ប្រធាន​ CVEA ដាក់ចេញ​យុទ្ធសាស្ត្រ​អាទិភាព 3ចំណុច ដើម្បី​ដឹកនាំ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឆ្នាំ2020

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​នៅ​កម្ពុជា ឬ​CVEA លោក ច្រឹ​ក សុខ​នី​ម បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចំនួន 3ចំណុច ក្នុងការ​ដឹកនាំ​សមាគម ក៏ដូចជា​ការគូសវាស និង​តម្រង់ទិស ដើម្បី​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក​ក្នុង​អាណត្តិ​ទី6 ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ2019 មកដល់​ឆ្នាំ2020នេះ។ លោក ច្រឹ​ក សុខ​នី​ម បានបង្ហាញ​គោលការណ៍ និង​យុទ្ធសាស្ត្រ​សំខាន់​ចំនួន 3ចំណុច ដែល​នឹងត្រូវ​យកមកអនុវត្ត​បន្ថែម​លើ​ផែនការ​យុទ្ធសាស្ត្រ​របស់​សមាគម​ដែលមាន​កន្លងមក។

ក្នុង​អាណត្តិ​ទី6 ឆ្នាំ2019-2020 នេះ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម CVEA បានដាក់​ចេញ​នូវ​គោល​យុទ្ធសាស្ត្រ 3 ជា​អាទិភាព សម្រាប់​ប្រើប្រាស់​ជា​ផែនការមេ និង​ជា​ផែនទី​បង្ហាញផ្លូវ ដែល​តម្រង់ទិស​ប្រតិបត្តិការ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ទិសដៅ និង​គោលបំណង​របស់​សមាគម។ ក៏ដូចជា​ជួយ​ធានា និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។

ប្រធាន​សមាគម CVEA បានឱ្យដឹងថា គោលការណ៍ និង​ផែនការ​យុទ្ធសាស្ត្រ​អាទិភាព​ទាំង 3ចំណុច​នោះ​មានដូចជា៖

យុទ្ធសាស្ត្រ​ទី1 ការធានា​ឱ្យបាន​ដំណោះស្រាយ​ជា​អាទិភាព ចំពោះ​ការលើកកម្ពស់​ការអភិវឌ្ឍ​របស់​សមាជិក៖ នៅត្រង់ចំណុច​នេះ លោក​ផ្តោតទៅលើ​ការផ្តល់​ចំណេះដឹង​ដល់​សមាជិក តាមរយៈ​ការផ្តល់​ជា​វគ្គ​បណ្តុះបណ្តាល​នានា ដល់​សមាជិក 3ប្រភេទ ដែល​រួមមាន៖ អ្នកវាយតម្លៃ​អចលនទ្រព្យ ភ្នាក់ងារ​អចលនទ្រព្យ និង​អ្នកគ្រប់គ្រង​អចលនវត្ថុ។ លោក​ជឿជាក់ នៅពេលដែល​សមាជិក​ទាំ​ង​អស់​ទទួលបាន​ចំណេះដឹង​ពី​អចលនវត្ថុ​បាន​ជ្រៅជ្រះ​ហើយ នឹងធ្វើ​ឱ្យ​សមាជិក​ទាំងអស់​មាន​ទុន ដើម្បី​ប្រក​បរបរ​អចលនទ្រព្យ ក៏ដូចជា​គ្រប់គ្រង​អចលនទ្រព្យ​បាន​ត្រឹមត្រូវ ដើម្បី​ឈានទៅរក​ភាពជោគជ័យ​ទាំងអស់គ្នា។

ជាងនេះទៅទៀត លោក​បន្ថែមថា យុទ្ធសាស្ត្រ​នេះ ក៏​ចង់​ពង្រឹង​ការទំនាក់ទំនង​របស់​សមាគម​លើ​ឆាក​អន្តរជាតិ ដើម្បី​បង្កើន​ចំណេះដឹង​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​វគ្គ​សិក្សាថ្មីៗបន្ថែម ដែល​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​ដល់​សមាជិក​ថែមទៀត។

យុទ្ធសាស្ត្រ​ទី2 ការបង្កើត​នូវ​ភាពងាយស្រួល និង​គុណ​តម្លៃ​សម្រាប់​ការចូលរួម​របស់​សមា​ជិ​ក​ភាព៖ លោក ច្រឹ​ក សុខ​នី​ម បាន​បញ្ជាក់ដែរថា កាលពីមុន ដើម្បី​ចូល​ជា​សមាជិកសមាគម អាចមាន​តម្លៃ​ថ្លៃ តែ​មកដល់​បច្ចុប្បន្ន សមាគម​នឹង​កាត់បន្ថយ​បញ្ហា​នេះ ហើយ​ព្យាយាម​ជំរុញ​សមាជិក​ឱ្យ​ពួកគាត់​អាច​ចូលរួម​ជាមួយ​សមាគម​ឱ្យបាន​កាន់តែច្រើន តាម​លទ្ធភាព​របស់​ពួកគាត់។ លោក​បន្តថា សមាគម​ក៏​ព្យាយាម​បណ្តុះបណ្តាល និង​ជួយ​សម្រួល​ផល​លំបាក​របស់គាត់​ក្នុង​វិស័យ​អចលនទ្រព្យ​ឱ្យ​កាន់តែ​ផុលផុស។ ជាងនេះទៀត ការបង្កើត​ក្រុមប្រឹក្សា​យោបល់​ទៅលើ​ផ្នែក​ច្បាប់  ដែល​នឹងត្រូវ​លើក​យកមក​សិក្សា​ដើម្បីឱ្យ​ការធ្វើ​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​កាន់​តែមាន​ភាពល្អប្រសើរ ដែលមាន​ការធានា​ដោយ​ច្បាប់។

និង​យុទ្ធសាស្ត្រ​ទី3 ពង្រីក​វប្បធម៌​នៃ​ការឱ្យ​តម្លៃ​ការងារ​ជា​ក្រុម ប្រកបដោយ​សមធម៌៖ យុទ្ធសាស្ត្រ​នេះ គឺ​សមាគម​សំដៅ​ដល់​ការពង្រឹង​គុណភាព​ការធ្វើការងារ​ជា​ក្រុម​របស់​សមាជិកសមាគម ដោយ​មិនមាន​ផ្នត់គំនិត​រើស​អើ​ស ឬ​មិនឱ្យ​តម្លៃ​គ្នា​នោះឡើយ តាមរយៈ​ការ​ផ្តោតលើ​ជំនួយ​បច្ចេកទេស និង​ប្រឹក្សា​យោបល់​ទៅលើ​ការធ្វើ​អាជីវកម្ម​ដល់​សមាជិក ក្នុងន័យ​ពង្រឹង​កិច្ចការ​ផ្ទៃ​ការ​ក្នុង​របស់​សមាគម ហើយ​សមាជិក​ទាំងអស់​របស់​សមាគម ត្រូវបាន​ចាត់ទុកជា​ដៃគូ ដើម្បី​ធ្វើការ​រួមគ្នា ផ្តល់ឱកាស​ឱ្យ​គ្នាព្រមទាំង​ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ដើម្បី​សម្រេច​យុទ្ធសាស្ត្រ​របស់​សមាគម និង​ឈានទៅ​ឆ្លើយតប​តម្រូវការ​វិស័យ​អចលនទ្រព្យ​កម្ពុជា។

យ៉ាងណាក្ដី ដើម្បី​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​នេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក​ ច្រឹ​ក សុខ​នី​ម ក៏បាន​អំពាវនាវ និង​ជំរុញ​ឱ្យ​សមាជិកសមាគម​ទាំងអស់ បង្កើន​ការសហការ កំណត់​បញ្ហាព្រមទាំង​លើកយក​បញ្ហា​មក​ពិភាក្សា​រួមគ្នា សម្រាប់​ប្រើប្រាស់​ជា​ផែនការមេ និង​ជា​ផែនទី​បង្ហាញផ្លូវ​ដែល​តម្រង់ទិស​ប្រតិបត្តិការ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ទិសដៅ និង​គោលបំណង​របស់​សមាគមក៏ដូចជា​ជួយ​ធានា និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ឱ្យ​កាន់តែច្រើន។

ក្រៅពី​ដាក់ចេញ​យុទ្ធសាស្ត្រ​អាទិភាព​ចំនួន 3ចំណុច ដើម្បី​ដឹកនាំ​នាវា​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ឆ្នាំ2020 នេះដែរ។ តំណាង​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូបនេះ ក៏បាន​បង្ហាញ​ការយល់ឃើញ​ចំពោះ​ការវិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែរ​ថា នឹង​នៅតែ​បន្ត​មានការ​រីកចម្រើន​ជា​វិជ្ជមាន។ ជាមួយគ្នា​នោះ លោក​ក៏បាន​អះអាង​ទៀត​ដែរ​ថា វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ2020 នឹង​នៅតែ​ល្អប្រសើរ មិន​ខុសគ្នា​ពី​ឆ្នាំ2019 ប៉ុន្មាន​ឡើយ។

យ៉ាងណាក្ដី ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូបនេះ​បាន​អះអាងថា ដើម្បី​ឱ្យិ​វិស័យនេះ​កាន់តែ​មានការ​រីកចម្រើន​នោះ គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​រវាង​ភាគី​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល ខណៈដែល​បច្ចុប្បន្ន​លោក​មើលឃើញ​នូវ​ភាពខ្វះ​ចន្លោះ​ចំពោះ​ទិន្ន័យទីផ្សារ​អចលនទ្រព្យ ដោយ​មិនទាន់​រួមគ្នា​ធ្វើ​រវាង​រដ្ឋ និង​ឯកជន​នៅឡើយ៕

Advertisement