ឥណទាន​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​កាល​ឆ្នាំ​2019 កើន​ដល់​ចំនួន​ប្រមាណ​ជាង 7ពាន់​លាន​ដុល្លារ

ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា ស៊ី​អឹម​អេ ឬ​ស.ម.ក (Cambodia Microfinance Association ឬ​​​ CMA) បានឱ្យដឹងថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នឹង​បន្ត​មាន​សុខ​ភាពល្អ ខណៈ ដែល​ផលប​ត្រក​ម្ចី មាន​ដល់​ទៅ​ជាង 7ពាន់​លាន​ដុល្លារ។ ផលប​ត្រ​ឥណទាន​នេះ​បាន​បន្ត​ជាមួយនឹង​លទ្ធផល​ប្រសើរ​ជាង​មុន ជាមួយនឹង​ការកើនឡើង​ជិត 30%។

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (ស៊ី​អឹម​អេ) បាន​មានប្រសាសន៍ថា៖“បើ​យើង​ក្រឡេកមើល​សមិទ្ធផល​មីក្រូហិរញ្ញវត្ថុ​ជាទូទៅ វា​ល្អ​កាលពី​ឆ្នាំមុន។ ប្រជាជន​កម្ពុជា​ចំនួន 2.1លាន​នាក់​បាន​ប្រើប្រាស់​សេវាកម្ម​របស់​អ្នកផ្តល់​ប្រាក់កម្ចី​ខ្នាតតូច ដោយ​ខ្ចីប្រាក់​សរុប​ចំនួន 7.5ប៊ី​លាន​ដុល្លារ​ក្នុង​ឆ្នាំ2019 ពោលគឺ​កើនឡើង​ជិត 30% បើ​ធៀប​នឹង​ឆ្នាំមុន។ ខណៈពេលដែល​ប្រាក់​បញ្ញើ ក៏​កំពុង​កើន​ឡើងជា​លំដាប់​ផងដែរ និង​អ្នក​សន្សំ​មាន​ចំនួន​ជិត 3លាន​នាក់ ដោយមាន​ទឹកប្រាក់​ជិត4ពាន់​លាន​ដុល្លារ​នៅតាម​ការិយាល័យ​ចំនួន 1,400កន្លែង​ដែលមាន​បុគ្គលិក​ចំនួន 34,000នាក់​នៅ​ទូទាំងប្រទេស”។

លោក​បានធ្វើការ​កត់សម្គាល់​ថា ការបំពេញ​ការងារ​ប្រកបដោយ​សុខភាព​ល្អ ក៏​ឆ្លុះបញ្ចាំង​ពី​សមាមាត្រ​នៃ​ប្រាក់កម្ចី​មិន​ដំណើរការ​ដែរ (NPL) ដែល​ក្នុងនោះ​លោក​បាន​មានប្រសាសន៍ថា ប្រាក់កម្ចី​ដែល​ការទូទាត់​លើសពី 30ថ្ងៃ គឺមាន​ទាប​ជាង 1% នៅ​ចុងឆ្នាំ2019 ដែលជា​អត្រា​ទាប​ជាង​ឆ្នាំមុន។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (ស.ម.ក) Cambodia Microfinance Association ឬ ​CMA បានដាក់​ចេញ​នូវ​គម្រោង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ ប្រកបដោយ​ការទទួលខុសត្រូវ ខណៈ​ការផ្តល់​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​កើន​ដល់​ចំនួន​ប្រហែល 7ពាន់​លាន​ដុល្លារ។

គម្រោង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ​នេះ ត្រូវបាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​នានា និង​រួមចំណែក​ក្នុង​កំណើនសេដ្ឋកិច្ច តាមរយៈ​ការធ្វើឱ្យ​ប្រជាជន​កម្ពុជា​មានលទ្ធភាព​ទទួលបាន​សេវាកម្ម​ហិរញ្ញវត្ថុ​ផ្លូវការ​ប្រកបដោយ​ការទទួលខុសត្រូវ។ គម្រោង 3ឆ្នាំ​ដែល​ទទួលបាន​វិភាគទាន​ពី​សមាជិក​របស់ ស.ម.ក នេះ នឹង​រួមចំណែក​ដល់​យុទ្ធសាស្ត្រ​ស្តីពី​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ2019-2025 របស់​ធនាគារជាតិ​នៃ​កម្ពុជា។

លោក គា បូរាណ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មី​ក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​មានប្រសាសន៍ថា៖“គម្រោង​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ ឆ្លើយតប​បន្ថែមទៀត​ទៅ​នឹង​ការព្រួយបារម្ភ​នានា ព្រមទាំង​ចូលរួមចំណែក​ក្នុង​កំណើនសេដ្ឋកិច្ច ដែល​ធ្វើឱ្យ​ប្រជាជន​កម្ពុជា មាន​សិទ្ធិ​ទទួល​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​បន្ថែម ក្នុងពេលដែល ស.ម.ក ឬ CMA បាននិងកំពុង​ធ្វើការ​ងារ​នេះ ជាមួយ​សមាជិក​របស់​ខ្លួន​ផងដែរ​ចាប់តាំងពី​ឆ្នាំ2017 មក”។

ជាមួយគ្នានេះដែរ អតិថិជន​ដែល​បាន​ប្រើប្រាស់​ប្រាក់កម្ចី​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ ភាគច្រើន​ប្រើប្រាស់​នៅក្នុង​វិស័យ​កសិកម្ម ពាណិជ្ជកម្ម និង​ផលិតកម្ម រីឯ​វិស័យ​សេវាកម្ម​វិញ ក៏មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់​ផងដែរ។ យើង​បាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដែល​បញ្ហា​មួយ​គឺ​ការគំរាមកំហែង​នៃ​ស្ថានភាព​គ្រោះរាំងស្ងួត​ក្នុង​ឆ្នាំ2018 ពីព្រោះ​កសិកម្ម គឺជា​វិស័យ​អាទិភាព​មួយ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ដែល​កំណើន​ឥណទាន​ថយចុះ​បន្តិច​នៅ​ដើមឆ្នាំ2019។ ទោះយ៉ាងណា កំណើន​ឥណទាន​ចាប់ផ្តើម​មាន​អត្រាកំណើន​ល្អ ចាប់ពី​ត្រីមាស​ទី3 នៃ​ឆ្នាំ​នោះ។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គឺជា​ស្ថាប័ន​តែមួយគត់ តំណាងឱ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ដែល​បាន​ចុះបញ្ជី​ស្របច្បាប់ និង​អនុវត្ត​នូវ​គម្រោង​តម្លៃ​ជិត 1លាន​ដុល្លារ ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាជិក​របស់ខ្លួន ព្រមទាំង​ដៃគូសំខាន់ៗ ដូចជា​ធនាគារជាតិ​នៃ​កម្ពុជា សមាគម​ធនាគារជាតិ​នៅ​កម្ពុជា ការិយាល័យ​ឥណទាន​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​នានា។

វិស័យ​ហិរញ្ញវត្ថុ មានការ​ផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​ក្នុង​រយៈពេល 10ឆ្នាំ​ចុង​ក្រោយនេះ។ ជាបឋម ផលប​ត្រ​ឥណទាន​បាន​កើន​ជាង​មុន 18ដង នៅពេលដែល​ចំនួន​អតិថិជន​កើន​ជាង​មុន 2ដង។ ជាងនេះទៀត វិស័យនេះ​បាន​ប្រែប្រួល​ខ្លាំង ពី​វិស័យ​អង្គការ​អភិវឌ្ឍន៍ ទៅជា​ស្ថាប័នហិរញ្ញវត្ថុ​ដែល​គ្រប់គ្រង​ដោយ​ម្ចាស់ទុន​ឯកជន។

ថ្មីៗនេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ព្យាករ​ថា កំណើនសេដ្ឋកិច្ច​ពិត​របស់​កម្ពុជា នឹងមាន​ជា​មធ្យម 6.1%នៅ​ឆ្នាំ(2020)នេះ ពោលគឺ​ធ្លាក់ចុះ កាលពី​ឆ្នាំមុន(2019)។ បញ្ហា​នេះ​ភាគច្រើន​ដោយសារតែ​កត្តា​ខាងក្រៅ ដោយ​រដ្ឋាភិបាល​បានលើកឡើង​ពី​មូលហេតុ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក និង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រល័យ​លោក​ដែល​អាច​បង្ក​គ្រោះថ្នាក់​ធំ​ដល់​ពិភពលោក​ទាំងមូល ការប្រែប្រួល​អាកាសធាតុ និង​ការកាត់បន្ថយ​សន្តិសុខ​ភូមិសាស្ត្រ​នយោបាយ និង​សន្តិសុខ​សកលលោក បន្ទាប់ពី​មានការ​វាយប្រហារ​រប​ស់​អុីរ៉ង់​ទៅលើ​ផលប្រយោជន៍​អាមេរិក​ដែល​ការ​គាំពារ​និយម​រីក​រាលដាល។

លោក គា បូរាណ ជឿជាក់ថា ប្រសិនបើ​កំណើន​ផ.ស.ស របស់​ប្រទេសជាតិ​ថយចុះ វា​នឹង​ប៉ះពាល់​ដល់​វិស័យ​មីក្រូហិរញ្ញវត្ថុ។ យើង​ត្រូវ​រង់ចាំ​មើលថា តើអ្វីៗនឹង​វិ​វ​ឌ្ឍ​យ៉ាងដូចម្តេច​នៅក្នុង​រយៈពេល​ខ្លី​ខាងមុខ។

លោក​បាន​មានប្រសាសន៍ថា៖“ប្រសិនបើ​សេដ្ឋកិច្ច​ធ្លាក់ចុះ ការស្នើសុំ​ប្រាក់កម្ចី​ក៏​នឹង​ធ្លាក់ចុះ​ដែរ ហើយ​ការផ្តល់​ប្រាក់កម្ចី ក៏ត្រូវ​យកមក​ពិចារណា​ផងដែរ។ នោះ​ជា​មូលហេតុ ដែល​យើង​រំពឹងថា ផលប​ត្រ​ប្រាក់កម្ចី​នៅ​ឆ្នាំនេះ នឹងមិន​កើនឡើង​ខ្ពស់ជាង​ឆ្នាំ2019 ទេ។ ប៉ុន្តែ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម EBA ប្រសិនបើ​វា​ត្រូវបាន​ដក នឹងមិន​ប៉ះពាល់​ដល់​ឧស្សាហកម្ម​មីក្រូហិរញ្ញវត្ថុ​ទេ ពីព្រោះ​ដូចដែល​បានលើកឡើង​ហើយ​ថា វិស័យនេះ​ផ្តោត​សំខាន់​ទៅលើ​វិស័យ​កសិកម្ម”។

វិស័យ​មីក្រូហិរញ្ញវត្ថុ ក៏បាន​ធ្វើការ​ផ្តោត​ខ្លាំង​ទៅលើ​សហគ្រាស​ធុន​តូច និង​មធ្យម ទន្ទឹមនឹង​ធនាគារ​មួយចំនួន​តូច​ក៏បាន​ហក់​ចូលក្នុង​ទីផ្សារ​នេះដែរ។ ការដាក់​ពិតាន​អត្រា​ការប្រាក់​របស់​រដ្ឋកាលពី​ខែមេសា ឆ្នាំ2017 បានធ្វើឱ្យ​ចំនួន​អតិថិជន​នៅតែ​ថេរ តែ​ទំហំ​ឥណទាន​មធ្យម​កាន់តែ​កើនឡើង​គួរឱ្យកត់សម្គាល់។ កំណើន​នេះ បាន​ជំរុញឱ្យមាន​ការកោតសរសើ​រ ក៏ដូចជា​ក្តីបារម្ភ​ដែរ​ថា អាច​នឹងមាន​បញ្ហា​ប្រឈម ដូចជា​បំណុល​វ័ណ្ឌក ដោយសារតែ​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ក្នុង​វិស័យនេះ។

គេ​រំពឹងថា គម្រោង​នេះ​នឹងចូលរួម​ចំណែក​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចជាតិ ទី1-ជួយ​លើ​កម្ពស់​បរិ​យា​ប័ន្ន​មីក្រូហិរញ្ញវត្ថុ ដោយ​ប្រើប្រាស់​ស្ដង់ដា​អន្តរជាតិ​ប្រកបដោយ​ក្រមសីលធម៌ មានដូចជា គោលការណ៍​ការពារ​អតិថិជន ឥណទាន​ភ្ជាប់​ជាមួយ​កិច្ចការ​សង្គមគោលការណ៍​ផ្តល់ប្រាក់​កម្ចី ព្រមទាំង​យន្តការ​ដោះស្រាយ​បណ្តឹង​អតិថិជន។ ទី2-លើកកម្ពស់​វិស័យ​អប់រំ​ហិរញ្ញវត្ថុ​ដល់​អតិថិជន និង​សាធារណជន ដោយ​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា និង​ដៃគូផ្សេង។ ទី3-លើកកម្ពស់​ដល់​ការយល់ដឹង​ពី​តួនាទី​មីក្រូហិរញ្ញវត្ថុ​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​កំណើនសេដ្ឋកិច្ច​តាម​ទីជនបទ និង​ទី4-ស្រាវជ្រាវ និង​អភិវឌ្ឍ​បន្ថែម​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា សមាគម​មីក្រូហិរញ្ញវត្ថុ គឺជា​សមាគមវិជ្ជាជីវៈ​មួយ​ដែល​ជួយ​ធ្វើឱ្យមាន​វិបុលភាព និង​និរន្តរភាព​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ដោយបាន​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​ព្រមទាំង​ការអភិវឌ្ឍ។ ស.ម.ក មាន​សមាជិក​ចំនួន101ស្ថាប័ន សុទ្ធសឹង​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុគ្រឹះស្ថាន​ឥណទាន​ជនបទ ព្រមទាំង​ក្រុមហ៊ុន​ភតិសន្យា(បង់​រំលស់)។

លោក កាំ​ង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ឱ្យដឹងថា៖“ទិន្នន័យ​នៃ​កម្ចី​ដែល​សមាគម​មាន គេ​មិន​គិត​ជា​ឆ្នាំ​ទេ គឹ​គេ​គិតថា មកដល់​ចំណុច​ពេល​ហ្នឹង មាន​ប្រជាជន​ប៉ុន្មាន​នាក់​ដែល​កំពុងតែ​ទទួលបាន​កម្ចី ហើយ​ចំនួន​លុយ​ប៉ុន្មាន​ដែល​កំពុងតែ​ជំពាក់? ពីព្រោះ​អ្នកខ្លះ​ខ្ចី​ត្រឹម 2-3ឆ្នាំ ឯ​អ្នកខ្លះ​ខ្ចី​ដល់ 10ឆ្នាំ។ ដូច្នេះ​យើង​មិនអាច​គិតថា 1ឆ្នាំ​ប៉ុន្មាន​បានទេ។ ដូច្នេះ​តួលេខ​ពិតប្រាកដ​ដែល​យើង​មាន គិត​ត្រឹម​ខែកញ្ញា ឆ្នាំ2019 គឺមាន​មនុស្ស​ប្រមាណ​ជា 2.1លាន​នាក់​កំពុងតែ​ខ្ចី​បំណុល​ដែលមាន​ទំហំ​ប្រមាណ​ជាង 7.5ប៊ី​លាន​ដុល្លារ”។

លោក កាំ​ង តុង​ងី ក៏បាន​បញ្ជាក់ដែរថា៖“ចំពោះ​តួលេខ​ដែល​បញ្ជាក់​អំពី​ការអនុវត្ត​ឱ្យបាន​នូវ​ការប្រើប្រាស់​ប្រាស់​រៀល​ឱ្យបាន 10%ក្នុង​ឆ្នាំ2019នោះ សមាគម​បាន​ទាក់ទង​ទៅ​សមាជិក​អ្នកពាក់ព័ន្ធ ដើម្បី​ប្រមូល​ទិន្នន័យ​ហើយ តែបើ​គិតពី​ការប្រើប្រាស់ គឺអាច​លើសពី 10%ហើយ ព្រោះ​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​អតិថិជន​ប្រមាណ 80%ជា​អ្នក​ខ្ចី ក្នុង​មុខរបរ​ទាក់ទង​នឹង​កសិកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម ដូច្នេះ​ការប្រើប្រាស់​ប្រាក់រៀល វា​ច្រើនជាង​ខាង​ធនាគារពាណិជ្ជ”៕

Advertisement