រដ្ឋមន្ត្រី​ទេសចរណ៍ សាទរ​កំណើន​ទេសចរ 5.8% មក​ទស្សនា​តំបន់​អាស៊ាន+3 ក្នុង​ឆ្នាំ2019

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងទេសចរណ៍ ទៅ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន+3 (ចិន ជប៉ុន និង​កូរ៉េ) លើក​ទី19 នៅ​ប្រទេស​ប្រ៊ុយណេ កាលពី​ថ្ងៃទី16 ខែមករា ឆ្នាំ2020 ក្នុងឱកាស​នៃ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ2020(ASEAN Tourism Forum 2020)ក្រោម​ប្រធានបទ “អាស៊ាន៖ទាំងអស់គ្នា​ឆ្ពោះទៅកាន់​ការធ្វើដំណើរ​ជំនាន់​ថ្មី” (ASEAN:Toge ther towards a Next Generation of Travel)។

រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក3 បាន​អបអរសាទរ​ចំពោះ​កំណើន​ទេសចរ​មក​ទស្សនា​តំបន់​អាស៊ាន​បូក3 ក្នុង​ឆ្នាំ2019 មាន​ចំនួន 244.5លាន​នាក់ កើនឡើង 5.8%។ កិច្ចប្រជុំ​ក៏បាន​ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​អាស៊ាន​បូក3 ជាពិសេស​ការអនុវត្ត​ផែនការ​សកម្មភាព​សហ​ប្រតិបត្តិការ​ទេសចរ​ណ៍​អាស៊ាន​បូក3 ឆ្នាំ2018 -2020 ដោយ​សម្រេចបាន​លទ្ធផលចម្បងៗ ដូចខាងក្រោម៖ អបអរសាទរ​វេទិកា​អាស៊ាន​បូក3 ស្តីពី​ស្តង់ដា​គ្រប់គ្រង​បរិស្ថាន កាលពី​ថ្ងៃទី25-26 ខែកក្កដាឆ្នាំ2019 នៅ​ប្រទេស​ហ្វីលីពីន។

2- អបអរសាទរ កិច្ចប្រជុំ​កំពូល យុវជន​ទេសចរណ៍​អាស៊ាន​បូក3 ឆ្នាំ2019 កាលពី​ថ្ងៃទី25-31 ខែសីហា ឆ្នាំ2019 នៅ​ប្រទេស​ថៃ។

3- សិក្ខាសាលា​ស្តីពី​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតផល និង​សេវាកម្ម​សហគមន៍ ដើម្បី​ទាក់ទាញ​អ្នកធ្វើដំណើរ​វ័យក្មេង​ក្នុង​សហស្សវត្ស​ថ្មី កាលពី​ថ្ងៃទី10-12 ខែកញ្ញា ឆ្នាំ2019 នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

4- សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ធនធានមនុស្ស​ទេសចរ​ណ៍​អាស៊ាន និង​បណ្តាញ​នៃ​ការអភិវឌ្ឍ​សម្រាប់​កម្មវិធី​អេកូ​ទេសចរណ៍ កាលពី​ថ្ងៃទី2124 ខែតុលា ឆ្នាំ2019 នៅ​ប្រទេស​ម៉ាឡេស៊ី។

5- សន្និសីទ​វិនិយោគ​ទេសចរណ៍​អាស៊ាន-ជប៉ុន កាលពី​ថ្ងៃទី23 ខែតុលា ឆ្នាំ2019 នៅ​ប្រទេស​ជប៉ុន។

រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ចិន ជប៉ុន ប្រទេស​កូរ៉េ ដែល​បាន​គាំទ្រ​ដល់​សមាជិក​អាស៊ាន តាមរយៈ​សកម្មភាព​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​អាស៊ាន ចិន នានា​ជាច្រើន​ក្នុងអំឡុង​ឆ្នាំ2019 កន្លងមក។

ជាពិសេស​ការរៀបចំ​ពិព័រណ៍ ទេសចរណ៍​អាស៊ាន-ចិន កាលពី​ពាក់កណ្ដាល​ខែតុលា ឆ្នាំ2019 នៅ​ទីក្រុង Guilin ប្រទេស​ចិន និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន-ជប៉ុន​នៅ​ឆ្នាំ2019 កន្លងមក ក្នុងនោះ​រួមមាន​ការរៀបចំ​សិក្ខាសាលា និង​សន្និសីទ​នានា ការតាំង​ពិ​ព័​ណ៍​ទេសចរណ៍​អាស៊ាន-ជប៉ុនផ្សេងៗ ព្រមទាំង​ការជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​តាម​នាវា​សមុទ្រ (Cruise Tourism)។

ដោយឡែក​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​បូក3 រួមមាន ចិន ជប៉ុន និង​កូរ៉េ សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ដ៏​ល្អ​កន្លងមក​ចំពោះ​កម្ពុជា ព្រមទាំង​បានស្នើ​សុំឱ្យ​បន្ត​កិច្ចសហប្រតិបត្តិការ​នេះ​ត​ទៅមុខទៀត។

សូម​ជម្រាបជូន​ផងដែរ​ថា ក្នុង​ឆ្នាំ2019 កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន​ប្រមាណ 6.7លាន​នាក់ កើនឡើង 8% ក្នុងនោះ​សម្រាប់​រយៈពេល 10ខែ ទេសចរ​ចិន​មាន​ចំនួន​ប្រមាណ 2.4លាន​នាក់ ទេសចរ​កូរ៉េ​មាន​ចំនួន 20ម៉ឺន​នាក់ និង​ទេសចរ​ជប៉ុន​មាន​ចំនួន 16ម៉ឺន​នាក់។

នៅ​ឆ្នាំ2020 នេះ វេទិកា​ទេសចរណ៍​អាស៊ាន (ATF) ក្រោម​ប្រធានបទ​អាស៊ាន “ទាំងអស់គ្នា​ឆ្ពោះទៅកាន់​ការធ្វើដំណើរ​ជំនាន់​ថ្មី ឬ​ ASEAN-Together towards a Next Generation of Travel” បាន​ចូលរួម​ដោយ​រដ្ឋមន្ត្រី​ទេសចរណ៍​មកពី​ប្រទេស​សមាជិក​អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ឥណ្ឌា និង​ប្រទេស​ដៃគូ​ពិភាក្សា​អភិវឌ្ឍន៍​មួយចំនួនទៀត។

កម្ពុជា​បាន​សហការ​ជាមួយ​ផ្នែក​ឯកជន ចូលរួម​ក្នុង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX ដោយ​បានទទួល​ប្រតិភូ​ចូលរួម​ចំនួន 750នាក់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ចំនួន100 មាន​ស្តង់​ពិព័រណ៍(Booths) 250 និង​អ្នកលក់ (Sellers) ចំនួន 250ក្រុមហ៊ុន និង​មាន​អ្នកទិញ (Buyers) ចំនួន 150ក្រុមហ៊ុន​ផងដែរ។

សូមបញ្ជាក់ថា វេទិកា​កំពូល​ទេសចរណ៍​អាស៊ាន ឆ្នាំ2020 និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី12-13 ខែមករា ឆ្នាំ2020 នៅ​ប្រទេស​ប្រ៊ុយណេ។ ទន្ទឹមនឹង​នេះដែរ កិច្ចប្រជុំ​ទាំងមូល​បាន​ផ្តោត និង​លើកយក​បញ្ហាចម្បងៗចំនួន7 មក​ជជែក​ពិភាក្សា ដើម្បី​រក​ដំណោះស្រាយ និង​វឌ្ឍនភាព​វិស័យ​ទេសចរណ៍​អាស៊ាន​បន្តទៀត។

លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួងទេសចរណ៍​កម្ពុជា ដែល​បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ទៅ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នាឱកាស​វេទិកា​កំពូល​ទេសចរណ៍​ឆ្នាំ2020 នេះ បាន​លើកឡើងថា ស្ថាប័ន​ជាតិ​ទេសចរណ៍​ប្រទេស​សមាជិក​អាស៊ាន​ទាំង10 នឹង​ពិភាក្សា​ពិនិត្យ​សម្រេច​លើ​ចំណុចសំខាន់ៗនៃ​សកម្មភាព​ទេសចរណ៍​អាស៊ាន និង​អនុម័ត​លើ​ឯកសារ ពិធីសារ​មួយចំនួន។

ឯកសារ និង​ពិធីសារ​ទាំងនោះ រួមមាន​ទី1- ពង្រឹង​ការផ្សព្វផ្សាយ​ទេសចរណ៍​អាស៊ាន​តាម​ប្រព័ន្ធ​ឌីជីថល អន​ឡាញ និង​ប្រព័ន្ធ​បណ្តាញ​សង្គម។ ទី2-ពិនិត្យ​អំពី​វឌ្ឍនភាព​នៃ​ការរីកចម្រើន វិស័យ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន ឆ្នាំ2018-2019។ ទី3- ពិនិត្យ និង​វាយតម្លៃ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ឆ្នាំ2016-2025។ ទី4- ជំរុញ​ការបង្កើត​ផលិតផលថ្មីៗ ដោយ​ផ្តោត​សំខាន់​លើ​ទេសចរណ៍​ម្ហូបអាហារ​ជាដើម។

លោក ថោង រដ្ឋ​សក្តិ បាន​បន្តថា៖ “កិច្ចពិភាក្សា​ខាងលើនេះ គឺ​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ទេសចរណ៍​អាស៊ាន ដោយ​ត្រឹម​ឆ្នាំ2025 អាស៊ាន​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ល្អ​ឯក ប្រកបដោយ​គុណភាព ពិពិធ​ភាព បទពិសោធ ចីរភាព បរិ​យា​ប័ន្ន និង​ការអភិវឌ្ឍ​ដោយ​ការទទួលខុសត្រូវ ចូលរួមចំណែក​លើកស្ទួយ​សេដ្ឋកិច្ច សុខុមាលភាព​សង្គម ប្រជាជាតិ​អាស៊ាន”៕

Advertisement