មន្ត្រី​ក្រសួង​៖ កម្ពុជា​ត្រូវ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋ​កិច្ច​ ដើម្បី​សម្រេច​បាន​ចក្ខុវិស័យ​នៅ​ឆ្នាំ2030​

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​មានប្រសាសន៍​ថា​កម្ពុជា​ត្រូវតែ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ឱ្យ​បាន​ខ្លាំងក្លា​ ទាំង​ការ​បង្កើន​ទំហំ​ និង​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​។

រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ឯកឧត្ដម​ វង្សី​ វិស្សុត​ បាន​លើកឡើង​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ “អនុក្រឹត្យ​ ស្តី​ពី​ការគ្រប់គ្រង​ការ​វិនិយោគ​សាធារណៈ​” កាលពី​ពេល​ថ្មី​ៗនេះ​ថា​ សេចក្តី​ព្រាង​អនុក្រឹត្យ​នេះ​ មាន​គោលបំណង​ដោះស្រាយ​បញ្ហា​នៅក្នុង​ប្រព័ន្ធ​នៃ​ការ​វិនិយោគ​សាធារណៈ​របស់​យើង​នា​ពេល​បច្ចុប្បន្ន​ពិសេស​ការប្រើ​ប្រាស់​ធនធាន​វិនិយោគ​របស់​ប្រទេស​ទាំងមូល​ ដែល​មាន​លក្ខណៈ​រាយប៉ាយ​ ឱ្យ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ស្រប​ទៅតាម​បទដ្ឋាន​ និង​នីតិវិធី​ច្បាប់​ ដោយមាន​ភ្ជាប់​នូវ​ការទទួលខុសត្រូវ​ច្បាស់លាស់​ ទាំង​សម្រាប់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដែល​នឹង​បំពេញមុខ​ងារ​ជា​ទ្វារបាល​នៃ​ការគ្រប់គ្រង​គម្រោង​វិនិយោគ​សាធារណៈ​ និង​ទាំង​សម្រាប់​ក្រសួង​-ស្ថាប័ន​នានា​ ដែល​ជា​ប្រតិបត្តិ​ករ​អនុវត្តន៍​ផ្ទាល់​។

ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ក្នុង​ន័យ​នេះ​ ឯកឧត្តម​បាន​ស្នើសុំ​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ សូម​ចូលរួម​ធ្វើ​កិច្ចការ​កែទម្រង់​ដ៏​សំខាន់​នេះ​ ក៏ដូចជា​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ទាំងមូល​ ក្នុងស្មារតី​ការងារ​ជា​ក្រុម​ និង​ឱ្យ​បាន​ស្រុះដៃ​គ្នា​ ដើម្បី​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការ​វិនិយោគ​សាធារណៈ​ អាច​ដើរតួ​នាទី​ជា​ឧបករណ៍​សេដ្ឋកិច្ច​ដ៏​មានប្រសិទ្ធភាព​ និង​ស័ក្ដិសិទ្ធិ​ភាព​ សម្រាប់​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង​និង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​ផង​ និង​ដើម្បី​បន្ត​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ និង​ធានា​បាន​នូវ​យុត្តិធម៌​ និង​សមធម៌​នៅក្នុង​សង្គម​ផង​ដែរ​។

រដ្ឋលេខាធិការ​ប្រចាំការ​ នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​រូប​នេះ​ ក៏បាន​លើកឡើង​ដែរ​ថា​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​ កម្ពុជា​ត្រូវ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ខ្លួន​ឱ្យ​បាន​ខ្លាំងក្លា​ ទាំង​តាមរយៈ​ការ​បង្កើន​ទំហំ​នៃ​ការ​វិនិយោគ​និង​ទាំង​តាមរយៈ​ការ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​ប្រភេទ​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​នៃ​ការ​តភ្ជាប់​ក្នុង​វិស័យ​គមនាគមន៍​, ថាមពល​, និង​ឌីជីថល​ និង​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច​-សង្គម​ផ្សេងទៀត​ ដូចជា​សាលារៀន​ និង​មន្ទីរពេទ្យ​ជាដើម​។ ក៏ប៉ុន្តែ​ឯកឧត្តម​ថា​ បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រឈម​ទៅ​នឹង​ការ​ធ្លាក់ចុះ​នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ (ODA​) ទាំង​ប្រភព​ហិរញ្ញប្បទាន​ឥត​សំណង​ និង​ទាំង​មក​ពី​ប្រភព​ឥណទាន​ដែល​មាន​សម្បទាន​កម្រិតខ្ពស់​ ដោយសារ​កម្ពុជា​បាន​ចាក​ផុត​ពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ចំណូល​ទាប​ហើយ​។

ម្យ៉ាងទៀត​ ឯកឧត្ដម​បាន​មានប្រសាសន៍​ទៀត​ថា​ ការ​វិនិយោគ​សាធារណៈ​ កាន់តែ​មាន​លក្ខណៈ​ស្មុគស្មាញ​ ដោយសារ​កត្តា​ការប្រែប្រួល​អាកាសធាតុ​ តម្រូវការ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ដែល​មាន​ទំហំ​កាន់តែ​ធំ​ ការ​រំពឹង​ទុក​របស់​ប្រជាជន​ដែល​កាន់តែ​ខ្ពស់​ជាង​មុន​ និង​ការប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗ ក្នុង​ក្របខ័ណ្ឌ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4​។

ក្នុង​ន័យ​នេះ​ ឯកឧត្តម​ក៏បាន​បញ្ជាក់​ថា​ កម្ពុជា​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគ​រួម​មួយ​ របស់​ប្រទេស​ដែល​រឹងមាំ​ និង​មាន​ភាព​គ្រប់ជ្រុងជ្រោយ​ និង​ស៊ីជម្រៅ​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​អាច​ធានា​បាន​ថា​ កម្ពុជា​ពិតជា​បាន​ប្រើប្រាស់​ធនធាន​ក្នុង​ការ​វិនិយោគ​ប្រកបដោយ​ភាព​ត្រឹមត្រូវ​ និង​ឆ្លាតវៃ​ ហើយ​ទទួល​បាន​នូវ​ផល​ចំណេញ​មកវិញ​ខ្ពស់​បំផុត​ ដែល​អាច​ឆ្លើយតប​បាន​ទៅ​នឹង​សេចក្តី​ត្រូវការ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។

ជាមួយគ្នា​នោះ​ដែរ​ ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏​ធ្លាប់​បាន​គូសបញ្ជាក់​ប្រាប់​ពីសា​រៈសំ​ខាន់​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​ ដែល​នឹង​រួម​ចំណែក​សំខាន់​ដល់​ការ​ពង្រឹង​អធិបតេយ្យ​ភាព​ជាតិ​ និង​ឯករាជ​ភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​ ព្រមទាំង​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ2030​ (ប្រទេស​ចំណូល​មធ្យម​កម្រិតខ្ពស់​) និង​ឆ្នាំ2050​ (ប្រទេស​ចំណូល​ខ្ពស់​)។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​រូប​នេះ​ ក៏បាន​ស្នើ​ក្រសួង​ពាណិជ្ជកម្ម​ ខិតខំ​ជំរុញ​ការ​ធ្វើ​សេរី​ភាវូបនីយកម្ម​និង​សមាហរណកម្ម​ក្នុង​តំបន់​ និង​ពិភព​ឯកឧត្តម​ តាមរយៈ​ការ​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ ដើម្បី​ពន្លឿន​ការ​ចុះ​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់​ (RCEP​) នៅក្នុង​ឆ្នាំ2020​ និង​ខិតខំ​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-ចិន​ និង​កម្ពុជា​-សាធារណរដ្ឋ​កូរ៉េ​ ដើម្បី​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​ សំដៅ​គាំទ្រ​ការ​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​ដែល​ជាគោល​ដៅ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំ​-ណា​ក់​កាល​ទី4​។

បន្ថែម​លើ​នោះ​ ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ អូន​ ព័ន្ធ​មុនី​រ័ត្ន​ ក៏បាន​ផ្តល់​អនុសាសន៍​សំ​ខាន់​ៗចំនួន​ 4ចំណុច​ដល់​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​ជា​វិភាគទាន​សម្រាប់​រៀបចំ​គោលនយោបាយ​ និង​កំណត់​ទិសដៅ​សម្រាប់​អនុវត្ត​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ2020​ ឱ្យ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ មាន​ដូចជា​៖
1. ការកែទម្រង់​ផ្ទៃក្នុង​ និង​បន្ត​ជំរុញ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ចូល​ទៅ​ក្នុង​តំបន់​ និង​ពិភព​ឯកឧត្តម​។

2. កំណែទម្រង់រដ្ឋបាល​សាធារណៈ និង​គុណភាព​សេវាសាធារណៈ។

3. ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី4​ និង4​.ការ​រក្សា​បាន​នូវ​សន្តិសុខ​ស្បៀងអាហារ​ និង​ស្ថិរភាព​ថ្លៃ​ទំនិញ​ និង​សេវាកម្ម​ ដើម្បី​គាំទ្រ​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។

ជា​ការ​ឆ្លើយតប​នឹង​ការ​ផ្តល់​ជា​អនុសាសន៍​ពី​សំណាក់​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នេះ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ឯកឧត្ដម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​លើកឡើង​ដែរ​ថា​ ក្នុងរយៈពេល​ជាង​ 1ឆ្នាំ​កន្លងមក​នេះ​ ក្រសួង​ពាណិជ្ជកម្ម​បាន​យកចិត្ត​ទុកដាក់​បំពេញ​ភារកិច្ច​យ៉ាងសកម្ម​ រហូត​ទទួល​បាន​ជោគជ័យ​លើ​ការចរចា​បើក​ច្រក​ទីផ្សារ​ពាណិជ្ជកម្ម​ ការ​ពង្រឹង​សមត្ថភាព​ផលិតកម្ម​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ស្រុក​ និង​នាំចេញ​ ការ​ធ្វើ​កំណែទម្រង់​សេវា​សាធារណៈ​ ការ​កសាង​លិខិត​បទដ្ឋាន​គតិ​យុត្ត​នៅ​ក្រោម​វិស័យ​ពាណិជ្ជកម្ម​ ការ​លើកកម្ពស់​កិច្ចការពារ​អ្នកប្រើ​ប្រាស់​និង​សុខុមាលភាព​ប្រជាជន​ ការ​រក្សា​បាន​សន្តិសុខ​ស្បៀង​ និង​ហិរញ្ញវត្ថុ​ ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​រក្សា​កំណើន​ និង​ការអនុវត្ត​អភិបាលកិច្ច​ល្អ​របស់​រាជរដ្ឋាភិបាល​។

ឯកឧត្ដម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម

យោង​តាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ2019​ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ ឆ្នាំ2020​ របស់ក្រ​សួង​ពាណិជ្ជកម្ម​ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗនេះ​ បានឱ្យ​ដឹង​ថា​ការនាំចេញ​ទំនិញ​ទៅ​គ្រប់​ទ្វីប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ក្នុង​រយៈពេល​ 10ខែ​ ក្នុង​ឆ្នាំ2019​ មាន​ទឹកប្រាក់​ប្រមាណ​ជាង10,813លាន​ដុល្លារ​អាមេរិក​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2019​ ដែល​មាន​ទឹកប្រាក់​ប្រមាណ​តែ​ជាង​ 10,158លាន​ដុល្លារ​អាមេរិក​ កើន​ឡើង​ប្រមាណ​ជាង​ 654លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​6.45​%។ ក្នុង​នោះ​មាន​សម្លៀកបំពាក់​ ក្នុងទឹក​ប្រាក់​ប្រមាណ​ជាង​ 6,406​ លាន​ដុល្លារ​អាមេរិក​,វាយនភណ្ឌ​មាន​ទឹកប្រាក់​ប្រមាណ​ជាង​ 40លាន​ដុល្លារ​អាមេរិក​ ,ស្បែកជើង​ មាន​ទឹកប្រាក់​ប្រមាណ​ជាង​ 905​លាន​ដុល្លារ​អាមេរិក​, អង្ករ​ មាន​ទឹកប្រាក់​ប្រមាណ​ជាង​ 286លាន​ដុល្លារ​អាមេរិក​ និង​ផលិត​ផល​ផ្សេង​ៗមាន​ទឹកប្រាក់​ប្រមាណ​ជាង​ 3,174លាន​ដុល្លារ​អាមេរិក​។

យ៉ាងណាក្ដី​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​បាន​អះអាង​ថា​ នឹង​ខិតខំ​អនុវត្ត​តាម​អនុសាសន៍​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​បង្កើន​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ បង្កើន​ទំហំ​ពាណិជ្ជកម្ម​នាំចេញ​ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​នៅ​ឆ្នាំ2030​ និង​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​៕

Advertisement