ការពិត​ទាំង​ 9យ៉ាង​ទាក់ទិន​នឹង​ភាព​មានបាន​របស់​ CEO​ របស់​ Amazon​

រៀងរាល់​ 1វិនាទី​ មហាសេដ្ឋី​ Jeff​ Bezos​ ដែល​ជា​ CEO​ របស់​ផ្សារ​អន​ឡាញ​ Amazon​ រកបាន​ 2,489​ដុល្លារ​អាមេរិក​ ច្រើនជាង​ 2ដង​បើ​ធៀប​នឹង​ប្រាក់ចំណូល​របស់​បុគ្គលិក​បម្រើការ​ងារ​នៅ​សហរដ្ឋអាមេរិក​ដែល​រកបាន​ជាមធ្យម​ក្នុង​ 1សប្ដាហ៍​។

លោក​ Jeff​ Bezos​ ថ្មី​ៗនេះ​ ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំងក្លា​ បន្ទាប់ពី​ប្រកាស​ថា​ Amazon​ ផ្ដល់​ជំនួយ​មនុស្សធម៌​ត្រឹមតែ​ 690,000​ដុល្លារ​សម្រាប់​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​អូស្ត្រាលី​ ដែល​ទំហំ​ទឹកប្រាក់​នេះ​វា​តូចជាង​ឆ្ងាយណាស់​ បើ​ធៀប​នឹង​ចំនួន​ទឹកប្រាក់​ដែល​លោក​រកបាន​ក្នុងរយៈពេល​ 5នាទី​។

CEO​ (អគ្គនាយក​ប្រតិបត្តិ​) របស់​ Amazon​ គឺជា​អ្នកមាន​បំផុត​លំដាប់​លេខ​1 ក្នុង​ពិភពលោក​ ដោយមាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​ជា​ 117​ពាន់​លាន​ដុល្លារ​។ ខាងក្រោម​នេះ​គឺជា​ការពិត​ស្ដី​អំពី​ទ្រព្យសម្បត្តិ​របស់​គាត់​៖

ទី​1- Jeff​ Bezos​ មានទ្រព្យ​សរុប​ 117​ពាន់​លាន​ដុល្លារ​អាមេរិក​ បើ​ទោះជា​ប្រាក់បៀវត្សរ៍​ប្រចាំឆ្នាំ​របស់​គាត់​បាន​ត្រឹម​ 81,840​ដុល្លារ​(តិច​ជាង​បណ្ដា​បុគ្គ​លិ​កល្បី​ៗនៅ​អាមេរិក​ទៀតផង​)មែន​ ប៉ុន្តែ​ទ្រព្យសម្បត្តិ​ភាគច្រើន​របស់​ Bezos​ គឺ​ផ្សារភ្ជាប់​ទៅ​នឹង​ភាគហ៊ុន​ Amazon​។ ទំព័រ​ Business​ Insider​ កាលពីឆ្នាំទៅ​ បាន​ស្រាវជ្រាវ​ឃើញថា​ ទឹកប្រាក់​ដែល​មហាសេដ្ឋី​រូប​នេះ​រកបាន​ក្នុង​ 1ឆ្នាំ​ៗ មាន​ប្រមាណ​ជា​ 8.9​លាន​ដុល្លារ​អាមេរិក​។

ទី​2- Bezos​ រកបាន​ 2,489​ដុល្លារ​រៀងរាល់​ 1វិនាទី​ គឺ​ច្រើនជាង​ទ្វេដង​ធៀប​នឹង​បុគ្គលិក​បម្រើការ​ងារ​នៅ​សហរដ្ឋអាមេរិក​រកបាន​ក្នុង​ 1សប្ដាហ៍​។ 1នាទី​ លោក​ Bezos​ រកបាន​ 149,353​ដុល្លារ​អាមេរិក​។

ប្រការ​នេះ​មានន័យថា​ គ្រាន់តែ​ 1នាទី​ CEO​ របស់​ Amazon​ រកបាន​ប្រាក់​ច្រើនជាង​ដល់ទៅ​ 3ដង​ បើ​ធៀប​នឹង​មធ្យមភាគ​ដែល​បុគ្គលិក​បម្រើការ​នៅ​អាមេរិក​ រកបាន​ក្នុង​ 1ឆ្នាំ​ (ប្រហែល​47,000​ដុល្លារ​) នេះ​បើ​តាម​នាយកដ្ឋាន​ស្ថិតិ​ពលកម្ម​សហរដ្ឋអាមេរិក​។

ទី​3- ក្រោយពី​លែងលះ​ភរិយា​ឈ្មោះ​ MacKenzie​ Bezos​ និង​លះបង់​ភាគហ៊ុន​ 25​% ដែល​ 2នាក់​ប្ដី​ប្រពន្ធ​លោក​កាន់កាប់​នោះ​ លោក​ Jeff​ Bezos​ នៅតែ​រក្សា​បាន​តំណែង​ជា​អ្នកមាន​បំផុត​ក្នុង​ពិភពលោក​ដដែល​។

Jeff Bezos និង​អតីត​ភរិយា​របស់គាត់

បច្ចុប្បន្ន​ អតីត​ភរិយា​របស់​លោក​ Bezos​ អ្នកស្រី​ MacKenzie​ Bezos​ គឺជា​ស្ត្រី​ដែល​មានទ្រព្យ​ច្រើន​បំផុត​ក្នុង​ពិភពលោក​លំដាប់​ទី​5។ បន្ទាប់ពី​បាន​លែងលះ​ ទ្រព្យសម្បត្តិ​ដែល​អ្នកស្រី​មាន​ គឺ​ប្រមាណ​ជា​ 37.8​ពាន់​លាន​ដុល្លារ​។

ទី​4- Bezos​ មានដល់​ថ្នាក់​គេ​ប្រៀបធៀប​ថា​ បើ​អ្នកមាន​ជីវភាព​មធ្យម​នៅ​អាមេរិក​ចាយ​1ដុល្លារ​ គឺ​មហាសេដ្ឋី​រូប​នេះ​ត្រូវ​ចាយ​ 1.2​លាន​ដុល្លារ​ទើប​ស្មើគ្នា​។

ទី​5- CEO​ របស់​ Amazon​ រូប​នេះ​ មានទ្រព្យ​សម្បត្តិ​ច្រើនជាង​ 28​% បើ​ធៀប​នឹង​ទ្រព្យ​សរុប​របស់​រាជវង្ស​អង់គ្លេស​។ បើ​យោង​តាម​គេហទំព័រ​ Forbes​ ទ្រព្យ​ដែល​រាជវង្ស​អង់​

គ្លេ​សមាន​ក្នុង​ដៃ​ គឺ​ប្រហែល​ 88​ពាន់​លាន​ដុល្លារ​(ក្នុង​ឆ្នាំ​2017​)។

ទី​6- ទ្រព្យសម្បត្តិ​ដែល​ Bezos​ មាន​ គឺ​ប្រហាក់​ប្រហែល​នឹង​ទំហំ​ផលិតផល​ក្នុង​ស្រុក​សរុប​(ផសស​ ឬGDP​) របស់​ប្រទេស​ម៉ារ៉ុក​។

ទី​7- តម្លៃ​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ Bezos​ មាន​ច្រើនជាង​ GDP​ របស់​ប្រទេស​អ៊ីស្លង់​ អាហ្វហ្គានីស្ថាន​ និង​កូ​ស្ដារី​កា​ បូក​បញ្ចូល​គ្នា​ទៅទៀត​។

ទី​8- យោង​តាម​ទីភ្នាក់ងារ​សន្តិសុខ​សង្គម​អាមេរិក​បានឱ្យ​ដឹង​ថា​ បុរស​អាមេរិក​ម្នាក់​ដែល​មាន​សញ្ញាបត្រ​បរិញ្ញា​អាច​រកបាន​ប្រាក់​ប្រហែល​ 2.2​លាន​ដុល្លារ​ក្នុង​ 1ជីវិត​។ ចំណែក​លោក​ Bezos​ វិញ​ គាត់​អាច​រកបាន​ប្រាក់​ចំនួន​ប៉ុណ្ណឹង​ដោយ​ចំណាយពេល​ត្រឹមតែ​ 15​នាទី​ប៉ុណ្ណោះ​។

ទី​9- កម្មករ​ កម្ម​ការី​រោងចក្រ​នៅ​ស្រុកខ្មែរ​ ត្រូវ​ប្រើ​ពេល​ 51​លាន​ឆ្នាំ​ ទើប​អាច​រកបាន​ប្រាក់​ជិត​ស្មើនឹង​ទ្រព្យ​បច្ចុប្បន្ន​របស់​ Bezos​ ។ ឆ្នាំ​2020​ ប្រាក់ខែ​គោល​របស់​កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា​ គឺ​ 190​ដុល្លារ​អាមេរិក​។ ដូច្នេះ​ក្នុង​1ឆ្នាំ​ ពួកគេ​រកបាន​ 2,280​ដុល្លារ​ ហើយ​បើ​ចង់​រក​ឱ្យ​បាន​ប្រាក់​ប្រហែល​នឹង​លោក​ Bezos​ បច្ចុប្បន្ន​ ពួកគេ​នឹង​ត្រូវ​ប្រើ​ពេល​ដល់ទៅ​ជាង​ 51​លាន​ឆ្នាំ​ឯណោះ​ ($2.280​ x 51​លាន​ឆ្នាំ​ ស្មើនឹង​ប្រហែល​ 116​ពាន់​លាន​ដុល្លារ​)។ ទ្រព្យ​បច្ចុប្បន្ន​របស់​ Bezos​ គឺ​ 117​ពាន់​លាន​ដុល្លារ​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement