ក្រសួង​ចាប់ផ្ដើម​រឹតបន្ដឹង​ការនាំ​ចូល​សត្វ និង​សាច់សត្វ​គ្រប់​ប្រភេទ​ពី​ក្រៅប្រទេស

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ដាក់ចេញ​លក្ខខណ្ឌ​ថ្មី​ជាច្រើន​ចំណុច ដើម្បី​រឹតត្បិត​ការនាំ​ចូល​សត្វ និង​សាច់សត្វ​គ្រប់​ប្រភេទ​ពី​ក្រៅប្រទេស។ ម្យ៉ាងវិញទៀត ក្នុង​បំណង​ទប់ស្កាត់​សត្វ​មាន​ជំងឺ និង​សាច់សត្វ​ខូចគុណភាព​គ្រប់​ប្រភេទ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើប្រាស់។

យោងតាម​សេចក្តីជូនដំណឹង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា ក្រុមហ៊ុន និង​អាជីវករ​ដែល​ទទួលបាន​គោលការណ៍​អនុញ្ញាត​នាំចូល​សត្វ​រស់ សាច់សត្វ រួមទាំង​ផលិតផល​សត្វ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា ត្រូវគោរព​តាម​លក្ខខណ្ឌ​ចំនួន 6រួមមាន៖

1/ ជា​ក្រុមហ៊ុន​ស្របច្បាប់​ដែល​បាន​ចុះបញ្ជី​ពាណិជ្ជកម្ម និង​មាន​ប័ណ្ណ​ប៉ាតង់​នៅមាន​សុពលភាព
2/ ត្រូវមាន​ទីតាំង​ប្រមូលផ្តុំ​សត្វ​នៅ​ចំណុច​ដើមទី និង​ចំណុច​ចុង​ទី ដែល​ទទួលស្គាល់​ដោយ​សមត្ថកិច្ច​ជំនាញ​នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ
3/ ត្រូវមាន​កិច្ចសន្យា​ផ្គត់ផ្គង់​សត្វ​រស់ សាច់សត្វ ផលិតផល​សត្វ​ពី​កសិដ្ឋាន ឬ​ក្រុមហ៊ុន​ស្របច្បាប់​នៃ​ប្រទេស​នាំចេញ
4/ ត្រូវ​អនុវត្តតាម​ប្រកា​សលេខ 227 ប្រក.កសក ចុះ​ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2008 ស្តីពី​បែបបទ​នៃ​ការត្រួតពិនិត្យ​អនាម័យ​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​ក្នុងស្រុក
5/ ត្រូវ​ចុះកិច្ចសន្យា​បច្ចេកទេស​ជាមួយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ផលិតកម្ម​សត្វ និង​ត្រូវ​ធានា​អនុវត្ត​កិច្ចសន្យា​នេះ ឱ្យបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស
6/ ត្រូវដាក់​ពាក្យស្នើសុំ​ត្រួតពិនិត្យ​ប្រភពដើម​នៃ​សត្វ​រស់ សាច់សត្វ និង​ផលិតផល​សត្វ។

របាយការណ៍​របស់​ក្រសួងកសិកម្ម ធ្លាប់បាន​ឱ្យដឹងថា ការនាំ​ចូល​សត្វ សាច់សត្វ​ក្នុងមួយឆ្នាំៗមានតម្លៃ​រាប់លាន​ដុល្លារ ការ​នាំចូល​សាច់សត្វ​ពី​ក្រៅ​យ៉ាងគំហុក​នោះ ក៏​នាំឱ្យ​ប៉ះពាល់​ទីផ្សារ​ចិញ្ចឹម​នៅក្នុង​ស្រុក។ ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​អាស្រ័យ​ផល​លើ​របរ​ចិញ្ចឹមសត្វ បាន​សម្តែង​សាទរ​ចំពោះ​វិធានការ​តឹងរឹង​របស់​ក្រសួងកសិកម្ម លើ​អ្នក​នាំចូល​សត្វ និង​សាច់សត្វ ហើយ​រំពឹង​ការអនុវត្តន៍​មាន​ប្រសិទ្ធភាព​ខ្ពស់៕

Advertisement