តម្លៃ​នាំចូល​សម្ភារ​សំណង់​បាន​កើនឡើង​ 50​% នៅ​ឆ្នាំ2019​

ការ​រីកចម្រើន​វិស័យ​អចលនទ្រព្យ​បាន​និង​កំពុង​ជំរុញ​ឱ្យ​មាន​កំណើន​តម្រូវការ​សម្ភារ​សំណង់​ ស្រប​ពេល​វិស័យ​សំណង់​នៅ​បន្តសកម្មភាព​គគ្រឹកគគ្រេង​ ដែល​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញថា​ មិនទាន់​មាន​ភាព​នឿយណាយ​ នៃ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នៅឡើយ​។

របាយការណ៍​អំពី​តម្លៃ​សម្ភារ​សំណង់​ដែល​នាំចូល​មក​កម្ពុជា​ ដើម្បី​ផ្គត់ផ្គង់​ដល់​វិស័យ​សំណង់​បានឱ្យ​ដឹង​ថា​ បាន​កើនឡើង​ 50​%ក្នុង​ឆ្នាំ​ 2019​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ2018​។ នេះ​បើ​តាម​ធនាគារជាតិនៃកម្ពុជា​។

តួលេខ​ពី​ធនាគារជាតិនៃកម្ពុជា​បាន​បង្ហាញថា​តម្លៃ​សរុប​នៃ​សម្ភារ​សំណង់​ រួមមាន​សម្ភារ​សំណង់​ស៊ីម៉ងត៍​ និង​ផលិតផល​ដែកថែប​ ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ មាន​ចំនួន​ 1.5ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ2019​ រី​ឯតម្លៃ​នៃ​ការនាំចូល​សម្ភារ​សំណង់​កាលពី​ឆ្នាំ2018​ មាន​ប្រមាណ​ 1ពាន់​លាន​ដុល្លារ​។

ធនាគារជាតិនៃកម្ពុជា​ ឬ NBC​ បាន​និយាយ​ថា​ វិស័យ​សំណង់​ គឺជា​ផ្នែក​មួយ​នៃ​កត្តា​ជំរុញ​សេដ្ឋកិច្ច​សម្រាប់​កំណើន​សេដ្ឋកិច្ច​ឆ្នាំ2019​ ដែល​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ នឹង​ឈាន​ដល់​ 7.1​%។

ធនាគារជាតិនៃកម្ពុជា​ បាន​សរសេរ​នៅក្នុង​របាយការណ៍​ថា​៖“វិស័យ​សំណង់​ និង​អចលនទ្រព្យ​បន្ត​កើនឡើង​ ដែល​ឆ្លុះបញ្ចាំង​ដោយ​និន្នាការ​កើន​ឡើង​នៃ​ការនាំចូល​សម្ភារ​សំណង់​ និង​គម្រោង​សាងសង់​ដែល​ទទួល​បានការ​អនុម័ត​”។

បើ​តាម​របាយការណ៍​ដដែល​នេះ​ នៅក្នុង​ឆ្នាំ​2019​ ការនាំចូល​សម្ភារ​សំណង់​ មានតម្លៃ​ប៉ាន់ស្មាន​ប្រមាណ​ 1,500លាន​ដុល្លារ​ អាមេរិក​ ដែល​កើន​ឡើង​ពី​ជិត​ 600លាន​ដុល្លារ​ក្នុង​ឆ្នាំ2018​។ ក្នុង​នោះ​ ការនាំចូល​គ្រឿងបរិក្ខារ​សំ​ណង់​ផ្សេង​ៗ មានតម្លៃ​ជាង​ 900លាន​ដុល្លារ​ ការនាំចូល​ស៊ីម៉ងត៍​មានតម្លៃ​ជាង​ 100លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ពី​ប្រមាណ​ 90លាន​ដុល្លារ​កាលពី​ឆ្នាំ2018​ និង​ការនាំចូល​ដែក​មានតម្លៃ​ 500លាន​ដុល្លារ​ កើន​ពី​ចំនួន​ 300លាន​ដុល្លារ​ក្នុង​ឆ្នាំ2018​។

របាយការណ៍​របស់​ NBC​ ក៏បាន​បង្ហាញ​ដែរ​ថា​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅតែ​បន្ត​កើនឡើង​ ដែល​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ពី​និន្នាការ​នៃ​ការ​កើនឡើង​ការនាំចូល​សម្ភារ​សំណង់​ និង​គម្រោង​សាងសង់​ដែល​បាន​អនុម័ត​។

សម្រាប់​ឆ្នាំ2020​ នេះ​ ការនាំចូល​គ្រឿ​សម្ភារ​សម្រាប់​ផ្គត់ផ្គង់​ដល់​វិស័យ​សំណង់​ ត្រូវ​បាន​ព្យាករ​ថា​ នឹង​មានតម្លៃ​ប្រមាណ​ជាង​ 2,300លាន​ដុល្លារ​។ ការនាំចូល​សម្ភារ​សំណង់​ រួម​មា​នប​រិក្ខា​សំ​ណង់​ផ្សេង​ៗ ស៊ីម៉ងត៍​ និង​ដែក​ ត្រូវ​បាន​ព្យាករ​ថា​ នឹង​នៅតែ​បន្ត​កើនឡើង​នៅ​ឆ្នាំ2020​ ដែល​ឆ្លុះ​បញ្ជាំ​ងពី​កំណើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​ ខណៈ​គម្រោង​សាងសង់​ក្នុង​ឆ្នាំ2019​ មាន​សម្ទុះ​កើនឡើង​ខ្ពស់​។

យោង​តាម​របាយការណ៍​ស្តី​ពី​ “វឌ្ឍនភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​វិស័យ​ធនាគារ​ឆ្នាំ2019​ និង​ទស្សនវិស័យ​ឆ្នាំ2020​” របស់​ធនាគារជាតិនៃកម្ពុជា​ បាន​បញ្ជាក់​ថា​ វិស័យ​សំណង់​នឹង​នៅតែ​ជាស​សរ​ស្តម្ភ​មួយ​នៃ​ការជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ2020​។

ធនាគារជាតិនៃកម្ពុជា​ បាន​បង្ហាញ​នៅក្នុង​របាយការណ៍​ទស្សនវិស័យ​ឆ្នាំ2020​ នេះ​ថា​ ការនាំចូល​បរិក្ខារ​សំ​ណង់​ផ្សេង​ៗ តំណាង​ជិត​ 50​% ឬមាន​ទំហំ​ទឹកប្រាក់​នាំចូល​ប្រមាណ​ជិត​ 1,400លាន​ដុល្លារ​។ ចំណែក​ការនាំចូល​ស៊ីម៉ងត៍​ តំណាង​ជិត​ 10​% ឬស្មើ​ប្រមាណ​ជិត​ 200លាន​ដុល្លារ​។ ការនាំចូល​ដែក​តំណាង​ជិត​ 40​% ឬស្មើនឹង​តម្លៃ​សម្រាប់​នាំចូល​ប្រមាណ​ជិត​ 800លាន​ដុល្លារ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បានឱ្យ​ដឹង​ថា​គម្រោង​សាងសង់​មាន​ចំនួន​សរុប​ 4,446គម្រោង​នៅក្នុង​ឆ្នាំ2019​ ដែល​ជា​ការ​កើនឡើង​ 55​% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​ ខណៈ​ពេល​ដែល​ទុន​វិនិយោគ​មាន​ចំនួន​ 9,3​ ពាន់​លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ 78​%។

ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​មានប្រសាសន៍​ថា​ “វិស័យ​សំណង់​រីកចម្រើន​ គឺ​ដោយសារតែ​កំណើន​សេដ្ឋកិច្ច​ល្អ​។ ការ​វិនិយោគ​ភាគច្រើន​ ចូល​មក​ខេត្ត​ព្រះសីហនុ​ គឺ​មក​ពី​ប្រទេស​ចិន​។ ការ​កើនឡើង​នៅក្នុង​វិស័យ​សំណង់​ គឺ​ផ្តើម​ចេញពី​កំណើន​សេដ្ឋកិច្ច​ និង​ស្ថិរភាព​នយោបាយ​”។

គួរ​ជម្រាប​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន5​ ដែល​អាច​ផលិត​ស៊ីម៉ងត៍​ បាន8លាន​តោន​ក្នុង​ 1ឆ្នាំ​៕

Advertisement