ចិន​បង្ហើប​ពី​មហិច្ឆតា​គ្រប់គ្រង​ទី​អវកាស​ដែល​មាន​ទំហំ​ទឹកប្រាក់​ 10​លាន​លាន​ដុល្លារ​អាមេរិក​

ក្រុង​ប៉េកាំង​កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​អំពី​មហិច្ឆតា​គ្រប់គ្រង​ឋាន​ព្រះចន្ទ​ និង​ភពផែន​ដី​ ដោយ​គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ក្នុង​ទី​អវកាស​ នៅ​ឆ្នាំ​2050​។

ថ្មី​ៗនេះ​ ក្រុង​ប៉េកាំង​ បាន​បង្ហើប​ឱ្យ​ដឹង​អំពី​គម្រោង​មួយ​ប្រកបដោយ​មហិច្ឆតា​ ក្នុង​ការ​បើក​តំបន់​សេដ្ឋកិច្ច​អវកាស​ ដែល​នឹង​ធ្វើ​ឱ្យ​មហិច្ឆតា​គ្រប់គ្រង​ឋាន​ព្រះចន្ទ​របស់​ប្រទេស​មួយ​នេះ​ ក្លាយជា​ការពិត​។

ប្រធាន​គណៈកម្មាធិការ​វិទ្យា​សា​ស្ដ្រ និង​បច្ចេកវិទ្យា​នៃ​ក្រុមហ៊ុន​វិទ្យា​សា​ស្ដ្រប​ច្ចេ​កវិទ្យា​អវកាស​ចិន​ (CAST​) លោក​ Bao​ Weimin​ បាន​ប្រាប់​ឱ្យ​ដឹង​អំពី​មហិច្ឆតា​ដ៏​ធំ​មួយ​នេះ​។

 

CAST​ បច្ចុប្បន្ន​ គឺជា​ម្ចាស់​ទុន​សំខាន់​បំផុត​ក្នុង​កម្មវិធី​អវកាស​ជាតិ​របស់​ចិន​ គ្រប់គ្រង​គម្រោង​ឬង្កើត​តំបន់​សេដ្ឋកិច្ច​អវកាស​ រវាង​ភពផែន​ដី​ និង​ឋាន​ព្រះចន្ទ​។ តំបន់​សេដ្ឋកិច្ច​នេះ​ បូករួម​ទាំង​តំបន់​ដែល​នៅ​ក្បែរ​ផែនដី​ ក្បែរ​ព្រះចន្ទ​ និង​តំបន់​ចន្លោះ​នៃ​ភព​ទាំងនេះ​ទៀតផង​។

សារព័ត៌មាន​វិទ្យា​សា​ស្ដ្រ និង​បច្ចេកវិទ្យា​របស់​រដ្ឋ​ចិន​ បាន​ដកស្រង់​សម្ដី​របស់​ក្រុម​អ្នកសេដ្ឋកិច្ច​ ឱ្យ​ដឹង​ថា​ គម្រោង​នេះ​នឹងអាច​បង្កើត​តំបន់​សេដ្ឋកិច្ច​មួយ​ដ៏​ធំ​ ដែល​មានតម្លៃ​ 10.000.000.000.000.00​ (ដប់លាន​លាន​)ដុល្លារ​អាមេរិក​រៀងរាល់​ឆ្នាំ​សម្រាប់​ប្រទេស​ចិន​។ គម្រោង​យក្ស​នេះ​នឹង​ផ្ដោត​ទៅលើ​វិ​ស័យ​ធំៗ​ចំនួន​3 គឺ​ដឹកជញ្ជូន​ក្នុង​ទី​អវកាស​ រុករក​រ៉ែ​អវកាស​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្អែក​ទៅលើ​អវកាស​។

បច្ចេកវិទ្យា​ជា​មូលដ្ឋាន​សម្រាប់​បម្រើ​ឱ្យ​គ្រោងការ​ខាងលើ​នេះ​ នឹង​បញ្ចប់​ជាស្ថាពរ​នៅ​ឆ្នាំ​2030​ ខណៈ​ដែល​បច្ចេកវិទ្យា​ដឹកជញ្ជូន​គ្រោង​នឹង​បង្កើត​ឡើង​នៅ​ឆ្នាំ​2040​។ ដល់​ពាក់កណ្ដាល​សតវត្សរ៍​នេះ​ ប្រទេស​ចិន​អាចប​ង្កើត​បាន​ដោយ​ជោគជ័យ​នូវ​តំបន់​សេដ្ឋកិច្ច​អវកាស​។

ការសិក្សា​ស្រាវជ្រាវ​ឋាន​ព្រះចន្ទ​ បាន​ក្លាយជា​វិស័យ​មួយ​ដែល​ត្រូវ​បាន​ចិន​យកចិត្ត​ទុកដាក់​បំផុត​។ កាលពី​ខែកក្កដា​ ឆ្នាំ​កន្លងទៅ​ ប្រទេស​នេះ​បាន​បាញ់បង្ហោះ​រ៉ុក្កែត​ 1គ្រាប់​ទៅ​ទី​អវកាស​ ដោយ​នាំ​យក​ទៅជាមួយ​នូវ​ភារកិច្ច​សំខាន់​ទាក់ទិន​នឹង​ពាណិជ្ជកម្ម​ ដែល​នេះ​ជា​ជោគជ័យ​ដំបូង​មួយ​ក្នុង​វិ​ស័យ​ឧស្ស​ហក​ម្ម​អវកាស​ចិន​។

ចិន​ធ្លាប់​បាន​បាញ់បង្ហោះ​យានអវកាស​ស៊ើបការណ៍​ Chang’e​-4 ទៅកាន់​ឋាន​ព្រះចន្ទ​ ដោយ​បាន​ចុះចត​នៅ​ផ្នែក​ម្ខាងទៀត​ដែល​ជាទី​ឋាន​ងងឹត​អចិន្ត្រៃយ៍​នៅ​លើ​ឋាន​ព្រះចន្ទ​ ដែលគេ​ហៅថា​ Far​ side​ of​ the​ Moon​។ នេះ​គឺជា​បេសកកម្ម​ប្រវត្តិ​សា​ស្ដ្រ ព្រោះថា​ កន្លងមក​ ពុំ​ទាន់​មាន​ប្រទេស​ណា​អាច​ទៅដល់​ទីនោះ​ទេ​។

នៅ​ចុងឆ្នាំ​នេះ​ ចិន​នឹង​បាញ់បង្ហោះ​យានអវកាស​ Chang’e​-5 ដើម្បី​នាំ​យក​គំរូតាង​ពី​ព្រះចន្ទ​មកកាន់​ផែនដី​។ បន្ទាប់មក​ យានអវកាស​ Chang’e​-6 នឹង​នាំ​យក​ដី​ពី​ប៉ូល​ខាងត្បូង​របស់​ព្រះចន្ទ​មក​ផែនដី​ ហើយ​ Chang’e​-7 នឹង​បំពេញបេសកកម្ម​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​ ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​តំបន់​នេះ​។ ចំណែក​ Chang’e​-8 នឹង​ធ្វើការ​សាកល្បង​បច្ចេកវិទ្យា​សំ​ខាន់​ៗ ដូចជា​បច្ចេកវិទ្យា​បោះពុម្ព​ 3D ជាដើម​ ដើម្បី​សាងសង់​ស្ថានីយ​ស្រាវជ្រាវ​នៅ​លើ​ពិភពលោក​ខែ​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement