បន្តិចទៀត​ ​វាលស្មៅ​នៅ​អង្គរវត្ត​នឹង​ធ្វើ​ឱ្យ​អច្ឆរិយវត្ថុ​មួយ​នេះ​កាន់តែ​អស្ចារ្យ​ដូច​ឋានសួគ៌​ពិ​តៗ​

​បន្តិចទៀត​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​នឹង​ពោរពេញ​ដោយ​ភាព​បៃតង​នៃ​ធម្មជាតិ​ ​ក្រោយ​ការ​កែ​លម្អ​សោភណភាព​ ​និង​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។​ ​

​បើ​តាម​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​ថា​ ​យើង​នឹង​កែ​លម្អ​បរិស្ថាន​នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត​ដោយ​ចាប់ផ្តើម​ដាំ​ស្មៅ​ ​ដាំ​កូនឈើ​ ​ដាំ​ផ្កា​ព្រៃ​ ​ជួសជុល​ផ្លូវ​ ​និង​ប្រព័ន្ធ​រំដោះ​ទឹក​ ​ព្រមទាំង​រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​ស្វ័យប្រវត្តិ​លើ​វាលស្មៅ​ទាំងនោះ​ទាំង​ប្រាំង​ ​និង​វស្សា​។​ ​

​លោក​ ​ឡុង​ ​កុសល​ ​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​លើកឡើង​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​កាលពី​ពេល​កន្លងទៅ​បាន​រៀបចំ​សណ្តាប់​ធ្នាប់​ ​លើកកម្ពស់​សោភណភាព​ ​និង​ទេសភាព​បៃតង​ ​ហើយ​សម្រាប់​ផែនការ​អនាគត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ ​គឺ​ត្រូវ​បាន​រៀបចំ​ឱ្យ​កាន់តែ​ប្រសើរ​ ​ដើម្បី​បន្ត​កែ​លម្អ​បរិស្ថាន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រាសាទ​។​ ​ជាក់ស្តែង​ក្រុមការងារ​កំពុងតែ​បាន​ធ្វើការ​ដកហូត​ដើមឈើ​ ​និង​កាត់​មែកឈើ​ដែល​ប៉ះពាល់​ដល់​ទេសភាព​ប្រាសាទ​ជាទី​គយគន់​របស់​ភ្ញៀវ​ទេសចរ​ ​រៀបចំ​បង្កើន​ទេសភាព​បៃតង​នៅ​ប៉ែក​ខាងត្បូង​ប្រាសាទអង្គរវត្ត​ ​ការ​បញ្ចូល​ទឹក​ក្នុង​ស្រះ​ខាងត្បូង​ជាដើម​។​ ​ហេតុនេះ​អ្វី​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុងតែ​អនុវត្ត​ ​និង​ផែនការ​អនាគត​ ​គឺ​សំដៅលើ​ក​កម្ពស់​សោភណភាព​ ​ការរៀបចំ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​និង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​មិន​ត្រឹមតែ​ប្រាសាទអង្គរវត្ត​ប៉ុណ្ណោះទេ​ ​តែ​រមណីយដ្ឋាន​អង្គរ​ទាំងមូល​។​

​គួរ​បញ្ជាក់​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​រៀបចំ​ឱ្យ​មាន​មណ្ឌល​បដិសណ្ឋារ​កិច្ច​សម្រាប់​ភ្ញៀវ​ទេសចរ​ ​រៀបចំ​ចំណត​ឱ្យ​បាន​ត្រឹមត្រូវ​ ​និង​មាន​ដាំ​កូនឈើ​ឡើងវិញ​ដើម្បី​កែ​លម្អ​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ឱ្យ​ស័ក្តិសម​ជា​រមណីយដ្ឋាន​បេតិកភណ្ឌ​ពិភពលោក​៕​ ​



Advertisement