បង្កើត​តំបន់​ទេសចរណ៍​ជា​វិធី​ល្អ​ក្នុង​ការជំរុញ​ឱ្យ​ដី​ទំនេរ​នៅ​ជនបទ​ប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​

បច្ចុប្បន្ននេះ កម្ពុជា​ជា​ប្រទេស​ដែលមាន​ដី​ទំនេរ​ច្រើន​ជាពិសេស​នៅ​តំបន់​ជនបទ ហើយ​ស្រប​ជាមួយគ្នានេះដែរ យើង​ឃើញថា​តំបន់​ទាំងអស់នោះ​ពេលខ្លះ​ជា​តំបន់​ដែលមាន​សក្តានុពល​ទេសចរណ៍​ គ្រាន់តែ​ប្រជាជន​មិនទាន់មាន​សមត្ថភាព​ក្នុងការ​កែច្នៃ​តំបន់​នោះ​ឱ្យ​ក្លាយជា​តំបន់​ស្រស់ស្អាត និង​ទាញ​ប្រយោជន៍​បានយូរ​អង្វែង​តែប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ឯកឧត្តមថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ​កម្ពុជាជា​ប្រទេស​​ដែលមាន​សក្តានុពល​ផ្នែក​ទេសចរណ៍ ទាំង​ទេសចរណ៍វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ។

នៅ​ទូទាំងប្រទេស មាន​តំបន់​អេកូ​ទេសចរណ៍​ជាច្រើន​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចាប់អារម្មណ៍​ ព្រោះ​យើង​មាន​តំបន់​ជាច្រើន​ដែលមាន​លក្ខណៈ​អស្ចារ្យ​ពី​ធម្មជាតិ ដូច​ជាមាន​តំបន់​អភិរក្ស​សត្វ​ស្លាប តំបន់ភ្នំតំបន់​គម្រប​ព្រៃឈើ និង​តំបន់​អេកូ​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត​ដែល​ស្ថិតនៅ​ពេញ​ផ្ទៃ​ប្រទេស តែ​អ្វី​ដែលជា​បញ្ហា​គឺ​តំបន់​ខ្លះ​មិនទាន់មាន​មនុស្ស​ទៅដល់ និង​កន្លែង​ខ្លះទៀត​មិនទាន់បាន​អភិវឌ្ឍ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍​នៅឡើយ។

ឯកឧត្តម ថោង ខុន បាន​មានប្រសាសន៍ថា៖“នៅ​ទូទាំងប្រទេស​យើង​មាន​តំបន់​ជាច្រើន​ដែល​អាច​កែច្នៃ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍ ជាពិសេស​ទេសចរ​ណ៍ស​ហគ​មន៍ ដោយសារតែ​យើង​មិនទាន់មាន​ធនធាន​គ្រប់គ្រាន់ ឬ​មិនទាន់មាន​អ្នក​ផ្តួច​ផ្តើមគំនិត​ច្រើន​ដើម្បី​កែច្នៃ​តំបន់​នានា ឬ​សហគមន៍​របស់គាត់​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍។

ទោះជា​យ៉ាងនេះ​ក្តី ក្រសួងទេសចរណ៍ ក៏បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ជំរុញឱ្យមាន​កា​រ​បណ្តុះបណ្តាល ទាំង​ការបណ្តុះបណ្តាល​ក្នុង​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល​នៅ​សហគមន៍​ផ្ទាល់​ដើម្បីឱ្យ​ពួកគេ​មានចំណេះដឹង​ក្នុងការ​រៀបចំ​តំបន់​របស់ខ្លួន​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍”។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើងថា ការកែច្នៃ​តំបន់​នានា​ឱ្យទៅជា​តំបន់​ទេសចរណ៍​នៅតាម​ជនបទ ជា​វិធី​ល្អ​មួយ​ក្នុង​ការជំរុញឱ្យ​ប្រជាជន​ចេះ​ថែរក្សា​ធនធានធម្មជាតិ​ក្នុង​តំបន់​របស់ខ្លួន និង​ចេះ​ប្រើប្រាស់​ដី​ទំនេរ​របស់ខ្លួន​ដើម្បី​បម្រើឱ្យ​ផលប្រយោជន៍​ទេសចរណ៍។

មាន​តំបន់​ខ្លះ​គេ​បង្កើតជា​សួន​បន្លែ ខណៈ​កន្លែង​ខ្លះទៀត​គេ​ក៏បាន​បង្កើតជា​កសិដ្ឋាន​នានា​ដើម្បី​ប្រមូល​ផល​ផ្គត់ផ្គង់​ឱ្យ​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​នៅ​តំបន់​របស់​ពួកគាត់​ដែល​ធ្វើឱ្យ​គាត់​ទទួលបាន​ចំណូល​ជាប់​ជាប្រចាំ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ លោក ពត សុផល ស្ថាបនិក​អង្គការ​អភិវឌ្ឍ​មូលដ្ឋាន (OBT) បាន​លើកឡើងថា ទេសចរណ៍​ជា​ផ្នែក​យ៉ាងសំខាន់​ដែល​អាច​ជំរុញ​ឱ្យ​តំបន់​ជនបទ​អភិវឌ្ឍ​បាន​លឿន និង​ប្រកបដោយ​ភាពស្រស់ស្អាត។

នៅពេល​តំបន់ ឬ​សហគមន៍​មួយ​ត្រូវបាន​គេ​កែច្នៃ​ឱ្យ​ក្លាយជា​តំបន់​ទេសចរណ៍ ប្រជាជន​នៅ​តំបន់​ទាំងអស់នោះ​នឹង​ទទួលផល​ទាំងអស់គ្នា ទាំង​ការអប់រំ បញ្ហា​ជីវភាព និង​ការ-ទំនាក់ទំនង​ជាដើម។

ប្រជាជន​ដែលមាន​ពេលទំនេរ​ច្រើន​ដោយសារតែ​ជីវភាព​ពឹងផ្អែក​ទាំងស្រុង​លើ​កសិកម្ម ក៏​ចាប់ផ្តើម​មាន​ភាព​មមាញឹក​ដោយសារតែ​គាត់​អាចធ្វើ​ការងារ​នៅក្នុង​តំបន់​របស់គាត់ ឬ​ប្រើប្រាស់​ធនធាន​ដែលមាន​ស្រាប់​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ពី​ទេសចរណ៍​ផងដែរ។

លោក ពត សុផល បាន​និយាយថា៖ “នៅ​តំបន់​ជនបទ មាននៅ​សល់​ដី​ទំនេរ​ច្រើន ហេតុនេះ​ប្រសិនបើ​ប្រជាជន​ចាប់ផ្តើម​ប្រមូលផ្តុំ​គ្នា​កែច្នៃ​តំបន់​ទាំងអស់នោះ​ឱ្យទៅជា​តំបន់​ទេសចរណ៍ នោះ​យើង​នឹង​អាច​ទទួលបាន​ផល​យូរអង្វែង”។

លោក​សុផល បាន​បន្ថែមទៀតថា ថ្មីៗនេះ​មាន​គំរូល្អជា​ច្រើន​ដែល​បានចាប់ផ្តើម​បង្ហាញឱ្យឃើញ​ពី​សក្តានុពល​នៃ​ការកែច្នៃ​ដី​ទំនេរ​ឱ្យ​ក្លាយជា​តំបន់​កម្សាន្ត​នៅតាម​ខេត្ត​នានា​នៅ​ទូទាំងប្រទេស។

មាន​តំបន់​ខ្លះ​គេ​ប្រើប្រាស់​ដី​កសិកម្ម ឬ​ដី​ក្នុង​សហគមន៍​ដើម្បី​ដាំ​ផ្កា​សម្រាប់​លក់​ផង និង​ដាំ​សម្រាប់​តាំង​លម្អ​ផង​ដែល​អាចធ្វើឱ្យ​អ្នក​ខាងក្រៅ​ចាប់អារម្មណ៍ហើយ​ទៅ​កម្សាន្ត ស្រប​ពេលដែល​សហគម​ន៍​ខ្លះទៀត​គាត់​ចាប់ផ្តើម​បង្កើត​សួន​បន្លែ និង​រៀបចំ​តំបន់​ណាមួយ​ដែល​នៅ​ជិត​តំបន់​ទេសចរណ៍​ដើម្បី​ភ្ជាប់​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍ ឬ​ភ្ជាប់​តំបន់​ទេសចរណ៍ធំៗមក​សហគមន៍​របស់​ខ្លួន។ ជា​ឧទាហរណ៍ ប្រសិនបើ​តំបន់​មួយ​មាន​ទឹកធ្លាក់ ឬ​មាន​ទេសចរណ៍ធំៗ

ណាមួយ​នៅក្នុង​ខេត្ត យើង​អាច​បង្កើតកូន​តំបន់​ទេសចរណ៍​ប្លែក​តូចមួយ​នៅក្នុង​សហគម​ន៍​ដែល​នៅក្បែរនោះ។ នៅពេល​ភ្ញៀវ​មកលេង​តំបន់​ទេសចរណ៍ធំៗ គេ​អាច​នឹង​ឆៀង​ចូល​ទទួលទាន​អាហារ ឬ​មក​ថតរូប​កម្សាន្ត​នៅ​សហគមន៍​របស់​យើង ដោយសារតែ​ចម្ងាយនៅ​ជិតគ្នា​ជាដើម។

គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ អ្នក​ដែល​កំពុងធ្វើការ​ងារ ឬ​កំពុង​រស់នៅ​ទីក្រុង​កំពុងមាន​និន្នាការ​មួយ​ចង់​សម្រាក​កម្សាន្ត​ជាមួយ​តំបន់​ដែលមាន​បន្លែស្រស់​ល្អ គ្មាន​ជាតិគីមី ឬ​ចង់​មាន​ចម្ការ​ផ្ទាល់​ខ្លួន​ជាដើម តែ​មិនមាន​អ្នក​មើលថែ។

ហេតុនេះ​ការបង្កើត​សហគមន៍​ទេ​សចរណ៍ ដោយ​បន្ថែម​ចម្ការ​បន្លែ ឬ​ផ្គត់ផ្គង់​ផលិតផល​កសិកម្មល្អៗអាចនឹងទទួល​បានកា​រ​ចាប់អារម្មណ៍​កាន់តែច្រើន​ពី​ប្រជាជន​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នូវ​បន្លែ​ធម្មជាតិ ស្របពេលដែល​ពួកគេ​កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​អាហារ​គីមី៕

Advertisement