ហុងកុងយល់​ព្រមឱ្យកម្ពុជា បញ្ជូនពលកររបស់ខ្លួនទៅបម្រើការងារនៅទីនោះ

ក្នុងអនុស្សរណៈនៃ​កិច្ច​ព្រម​ព្រៀង​រវាងរដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងរដ្ឋមន្រ្តី​ទទួលបន្ទុកអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុងកាលពីពេលថ្មីៗនេះ។ ភាគីទាំងពីរបានឯកភាពគ្នាលើ​កិច្ច​សហប្រតិបត្តិការផ្តល់សេវាគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាដែលត្រូវបានជ្រើសរើសឱ្យបម្រើការងារនៅទីក្រុង​ហុង​កុង ជាពិសេសស្ត្រីបម្រើការងារផ្ទះ។

ប្រភពព័ត៌មានលើគេហទំព័រហ្វេប៊ុករបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តា​ល​វិជ្ជាជីវៈកម្ពុជា បានឱ្យដឹងថា ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តការនេះ ដែលជា​ផ្នែក​មួយ​នៃគោលនយោបាយខ្សែក្រវ៉ាត់មួយ វិថីមួយរបស់​ចិន ហើយសង្ឃឹមថា តាមរយៈកិច្ចសហប្រតិ​បត្តិ​ការ​នេះ នឹងបើកច្រកដល់កិច្ចសហប្រតិបត្តិលើវិស័យជាច្រើនទៀត ដើម្បីពង្រឹង ពង្រីកវិស័យ​ពាណិជ្ជកម្ម វិនិ​យោគ​រវាងកម្ពុជា និងតំបន់រដ្ឋបាលពិសេសហុងកុង។

បន្ថែមលើនេះ អនុស្សរណៈនៃ​កិច្ច​ព្រម​ព្រៀង​នេះ ភាគីទាំងពីរក៏បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការដូចជា៖
1/ ចូលរួមសហការគ្រប់គ្រងសហគ្រាសដែលមិនអនុវត្តត្រឹមត្រូវតាមច្បាប់ ដើម្បីការពារប្រយោជន៍ពលករ​ទេសន្តរ​​កម្ពុជា​។
2/ ចូលរួមសហការប្រមូលគំនិតយោបល់ពីទីភ្នាក់ងារមុខរបរ និងរាយការណ៍ជូនតំបន់រដ្ឋបាលពិសេសហុងកុង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ធ្វើការពិនិត្យឡើងវិញ និងកែលម្អគោលនយោបាយ​មុខរបរ​សម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា។
3/ ចូលរួមសហការគ្រប់គ្រង និងផ្តល់ការណែនាំដល់សមាជិកសមាគម និងក្រុមហ៊ុន ឱ្យ​អនុវត្តស្របតាមច្បាប់ និងបទបញ្ញត្តិនានារបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតំបន់សេដ្ឋកិច្ចពិសេសហុងកុង ដើម្បីបង្កើតលក្ខ​ខណ្ឌ​ការងារល្អសម្រាប់ពលករទេសន្តរប្រវេសន៍កម្ពុជា។
4/ ចូលរួមសហការជាមួយទីភ្នាក់ងារមុខរបរ និងនិយោជកហុងកុង ដើម្បីគ្រប់គ្រងប្រព័ន្ធទិន្នន័យ​ពលករទេសន្តរ​ប្រវេសន៍កម្ពុជា៕

Advertisement