ក្រសួង​កសិកម្ម​ជំរុញ​ឱ្យ​កសិករ​បង្កើន​ផលិតកម្ម​ក្នុង​ស្រុក​ ទប់ស្កាត់​ការនាំចូល​

ក្រសួង​កសិកម្ម​កំពុង​ចាត់វិធានការ​ ដើម្បី​បង្កើន​ផលិតភាព​ចំណីអាហារ​ក្នុង​ស្រុក​បន្ថែម​ទៀត​ ក្នុង​គោលបំណង​កាត់បន្ថយ​ការនាំចូល​ ដោយសារ​កសិករ​ក្នុង​ប្រទេស​បាន​និង​កំពុងតែ​ដាំដំណាំ​ បន្លែបង្ការ​ជាច្រើន​ប្រភេទ​ លើ​ផ្ទៃដី​សរុប​ 58,000ហិ​កតា​នៅ​ទូទាំង​ប្រទេស​នៅ​ចុងឆ្នាំ2019​ ដែល​ផ្ទៃដី​នេះ​ ផលិត​កសិផល​បាន​ប្រមាណ​ 68​%នៃ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​នៃ​ក្រសួង​កសិកម្ម​។

យោង​តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម​ ដែល​បាន​ជំរុញ​ឱ្យ​កសិករ​បង្កើន​ផលិតកម្ម​ ដើម្បី​ ឆ្លើយតប​នឹង​តម្រូវការ​ក្នុង​ស្រុក​ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ដោយហេតុថា​ កាលពី​ឆ្នាំមុន​នេះ​ ប្រជាជន​កម្ពុជា​បាន​បរិភោគ​បន្លែ​ជាមធ្យម​ 540តោន​ក្នុង​ 1ថ្ងៃ​។

របាយការណ៍​របស់ក្រ​សួង​បាន​បង្ហាញថា​ កម្ពុជា​អាច​ផលិត​បន្លែ​បានតែ​ 400តោន​ប៉ុណ្ណោះ​ក្នុង​ 1ថ្ងៃ​ក្នុង​ឆ្នាំ2018​ ដែល​មានន័យថា​ ប្រហែលជា​ 140តោន​ទៀត​ត្រូវ​នាំចូល​រាល់ថ្ងៃ​ ដែល​ភាគច្រើន​មក​ពី​ប្រទេស​វៀតណាម​ ថៃ​ និង​ចិន​។

ឯកឧត្តម​ វេង​ សា​ខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​បាន​មានប្រសាសន៍​ថា​ ផលិតកម្ម​បន្លែ​បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​ ប៉ុន្តែ​ឯកឧត្តម​បាន​បន្ថែម​ថា​ ប្រទេស​នេះ​នៅតែ​ពឹងផ្អែក​លើ​ការនាំចូល​។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​មានការ​ផលិត​បន្លែ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​ដែល​ស្របតាម​ស្តង់ដារ​គុណភាព​ និង​សុវត្ថិភាព​។

ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​

ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖ “ដោយសារតែ​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ ការ​កើនឡើង​នៃ​ជីវភាពរស់នៅ​ និង​ការ​ហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​ តម្រូវការ​បន្លែ​មានគុណ​ភាព​ និង​បន្លែ​សុវត្ថិភាព​កំពុងតែ​កើនឡើង​យ៉ាង​ឆាប់រហ័ស​”។

យោង​តាម​របាយការណ៍​ របស់​អគ្គនាយក​ដ្ឋាន​កសិកម្ម​បានឱ្យ​ដឹង​ថា​ ផលិតផល​បន្លែ​មិនមែន​ផលិត​ក្នុង​ស្រុក​ ភាគច្រើន​នាំចូល​មក​ពី​ប្រទេស​វៀតណាម​ និង​ថៃ​។ បន្លែ​ប្រមាណ​ 85តោន​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​វៀតណាម​ និង​ 44តោន​នាំចូល​ពី​ប្រទេស​ថៃ​ក្នុង​ 1ថ្ងៃ​។ តួលេខ​នេះ​គ្រប​ដណ្តប់​ តែ​លើ​ខេត្ត​ចំនួន8​ និង​រាជធានី​ភ្នំពេញ​មួយ​ តែប៉ុណ្ណោះ​។

លោក​ ស្រី​ វុទ្ធី​ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​បាន​មានប្រសាសន៍​ថា​៖“យើង​បាន​ដាក់ចេញ​នូវ​ផែនការ​ដើម្បី​ជំរុញ​ការ​ដាំ​បន្លែ​នៅក្នុង​ប្រទេស​របស់​យើង​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ ហើយ​ជាមួយនឹង​ចលនា​នេះ​ យើង​សង្ឃឹមថា​ ការនាំចូល​បន្លែ​ពី​ប្រទេស​ជិតខាង​នឹង​ថយ​ចុះ​បន្តិច​ម្តង​”។

អ្នកនាំពាក្យ​រូប​នេះ​បានឱ្យ​ដឹង​បន្ត​ទៀត​ថា​៖“ការ​ផ្លាស់​ប្តូរ​នេះ​នឹង​ជួយ​ឱ្យ​មាន​តុល្យភាព​នៃ​ការ​ទូទាត់​របស់​ប្រទេស​កម្ពុជា​ ដែល​បច្ចុប្បន្ន​មើល​ឃើញ​ការនាំចូល​ ច្រើនជាង​ការនាំចេញ​។ នៅ​ឆ្នាំ​2023​ ខ្ញុំ​ចង់ឱ្យ​ផ្ទៃដី​នេះ​កើនឡើង​ដល់​ 63,000​ហិ​កតា​ គឺ​ប្រមាណ76​%”។

លោក​បាន​បញ្ជាក់​ដែរ​ថា​ ការនាំចូល​ពី​ប្រទេស​វៀតណាម​ក្នុង​រដូវ​ផលិតកម្ម​ទាប​ នឹង​មាន​តម្រូវការ​កើនឡើង​យ៉ាង​ខ្លាំង​ នៅពេល​ដែល​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ មិន​អាច​ឆ្លើយតប​នឹង​តម្រូវការ​បាន​។

សូម​រំឭក​ថា​ កាលពី​ខែកញ្ញា​ ឆ្នាំ2017​ គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការជំរុញ​ការផលិត​បន្លែ​គ្មាន​ជាតិគីមី​ បាន​ចាប់ផ្តើម​ដំណើរការ​។

គម្រោង​នេះ​មាន​ឈ្មោះថា​ គម្រោង​ជំរុញ​អាហារ​ និង​ផលិតកម្ម​បន្លែ​គ្មាន​ជាតិគីមី​ ដែល​មាន​ថវិកា​ 20លាន​ដុល្លារ​។ គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ខេត្តតាកែវ​ កណ្តាល​ ព្រៃវែង​ កំពង់ស្ពឺ​ កំពង់ចាម​ ពោធិ៍សាត់​ កំពង់ឆ្នាំង​ បាត់ដំបង​ សៀមរាប​ និង​ខេត្ត​ត្បូងឃ្មុំ​។

លោក​ ស្រី​ វុទ្ធី​ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​បាន​ឱ្យ​ដឹង​ថា​ គម្រោង​ជំរុញ​ផលិតកម្ម​នេះ​បាន​ទទួល​ផ្លែផ្កា​រួច​ទៅ​ហើយ​ ក្នុង​ការ​បង្កើន​ផលិតកម្ម​បន្លែ​ក្នុង​ស្រុក​ និង​ជួយ​កាត់បន្ថយ​ការនាំចូល​។

លោក​បាន​មានប្រសាសន៍​ថា​៖“ក្នុងរយៈពេល​ 5ឆ្នាំខាងមុខ​នេះ​ យើង​មាន​គម្រោង​បង្កើន​ផលិតកម្ម​បន្លែ​ប្រហែល​ 20​-30​%ថែមទៀត​។ យើង​កំពុង​ផ្តោត​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ ដូច្នេះ​យើង​អាច​នឹង​ផលិត​បន្លែ​បាន​ពេញ​ 1ឆ្នាំ​”។

លោក​ យ៉ង់​ សាំង​កុមារ​ អ្នកជំនាញ​ផ្នែក​កសិកម្ម​បាន​មានប្រសាសន៍​ថា​ រដ្ឋាភិបាល​គួរតែ​ពិចារណា​លើ​ការ​រឹតត្បិត​ការនាំចូល​បន្លែ​ក្នុង​រដូវ​ប្រមូល​ផល​ ដែល​នឹង​ជួយការ​ពារ​ផល​ចំណេញ​របស់​កសិករ​ និង​ការពារ​ការ​បោះចោល​ផលិតផល​របស់​ពួកគេ​ ដោយសារតែ​សម្បូរពោរពាស​ និង​តម្លៃ​ផលិតផល​ធ្លាក់ចុះ​ខ្លាំង​ដែល​បណ្តាល​ឱ្យ​កសិករ​ខាតបង់​។

លោក​ត្រូវ​បាន​ដកស្រង់​សម្តី​ថា​៖“នៅ​រដូវ​ច្រូតកាត់​ រដ្ឋាភិបាល​គួរតែ​រារាំង​ការនាំចូល​បន្លែ​ពីទី​ផ្សារ​បរទេស​ក្នុងរយៈពេល​ខ្លី​ ដើម្បី​រក្សា​បន្លែ​របស់​កសិករ​ក្នុង​ស្រុក​ឱ្យ​រួចផុត​ពី​បញ្ហា​ទីផ្សារ​។ ការពិត​រដ្ឋាភិបាល​អាច​រារាំង​ប្រភេទ​បន្លែ​មួយចំនួន​ពីទី​ផ្សារ​បរទេស​ ក្នុងរយៈពេល​ខ្លី​ដើម្បី​ការពារ​ផលប្រយោជន៍​កសិករ​ក្នុង​តំបន់​”។

ជាមួយគ្នា​នេះ​ដែរ​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ កំពុង​បន្ត​រៀបចំ​យន្តការ​ជំរុញ​ឱ្យ​កសិករ​អនុវត្ត​កសិកម្ម​ឱ្យ​បាន​ល្អ​ និង​ឱ្យ​កាន់តែ​ច្រើន​ ដើម្បី​ចូលរួម​កាត់បន្ថយ​ការនាំចូល​បន្លែ​ពីក្រៅ​ប្រទេស​ និង​បន្លែ​ដែល​មាន​ផ្ទុក​ជាតិគីមី​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ពី​កម្រិត​ជាតិពុល​នៅក្នុង​បន្លែ​នា​ពេល​បច្ចុប្បន្ន​នេះ​។

តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សហប្រតិបត្តិ​ការអន្តរជាតិ​ដើម្បី​ការ​អភិវឌ្ឍ​ បាន​ បង្ហាញថា​95​% នៃ​អ្នកប្រើ​ប្រាស់​ ព្រួយបារម្ភ​ពី​កម្រិត​ជាតិគីមី​នៅក្នុង​បន្លែ​ ទាំង​បន្លែ​ផលិត​នៅក្នុង​ស្រុក​ និង​បន្លែ​នាំចូល​ពី​ប្រទេសជិតខាង​។

ក្នុង​នោះ​ដែរ​ ក្រសួង​កសិកម្ម​ បាន​ជំរុញ​ធ្វើ​យ៉ាង​ណា​ គឺ​ត្រូវ​ចងក្រង​បងប្អូន​ប្រជាកសិករ​ដែល​ដាំ​បន្លែ​គ្មាន​ជាតិគីមី​នេះ​ឱ្យ​ក្លាយទៅជា​សហគមន៍​ និង​ឱ្យ​មានការ​កើនឡើង​ក្នុង​ខេត្ត​គោលដៅ​ទាំង11​ ដែល​ក្នុង​នោះ​ យើង​បាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ ជាពិសេស​ការអនុវត្ត​កសិកម្ម​ល្អ​ ជា​បន្លែ​ផ្លែឈើ​ GAP​ (ការអនុវត្ត​កសិកម្ម​ល្អ​)សំដៅ​ធ្វើ​យ៉ាងណា​ជួយ​ជំរុញ​ និង​បង្កើន​ចំណេះដឹង​ដល់​បងប្អូន​ប្រជាកសិករ​ ក្នុង​កិច្ចការ​ជាបន្តបន្ទាប់​”៕

Advertisement