មុខរបរ​ចិញ្ចឹម​ត្រី ជួយ​ជីវភាព​កសិករ​ឱ្យ​ប្រសើរ​ជាង​មុន ព្រោះ​មាន​តម្រូវការ​ទីផ្សា​រច្រើន

នាពេល​បច្ចុប្បន្ន ដោយ​ទទួលបាន​ការឯកភាព​ពី​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​សហគមន៍ “ទឹក​ហូត​មានជ័យ​ក្តីសង្ឃឹម” ដែលមាន​អ្នកស្រី រិ​ទ្ធ ចន្ថា ជា​ប្រធាន បាន​បន្ថែម​មុខរបរ​ចិញ្ចឹម​ត្រី​មួយទៀត​ក្រៅពី​ការដាំ​បន្លែបង្ការ ហើយ​របរ​ចិញ្ចឹម​ត្រី​នេះ បានធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​ដែល​នៅក្នុង​សហគមន៍​អ្នកស្រី កាន់​តែមាន​ភាពប្រសើរ​ជាង​មុន បើទោះបីជា​នឿយ​បន្តិច​ក៏ដោយ។

អ្នកស្រី រិ​ទ្ធ ចន្ថា ប្រធាន​សហគមន៍​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ឱ្យដឹងថា៖“ការប្រកប​របរ​ចិញ្ចឹម​ត្រី​របស់​កសិករ​នៅ​សហគមន៍​របស់ខ្ញុំ បាន​កើន​ចំនួន​ប្រមាណ​ជា 6-7គ្រួសារ​ហើយ ដោយ​គាត់​បាន​ចាប់យក​ការចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​បន្ថែម​ពីលើ​ការដាំ​បន្លែ”។

អ្នកស្រី រិ​ទ្ធ ចន្ថា ប្រធាន​សហគមន៍​បានបញ្ជាក់​ឱ្យដឹងថា៖“កសិករ​ទាំងនោះ ខ្លះ​បាន​ចិញ្ចឹម​តែ​ត្រី 1មុខ​ទេ ដូចជា​ត្រី​អណ្តែង ត្រី​ប្រា ឬ​ត្រី​ទី​ឡា​ព្យ៉ា ជាដើម។ ប៉ុន្តែ​អ្នកខ្លះ​ក៏​ចិញ្ចឹម​លាយ​គ្នា 2ប្រភេទ​ត្រី​ក្នុង​ស្រះ​តែមួយ ព្រោះ​គាត់​យល់ថា គាត់​ចិញ្ចឹម​តិចតួច មិនមែនជា​ការចិញ្ចឹម​សម្រាប់​ការលក់ដូរ​ធំដុំ​នោះទេ ហើយក៏​ជាការ​សាកល្បង​មុខរបរ​ថ្មី ក្រៅពី​របរ​ដាំ​បន្លែ​របស់​ពួកគាត់​ដែរ”។

សូមបញ្ជាក់ថា វិធីសាស្រ្តក្នុងការ​ចិញ្ចឹម​ត្រី មាន​ច្រើនបែប គឺជា​ការចិញ្ចឹម​ត្រី​ក្នុង​ស្រះ ក្នុង​អាង​ប្លា​ស្ទិ​កក្នុង​លូ ជាដើម ដែល​កសិករ​អាច​ចិញ្ចឹម​បាន​ដោយ​ងាយ និង​សមស្រប​តាម​ស្ថានភាព​របស់​កសិករ​ដែ​ល​មាន​ផ្ទៃដី​តូច ងាយស្រួល​ក្នុងការ​ផ្លាស់ប្ដូរ​ទីតាំង​ផងដែរ។ រីឯ​ថ្លៃដើម​ក្នុងការ​ចិញ្ចឹម​ត្រី ក៏​អាច​ចាប់ផ្ដើមបាន​ពី​ដើមទុន​តិចតួច ហើយ​អាច​ផ្ដល់​ចំណូល​បន្ថែម​សម្រាប់​ក្រុមគ្រួសារ ជាពិសេស​ផល​កម្រៃ​ដែល​ទទួលបាន​មាន​លក្ខណៈ​សមរម្យ​គួរ​ជាទី​ពេញចិត្ត។

អ្នកស្រី សែត ថៃ ដែល​ត្រូវបាន​ណែ​នាំឱ្យ​ស្គាល់​ដោយ​អ្នកស្រី រិ​ទ្ធ ចន្ថា ប្រធាន​សហគមន៍​បាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ន​អ្នកស្រី​មាន​ស្រះ​ចិញ្ចឹម​ត្រី នៅ​ជិត​ផ្ទះ ទំហំ 7X8m ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​ក្រពើ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អ្នកស្រី សែត ថៃ បានឱ្យដឹងថា៖“ខ្ញុំ​ចិញ្ចឹម​ត្រី​ប្រា ត្រី​នេះ​ចិញ្ចឹម​តែ 4ខែ ឬ ខែ6(កន្លះ​ឆ្នាំ) តាម​ពូជ​ធំ ឬ​ពូជ​តូច។ បើ​ពូជ​តូច ចិញ្ចឹម​លើស​នេះ​បន្តិច ទើប​អាច​ចាប់លក់បាន​។ បើ​ដាក់​ចំណី​មិន​បានល្អ និង​អាកាស​ក្តៅ​ខ្លាំង​ផង វា​អាច​នឹង​ងាប់ តែបើ​យើង​ដាក់​ចំណី​តាម​បច្ចេកទេស វា​នឹង​រស់ ហើយ​ធំធាត់​បានល្អ​ទៀតផង ហើយ​យើង​នឹង​ទទួលបាន​ផល​ល្អ”។

អ្នកស្រី​បានបញ្ជាក់​ឱ្យដឹងទៀតថា៖“ខ្ញុំ​ចិញ្ចឹម​ត្រី​នេះ​ជាមួយ​ប្តី​ខ្ញុំ និង​កូនប្រុស​ម្នាក់ ដូច្នេះ​ត្រី​ចិញ្ចឹម​មិន​ច្រើន​ទេ ខ្ញុំ​អត់​បាន​ជួល​កម្មករ​ទេ ព្រោះ​គិតថា វា​តិចតួច មិន​សំដៅ​សម្រាប់​លក់​ទេ គឺ​ទុក​ហូប និង​បាន​លក់​តិចតួច​ដែរ សម្រាប់​អ្នកស្រុក​នៅក្នុង​សហគមន៍​ជាមួយគ្នា”។

បើតាម​ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ដដែល​បានឱ្យដឹងថា បច្ចុប្បន្ន​របរ​នេះ​កំពុង​ចាប់ផ្តើម​មានការ​ទទួល​ស្គាល់​ពី​អ្នកស្រុក​ក្នុង​សហគមន៍​ហើយ ជាពិសេស ត្រូវបាន​គេ​យកទៅ​ធ្វើ​ម្ហូប​នៅក្នុង​កម្មវិធីផ្សេងៗ និង​សម្រាប់ធ្វើ​ម្ហូប​នៅតាម​ភោជនីយដ្ឋាន​នានា​ទៀតផង។ ចំណែក​តម្លៃ​របស់​វា ក៏បាន​ថ្លៃ​គួរសម​ដែរ។

អ្នកស្រី សែត ថៃ បានឱ្យដឹង​ទៀតថា ដោយ​ត្រី 1ក្បាលមាន​ទម្ងន់​ប្រមាណ 1គីឡូក្រាម​ឡើងទៅ មានតម្លៃ 8,000រៀល បើ​តូច​ជាង​នេះ​តម្លៃ​អាច​នៅត្រឹម 7,000រៀល​ក្នុង1គីឡូក្រាម ហើយ​អតិថិជន​បានមក​ទិញ​ដល់ផ្ទះ​ទៀតផង។ អ្នកស្រី ដែល​អះអាងថា ខ្លួន​ជា​កូន​ខ្មែរ​រូបនេះ​បាន​បន្ថែមថា៖“ខ្ញុំ​ស្រឡាញ់​របរ​ចិញ្ចឹម​ត្រី​នេះ ព្រោះ​រកស៊ី​របស់​នេះ​វា​ស្រួល ទោះ​វារ​កបាន​ម៉ា​គែ រួច​ម៉ា​គែ​មែន តែ​វា​មិន​លំបាក​ដូច​ធ្វើការ​ឱ្យគេ​ទេ។ ធ្វើការ​ឱ្យគេ ពិបាក បើ​យើង​អាច​រកស៊ី​ខ្លួនឯងបាន យើង​រក​ទៅ ជាការ​ល្អ ហើយក៏​ក្នុង​គោលបំណង​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ពី​បរទេស​ផងដែរ”។

ដោយឡែក​កសិករ​នៅ​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង លោក ញុ​ង ក៏​ទទួលស្គាល់​ដែរ​ថា របរ​ចិញ្ចឹម​ត្រី​នេះ​កាក់កប​គ្រាន់បើ។ អាង​ចិញ្ចឹម​ត្រី​របស់លោក​មាន​ទំហំ 8អា ដោយ​ចិញ្ចឹម​ត្រី​អណ្តែងត្រី​ប្រា ត្រី​ទី​ឡា​ព្យ៉ា និង​ត្រី​ជាច្រើន​ប្រភេទ​ទៀតដោយ​ទទួលបាន​ប្រាក់ចំណេញ ចន្លោះ​ពី 1,500ដុល្លារ ទៅ 2,000ដុល្លារ​ដែរ ក្នុង 1ខែ។ ដោយ​ការប្រកប​របរ​ចិញ្ចឹម​ត្រី​នេះ​ជាង1០ឆ្នាំ​មកហើយ​នោះ បានធ្វើឱ្យ​បុរស​រូបនេះ មាន​ជីវភាព​ប្រសើរឡើង​ពី1ឆ្នាំទៅ1ឆ្នាំ ដោយសារតែ​ត្រី​ចិញ្ចឹម​មាន​តម្រូវការ​ច្រើន និង​មាន​ទីផ្សារ​ល្អជា​បន្តបន្ទាប់។

លោក ញុ​ង រៀបរាប់​បន្តថា៖ “ត្រី​ប្រា​លក់​ទៅឱ្យ​ផ្សារ 1គីឡូ​តម្លៃ 6,500រៀល បើ​ត្រីងៀត​ហើម​ហ្នឹងតម្លៃ7,000រៀល​ក្នុង 1គីឡូក្រាម។ ជាធម្មតា ខ្ញុំ​បោះ​តាម​ម៉ូយ​តុ​ការ និង​ភោជនីយដ្ឋាន​នេះ ភោជនីយដ្ឋាន​នោះ ហើយ​ពួក​ចិន​ពី​កំពង់សោម ជួនកាល 1អាទិត្យ​មក​យក 300-500ក្បាល។ តែ​ប្រភេទ​ត្រី​ហ្នឹង ពិបាក​ចិញ្ចឹម​ដែរ វា​ប្រើពេល​យូរ”។ ឯ​ត្រី​អណ្ដែង​វិញ ចិញ្ចឹម​ក្នុង​រយៈពេល 3ខែ​កន្លះ ចំនួន 70 ទៅ 80ក្បាល ដោយ​ក្នុង​ត្រី 1ក្បាល​ទម្ងន់​បាន​ប្រហែល 3ខាំ ឬ​ប្រហែល 4ក្បាល 1គីឡូ​អីហ្នឹង”។

បើតាម លោក ញុ​ង ទោះបីជា​ត្រី​ចិញ្ចឹម មាន​តម្រូវការ​ច្រើន​នៅក្នុង​ទីផ្សារ​មែន តែ​ត្រី​ចិញ្ចឹម ក៏​ត្រូវបាន​ប្រជាជន​មួយចំនួន​ខ្លាចរអា​ដែរ ដោយសារ តែ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ខ្លះ ប្រើ​ចំណី​ត្រី​ដែលមាន​សារជាតិ​គីមី។ លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ “ខ្ញុំ​ចិញ្ចឹម វា​យូរ​ឆ្នាំ​មកហើយ វា​មិនមាន​ជាតិគីមី​ទេ។ ខ្ញុំ​ដាក់​កន្ទក់ និង​អាចម៍​ត្រី ពោះ​ត្រី​ដែល​សល់​ពី​ត្រី​ដែល​គេ​លក់​នៅ​ផ្សារ យកមក​ស្ងោរ​ដាក់ឱ្យ​ត្រី​ស៊ី។ តើ​មាន​ជាតិគីមី​មកពីណា? អត់​មាន​ទេ 100%!។ ហើយ​បើ​ចំណីបេៗមកពី​វៀតណាម អាហ្នឹង ខ្ញុំ​អត់​ដឹង​ទេ មិនដឹង​គេ​លាយ​យ៉ាងម៉េច​ទេ? គេ​មាន​បច្ចេកទេស​របស់គេ”។

លោក​បានឱ្យដឹង​បន្ថែមថា ចំណែក​បងប្អូន​ណាដែល​មិន​ចង់​រើស​ប៉ះ​ត្រី​មាន​ជាតិគីមី សូមកុំ​រើស​ត្រី​ណាធាត់ៗ អាហ្នឹង​ជា​ត្រី​មកពី​វៀតណាម ជាពិសេស ត្រី​ទី​ឡា​ព្យ៉ា ត្រី​អណ្តែង ត្រី​រ៉ស់ ភាគច្រើន​មកពី​វៀតណាម ហើយ​បងប្អូន​យើង​អត់​ដឹង រកតែ​ត្រីធាត់ៗ អា​ហ្នឹងហើយ​ជាតិគីមី។ ចង់​រកត្រី​អត់​ជាតិគីមី រកត្រី​ណាស្គមៗទៅ”។

តាមពិតទៅ កំណើនប្រជាជន បូក​នឹង​ការនាំ​ត្រី​ចេញទៅ​ក្រៅប្រទេស​ផង បានធ្វើ​ត្រី​កាន់​តែមាន​តម្រូវការ​ខ្ពស់។ ការសិក្សា​ស្រាវជ្រាវ​មួយ កាលពី​ឆ្នាំ2012 បាន​បញ្ជាក់ថា ប្រជាជន​កម្ពុជា ម្នាក់ បរិភោគ​ត្រី​ចំនួន 63គីឡូក្រាម​នៅក្នុង 1ឆ្នាំ។

អ្នកស្រី រិ​ទ្ធ ចន្ថា ប្រធាន​សហគមន៍ ដែល​ធ្លាប់បាន​ទិញ​ត្រី នៅក្នុង​សហគមន៍​របស់គាត់ បានឱ្យដឹងថា គ្រួសារ​អ្នកស្រី​ត្រូវ​ការហូប​ត្រី លើសពី 1គីឡូក្រាម​នៅក្នុង 1ថ្ងៃ។ អ្នកស្រី បាន​រៀបរាប់​ដោយបាន​បញ្ជាក់ថា៖ “ខ្ញុំ​ចូលចិត្ត​ត្រី​ទន្លេ ត្រី​ធម្មជាតិ តែ​អានេះ​ត្រី​ចិញ្ចឹម​បែប​លក្ខណៈ​គ្រួសារ​ក៏​អាច​ទទួលយក​បានដែរ ព្រោះ​យើង​មិនបាន​ប្រើ​ចំណី​គីមី​ទេ ឥឡូវ​ត្រី​ធម្មជាតិ​មិនសូវមាន​ទេ សម្បូរ​តែ​ត្រី​ចិញ្ចឹម តែ​ក៏​គ្រាន់បើ​ជាង​ត្រី​ដែល​នាំចូល​ដែល​ប្រើ​ជាតិគីមី​ច្រើន​ដែរ”។

ចំណែក​អ្នកស្រី សែត ថៃ​ក៏មាន​ការគិត​ដូចគ្នា​ដែរខណៈដែល​ត្រី​ចិញ្ចឹម​មាន​តម្រូវការ​ច្រើន និង​ផ្គត់ផ្គង់​បាន​ទៀងទាត់​នោះ អ្នកស្រី សែត ថៃ និង​រួមទាំង​គ្រួសារ​អ្នក​ដែល​បន្ថែម​មុខរបរ​ចិញ្ចឹម​ត្រី​ក្នុង​សហគមន៍​ទឹក​ហូត ផង​នោះ បាន​ជំរុញ​ពលរដ្ឋ​ផ្សេងទៀត ឱ្យ​ចាប់យក​មុខរបរ​ចិញ្ចឹម​ត្រី​បន្ថែម បើទោះបីជា​មុខរបរ​នេះ រាង​នឿយហត់​បន្តិច​មែន តែ​វា​បានផ្តល់​ចំណូល​ច្រើន​គួរសម និង​មិនបាច់​ធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅ​ឆ្ងាយ​ទេ៕

Advertisement