ប្រជាពលរដ្ឋរស់នៅអគារប៊ុលឌិងស ត្រូវចាកចេញឱ្យអស់នៅថ្ងៃទី17 ខែកក្កដា

ភ្នំពេញ – គិតត្រឹមថ្ងៃនេះប្រជាពលរដ្ឋជាម្ចាស់ចំណែកឯកជនរស់នៅក្នុងអគារសហកម្មសិទ្ធិប៊ុលឌិងស បានទទួលប្រាក់ទូទាត់រួចរាល់ និងបានប្រគល់បន្ទប់ជូនក្រុមហ៊ុនបានប្រមាណជាង90% ហើយ នៅសល់តែម្ចាស់កម្មសិទ្ធិជាន់ក្រោម10យូនីតទៀតប៉ុណ្ណោះដែលមិនទាន់រើចេញ។

យោងតាមច្បាប់សហកម្មសិទ្ធិប្រសិនបើមានម្ចាស់កម្មសិទ្ធិក្នុងរង្វង់75% យល់ព្រមលក់កម្មសិទ្ធិ និងរើចេញហើយនោះ ម្ចាស់កម្មសិទ្ធិ25%ទៀតត្រូវតែយល់ព្រមលក់ដោយស្វ័យប្រវត្ដិ។ តាមព័ត៌មានដែលអាចយកជាផ្លូវការបានៗលើកឡើងថា ចាប់តាំងពីថ្ងៃដំបូងដែលប្រជាពលរដ្ឋរស់នៅលើអគារប៊ុលឌិងសបានយល់ព្រមចុះកិច្ចសន្យាទិញ-លក់បានដំណើរការរហូតមកដល់ពេលនេះនៅសល់ប្រមាណតែ4គ្រួសារដែលគ្រប់គ្រងលើបន្ទប់ស្នាក់7យូនីតប៉ុណ្ណោះដែលមិនទាន់បានរើចេញ។

ខណៈប្រជាពលរដ្ឋក្នុងរង្វង់4គ្រួសារនេះមិនព្រមរើចេញ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីជូនដំណឹងជាសាធារណៈមួយដែលមានខ្លឹមសារថា ដោយយោងទៅលើអគារប៊ុលឌិងសដែលមានទីតាំងស្ថិតនៅលើផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានសាងសង់ឡើងកាលពីឆ្នាំ1963នោះ បច្ចុប្បន្នមានសភាពទ្រុឌទ្រោមខ្លាំងហើយ និងត្រូវការអភិវឌ្ឍឡើងវិញ និងតម្រូវឱ្យធ្វើការរុះរើចោលចាប់ពីថ្ងៃទី17 ខែកក្កដា ឆ្នាំ2017 ខាងមុខនេះតទៅ។

យោងតាមសេចក្ដីជូនដំណឹងនេះត្រូវបានមតិសាធារណៈធ្វើការសន្និដ្ឋានថា បើសំអាងលើហេតុផលនេះ ប្រជាពលរដ្ឋដែលជាម្ចាស់សហកម្មសិទ្ធិនៅសល់ក្នុងរង្វង់4 គ្រួសារនោះ នឹងត្រូវតែរើចេញជាដាច់ខាត ឯចំពោះដំណោះស្រាយរបស់ក្រុមហ៊ុនទៅលើប្រជាពលរដ្ឋទាំង4គ្រួសារនោះមានកម្រិតណាយើងនឹងអាចដឹងបាននៅថ្ងៃ17 កក្កដា ខាងមុខនេះ៕

Advertisement