន​ឡើង10​% ដោយ​នឹង​មានតម្លៃ​សរុប​ 3,951លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ការ​ព្យាករ​របស់​ NBC​។

ជាមួយគ្នា​នេះ​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ2020​ នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​សម្រេច​បាន​ក្នុងរង្វង់7​% ដោយមាន​អត្រា​អតិផរណា​ប្រមាណ​ 2.3​%។ របាយការណ៍​បាន​សរសេរ​ថា​ “កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក៏​នឹង​ត្រូវ​គាំទ្រ​ដោយ​លំហូរ​វិនិយោគ​ផ្ទាល់​បរទេស​ដែល​រំពឹង​ថា​ បន្ត​មាន​កំណើន​រឹងមាំ​ ជាមួយនឹង​ការ​បង្កើន​ការ​វិនិយោគ​នៃ​ប្រទេស​ក្នុង​តំបន់​ ដែល​អំណោយផល​ដោយសក្តានុពល​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​ការ​បង្វែរ​ទិសដៅ​វិនិយោគ​មក​តំបន់​អាស៊ី​ រួម​មាន​កម្ពុជា​ផង​ដែរ​។

លោក​ ម៉ី​ កល្យាណ​ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ ត្រូវ​បាន​ស្រង់​សម្តី​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ គឺ​មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ជាតិ​ ព្រោះ​តាមរយៈ​ FDI​ នេះ​ វា​ផ្តល់​នូវ​ផល​វិជ្ជមាន​ជាច្រើន​ដូចជា​ លំហូរ​ទុន​វិនិយោគ​មក​កម្ពុជា​ ការបង្កើត​ការ​ងា​រថ្មីៗ​ដល់​ប្រជាជន​ និង​ឱកាស​បង្កើន​សមត្ថភាព​នាំចេញ​ផលិតផល​ក្នុង​ស្រុក​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

លោក​បាន​មានប្រសាសន៍​ថា​៖ “ប្រទេស​កម្ពុជា​ទទួល​បាន​កំណើន​ FDI​ ជាបន្តបន្ទាប់​នា​ ពេលនេះ​ គឺ​ដោយសារ​កម្ពុជា​មាន​បរិយាកាស​ និង​ច្បាប់​វិនិយោគ​ល្អ​ប្រសើរ​ វិនិយោគិន​មានទំនុក​ចិត្ត​ និង​ការ​ទទួល​បាន​ប្រាក់ចំណេញ​ពី​ការ​វិនិយោគ​នៅ​កម្ពុជា​មាន​ភាពសមរម្យ​”។

ទោះ​យ៉ាងណា​លោក​បញ្ជាក់​ថា​ កម្ពុជា​ក៏​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ផង​ដែរ​ ទាក់ទង​នឹង​ភាព​លើសលប់​របស់​វិនិយោគិន​មក​ពី​តំបន់​ ឬប្រទេស​ណា​មួយ​។ ការ​មាន​វិ​និ​យោ​គគិន​ចម្រុះ​ជាតិសាសន៍​ច្រើន​ គឺជា​ការ​ល្អ​សម្រាប់​សេដ្ឋកិច្ច​ជាតិ​។ លោក​ថ្លែង​ថា​៖ “ដើម្បី​ការពារ​ហានិភ័យ​ យើង​មិន​គួរ​ឱ្យ​ប្រទេស​ណាមួយ​មាន​ចំនួន​លើសលប់​នោះ​ទេ​ គឺ​គួរ​មាន​ភាព​ប្រហាក់​ប្រហែលគ្នា​ទើប​ជាការល្អ​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ឱ្យ​ដឹង​ថា​ កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តា​នុ​ពល​លើ​គ្រប់​វិស័យ​សម្រាប់​ការ​វិនិយោគ​ ខណៈ​ច្បាប់​វិនិយោគ​របស់​ប្រទេស​ក៏​មាន​ភាព​អនុគ្រោះ​ច្រើន​ដែរ​។ លោក​បន្ត​ថា​ ដោយសារ​កម្ពុជា​ជា​ប្រទេស​ស្ថិត​ក្នុង​គម្រោង​ “ខ្សែក្រវាត់1​ និង​ផ្លូវ1​” របស់​ប្រទេស​ចិន​ ហេតុនេះ​កម្ពុជា​នឹង​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ពិសេស​ពី​ប្រទេស​ចិន​កាន់តែ​ច្រើន​បន្ថែម​ទៀត​នៅពេល​ខាងមុខ​។

លោក​ឧកញ៉ា​ បាន​មានប្រសាសន៍​ថា​៖ “ខណៈ​កម្ពុជា​ និង​ចិន​អាច​នឹង​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​ក្នុង​ពេល​ឆាប់​ៗនេះ​ ខ្ញុំ​រំពឹង​ថា​ កម្ពុជា​នឹង​ទទួល​បាន​កំណើន​ FDI​ បន្ថែម​ទៀត​”។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​ មិនថា​តែ​កម្ពុជា​ទេ​ ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​ គឺ​ Foreing​ Direct​ Invesment​ ឬ FDI​ លំហូរ​ទុន​វិនិយោគ​បរទេស​ អ្នកណា​ក៏​ចង់បាន​ដែរ​ គឺ​ចង់បាន​ទុន​នេះ​មក​ប្រើប្រាស់​ សូម្បីតែ​ប្រទេស​អាមេរិក​ ក៏​ចង់បាន​ឱ្យ​មានការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បណ្តា​ប្រទេស​ផ្សេង​ៗដែរ​។ ដូច្នេះ​ទុន​លំហូរ​ពីក្រៅ​ប្រទេស​សំខាន់ណាស់​ សម្រាប់​ជួយ​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ ដែល​ធ្វើ​ឱ្យ​ការ​វិនិយោគ​ក្នុង​ស្រុក​ចំណេញ​មួយ​ផ្នែក​ ហើយក៏​ជា​ការជំរុញ​ក្នុង​ពេល​ជាមួយគ្នា​ដែរ​។

លោក​ឧកញ៉ា​បាន​បន្ថែម​ថា​៖“ទុន​វិនិយោគ​ក្នុង​ស្រុក​ក៏​មិនធម្មតា​ដែរ​ គឺ​ដោយសារ​អ្នក​វិនិយោគិន​បរទេស​ចូល​មក​វិនិយោគ​ ដែល​ធ្វើ​ឱ្យ​ទុន​វិនិយោគ​ក្នុង​ស្រុក​កើនឡើង​។ លោក​បាន​លើក​ឧទាហរណ៍​ថា​ វិនិយោគិន​មក​ធ្វើការ​វិនិយោគ​ខាង​ឧស្សាហកម្ម​កាត់ដេរ​ គាត់​យក​ទុន​(ប្រាក់​) និង​បច្ចេកវិទ្យា​មក​ តែ​គាត់​មិនបាន​សាងសង់​រោងចក្រ​ទេ​។ ដូចនេះ​ទុន​វិនិយោគ​លើ​រោងចក្រ​ និង​ដីធ្លី​ គឺ​អ្នក​វិនិយោគ​ក្នុង​ស្រុក​ជា​អ្នកចូលរួម​វិនិយោគ​”។

លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​បញ្ជាក់​ថា​៖“ដូច្នេះ​លំហូរ​ទុន​វិនិយោគ​បរទេស​ សំខាន់ណាស់​ សម្រាប់​ជំរុញ​ការ​វិនិយោគទុន​ក្នុង​ស្រុក​បន្ថែម​ ឱ្យ​បាន​កាន់តែ​ច្រើន​ទៅលើ​គ្រប់​វិស័យ​ ទាំង​ឧស្សាហកម្ម​កាត់ដេរ​ កសិកម្ម​ ជាដើម​ បើ​វិនិយោគិន​គាត់​ប្រើ​ទុន​របស់​គាត់​ នៅ​តំបន់​ណាមួយ​នោះ​ អ្នក​វិនិយោគិន​ក្នុង​ស្រុក​ក៏​ធ្វើការ​វិនិយោគ​នៅ​តំបន់​ជិ​តក្បែរ​ៗនោះ​ ជា​ការពង្រីក​ការ​អភិវឌ្ឍ​ ដែល​ប្រទេស​យើង​មាន​តម្រូវការ​ ហើយ​នេះ​ គឺជា​ការណ៍​ដែល​ធ្វើ​ឱ្យ​យើង​ទទួល​បាន​ប្រយោជន៍​ពី​លំហូរ​ទុន​វិនិយោគ​បរទេស​”។

លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ឆ្នាំ2019​ អាច​និយាយ​បាន​ថា​ ជា​ឆ្នាំ​ដែល​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​មាន​សម្ទុះ​រីកចម្រើន​ខ្លាំង​ តាមរយៈ​ការ​ចូល​មក​វិនិយោគ​ផ្ទាល់​ក្នុង​ចំនួន​ដ៏​ច្រើន​ពីសំណាក់​វិនិយោគិន​ចិន​។

លោក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​៖ “សំណង់​ធំៗ​ដែល​កំពុង​មាន​វត្តមាន​ និង​កំពុង​សាងសង់​នៅ​កម្ពុជា​ពេលនេះ​ គឺ​ភាគច្រើន​ជា​ការ​វិនិយោគ​ផ្ទាល់​របស់​បរទេស​។ លំហូរ​ទុន​វិនិយោគ​បរទេស​នៅ​កម្ពុជា​នឹង​បន្ត​កើនឡើង​ខ្ពស់​បន្ថែម​ទៀត​ក្នុង​ឆ្នាំ2020​ នេះ​”៕

Advertisement