អាមេរិកលែងជាមហាអំណាចលេខ1 ផ្នែក​នាវា​ចម្បាំង​ទៀតហើយ តើប្រទេសណាមកជំនួស? ហើយតើហេតុអ្វី?

ជិត​ 1ខែ​ បន្ទាប់ពី​អាមេរិក​បាន​បញ្ជាក់​ថា​ នឹង​ចំណាយ​ថវិកា​ 738ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ការពារ​ជាតិ​ក្នុង​ឆ្នាំ2020​ តែ​កងទ័ពជើងទឹក​របស់​ប្រទេស​នេះ​ បែរជា​ត្អូញត្អែរ​ថា​ ខ្វះ​លុយ​ធ្វើការ​ទៅវិញ​?។

យោង​តាម​ព័ត៌មាន​ថ្មី​បំផុត​ដែល​បាន​ចុះផ្សាយ​នៅ​សហរដ្ឋអាមេរិក​ កងទ័ពជើងទឹក​ប្រទេស​នេះ​ បាន​អះអាង​ថា​ ថវិកា​ចំនួន​នេះ​មិន​គ្រប់គ្រាន់​ក្នុង​ការ​បំពេញការងារ​ដែល​បាន​គ្រោងទុក​នោះ​ឡើយ​។

ជាក់ស្ដែង​ ថវិកា​សម្រាប់​វិស័យ​ការពារ​ជាតិ​របស់​អាមេរិក​ក្នុង​ឆ្នាំ2020​ ត្រូវ​បាន​គេ​បញ្ជាក់​ថា​ នឹង​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជា​ 738ពាន់​លាន​ដុល្លារ​ គឺ​នៅតែ​ជា​ប្រទេស​ដែល​ចំណាយ​ច្រើនជាង​គេ​ក្នុង​វិស័យ​ការពារ​ជាតិ​ ក៏ប៉ុន្តែ​ នៅពេល​គេ​បែងចែក​ទៅ​ឱ្យ​ផ្នែក​ផ្សេង​ៗក្នុង​វិស័យ​ការពារ​ជាតិ​ គេ​ឃើញថា​ កងទ័ពជើងទឹក​ត្រូវ​ខ្វះ​ថវិកា​ ដែល​ការណ៍​នេះ​ វា​នឹង​នាំ​ឱ្យ​ទ័ពជើងទឹក​មិន​អាច​បំពេញភារកិច្ច​ដូចដែល​បាន​ដាក់ចេញ​បាន​។

កងទ័ពជើងទឹក​អាមេរិក​បានឱ្យ​ដឹង​ថា​ រដ្ឋាភិបាល​របស់​លោក​ Donald​ Trump​ បាន​ស្នើ​ឱ្យ​កងទ័ពជើងទឹក​ត្រូវ​មាន​នាវាចម្បាំង​យ៉ាងតិច​ 355គ្រឿង​ និង​ត្រូវ​ធ្វើសកម្មភាព​ជាប្រចាំ​ដើម្បី​អាច​ធានា​សន្តិសុខជាតិ​បាន​។

បើ​ចំណាយ​តាម​ថវិកា​ដែល​ប្រគល់​ឱ្យ​ក្នុង​ឆ្នាំនេះ​ ទ័ពជើងទឹក​អាមេរិក​អាច​ចំណាយ​ត្រឹមតែ​ 209លាន​ដុល្លារ​ប៉ុណ្ណោះ​ សម្រាប់​អភិវឌ្ឍន៍​នាវាចម្បាំង​គ្មាន​មនុស្ស​បើក​ខ្នារ​ធំ​ចំនួន​ 2គ្រឿង​ និង​ 50លាន​ដុល្លារ​ទៀត​សម្រាប់​នាវា​គ្មាន​មនុស្ស​បើក​ខ្នាត​តូច​ដែល​គ្មាន​បំពង់​សម្រាប់​ដាក់​បាញ់​គ្រាប់​រ៉ុក្កែត​។

គិត​មកដល់​ឆ្នាំ2019​ អាមេរិក​លែង​ជា​ប្រទេស​ដែល​មាន​កង​នាវាចម្បាំង​ខ្លាំង​លំដាប់​ទី1​ ក្នុង​ពិភពលោក​ទៀតហើយ​ ព្រោះថា​ ចិន​បាន​ចូល​មក​ជំនួស​តំណែង​នេះ​។ ថ្វីបើ​អាមេរិក​មាន​នាវាចម្បាំង​ច្រើនជាង​ចិន​ក៏​ពិតមែន​ ប៉ុន្តែ​មានតែ​ 293គ្រឿង​ប៉ុណ្ណោះ​ដែល​អាច​បំពេញបេសកកម្ម​ជាប្រចាំ​បាន​ ចំណែក​នាវាចម្បាំង​ក្រៅពី​នេះ​ គឺ​បាន​ឈាន​ដល់អាយុ​កាល​ត្រូវ​ចូលនិវត្តន៍​ ឬត្រូវ​ជួសជុល​ហើយ​។

ចំណែក​ប្រទេស​ចិន​វិញ​ ចំនួន​នាវាចម្បាំង​បាន​កើន​ដល់​ 300គ្រឿង​កាលពី​ចុងឆ្នាំ2019​ បន្ទាប់ពី​បាន​ដាក់​ឱ្យ​ប្រើប្រាស់​បន្ថែម​នូវ​នាវា​ចម្បាំង​ថ្មី​ៗមួយចំនួន​ទៀត​។

ក្នុង​ការ​បកស្រាយ​អំពី​បញ្ហា​ខាងលើ​ កងទ័ពជើងទឹក​អាមេរិក​បាន​និយាយ​ថា​ កាលពី​អំឡុង​ទសវត្សរ៍​ទី80​ នៃ​សតវត្សរ៍​មុន​ កងទ័ពជើងទឹក​អាមេរិក​បាន​ប្រើ​ថវិកាជាតិ​រហូតដល់​ទៅ​ 38​% នៃ​ថវិកា​សរុប​សម្រាប់​វិស័យ​ការពារ​ជាតិ​។ ប៉ុន្តែ​ បច្ចុប្បន្ន​ ភាគរយ​នេះ​បាន​ថយ​មក​នៅ​ត្រឹម​ 34​%ប៉ុណ្ណោះ​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement