ស្ពានជ្រោយចង្វាចាស់ នឹងត្រូវជួសជុលឡើងវិញនៅពាក់កណ្តាលខែកញ្ញាខាងមុខ

បន្ទាប់ពីលើកពេលជួសជុលម្តងជាពីរដងរួចមកនោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសសាជាថ្មីថា ស្ពានជ្រោយចង្វាចាស់នេះនឹងត្រូវជួសជុលឡើងវិញនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ2017នេះក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
ការប្រកាសនេះធ្វើឡើងក្នុងជំនួបរវាងឯកឧត្ដម តូច ចានកុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានដឹកនាំគណៈប្រតិភូក្រសួងទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយស្ដីពីគម្រោងស្ដារស្ពានជ្រោយចង្វាឡើងវិញរវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រុមហ៊ុនសាជីវកម្ម អូបាយ៉ាស៊ិ ជប៉ុន (Obayashi Corporation of Japan) កាលពីថ្ងៃទី25 ខែកក្កដា ឆ្នាំ2017 នៅទីក្រុងតូក្យួ។

យ៉ាងណាគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា គម្រោងស្តារជួសជុលស្ពានជ្រោយចង្វាឡើងវិញនេះនឹងត្រូវចំណាយថវិកា និងប្រើពេលវេលាយូរប៉ុនណានោះទេ ប៉ុន្តែបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា គម្រោងជួសជុលស្ពានជ្រោយចង្វាចាស់នេះនឹងត្រូវចំណាយថវិកាប្រហែលជា 20លានដុល្លារអាមេរិក និងត្រូវចំណាយពេលប្រហែលជា 2 ឆ្នាំ។

គួរបញ្ជាក់ថា នៅក្នុងអំឡុងពេលជួសជុលខាងមុខ ស្ពានជ្រោយចង្វាចាស់នឹងត្រូវបិទផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន និងដាក់ឱ្យដំណើរការស្ពានថ្មីតែមួយប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណានោះតាមគម្រោងសាលារាជធានីភ្នំពេញនឹងសាងសង់ស្ពានបាឡេថ្មីមួយនៅចំណុចក្បែឃ្លាំងសាំងសូគីមិច ក្នុងខណ្ឌឬស្សីកែវឆ្ពោះទៅត្រើយខាងកើតដើម្បីដាក់ឱ្យធ្វើដំណើរចៀសវាងការកកស្ទះនៅពេលជួសជុលស្ពានជ្រោយចង្វាចាស់នេះ៕

Advertisement