ផលិតផល​ SME​ ត្រូវការ​ការ​ជួយ​ពី​រដ្ឋាភិបាល​ ខណៈ​បញ្ហា​ប្រឈម​ គឺ​ការប្រកួត​ប្រជែង​

កាលពី​ដំណាច់ឆ្នាំ2019​ សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចង្អុលបង្ហាញ​ថា​ គោលនយោបាយ​ឧស្សាហកម្ម​របស់​កម្ពុជា​ គឺ​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​ចំនួន2​ ជាអាទិភាព​ គឺ​កែច្នៃ​កសិផល​ និង​ឧស្សាហកម្ម​ប្រើ​ជំនាញ​ខ្ពស់​។

ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​បែបនេះ​ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកល​វិទ្យាល័យ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។

សម្ដេច​ ហ៊ុន​ សែន​ បាន​មានប្រសាសន៍​ថា​ ៖“គោលនយោបាយ​ឧស្សាហកម្ម​របស់​យើង​បន្ត​ គឺ​យើង​ចង់​ទាក់ទាញ​លើ​ផ្នែក​ 2សំខាន់​។ ទី1​-ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម​ ដែល​មិន​ទាមទារ​ទុន​ធំ​ពេក​ទេ​ សហគ្រាស​ធុន​តូច​ និង​មធ្យម​ត្រូវ​ដំណើរការ​ ទាំង​អ្នក​ក្នុង​ស្រុក​ និង​អ្នកក្រៅ​ស្រុក​”។

សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​បន្ត​ថា​៖“រី​ឯការ​ចង់បាន​ទី2​ គឺ​ការ​វិនិយោគ​ទៅលើ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ ទោះបីជា​យើង​នៅ​រក្សា​ឧស្សាហកម្ម​អតិពលកម្ម​ ដែល​ប្រើ​កម្លាំង​ច្រើន​ ដូចជា​វិស័យ​កាត់ដេរ​ ប៉ុន្តែ​បើ​យើង​នៅ​ទ្រឹង​ប៉ុណ្ណឹង​ ទៅ​មិន​រួច​ទេ​ អ៊ីចឹង​ត្រូវ​ទាញ​យក​ឧស្សាហកម្ម​ជំនាញ​ខ្ពស់​បន្ថែម​ទៀត​”។

ប្រមុខ​រដ្ឋាភិបាល​ និង​របាយការណ៍​របស់​ធនាគារ​ពិ​ភលោ​ក ដែល​បាន​ចេញផ្សាយ​កន្លងមក​បាន​លើក​ឡើង​ដូចគ្នា​ គឺ​កម្ពុជា​កំពុង​មាន​ភាព​ទាក់ទាញ​ខ្លាំង​ខាង​ការ​វិនិយោគ​ រោងចក្រ​ឧស្សាហកម្ម​មិនមែន​កាត់ដេរ​ ដូចជា​ឧស្សាហកម្ម​ដំឡើង​យានយន្ត​ គ្រឿង​ផ្គុំ​អេឡិចត្រូនិក​ គ្រឿងបន្លាស់​ ជាដើម​ ពិសេស​ការ​-វិនិយោគ​ពី​ក្រុមហ៊ុន​ជប៉ុន​។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ការនាំចេញ​ឧស្សាហកម្ម​ប្រភេទ​នេះ​ បាន​កាន់កាប់​ទំហំ​នាំចេញ​របស់​កម្ពុជា​កាន់តែ​ធំ​ ដែល​មាន​ប្រមាណ10​% នៃ​ការនាំចេញ​សរុប​ បើ​ធៀប​នឹង​ទំហំ​មិនដល់​ 2%ផង​នៅ​ឆ្នាំ2010​។ ប៉ុន្តែ​បើ​តាម​ធនាគារពិភពលោក​ កម្ពុជា​ត្រូវ​ពង្រឹង​ធនធានមនុស្ស​ កែ​លម្អ​បរិយាកាស​ធុរកិច្ច​ និង​បញ្ចុះ​ថ្លៃដើម​ផលិតកម្ម​ ដើម្បី​ភាព​ទាក់ទាញ​ការ​វិនិយោគ​ទាំងនោះ​។

លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ សហគ្រាស​ធុន​តូច​ និង​មធ្យម​(SME​) សព្វថ្ងៃ​កំពុង​ប្រឈម​បញ្ហា​ផលិតភាព​ ដែល​ពិបាក​នឹង​ប្រកួតប្រជែង​ជាមួយនឹង​ផលិតផល​នាំចូល​។ ព្រោះថា​ សេដ្ឋកិច្ច​យើង​ស្ថិត​ក្នុង​បរិបទ​ទីផ្សារសេរី​ និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផង​នោះ​ បើ​មិន​អាច​ផលិត​ឱ្យ​មាន​ភាព​ប្រកួតប្រជែង​ទេ​ SMEយើង​ទោះ​ចង់​មិន​ចង់​ក៏​ត្រូវ​ប្រឈម​បញ្ហា​ដែរ​។ តែ​ជាមួយគ្នា​នេះ​ រដ្ឋាភិបាល​ត្រូវ​គាំទ្រ​ដល់​ SME​ ដើម្បី​ពង្រឹង​ការផលិត​ឱ្យ​មាន​ភាព​ប្រកួតប្រជែង​។

លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​មានប្រសាសន៍​ថា​៖“ រដ្ឋាភិបាល​មិន​អាច​បិទ​ការនាំចូល​បានទេ​ ព្រោះថា​ ជារបប​ទីផ្សារសេរី​ គឺ​យើង​ជា​បណ្តា​ប្រទេស​ស្ថិត​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ទំនិញ​ឆ្លងកាត់​មិន​ត្រូវ​បាន​គិត​ពន្ធ​ទៀត​ ដូច្នេះ​វា​ជា​ការប្រកួត​ប្រជែង​មួយ​ដែល​យើង​ចាំបាច់​ត្រូវតែ​ប្រឈម​។ ម្យ៉ាងទៀត​ SME​ យើង​សព្វថ្ងៃ​ ដែល​ប្រកួតប្រជែង​ជាមួយ​គេ​ គឺ​ផ្នែក​បច្ចេកវិទ្យា​ មិនទាន់​ទំនើប​ដូច​គេ​ និង​ថ្លៃដើម​នៅ​មាន​បញ្ហា​។ នេះ​គឺជា​អ្វី​ដែល​យើង​កំពុង​ប្រឈម​ និង​ជា​បញ្ហា​ពិបាក​សម្រាប់​យើង​។

បើ​យោង​តាម​ ម្ចាស់​សហគ្រាស​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​ និង​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​នោះ​បាន​ឱ្យ​ដឹង​ថា​ បញ្ហា​ប្រឈម​របស់​សហគ្រាស​ ពេល​បច្ចុប្បន្ន​នេះ​ គឺ​ការប្រកួត​ប្រជែង​ទីផ្សារ​ជាមួយ​ទំនិញ​នាំចូល​ពី​បរទេស​ ព្រោះអី​ទំនិញ​គេ​លើ​ទីផ្សារ​ មាន​តម្លៃ​ទាប​ជាង​ទំនិញ​របស់​អ្នក​ផលិត​ក្នុង​ស្រុក​យើង​ ហើយ​អ្នកប្រើ​ប្រាស់​ចង់បាន​ទំនិញ​ណា​ដែល​មានតម្លៃ​ទាប​ចំពោះ​អាទិភាព​មុនគេ​ ព្រោះ​ពលរដ្ឋខ្មែរ​ភាគច្រើន​ គាត់​មើលទៅ​លើ​តម្លៃ​ បើសិនជា​តម្លៃ​ទាប​គាត់​ត្រូវ​ជ្រើសរើស​យក​ទំនិញ​ណា​ដែល​មានតម្លៃ​ទាប​ជាមុន​សិន​។ តែ​ចំពោះ​អ្នក​ដែល​គិតគូរ​ពី​គុណភាព​ និង​សុខភាព​ខ្លួនឯង​ គេ​ត្រូវ​ពិនិត្យមើល​ទៅ​គុណភាព​ទំនិញ​។

ម្យ៉ាងទៀត​ ទំនិញ​ដែល​នាំចូល​ គឺ​មានតម្លៃ​ទាប​ជាង​ទំនិញ​ក្នុង​ស្រុក​ ព្រោះ​ការផលិត​របស់​គេ​ចំណាយ​ថ្លៃដើម​តិច​ជាង​ផលិតផល​ក្នុង​ស្រុក​ ដូច្នេះ​គេ​អាច​លក់​លើ​ទីផ្សារ​ក្នុង​តម្លៃ​ទាប​ជាង​ផលិតផល​យើង​បាន​ តែបើ​សិន​ជា​យើង​លក់​ទាប​ដូច​គេ​ដែរ​នោះ​ អាជីវកម្ម​យើង​នឹង​ដួល​រលំ​។

លោក​ឧកញ៉ា​ លឹម​ ហេង​ បាន​មានប្រសាសន៍​បន្ថែម​ថា​ សម្រាប់​ការ​ទទួល​ឥណទាន​ ក៏​គ្នា​ (SME​) មិនទាន់​ទទួល​បាន​នៅឡើយ​ដែរ​ ព្រោះថា​ ការ​-ទទួល​បាន​កម្ចី​ពី​ធនាគារពាណិជ្ជ​មួយចំនួន​ ក៏​ការប្រាក់​ខ្ពស់​ដែរ​ ដែល​ធ្វើ​ឱ្យ​ថ្លៃដើម​កើនឡើង​ខ្ពស់​ ប៉ុន្តែ​យើង​អាច​ជួយ​កាត់បន្ថយ​ថ្លៃដើម​គាត់​បាន​។ នេះ​គឺ​ជា​អ្វី​ដែល​លោក​ឧកញ៉ា​បាន​សំដៅ​ទៅលើ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ដែល​ត្រូវការ​ការ​គាំពារ​ ការពារ​និង​ឧបត្ថម្ភធន​ច្រើនណាស់​ ដើម្បី​ឱ្យ​គាត់​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​បាន​។

លោក​ឧកញ៉ា​លឹម​ ហេង​ បាន​បញ្ជាក់​ថា​៖“ខ្ញុំ​ក៏​បាន​មើលឃើញ​ដែរ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ដល់​(SME​)ច្រើន​ហើយ​ ទាំង​ក្រ​សួង​ឧស្ស​ហក​ម្ម​ និង​សិប្បកម្ម​ក៏បាន​រៀបចំ​សម្រាប់​ឱ្យ​ SME​ មាន​ដំណើរការ​ថ្ងៃខាងមុខ​បាន​ល្អ​ដែរ​ ព្រោះ​ធនាគារ​ SME​ ដែល​សម្តេច​ហ៊ុន​ សែន​ផ្តល់​ទុន​ ក៏បាន​បង្កើត​ហើយ​ នៅតែ​ដំណើរការ​ប៉ុណ្ណោះ​”។

លោក​ឧកញ៉ា​បាន​បញ្ជាក់​ទៀត​ថា​៖“ខ្ញុំ​គិតថា​ ជាពិសេស​ការ​ទទួល​វិនិយោគ​ពី​ខាងក្រៅ​ វា​ជា​ការចូលរួម​ ផ្នែក​បច្ចេកទេស​ ដែល​បច្ចុប្បន្ន​យើង​ឃើញ​ថា​ ខាង​បច្ចេកវិទ្យា​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ ដែល​បាន​នាំ​បច្ចេកវិទ្យា​ឱ្យ​ខ្មែរយើង​ចេះ​ ដូច្នេះ​បញ្ហា​របស់​ SME​ បើ​មានការ​វិនិយោគ​ពី​បណ្តា​ប្រទេសជិតខាង​ ដែលគេ​មាន​បច្ចេកវិទ្យា​ទំនើប​ គេ​មាន​បទ​ពិសោធ​ នេះ​ជា​ការ​ចម្លង​បច្ចេកវិទ្យា​ទំនើប​ដល់​យើង​ ដែល​នឹងអាច​ឱ្យ​យើង​ពង្រឹង​ខ្លួន​បាន​ដែរ​។

ជាមួយគ្នា​នេះ​សហគ្រាស​ខ្លួនឯង​ ត្រូវ​ពង្រឹង​ធនធានមនុស្ស​ និង​ធ្វើ​ទំនើបកម្ម​ការផលិត​ ដោយ​មិន​ត្រូវ​ផលិត​បែប​លក្ខណៈ​សិប្បកម្ម​គ្រួសារ​នោះ​ទេ​”។

ម្យ៉ាងទៀត​ក្នុង​ការ​ជួយ​ពង្រឹងSME​ នេះ​ លោក​ឧកញ៉ា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ជំរុញ​ឱ្យ​មានការ​បង្កើត​តំបន់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ពិសេស​ នៅ​ទូទាំង​ប្រទេស​។

លោក​ឧកញ៉ា​បញ្ជាក់​ថា​ ការ​ប្រមូលផ្ដុំ​ SME​ បែបនេះ​ នឹង​ទាក់ទាញ​ការ​ផ្ដល់​កម្ចី​ពី​ធនាគារ​ បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​-បណ្ដុះបណ្ដាល​ ហើយ​រដ្ឋ​ត្រូវ​តភ្ជាប់​បណ្ដាញ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​ៗចូលក្នុង​តំបន់​ទាំងនោះ​ ព្រម​ជាមួយ​គោលនយោបាយ​គាំទ្រ​នានា​។

លោក​ឧកញ៉ា​លឹម​ ហេង​ បាន​បន្ត​យ៉ាង​ដូច្នេះ​ទៀត​ថា​៖“ប្រសិនបើ​មានការ​យកចិត្ត​ទុកដាក់​ពី​ធនាគារ​ SME​ របស់​សម្តេច​តេជោ​ ដែល​បង្កើត​ឡើង​ដើម្បី​ផ្តល់​ប្រាក់កម្ចី​ នឹង​ចូលរួម​ដោះស្រាយ​បន្ទុក​បាន​មួយ​ផ្នែក​ ទោះបី​មិនបាន​ទាំងស្រុង​ក៏ដោយ​ ក៏​ជា​ចំណែក​មួយ​ ជួយ​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែរ​។ ខ្ញុំ​គិតថា​ បើ​មានការ​លើក​-ទឹកចិត្ត​ទាំង​ថវិកា​ ទាំង​គោលនយោបាយ​ទាំង​ការ​គាំពារ​ យើង​នឹងអាច​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គេ​បាន​”៕

Advertisement